ខួប ២៨ឆ្នាំ៖ រដ្ឋាភិបាល​ប្ដេជ្ញា​អភិរក្ស​តំបន់​អង្គរ ក្នុង​ពេល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចិន (Naga Corp) អភិវឌ្ឍន៍​នៅ​ក្បែរ​នោះ

0:00 / 0:00

ថ្ងៃ​ទី១៤ ធ្នូ ឆ្នាំ​នេះ គឺជា​ខួប​ទី ២៨ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក របស់​អង្គការ​យូណេស្កូ (UNESCO)។ រដ្ឋាភិបាល ប្រកាស​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ ដើម្បី​អភិរក្ស​តំបន់​ប្រាសាទ​អង្គរ។ រីឯ​អ្នក​ឃ្លាំមើល ជំរុញ​រដ្ឋាភិបាល​ឱ្យ​លើក​គម្រោង​វិនិយោគ​ខ្នាត​ធំ​របស់​ក្រុមហ៊ុន ណាហ្គា ឃ័រ (Naga Corp) លើ​ផ្ទៃដី​ជិត ១០០ហិកតារ ចេញ​ពី​តំបន់​កៀក​រមណីយដ្ឋាន​អង្គរ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​តំបន់​ប្រវត្តិសាស្ត្រ​មួយ​នេះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះ​សារ​រំឭក​ខួប​ទី ២៨ឆ្នាំ​នេះ​ថា រដ្ឋាភិបាល​បាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ ក្នុង​ការ​អភិរក្ស​រមណីយដ្ឋានអង្គរ ​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ដ៏​អស្ចារ្យ​នេះ។ លោក​ បញ្ជាក់​ថា សារ​រំឭក​ខួប​នេះ ដើម្បី​ឲ្យ​ពលរដ្ឋ​គ្រប់​រូប​ស្រឡាញ់ និង​ចូលរួម​ថែរក្សាសម្បត្តិ​​បេតិកភណ្ឌ។ ពិសេស​នោះ​លោក ហ៊ុន សែន ក៏​ចង់​ឲ្យ​ពលរដ្ឋ​សម្ដែង​ការ​ដឹង​គុណ​ដល់​បុព្វបុរស​ខ្មែរ ក្នុង​ការ​ធ្វើ​ពលិកម្ម និង​ជម្នះ​ឧបសគ្គ ដើម្បី​ការពារ​សម្បត្តិ​បេតិកភណ្ឌ​ដ៏​មាន​តម្លៃ​របស់​ជាតិ និង​ពិភពលោក មួយ​នេះ។ លោក​នាយក​រដ្ឋមន្ត្រី​លើក​ឡើង​ទៀត​ថា បច្ចុប្បន្ន​​រមណីយដ្ឋាន​អង្គរ បាន​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​លេខ១ នៅ​លើ​ពិភពលោក ដោយ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​រាប់​លាន​នាក់ មក​ទស្សនា និង​ស្គាល់​ពី​សម្បត្តិ​វប្បធម៌​ប្រទេស​កម្ពុជា។

ទោះ​បី​ជា​រដ្ឋាភិបាល ប្ដេជ្ញា​ចិត្ត​ថែ​រក្សា​អភិរក្ស​ប្រាសាទ​តំបន់​អង្គរបែប​នេះ​ក្តី ប៉ុន្តែ​ថ្មីៗ នេះ រដ្ឋាភិបាល​​បាន​​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចិន ឈ្មោះ ណាហ្គា ឃ័រ (Naga Corp) បើក​គម្រោង​វិនិយោគ​ខ្នាត​ធំ​ក្នុង​ទឹកដី​ក្បែរ​តំបន់​អង្គរ​ក្នុង​ខេត្ត​សៀមរាប ដើម្បី​សាង​សង់​សណ្ឋាគារ​ផ្កាយ​ប្រាំ កន្លែង​ជិះ​ក្ដារ​លើទឹក សួន​ទឹក​ខ្នាត​ធំ សួន​ផ្កា​ចម្រុះ​ឧទ្យាន​វប្បធម៌​បែប​ប្រវត្តិសាស្ត្រ និង​ទីក្រុង​ចិន​ក្នុង​ខេត្ត​សៀមរាប (Siem Reap China Town) ដែល​ក្រុមហ៊ុន​ដាក់​ឈ្មោះ​ជា​រួម​ជា​ភាសា​អង់គ្លេស​ថា «Angkor Lake of Wonder»។

គម្រោង​នេះ មាន​ទឹកប្រាក់​ជំហាន​ដំបូង ៣៥០លាន​ដុល្លារ​អាមេរិក។ គម្រោង​វិនិយោគ​ខ្នាត​ធំ​នេះ ក្រុមហ៊ុន​បាន​ជួល​ដី​រដ្ឋាភិបាល​ទំហំ ៧៥ហិកតារ ចម្ងាយ ៥០០ម៉ែត្រ ពី​ឧទ្យាន​ជាតិ​អង្គរ។ បច្ចុប្បន្ន​ដី​តំបន់​នោះ គ្រប់គ្រង​​ដោយ​អាជ្ញាធរ​អប្សរា។ រដ្ឋាភិបាល​ជួល​ឲ្យ​ក្រុមហ៊ុន​ណាហ្គា ​ឃ័រ (Naga Corp) រយៈ​ពេល ៥០ឆ្នាំ គិត​ចាប់​ពី​ឆ្នាំ២០២០ ដល់​ឆ្នាំ២០៧០ ក្នុង​តម្លៃ ៤សែន ៥ម៉ឺន (៤៥០.០០០) ដុល្លារ ក្នុង​មួយ​ឆ្នាំ ហើយ​ដំឡើង​ថ្លៃ ៥ភាគ​រយ នៅ​ឆ្នាំ​បន្ទាប់។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ទេ នៅ​ថ្ងៃ​ទី១៤ ធ្នូ។ ប៉ុន្តែ​លោក​ធ្លាប់​ប្រាប់​ថា ការ​បង្កើត​កន្លែង​កម្សាន្ត​បែប​សិប្បនិម្មិត​របស់​ក្រុមហ៊ុន​ចិន​នឹង​ផ្ដល់​ការ​ងារ​ឱ្យ​ពលរដ្ឋ​ខ្មែរ ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ហើយ​នឹង​ជួយ​ផ្ដល់​ចំណូល​ដល់​រដ្ឋាភិបាល។ លោក​អះអាង​ថា គម្រោង​នោះ​មិន​មាន​កាស៊ីណូ​បន​ល្បែង​ស៊ីសង​ទេ ហើយ​ប្រសិន​បើ​គម្រោង​នោះ​ប៉ះពាល់​ដល់​វប្បធម៌​កម្ពុជា រដ្ឋាភិបាល​នឹង​ចាត់​វិធានការ​ភ្លាម។

អគ្គ​លេខាធិការ​សហព័ន្ធ​សហជីព​វិស័យ​ទេសចរណ៍ សេវាកម្ម​កម្ពុជា​លោក ហ៊ាំង រ៉ុន ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប​ចូលរួម​អបអរ​សាទរ ថ្ងៃ​ខួប ២៨ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល​រមណីយដ្ឋាន​អង្គរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក។ លោក​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​បាន​គ្រប់គ្រង​ឧទ្យាន​ជាតិ​អង្គរ​បាន​ល្អ។

លោក ហ៊ាំង រ៉ុន ឲ្យ​ដឹង​ថា ស្ថានភាព​ភ្ញៀវ​ទេសចរណ៍ នៅ​តំបន់​អង្គរ​ឆ្នាំ​នេះ ធ្លាក់​ចុះ​ខ្លាំង មិន​ធ្លាប់​មាន​ព្រោះ​តែ​វិបត្តិ​ជំងឺ​កូវីដ១៩ (Covid-19)។ លោក​ប្រាប់​ថា រាល់​ឆ្នាំ ទាំង​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ មក​លេង​តំបន់​អង្គរ​មិន​ដែល​ដាច់ តែ​ឆ្នាំ​នេះ​ខ្សត់​ភ្ញៀវ​អន្តរ​ជាតិ និង​មាន​ភ្ញៀវ​ជាតិ តិច​តួច​បាន​មក​លេង។ សម្រាប់​អ្នក​ឃ្លាំមើល​សិទ្ធិ​ការងារ​ផ្នែក​វិស័យ​ទេសចរណ៍ និង​សណ្ឋាគារ​រូប​នេះ យល់​ថា គម្រោង​វិនិយោគ​ខ្នាត​ធំ របស់​​​ក្រុម​ហ៊ុន​ចិន ណាហ្គា ខប នៅ​ពេល​ខាង​មុខ​នឹង​ផ្ដល់​ទាំង​ភាព​វិជ្ជមាន និង​ភាព​អវិជ្ជមាន សម្រាប់​វិស័យ​ទេសចរណ៍ និង​ប្រវត្តិ​សាស្ត្រ នៅ​ខេត្ត​សៀមរាប៖ « ខ្ញុំ​គិត​ថា ដោយសារ​ខាង​រដ្ឋាភិបាល គាត់​ព្យាយាម​មិន​ឲ្យ​មាន​ល្បែង​ស៊ីសង​ឬ​ល្បែង​អ្វី​អ៊ីចឹង។ ខ្ញុំ​គិត​ថា បើ​សិន​ជា​ធ្វើ​ឲ្យ​មាន​វា​អាច​មាន​ផល​ប៉ះពាល់​ខ្លះ ហើយ​ក៏​អាច​មាន​ផល​ល្អ​ខ្លះ​ដែរ។ វា​មិន​មែន​ថា ល្អ​ទាំងអស់ ឬ​ក៏​អាក្រក់​ទាំង​អស់​ដែរ។ វា​របៀប​ថា មាន​ ហាសិប ហាសិប អ៊ីចឹង​ណា»

អង្គការ យូណេស្កូ បាន​ដាក់​ប្រាសាទ​ទាំង​ឡាយ​នៅ​ក្នុង​តំបន់​អង្គរ​ទាំងមូល ព្រមទាំង​បរិវេណ និង​ព្រៃ​ព្រឹក្សា​នៅ​តំបន់​អង្គរ​ទំហំ ៤០១​គីឡូម៉ែត្រ​ការ៉េ ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក កាល​ពី​ថ្ងៃ​ទី១៤ ខែ​ធ្នូ ឆ្នាំ១៩៩២។ អាជ្ញាធរ​ជាតិ​អប្សរា​បង្ហាញ​ថា តំបន់​អង្គរ​ចែក​ចេញ​ជា ៣ គឺ​តំបន់​កណ្ដាល (ផ្ទៃដី ៣៥.១០០​ហិកតារ) មាន​ប្រាសាទ​ច្រើន​ជាង​គេ ដូចជា ប្រាសាទ​អង្គរវត្ត ប្រាសាទ​បាយ័ន ប្រាសាទ​តា​ព្រហ្ម ប្រាសាទ​នាគព័ន្ធ ជាដើម។ ឯ​តំបន់​ខាង​ជើង (ផ្ទៃដី ២.០០០​ហិកតារ) មាន​ប្រាសាទ​បន្ទាយ​ស្រី និង​តំបន់​ខាង​ត្បូង ឬ​ហៅថា តំបន់​រលួស (ផ្ទៃដី ៣.០០០​ហិកតារ) មាន​ប្រាសាទ​បាគង ប្រាសាទ​ព្រះគោ ប្រាសាទ​លលៃ ជាដើម។

ក្រោយ​ការ​ដាក់​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​រួច តំបន់​ឧទ្យាន​អង្គរ ឬ​រមណីយដ្ឋាន​អង្គរ​ទាំង​មូល​បាន​ក្លាយ​ជា​កន្លែង​រក​ចំណូល​ឲ្យ​កម្ពុជា​រាប់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ តាម​រយៈ​ការ​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​ទស្សនា៕

Angkor_Wat_and_Tourists_081820.jpg
ទិដ្ឋភាព​ប្រាសាទ​អង្គរវត្ត នៅថ្ងៃ​ទី១៨ ខែសីហា ឆ្នាំ២០២០

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។