តន្ត្រី​កន្ទ្រឹម​បុរាណ​នៅ​ខេត្ត​សុរិន្ទ​កំពុង​ប្រឈម​នឹង​ការបាត់បង់

ដោយ សេក បណ្ឌិត
2018.02.18
កន្រ្ទឹម សុរិន្ទ ៦២២ អ្នក​ស្រុក​សុរិន្ទ និង​ខ្មែរ​ដែល​ទៅ​ពី​កម្ពុជា នាំ​គ្នា​រាំលេង​កម្សាន្ត​ចង្វាក់​កន្ទ្រឹម កាល​ពី​ថ្ងៃទី៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨។
Photo: RFA

តន្ត្រី​កន្ទ្រឹម​បុរាណ​ត្រូវ​បាន​អ្នក​ជំនាញ​សន្មត​ថា គឺជា​ផ្នែក​មួយ​នៃ​អត្តសញ្ញាណ​ខ្មែរ ព្រោះ​មានតែ​ជនជាតិ​ខ្មែរ​ប៉ុណ្ណោះ​ដែល​ចេះ​លេង និង​និយម​តន្ត្រី​ប្រភេទ​នេះ ទោះបីជា​ជនជាតិ​ខ្មែរ​មិន​រស់នៅ​ក្នុង​ប្រទេស​តែមួយ​ក្ដី។ សព្វថ្ងៃ​នេះ ជនជាតិ​ដើម​ភាគតិច​ខ្មែរ​រស់នៅ​ភាគ​ឦសាន​ប្រទេស​ថៃ គឺ​នៅ​ក្នុង​ខេត្ត​សុរិន្ទ បុរីរម្យ (​បុរីរ៉ាម) និង​ស៊ីសាកេត នៅតែ​លេង​កន្ទ្រឹម​បុរាណ​ក្នុង​ពិធី​សំខាន់ៗ​មួយ​ចំនួន​នៅឡើយ។

ទោះបីជា​យ៉ាង​ណា​ក្តី តន្ត្រី​ប្រពៃណី​បុរាណ​មួយ​ប្រភេទ​នេះ​កំពុង​ប្រឈម​នឹង​ការបាត់បង់ នា​ពេល​ខាងមុខនេះ ដោយសារតែ​មិន​សូវ​មាន​ការ​ពេញ​និយម និង​ខ្វះ​ការ​ចាប់អារម្មណ៍​យកចិត្តទុកដាក់​អភិរក្ស​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ប្រទេស​កម្ពុជា។

ក្នុង​ពិធី​ជួបជុំគ្នា​មួយ​នៅផ្ទះ​អ្នកស្រុក ស្ថិតនៅ​ភូមិ​ឈូក ស្រុក​ខ្វាវស្រីនរិន្ទ ចម្ងាយ​ជាង ១០​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​សុរិន្ទ ពលរដ្ឋ​ដើមកំណើត​ខ្មែរ​ជាង ១០​នាក់ មាន​ចាស់​មាន​ក្មេង កំពុង​ញាប់​ដៃ​ញាប់​ជើង ខ្លះ​រៀបចំ​គ្រឿង​ដង្វាយ​គ្រូ និង​ខ្លះ​ទៀត​រៀបចំ​ម្ហូបអាហារ​ដើម្បី​ទទួល​ស្វាគមន៍​ខ្មែរ​ដែល​ទៅ​ពី​កម្ពុជា។

លោក លន់ង៉ាម​រហង្ស កំពុង​ច្រៀង​បទភ្លេង​សំពះ​គ្រូ មុន​នឹង​ចាប់​ផ្តើម​ប្រគំ​តន្ត្រី​កន្ទ្រឹម​បុរាណ កាលពី​ថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០១៨។
លោក លន់ង៉ាម​រហង្ស កំពុង​ច្រៀង​បទភ្លេង​សំពះ​គ្រូ មុន​នឹង​ចាប់​ផ្តើម​ប្រគំ​តន្ត្រី​កន្ទ្រឹម​បុរាណ កាលពី​ថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០១៨។

អំពូល​ភ្លើង ឧបករណ៍​បំពង​សំឡេង ដូចជា មេក្រូ និង​ធុងបាស រួម​ទាំង​ឧបករណ៍​តន្ត្រីបុរាណ​មួយ​ចំនួន​ផង ត្រូវ​បាន​រៀបចំ​រួច​ទុកជា​ស្រេច សម្រាប់​កំដរ​កម្មវិធី​រាំ​លេង​កម្សាន្ត​នា​ពេល​ល្ងាច។

លុះដល់​ម៉ោង ៥​កន្លះ ពេល​ព្រះអាទិត្យ​ចាប់ផ្ដើម​អស្ដង្គត បុរស​វ័យ​ចំណាស់ ៦​នាក់ និង​អ្នក​កំលោះ​ប៉ុន្មាន​នាក់​ទៀត បាន​អង្គុយ​ជុំ​គ្នា​ក្បែរ​តុ​មួយ ដែល​នៅ​ជាប់​នោះ​មាន​ឧបករណ៍​ភ្លេង​មួយ​ចំនួន។ នៅ​លើ​តុ​មាន​អង្ករ​មួយ​ចាន​តូច ម្លូ ស្លា បារី ទៀន ធូប ទឹក ភេសជ្ជៈ និង​ស្រា ដែល​ជា​គ្រឿង​ដង្វាយ​គ្រូ រួច​ពួកគាត់​ក៏​ចាប់ផ្ដើម​និយាយ​រម្លឹក​គុណ​គ្រូ តាម​សំនៀង​រដឺន​នៃ​អ្នកស្រុក​សុរិន្ទ។

បន្ទាប់ពី​និយាយ​រម្លឹក​គុណ​គ្រូ​រួច ពួកគាត់​ក៏​ចាប់​យក​ឧបករណ៍​ភ្លេង​ម្នាក់​មួយៗ​មក​កាន់​នៅ​ក្នុង​ដៃ ដើម្បី​ប្រគំ​បទ​ភ្លេង​សំពះគ្រូ។ ឧបករណ៍​ភ្លេង​ទាំងនោះ រួមមាន​ស្គរ ទ្រ ឈិង គែន និង​ប៉ី​បបុស ឬ​ប៉ី​អ​។

ក្រោយ​ពិធី​រម្លឹក​គុណ​គ្រូ​ចប់​សព្វគ្រប់​ហើយ ព្រះអាទិត្យ​ក៏​អស្ដង្គត​ល្មម ហើយ​ពេលវេលា​នៃ​ការ​ទទួលទាន​អាហារ​ជុំ​គ្នា និង​រាំ​លេង​កម្សាន្ត​ក៏បាន​មកដល់។ អ្នកភ្លេង​ក៏​ចាប់ផ្ដើម​ប្រគំ​បទ​ភ្លេង រីឯ​អ្នក​ច្រៀង​ក៏​ចាប់​កាន់​ម៉េក្រូ ច្រៀង​នូវ​បទ​ចម្រៀង​ជា​ចង្វាក់​កន្ទ្រឹម​បុរាណ។

គ្រាន់តែ​លឺ​ភ្លេង​ភ្លាម អ្នកស្រុក​សុរិន្ទ និង​ខ្មែរ​ដែល​ទៅ​ពី​កម្ពុជា ក៏​នាំគ្នា​ឡើង​រាំ លើកដៃ​លើកជើង តាម​ចង្វាក់​កន្ទ្រឹម ដោយ​ទឹកមុខ​ញញឹមញញែម អ្នកខ្លះ​ទៀត​ក៏​ជួយ​ទះដៃ​បន្ទរ​តាម​ភ្លេង និង​មាន​ខ្លះ​ទៀត​ឈរ​និយាយ​គ្នា​ដោយ​រីករាយ។

អ្នក​ស្រុក​សុរិន្ទ​លេង​​កន្ទ្រឹម​បុរាណ ជូន​ខ្មែរ​ដែល​ទៅ​ពី​កម្ពុជា​បាន​ទស្សនា និង​រាំលេង​កម្សាន្ត កាលពី​ថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០១៨។
អ្នក​ស្រុក​សុរិន្ទ​លេង​​កន្ទ្រឹម​បុរាណ ជូន​ខ្មែរ​ដែល​ទៅ​ពី​កម្ពុជា​បាន​ទស្សនា និង​រាំលេង​កម្សាន្ត កាលពី​ថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០១៨។

នេះ​គឺជា​ទិដ្ឋភាព​មួយ​ដែល​កម្រ​បាន​ឃើញ ព្រោះ​ជា​ការ​ជួបជុំគ្នា​រវាង​បងប្អូន​ខ្មែរ​តែមួយ គ្រាន់តែ​រស់នៅ​កន្លែង​ផ្សេងគ្នា ហើយ​ខណ្ឌ​ចែក​ដោយ​ព្រំដែន​នយោបាយ។ កាន់តែ​ពិសេស​ទៅទៀត​នោះ គឺ​ការ​លេង​កន្ទ្រឹម​បុរាណ ដែល​ជា​តន្ត្រី​ប្រពៃណី​មួយ​ប្រភេទ​បន្សល់ទុក​ពី​បុព្វបុរស​ខ្មែរ​តាំងពី​រាប់ពាន់​ឆ្នាំ​មក​ហើយ ហើយ​ដែល​បច្ចុប្បន្ន​នៅ​មាន​សេសសល់​ខ្លះ តាម​ភូមិ​ស្រុក​របស់​ជនជាតិ​ខ្មែរ នៅ​ក្នុង​ខេត្ត​សុរិន្ទ ស៊ីសាកេត និង​បុរីរម្យ (​បុរីរ៉ាម) ដែល​ស្ថិតនៅ​ភាគ​ឦសាន​ប្រទេស​ថៃ។

លោក លន់ង៉ាមរហង្ស ដែល​សព្វថ្ងៃ​មាន​អាយុ​ជាង ៧០​ឆ្នាំ ទៅ​ហើយ​នោះ គឺ​ជា​អ្នកចម្រៀង​កន្ទ្រឹម​បុរាណ នៅ​ភូមិ​ឈូក ខេត្ត​សុរិន្ទ។ លោក​ជា​អ្នកចម្រៀង​កន្ទ្រឹម​បុរាណ​មួយ​រូប ដែល​មាន​ឈ្មោះ​បោះ​សំឡេង និង​ធ្លាប់​បាន​ចេញទៅ​សម្ដែង​នៅ​ខេត្ត​ដទៃ​នៃ​ប្រទេស​ថៃ និង​ទៅ​សម្ដែង​នៅ​កម្ពុជា​ផង​ដែរ។

អ្នក​ចម្រៀង​កន្ទឹ្រម លោក លន់ង៉ាមរហង្ស កំពុង​ថ្លែង​ស្វាគមន៍​ខ្មែរ​ដែល​ទៅ​ពី​កម្ពុជា​ក្នុង​ពិធី​​ជួប​ជុំ​គ្នា​មួយ នៅ​ភូមិខ្វា ស្រុក​ខ្វាវស្រីនរិន្ទ ខេត្ត​សុរិន្ទ កាលពី​ថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០១៨។
អ្នក​ចម្រៀង​កន្ទឹ្រម លោក លន់ង៉ាមរហង្ស កំពុង​ថ្លែង​ស្វាគមន៍​ខ្មែរ​ដែល​ទៅ​ពី​កម្ពុជា​ក្នុង​ពិធី​​ជួប​ជុំ​គ្នា​មួយ នៅ​ភូមិខ្វា ស្រុក​ខ្វាវស្រីនរិន្ទ ខេត្ត​សុរិន្ទ កាលពី​ថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០១៨។

លោក​ថ្លែង​ថា លោក​ចេះ​លេង​កន្ទ្រឹម​បុរាណ​នេះ​តាំងតែ​ពី​អាយុ ៣០ ឆ្នាំ​មក​ម្ល៉េះ តាមរយៈ​ការ​រៀន​ចេះ​ពី​គ្រូ​របស់​លោក តៗ​គ្នា​ចំនួន ៣ ជំនាន់​មក​ហើយ។ មូលហេតុ​ដែល​លោក​សម្រេចចិត្ត​ចាប់​អាជីព​ជា​អ្នកចម្រៀង​កន្ទ្រឹម​បុរាណ គឺ​ដោយសារ​ការ​ស្រឡាញ់ និង​ចង់​ថែរក្សា​សិល្បៈ​ប្រពៃណី​បុរាណ​មួយ​ប្រភេទ​នេះ​ឱ្យ​នៅ​គង់វង្ស​តទៅ​ថ្ងៃមុខ​ទៀត៖ «សុំ​ថា​កុំ​ឱ្យ​ចោល​របស់​បុរាណ​ ដែល​យើង​បាន​រៀន​ពី​ហ្ម​តពី​គ្រូមកនេះ យើង​តោង​ស្រឡាញ់​។ ខ្មាត (ខ្ញុំបាទ) ​ស្រឡាញ់​ទល់​នឹង​សព្វថ្ងៃ ខ្មាតមាន​ទាំង​ស្គរ​ ទាំង​ទ្រ មាន​សព្វ​ម៉ត់​ទាំង​អស់​រលីង ព្រោះ​ក្មេងក្មាងគេ​មក​រោម​នឹង​ខ្មាត ថាតាលន់​ស្រុក​ឈូក​នេះ គឺ​របស់​បុរាណ​ពី​ដើម​​ ដែល​គាត់​បាន​រៀន​ពី​ហ្ម​តពី​គ្រូ​មក កុំ​ឱ្យ​វា​បាត់​ចោល»

ផ្ទុយ​ពី​បំណង​របស់​លោក លន់ង៉ាមរហង្ស ដែល​ចង់​ឱ្យ​កន្ទ្រឹម​បុរាណ​នេះ​នៅ​ស្ថិតស្ថេរ​គង់វង្ស​យូរអង្វែង​នោះ តន្ត្រី​ប្រពៃណី​មួយ​ប្រភេទ​នេះ កំពុងតែ​បោះជំហាន​ទៅ​រក​ការបាត់បង់​ជា​បណ្ដើរៗ​ហើយ។ មូលហេតុ​សំខាន់​មាន​ពីរ​យ៉ាង គឺ​ទីមួយ មិន​សូវ​មាន​ការ​ពេញ​និយម​លេង​ដូច​កាលពីមុន និង​ទី​ពីរ ខ្វះ​ការ​ជួយ​អភិរក្ស និង​ការ​មិន​រវីរវល់​ពី​សំណាក់​ខ្មែរ​នៅ​កម្ពុជា។

អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ វប្បធម៌ និង​អរិយធម៌​ខ្មែរ ក្នុង​ខេត្ត​សុរិន្ទ លោក ជ័យ មង្គល កត់សម្គាល់​ថា កន្ទ្រឹម​បុរាណ​នេះ បាន​ថយ​ចុះ​ប្រជាប្រិយភាព​ទន្ទឹមគ្នា​នឹង​ការ​ធ្លាក់​ចុះ​នៃ​ការប្រើប្រាស់​ភាសា​ខ្មែរ​នៅ​ក្នុង​ខេត្ត​សុរិន្ទ​យ៉ាង​ដូច្នោះ​ដែរ។ លោក​ថា​កាលពី ៣០ឆ្នាំមុន កន្ទ្រឹម​បុរាណ​មាន​ច្រៀង​តែ​ជា​ភាសា​ខ្មែរ​ប៉ុណ្ណោះ តែ​ក្រោយមក​មានការ​ច្រៀង​លាយឡំ​និង​ភាសា​ថៃ ហើយក៏​ត្រូវ​បាន​គេ​យក​ទៅ​ច្រៀង​ជាមួយ​វង់​តន្ត្រីសម័យ ហៅថា កន្ទ្រឹម​សម័យ​ទៅវិញ។ ក៏ប៉ុន្តែ ការ​ច្រៀង​ជា​ភាសា​ថៃ​នេះ មិន​អាច​ឱ្យ​អ្នកចម្រៀង​កន្ទ្រឹម​ទាំងនោះ មាន​ជីវភាព​ធូរធារ​ប៉ុន្មាន​នោះ​ទេ ត្បិត​កន្ទ្រឹម​មិន​ជាទី​ចូលចិត្ត​របស់​ជនជាតិ​ថៃ​ឡើយ ហើយ​មាន​អ្នកចម្រៀង​ខ្លះ បាន​នាំគ្នា​ទៅ​ច្រៀង​នៅ​ស្រុក​ខ្មែរ​វិញ៖ «កាលពី​មុន​មាន​បុណ្យមាន​ការ​ច្រើន ​គេ​ហៅ​តែ​កន្ទ្រឹម​ ធ្វើ​ឱ្យ​អ្នក​លេង​កន្ទ្រឹម​មាន​ការ​ងារ​ធ្វើ។ ក្រោយ​​មក​គេ​លែង​និយម​កន្ទ្រឹម​ហើយ​ ក្មេង​ជំនាន់​ក្រោយ​រៀន​កន្រ្ទឹមក៏​​មិន​ដឹង​យក​ទៅរក​ស៊ី​អ្វី ​រក​អង្ករ​ច្រក​ឆ្នាំង​​មិនបាន​ ក៏​នាំគ្នា​​ទៅ​រក​ការងារ​អ្វី​ផ្សេង​។ ឯ​មនុស្ស​ចាស់​វិញ​​ មិន​យូរ​ទេ​គាត់​ក៏​នឹង​ត្រូវ​ស្លាប់​បាត់។ អ្នក​​ច្រៀង​​នៅ​សុរិន្ទ អស់​ពី​ម៉ែ​ពី​ឪទៅ គឺ​ចប់​ហើយ​ ខ្ញុំ​គិត​ថា​មិនអាចចិញ្ចឹម​ខ្លួន​​​បាន​ទេ។ អ្នក​មួយ​ចំនួនរត់​​ទៅ​រក​ស៊ី​នៅ​ខ្មែរ​ក៏អាច​​រស់​បាន​ខ្លះ​ៗ​ទៅ។ ខ្ញុំ​ឃើញ​គេ​ចេញ​ទៅ​ច្រៀង​នៅ​អាមេរិក គឺគេ​អាច​រស់​បាន​​ ប៉ុន្តែ​លក្ខណៈ​ដើម​របស់​អ្នក​សុរិន្ទ​នឹង​កាន់​តែ​បាត់ទៅ​ៗ គឺ​នឹង​ដូច​ជា​កន្ទ្រឹមដែល​គេ​ច្រៀង​​​នៅតែ​ស្រុក​ខ្មែរ​អញ្ចឹង»

សព្វថ្ងៃ​នេះ តន្ត្រី​កន្ទ្រឹម​ហាក់​មាន​ការ​ពេញនិយម​ខ្លាំង​នៅ​កម្ពុជា ព្រោះ​ស្ទើរតែ​គ្រប់​ផលិតកម្ម​ចម្រៀង​តែងតែ​ផលិត​បទ​កន្ទ្រឹម​នៅ​រៀងរាល់​ពិធីបុណ្យ​ចូលឆ្នាំ ពិធីបុណ្យ​ភ្ជុំបិណ្ឌ និង​ពិធី​បុណ្យអុំទូក​ជាដើម។ ចំណែក​ឯ​នៅ​ក្នុង​កម្មវិធី​កម្សាន្ត​សប្បាយ​នានា ដូចជា មង្គលការ ឬ​ជួបជុំគ្នា​ជាដើម គេ​ក៏​តែង​និយម​ចាក់​បទ​កន្ទ្រឹម​នេះ ដើម្បី​រាំ​លេង​ផង​ដែរ។

សាស្ត្រាចារ្យ​សិលាចារឹក និង​ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បណ្ឌិត វង់ សុធារ៉ា អះអាង​ថា ផ្អែក​តាម​សិលាចារឹក កន្ទ្រឹម​មាន​វត្ត​មាននៅ​កម្ពុជា​តាំងពី​សម័យ​មុន​អង្គរ​មក​ម្ល៉េះ ហើយ​វា​ក៏​ជា​ផ្នែក​មួយ​នៃ​អត្តសញ្ញាណ​របស់​ជនជាតិ​ខ្មែរ​ផង​ដែរ។ លោក​ជឿជាក់​ថា ព្រលឹង​នៃ​តន្ត្រី​កន្ទ្រឹម អាច​នឹង​សន្ធិត​ចូល​ជនជាតិ​ខ្មែរ​តែមួយ​ឡើងវិញ ព្រោះ​លោក​សង្កេត​ឃើញ​ថា តន្ត្រី​ប្រពៃណី​មួយ​នេះ​កំពុង​ទទួល​ការ​ពេញ​និយម​ខ្លាំង​ពី​សំណាក់​ជនជាតិ​ខ្មែរ​នៅ​កម្ពុជា​សព្វថ្ងៃ៖ «ឈ្មោះ​កន្ទ្រឹម​នេះ ​មាន​នៅ​ស្រុកខ្មែរ​ មាន​នៅ​អតីត​ស្រុក​ខ្មែរ​​ដែល​សព្វ​ថ្ងៃក្លាយ​ទៅ​ជា​ប្រទេស​ថៃ ដូច្នេះហើយ កាល​ពី​សម័យ​បុរាណ​ប្រ​ហែល​ជា​ភ្លេង​កន្ទ្រឹម ឬ​ក៏​ប្រ​ភេទ​ការ​ប្រគំតន្ត្រី​កន្ត្រឹមនេះ​ឯង​ វា​មាន​នៅ​ទូទាំង​ចក្រភព​​ខ្មែរ​នៅ​សម័យ​បុរាណ។ វា​ជា​ប្រភេទ​នៃ​បេតិកភណ្ឌអរូបី​មួយដែល​ខ្មែរ​ហុច​​បន្ត​គ្នា​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយតាម​រយៈ​ការ​សម្ដែង​សិល្បៈ​ ដើម្បី​កំដរ​ឱ្យ​មាន​បរិយាកាស​សប្បាយ​នៅ​ក្នុង​សហគមន៍​របស់​គេ​នីមួយៗ»

ទោះជា​បែបនេះ​ក្ដី កន្ទ្រឹម​ដែល​ខ្មែរ​នៅ​កម្ពុជា​សព្វថ្ងៃ កំពុង​ពេញ​និយម​នោះ គឺជា​កន្ទ្រឹម​សម័យ មិនមែន​ជា​កន្ទ្រឹម​បុរាណ​ដូច​បាន​រៀបរាប់​ពី​ខាងដើម​នោះ​ទេ។

អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ វប្បធម៌ និង​អរិយធម៌​ខ្មែរ ក្នុង​ខេត្ត​សុរិន្ទ លោក ជ័យ មង្គល ពន្យល់​ថា ភាព​ខុសគ្នា​នៃ​កន្ទ្រឹម​ទាំងពីរ គឺ​នៅត្រង់​ការ​ប្រើប្រាស់​អារម្មណ៍ និង​ការ​ធ្វើ​តាម​ក្បួនច្បាប់​ត្រឹមត្រូវ៖ «វា​មិនមែន​ជា​អ្វី​ដែល​ខ្ញុំត្រូវ​​ខ្វល់​ពី​កន្ទ្រឹម​សម័យ​​ប៉ុន្មាននោះ​ទេ តែ​ខ្ញុំ​ស្ដាយ​​កន្ទ្រឹម​បុរាណ​ ពី​ព្រោះ​អ្នកលេង​កន្ទ្រឹម​សម័យ​ និង​កន្ទ្រឹមម​បុរាណ​ យើង​ឃើញថា​​ការ​ដាក់​អារម្មណ៍នោះ​​វាខុស​គ្នា។​​ អ្នក​កូតទ្រកន្ទ្រឹម​​សម័យ​ ​គឺ​បាន​តែកូត​ៗដូច​ជា​ហាត់​ប្រាណដូច្នោះ​​ឯង តែ​អ្នក​កូតកន្ទ្រឹម​​បុ​រាណវិញ ​មិនមែន​កូត​យក​តែ​សាច់​​ដុំ​នោះ​ទេ។​​ លេង​កន្ទ្រឹម​សម័យ​​មាន​ទៅ​ពិ​បាក​ស្អី​ ​កូត​យក​ៗ​ដូច​ហាត់​ប្រាណដូច្នោះ​​ឯង ប៉ុ​ន្តែ​អ្នក​កន្ទ្រឹម​បុ​រាណ​មាន​ការ​គោរព។​ កន្ទ្រឹម​សម័យ​អត់មាន​ការ​សំពះគ្រូផងហ្នឹង​​ តែ​កន្ទ្រឹម​បុរាណ​​មានការ​គោរព​គ្រូ។ ​សំខាន់យើង​​មិន​ដែល​ចេះដោយខ្លួន​ឯងទេ ​​គឺ​ត្រូវ​តែមាន​គ្រូ។ កន្ទ្រឹម​សម័យ​បើក​ចាក់​ៗ​ ​ដើម្បី​​សើច​សប្បាយតែប៉ុណ្ណឹង​​ឯង។ កន្ទ្រឹម​បុរាណ​នៅសុរិន្ទ​នៅ​សល់​មិន​ដល់ ១០ ​ក្រុមផង»

អ្នក​ស្រាវជ្រាវ​​វប្បធម៌ និង​អរិយធម៌​ខ្មែរ ក្នុង​ខេត្ត​សុរិន្ទ លោក ជ័យ មង្គល ផ្តល់​បទ​សម្ភាសន៍អំពី​កន្ទ្រឹម​បុរាណ​​ដល់​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី កាល​ពី​ថ្ងៃទី៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨។
អ្នក​ស្រាវជ្រាវ​​វប្បធម៌ និង​អរិយធម៌​ខ្មែរ ក្នុង​ខេត្ត​សុរិន្ទ លោក ជ័យ មង្គល ផ្តល់​បទ​សម្ភាសន៍អំពី​កន្ទ្រឹម​បុរាណ​​ដល់​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី កាល​ពី​ថ្ងៃទី៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨។

លោក ជ័យ មង្គល អះអាង​ថា កន្ទ្រឹម​បុរាណ​នេះ មាន​ប្រវត្តិ​យូរលង់​ណាស់​មក​ហើយ បើ​ផ្អែក​តាម​សិលាចារឹក​មួយ​ផ្ទាំង​នៅ​ខេត្ត​ច័ន្ទបុរី ប្រទេស​ថៃ បច្ចុប្បន្ន។ លោក​បន្ត​ថា កន្ទ្រឹម​បុរាណ​ត្រូវ​បាន​អ្នកស្រុក​សុរិន្ទ​យក​មក​ប្រគំ​ក្នុង​ពិធី​ជាច្រើន ចាប់​តាំង​ពី​មនុស្ស​កើត​រហូត​ដល់​ស្លាប់ មាន​ដូចជា ពិធី​បង្កក់​កូន ពិធី​រៀបការ ពិធី​បំបួស និង​ពិធី​បុណ្យ​សព​ជាដើម។ ក៏ប៉ុន្តែ អ្វី​ដែល​អ្នកស្រាវជ្រាវ​រូប​នេះ កំពុង​ព្រួយបារម្ភ​នោះ គឺ​ការ​បាត់បង់​កន្ទ្រឹម​បុរាណ ដែល​ជា​សិល្បៈ​វប្បធម៌​ដ៏​មានតម្លៃ​បន្សល់​ទុក្ខ​ពី​បុព្វបុរស​ខ្មែរ​រាប់ពាន់​ឆ្នាំ​មក​ហើយ ហើយ​កាន់តែ​សង្វេគ​ទៀត​នោះ គឺ​តន្ត្រីបុរាណ​នេះ មិន​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​សំណាក់​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​កម្ពុជា​ប៉ុន្មាន​នោះ​ទេ។

លោក ជ័យ មង្គល អះអាង​ថា លោក​ធ្លាប់​បាន​ធ្វើដំណើរ​ទៅ​កម្ពុជា​ជាច្រើន​ដង ដើម្បី​ស្វះ​ស្វែងរក​ការ​ជួយ​អភិរក្ស​កន្ទ្រឹម​បុរាណ​នេះ ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ មហាវិទ្យាល័យ​តូរ្យតន្ត្រី និង​អង្គការ​សិល្បៈ​នានា​នៅ​កម្ពុជា ក៏ប៉ុន្តែ​ការ​ប្រឹងប្រែង​របស់​លោក មិន​បាន​ទទួល​លទ្ធផល​អ្វី​នោះ​ទេ ព្រោះ​ស្ថាប័ន​ទាំងនោះ​មិន​ខ្វាយខ្វល់ ឬ​អើពើ​នឹង​រឿង​នេះ​ឡើយ៖ «បើយើង​​គិត​ថា​ នេះ​​ជា​របស់​ខ្មែរ​ហេតុ​អ្វី​យើង​មិន​ជួយ​​ថែរក្សា​? យើង​ខ្មែរ​តែ​មាត់ហ្នឹង!​​ នេះ​ជា​បញ្ហា​ខ្មែ​រ​​មិន​ខ្វល់ពី​​ខ្មែរ។​ ខ្ញុំ​ទៅ (ស្រុក​ខ្មែរ) ប៉ុន្មាន​ដង​ហើយ ​គេក៏​​ស្គាល់​មុខ​ខ្ញុំ​ហើយដែរ ​ខ្ញុំ​មិនចង់​និយាយ​រឿង​ដដែល​ៗច្រើន​ដង​នោះ​ទេ នាំ​តែ​មើល​មុខ​គ្នា​មិនចំ។ ពិបាក​ណាស់​ យើង​ទៅ​សុំ​គេនូវ​​អ្វី​ដែល​គេ​មិន​ត្រូវ​ការ។ យើង​ប្រាប់​គេ​ថា ជ្រុះ​កាបូប ​យើង​ខំរត់​តាម​គេ ថានេះ​កាបូប​របស់​អ្នក​ យក​ទៅវិញ​ទៅ​ គេ​ក៏​តប​វិញ​ថា ខ្ញុំ​មិន​យក​ទេ។ តើយើង​ធ្វើ​យ៉ាងម៉េច? ចំណែក​អ្នក​ភ្លេង​កន្ទ្រឹមបុរាណ​នៅ​សុរិន្ទ​នេះ ​គាត់​ព្រម ​គាត់​ចង់បង្ហាត់​ណាស់ ខ្លា​​ច​​បាត់​របស់ដែល​ជា​​កេរ​ដូន​តា។ ទោះ​ជា​ឱ្យ​គាត់​ទៅបង្ហាត់ដល់​​ភ្នំពេញ ​ក៏​គាត់​ព្រមទៅ​​ដែរ​ ប៉ុ​ន្តែគេ មិនខ្វល់ផង​នោះ តើ​​នឹង​ឱ្យ​ខ្ញុំ​ទៅ​ជំរុញ​បែប​ណា។ បើ​គេ​មិន​យក​ទៅ​ហើយ​ ​យើង​ទៅ​និយាយ​ច្រើន​ពេក​គេ​ក៏​នឹង​ខឹង​ស្អប់​យើង​ថែម​ទៀត»

អ្នកស្រាវជ្រាវ​ខ្មែរសុរិន្ទ​រូប​នេះ បញ្ជាក់​ថា អ្វី​ដែល​លោក​អាច​ធ្វើ​បាន​ដើម្បី​ជួយ​អភិរក្ស​កន្ទ្រឹម​ខ្មែរ​បុរាណ​នេះ គឺ​ជួយ​ទាក់ទង​អ្នក​ដែល​ចង់​ឃើញ​កន្ទ្រឹម​បុរាណ​ឱ្យ​បាន​ទៅ​មើល​ការ​សម្ដែង​នៅ​តាម​ភូមិ​របស់​អ្នកស្រុក និង​ការ​ថត​វីដេអូ​កន្ទ្រឹម​បុរាណ​ទុកជា​ឯកសារ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។