រណ្ដាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី

0:00 / 0:00

ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ មាន​រយៈពេល ៤​ថ្ងៃ គឺ​ពី​ថ្ងៃ​ពុធ ទី​១៣ ដល់​ថ្ងៃ​សៅរ៍ ទី​១៦ ខែ​មេសា។ ទេវតា​ឆ្នាំ​ថ្មី​ដែល​នឹង​បន្ត​វេន​ថែរក្សា​លោក​ក្នុង​រយៈពេល​មួយ​ឆ្នាំ​បន្ត​ទៀត​នេះ នឹង​យាង​ចុះ​មក​ដល់​នៅ​វេលា​ម​ម៉ោង ៨​យប់ ថ្ងៃ​ទី​១៣ ខែ​មេសា។ តាម​ទំនៀម ពលរដ្ឋ​ខ្មែរ​តែង​រៀបចំ​រណ្ដាប់​សម្រាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី ដើម្បី​ទទួល​បាន​សិរី​សួស្ដី​ក្នុង​ឆ្នាំ​ថ្មី។ ពិធី​ទទួល​ទេវតា​មិន​មែន​ចេះតែ​រៀបចំ​ទៅ​តាម​ការ​នឹក​ឃើញ​នោះ​ទេ ពោល​គឺ​វា​មាន​ក្បួន​ច្បាប់​ត្រឹមត្រូវ​ទៅ​តាម​លំអាន​នៃ​តម្រា​មហាសង្ក្រាន្ត​ខ្មែរ ដែល​ត្រូវ​បាន​កត់ចំណាំ​ទុក។

តើ​ត្រូវ​រៀបចំ​គ្រឿង​រណ្ដាប់​អ្វី​ខ្លះ​ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​វក ឲ្យ​ត្រូវ​តាម​ក្បួន​តម្រា​ប្រពៃណី?

«ភ្លេងពិណពាទ្យ»

ពិធី​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ មាន​សង្ក្រាន្ត​​ចំនួន​បី​គឺ វារៈ​មហាសង្ក្រាន្ត វារៈ​វ័នបត និង​វារៈ​ឡើងស័ក។ សង្ក្រាន្ត​នីមួយៗ តំណាង​ឲ្យ​ថ្ងៃ​ចូល​ឆ្នាំ​ទី​១ ទី​២ និង​ទី​៣។ ដោយ​ឡែក​ពិធី​ចូល​ឆ្នាំ​នៅ​ឆ្នាំ​នេះ ប៉ះចំ​ថ្ងៃ​ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍ ទី​៧ ទី​៨ ទី​៩ និង​ទី​១០ កើត ខែ​ចែត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ទី​១៤ ទី​១៥ និង​ថ្ងៃ​ទី​១៦ ខែ​មេសា។

អត្ថន័យ​នៃ​ពាក្យ "សង្ក្រាន្ត"

បើ​តាម​សៀវភៅ​ព្រះរាជ​ពិធី​ទ្វាទសមាស​ភាគ​ទី​១ "សង្ក្រាន្ត" គឺ​ជា​ទំនៀម​ដាច់​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​ថ្មី។ ចំពោះ​ប្រវត្តិ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​វិញ លោក​អ្នក​នាង​ប្រហែលជា​បាន​ជ្រួតជ្រាប​ដឹង​ខ្លះ​ហើយ​ពី​ដំណើរ​រឿង​និទាន​ក្នុង​សង្ក្រាន្ត​សូត្រ​ស្ដីពី "កបិល​មហាព្រហ្ម និង​ធម្មបាល​កុមារ"។

ក្បួនហោរ​នៅ​ក្នុង​សៀវភៅ​មហាសង្ក្រាន្ត ពិធី​សង្ក្រាន្ត ឬ​ការ​ឆ្លង​ឆ្នាំ​មមែ សប្ដស័ក ចូល​ឆ្នាំវក អដ្ឋស័ក នឹង​ចូល​នៅ​ថ្ងៃ​ពុធ ៧​កើត ខែ​ចែត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែ​មេសា វេលា​ម៉ោង ៨​យប់។

ទំនាយ​តម្រា​ស្ដីពី​ឈ្មោះ​ទេពធីតា​មហា​សង្ក្រាន្ត និង​គ្រឿង​អាករណៈ ក្នុង​សៀវភៅ​ព្រះ​រាជពិធី​ទ្វាទសមាស ភាគ​ទី​១ ដោយហេតុ​ពេលា​សង្ក្រាន្ត ត្រូវ​​ចំ​ថ្ងៃ​ពុធ ទេពធីតា ដែល​នឹង​យាង​មក​នៅ​ពេល​ព្រះអាទិត្យ​ចេញ​ពី​មីនរាសី ទៅ​ឋិត​លើ​មេសរាសី តាម​ផ្លូវ​គោ​វិថី ឬ​ផ្លូវ​កណ្ដាល មាន​ព្រះនាម មណ្ឌាទេវី ជា​បុត្រី​ទី​៤ នៃ​កបិល​មហាព្រហ្ម។ លក្ខណៈ​សម្គាល់​ទេពធីតា​អង្គ​នេះ គឺ​ទ្រង់​សៀត​ផ្កា​ចម្ប៉ា គ្រឿង​ប្រដាប់​ពិទូរ្យ សោយ (ភក្សាហារ) ទឹកដោះ (សប្បិ) អាវុធ​ស្ដាំ​ម្ជុល ខាង​ឆ្វេង​ឈើច្រត់ ពាហនៈ​សត្វ​លា។

យោង​តាម​ក្បួន​នៃ​ព្រះ​រាជពិធី​សង្ក្រាន្ត​ចូល​ឆ្នាំ​ថ្មី​ដែល​ព្រះរាជា​ប្រារព្ធ​នៅ​ក្នុង​ព្រះបរមរាជវាំង ដែល​មាន​ចែង​នៅ​ក្នុង​សៀវភៅ​ព្រះ​រាជពិធី​ទ្វាទសមាស ភាគ​ទី​១ រណ្ដាប់​ទទួល​ទេវតា​មាន​រាន​ទេវតា​៧​ថ្នាក់​មួយ សម្រាប់​តាំង​គ្រឿង​ដង្វាយ និង​មាន​ភ្លេងពិណពាទ្យ ១​វង់ សម្រាប់​លេង​ទទួល។ គេ​ត្រូវ​ក្រាល​សំពត់​ស នៅ​លើ​រាន​ទេវតា។ រណ្ដាប់​ទទួល​ទេវតា​វិញ មាន​បាយ​សី​ធំ ១​គូ ស្លាធម៌ ១​គូ ទឹក​អប់ ១​គូ ទៀន ៥ ធូប ៥ ១​គូ លាជ ៥​កែវ ផ្កា ៥​កែវ ស្លា​បារី​ដាក់​ជើង​ពាន ១​គូ ចេកនួន ឬ​ចេក​ណាំវ៉ា ១​គូ ពែ​ព្រះ​ភូមិ​១ ពែ​ព្រះ​កេតុ​១។

ចំណែក​រណ្ដាប់​ទទួល​ទេវតា​សម្រាប់​ប្រជាជន​ទូទៅ​វិញ ក៏​មិន​សូវ​ខុស​ពី​ព្រះមហាក្សត្រ​ដែរ។ លោក​អាចារ្យ អ៊ឹម បុរិន្ទ អ្នក​និពន្ធ​សៀវភៅ​មហាសង្ក្រាន្ត និង​ជា​នាយក​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ មាន​ប្រសាសន៍​ថា រណ្ដាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី ត្រូវ​រៀប​រាន​ទទួល​ទេវតា​ដោយ​ក្រាល​សំពត់​ស នៅ​ខាង​មុខ​ផ្ទះ​មួយ​សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេងៗ ដោយ​មាន​គ្រឿង​សក្ការបូជា​ទេវតា។ គ្រឿង​សក្ការៈ​មាន​ដូចជា​បាយសី ៩​ថ្នាក់ ១​គូ បាយសី ៧​ថ្នាក់ ១​គូ បាយសី ៥​ថ្នាក់ ១​គូ បាយសី ៣​ថ្នាក់ ១​គូ បាយសីប៉ាកឆាម ១​គូ ស្លាធម៌ ១​គូ ទឹក​អប់ ១​គូ ទៀន ៥ ធូប ៥ លាជ ៥ ផ្កា ៥ ដាក់​លើ​ជើង​ពាន​១​គូ ចេក​នួន ឬ​ចេក​ណាំវ៉ា ដាក់​លើ​ជើងពាន ១​គូ ផ្លែឈើ ១១​មុខ រៀប​ដាក់​លើ​ជើងពាន ១១​គូ ដូង​ឡៅ ១​គូ ទឹក​ស្អាត ២​កែវ។

​ទោះបីជា​យ៉ាង​ណា លោក​អាចារ្យ អ៊ឹម បុរិន្ទ បញ្ជាក់​ថា ការ​រៀប​ចំ​នេះ សម្រាប់​ប្រជារាស្ត្រ​សាមញ្ញ​អាច​ធ្វើ​ត្រឹម​បាយសី ៥​ថ្នាក់​ចុះ​មក ឬ​រៀប​ត្រឹម​គ្រឿង​សក្ការបូជា​ដែល​មាន​ទៀន​៥ ធូប​៥ ស្លាធម៌​កូន​ចេក​១ ហើយ​ផ្លែ​ឈើ​អាច​រៀប​ត្រឹម ៣ ឬ ៥​មុខ ទៅ​តាម​ធនធាន​ដែល​ខ្លួន​មាន ក៏​សម​ល្មម​សម្រាប់​ទទួល​ទេវតា​បាន​ដែរ៖ «ជិត​ដល់​ពេល​ចូល​ឆ្នាំ​ថ្មី​នីមួយៗ ជា​ធម្មតា ប្រជាពលរដ្ឋ​យើង​សម្អាត​ផ្ទះសំបែង។ អ្វី​ដែល​យើង​គួរ​ប្រតិបត្តិ​ពេល​ចូល​ឆ្នាំ​នោះ​គឺ​យើង​អាច​មាន​របាំ​ប្រពៃណី។ អ៊ីចឹង​នៅ​ទី​វត្តអារាម​ខ្លះ រៀបចំ​លេងល្បែង របាំ​ប្រពៃណី ល្បែង​ប្រជាប្រិយ បោះ​អង្គញ់ ចោល​ឈូង ទាញព្រ័ត្រ រត់​បាវ ឡើង​បង្គោល​ដើម្បី​យក​របស់»

នៅ​ពេល​ជិត​ដល់​ម៉ោង​ទេវតា​យាង​ចុះ សមាជិក​ក្រុម​គ្រួសារ​ត្រូវ​មក​ជួបជុំ​គ្នា​នៅ​មុខ​រាន​ទេវតា។ ពេល​ទេវតា​យាង​ចុះ ត្រូវ​ក្រាបថ្វាយបង្គំ​ព្រះ​នមស្សការ​ព្រះរតនត្រ័យ សមាទាន​សីល ដោយ​ត្រូវ​តាំង​ចិត្ត​ឲ្យ​បាន​ស្អាត​បរិសុទ្ធ​ជ្រះស្រឡះ​នូវ​មន្ទិល​ទាំង​ពួង តម្កល់​ចិត្ត​រំពឹង​គិត​ទៅ​លើ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ រហូត​ដល់​ពិធី​ទទួល​ទេវតា។

«ភ្លេង​ពិណពាទ្យ»

ក្នុង​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ឆ្នាំវក អដ្ឋស័ក នេះ ខ្ញុំបាទ សាន សែល រួម​នឹង​សហការី​នៃ​វិទ្យុ​អាស៊ីសេរី ទាំង​អស់ សូម​ជូនពរ​ឲ្យ​អ្នក​នាង​ឲ្យ​ជួប​ប្រកប​តែ​សុខភាព​ល្អ និង​ផ្សាយ​សេចក្ដី​មេត្តា ករុណា មុទិតា ឧបេក្ខា និង​បញ្ញា តាំង​ពី​ថ្ងៃ​ចូល​ឆ្នាំ​នេះ​រៀង​ទៅ!!!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។