ក្រសួងអប់រំ និងក្រសួងព័ត៌មានចាប់ផ្ដើមដំណើរការ កម្មវិធីការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក

ក្រសួងអប់រំ និងក្រសួងព័ត៌មាន ចាប់ផ្ដើមដំណើរការ កម្មវិធីការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ចាប់ពីថ្ងៃទី២០ ខែមេសាតទៅ ខណៈសាលារៀនទូទាំងប្រទេសបន្តបិទទ្វារ។ កម្មវិធីសិក្សានេះ ត្រូវបានបង្កើតឡើងដើម្បីផ្តល់ការសិក្សាទូទាំងប្រទេសពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ដែលជាការបង្រៀនតាមអនឡាញនៅលើប្រព័ន្ធអ៊ីនធឹណិត និងតាមរយៈប្រព័ន្ធទូរទស្សន៍ ក្នុងពេលកម្ពុជាកំពុងរងការរាតត្បាតជំងឺ covid-19។
អ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស សុភ័ណ្ឌ ឲ្យអាស៊ីសេរីដឹងថា កម្មវិធីនេះនឹងផ្ដល់នូវចំណេះដឹងទូទៅ តាមរយៈទូរទស្សន៍ជាតិកម្ពុជា ទី២ ទទក២ ឬ TVK 2 ដែលជាប៉ុស្តិ៍ ទូរទស្សន៍ទើបបង្កើតថ្មី តាមប្រព័ន្ធទូរទស្សន៍ផ្កាយរណបតេជោ ឌីធីវី និងស្ថានីយទូរទស្សន៍ខ្សែកាប ២៥ខេត្ត និងរាជភ្នំពេញ រួមទាំងកម្មវិធី App របស់ក្រសួងព័ត៌មាន និងក្រសួងអប់រំ។ លោកបន្តថា កម្មវិធីនេះ គឺចាក់ផ្សាយពេញ ២៤ម៉ោង ក្នុងមួយសប្ដាហ៍ ហើយក៏មិនមានចាក់ផ្សាយពាណិជ្ជនោះដែរ៖ «ជាការចូលរួមក្នុងការទប់ស្កាត់នៃរីករាលដាលនៃជំងឺកូវីដក្នុងអំឡុងពេលសាលាទូទាំងប្រទេសត្រូវបិទមួយរយៈ។ ទី២ ក្នុងគោលបំណងនៃការផ្ដល់ការសិក្សាប្រកបដោយគុណភាពប្រកបដោយសមធម៌ទៅឲ្យសិស្សានុសិ្សទូទាំងប្រទេស»។
លោក មាស សុភ័ណ្ឌ រំពឹងថា កម្មវិធីសិក្សានេះអាចធ្វើឲ្យសិស្សទូទាំងប្រទេសអាចសិក្សាបាន។ ប៉ុន្តែ ឪពុកម្ដាយសិស្ស និងមន្ត្រីសង្គមស៊ីវិល ដែលធ្វើការងារពាក់ព័ន្ធនឹងវិស័យសិក្សាអប់រំយល់ថា សិស្សមួយចំនួនធំនៅតែជួបបញ្ហា ដោយសារពលរដ្ឋមួយចំនួនគ្មានលទ្ធភាព និងគ្មានសមត្ថភាពអាចប្រើប្រាស់បណ្ដាញអ៊ិនធឹណេត ហើយអ្នកខ្លះគ្មានលទ្ធភាពសូម្បីទិញទូរទស្សន៍ឲ្យកូនៗ របស់ពួកគេមើលកម្មវិធីសិក្សា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។