នៅប្រទេសដែលប្រកាន់សាសនាគ្រីស្ទ គេតែងឈប់សម្រាកពីការងារនៅរដូវបុណ្យគ្រីស្ទម៉ាស (Christmas) ឬបុណ្យណូអែល អំឡុងខែធ្នូ។ ក្នុងឱកាសបុណ្យណូអែល ឬបុណ្យគ្រីស្ទម៉ាស ពួកគេបានជួបជុំក្រុមគ្រួសារញាតិមិត្តជិតឆ្ងាយ ដើម្បីទទួលទានអាហាររួមគ្នា ដើរលេងកម្សាន្ត និងជូនវត្ថុអនុស្សាវរីយ៍ដល់គ្នាទៅវិញទៅមក។
តើការប្រារព្ធពិធីបុណ្យគ្រីស្ទម៉ាស នេះ មានអត្ថន័យយ៉ាងណា?
ការជូនកាដូវត្ថុអនុស្សាវរីយ៍ដល់គ្នា ឬដល់មនុស្សជាទីស្រលាញ់ ស្ទើរតែជានិមិត្តរូបទៅហើយ ដែលគេតែងធ្វើនៅក្នុងពេលប្រារព្ធពិធីបុណ្យគ្រីស្ទម៉ាស ឬពិធីបុណ្យណូអែលនេះ។
អំណោយស្ករសូកូឡា កាដូ និងវត្ថុអនុស្សាវរីយ៍ដ៏ច្រើន ត្រូវបានហាងទំនិញដាក់លក់យ៉ាងព្រោងព្រាត ដាក់លក់បញ្ចុះតម្លៃក្នុងឱកាសខែធ្នូនេះ ដែលជារដូវបុណ្យគ្រីស្ទម៉ាស ឬបុណ្យណូអែលចូលមកដល់។
សមាជិកក្រុមអ្នកដឹកនាំនៃអង្គការនិស្សិត និងប្រជាជនកម្ពុជាសម្រាប់ព្រះគ្រីស្ទ ហៅកាត់ថា ស៊ីស៊ីស៊ី (CCC) លោក ទូច បូរិន មានប្រសាសន៍ថា មនុស្សស្ទើរទូទាំងសាកលលោកបានចូលរួមប្រារព្ធធ្វើពិធីបុណ្យណូអែលនេះ ក្នុងហេតុផលនិងគោលបំណងផ្សេងៗគ្នា និងខ្លះប្រារព្ធពិធីបុណ្យនេះដើម្បីទាញយកផលប្រយោជន៍ ឬកម្រៃដោយលក់សេវាកម្មនិងផលិតផលបញ្ចុះតម្លៃជាដើម។ ប៉ុន្តែលើសពីនេះ ការប្រារព្ធពិធីបុណ្យណូអែល ឬបុណ្យគ្រីស្ទម៉ាស មានន័យណាស់ក្នុងជំនឿលើព្រះយេស៊ូគ្រីស្ទ។ លោកថា អាថ៌កំបាំងមួយនៃការជូនអំណោយ និងជូនកាដូគ្នាទៅវិញទៅមក នៅរដូវបុណ្យគ្រីស្ទម៉ាសនោះ គឺបានផ្សាភ្ជាប់នឹងទំនាក់ទំនងនៃសេចក្ដីជំនឿ។ ដើមចមនៃការប្រារព្ធពិធីបុណ្យគ្រីស្ទម៉ាស គឺជាការរំឭកពីកំណើតរបស់ព្រះគ្រីស្ទ ដែលបានយាងមកប្រសូតលើផែនដី ដែលជាកាដូសង្គ្រោះមនុស្សកាលពីជាង ២ពាន់ឆ្នាំមុន៖ «សម្រាប់បងប្អូនដែលជាអ្នកជឿព្រះយេស៊ូវ គ្រីស្ទ ដែលជាអ្នកដើរតាមព្រះយេស៊ូវ គ្រីស្ទ ដែលយើងប្រារព្ធធ្វើឡើងគឺដើម្បីរំលឹកនឹកចាំអំពីសេចក្ដីស្រលាញ់ពីព្រះគុណ និងសេចក្ដីមេត្តាករុណាដែលព្រះវរបិតាទ្រង់បានមានសម្រាប់មនុស្សជាស្នាព្រះហស្ថ របស់ព្រះអង្គដែលទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់មក ដើម្បីសង្គ្រោះមនុស្សឱ្យរួចពីអំពើបាប សង្គ្រោះស្នាព្រហស្ថព្រះអង្គ ឱ្យរួចផុតពីអំពើបាបពីសេចក្ដីស្លាប់គឺសំខាន់ណាស់។ នៅតាមបណ្ដាពួកជំនុំព្រះយេស៊ូវគ្រីស្ទ ប្រារព្ធពិធីចង់បង្ហាញពីអត្ថន័យដល់អ្នកមិនទាន់បានទទួលជឿព្រះអង្គនៅឡើយឱ្យបានយល់ដឹងពីប្រវត្តិសាស្ត្រដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រមនុស្សលោកដល់អស្ចារ្យដែលបានកើតមានឡើងនៅលើផែនដីកាលពីជាង ២ពាន់ឆ្នាំមុនដែលបង្ហាញនូវក្ដីស្រលាញ់និងការអត់ទោសបាប ពីព្រះគុណដែលផ្ដល់មកនូវក្ដីសង្ឃឹម និងសុខសន្តិភាពដល់ពិភពលោក»។
ដើម្បីចូលរួមអបអរសាទរពិធីបុណ្យគ្រីស្ទម៉ាសនេះ នៅប្រទេសកម្ពុជា មិនថា តែអ្នកជឿលើព្រះយេស៊ូវ ដែលគេធ្វើនៅតាមព្រះវិហារប៉ុណ្ណោះទេ សូម្បីតែនៅតាមក្រុមហ៊ុន ផ្សារទំនើប និងហាងលក់ដូរនានា ក៏ត្រូវបានគេតុបតែងដើមឈើស្រល់យ៉ាងធំតាំងលំអ និងមានដាក់តាំងកាដូជាច្រើន និងខ្លះមានចាក់បទចម្រៀងចាក់ភ្លេងលាន់ឮរំពង ដើម្បីទាក់ទាញភ្ញៀវ និងលក់បញ្ចុះតម្លៃទៀតផង។ ចំណែកនៅតាមសាលារៀនមួយចំនួន ពិសេសសាលាអន្តរជាតិ ឬសាលាឯកជនវិញ គេតែងចូលរួមប្រារព្ធពិធីបុណ្យនេះដែរ ដោយមានកម្មវិធីពិសេសមួយ គឺលេងចាប់កាដូ លេងប្ដូរកាដូគ្នាទៅវិញទៅមក។
នៅក្នុងព្រះគម្ពីរបរិសុទ្ធ បានកត់ត្រាថា មានប្រព្រឹត្តិការណ៍នៅភូមិបេថ្លេហ៊ឹម ក្នុងស្រុកយូដា ប្រទេសអ៊ីស្រាអែល ដោយទេព្ដាបានលេចមកប្រាប់ដល់អ្នកគង្វាលហ្វូងចៀមនៅពេលរាត្រីត្រជាក់ថា នឹងមានអង្គរាជបុត្រាមួយអង្គព្រះនាម ព្រះយេស៊ូវគ្រីស្ទ យាងមកប្រសូតលើផែនដីនេះ សម្រាប់ជួយមនុស្សឱ្យរួចពីអំពើបាប ដែលជាអំណោយរបស់ព្រះសម្រាប់មនុស្ស។ លោក ទូច បូរិន បញ្ជាក់បន្ថែមពីដើមកំណើតនៃការប្រារព្ធពិធីបុណ្យនេះជាលើកដំបូង៖ «បុណ្យណូអែល ឬបុណ្យគ្រីស្ទម៉ាសនេះ ត្រូវបានគេប្រារព្ធមុនដំបូងនេះបំផុតនៅទឹកដីបេថ្លេហ៊ឹម នៅពេលដែលទេព្ដាលេចឡើងនៅចំពោះអ្នកគង្វាលប្រាប់ពីដំណឹងល្អ ហើយពួកគង្វាលក៏បានមកជួបនាងម៉ារា និងយ៉ូសែប និងបុត្រតូចនៅភូមិបេថ្លេហ៊ឹម ជាមួយគ្នាក៏មានអ្នកប្រាជ្ញាទាំង ៣នាក់ មកពីប្រទេសនានា នាំយកកំញាន មាស គ្រឿងក្រអូប យកថ្វាយព្រះយេស៊ូវគ្រីស្ទ នៅភូមិបេថ្លេហ៊ឹម ហ្នឹងឯង កន្លែងនេះហើយដែលមនុស្សចម្លងនៃការឱ្យកាដូដល់គ្នាទៅវិញទៅមកនោះ»។
ចំណែកនៅឯសហរដ្ឋអាមេរិកឯនេះវិញ ឱកាសបុណ្យគ្រីស្ទម៉ាស នេះ នៅក្នុងទីក្រុង តាមផ្សារ សួនច្បារសាធារណៈ ស្ថាប័ននានា និងនៅតាមផ្ទះប្រជាពលរដ្ឋ គេបានរៀបចំតែងលំអដើមស្រល់ធំៗ និងបំពាក់ភ្លើងពណ៌ភ្លឺផ្លេកស្រស់បំព្រង។ នៅតាមដងផ្លូវនានា ដែលអមទៅដោយដើមឈើនិងបំពាក់ភ្លើងពណ៌ មានធ្លាក់ព្រឹលក្នុងរដូវរងា បានបញ្ចេញសម្រស់នៅពេលយប់ដ៏ត្រជាក់គួរជាទីមនោរម្យ។
សមាជិកក្រុមជំនុំនៃព្រះវិហារក្រុមជំនុំបាប់ទីសខ្មែរ ក្នុងទីក្រុងអាលីនតុន រដ្ឋវឺជិននៀ (Virginia) សហរដ្ឋអាមេរិក លោកស្រី ជា ចំរើន ថ្លែងថា លោកស្រីរំភើបចិត្តដែលបានមករស់នៅសហរដ្ឋ អាមេរិក និងបានប្រារព្ធបុណ្យគ្រីស្ទសាសនាឆ្នាំនេះ។ លោកស្រីថា មិនខុសពីមុនទេ ឱ្យតែដល់រដូវបុណ្យនេះម្ដងៗ លោកស្រីមិនដែលភ្លេចឡើយនូវការផ្ដល់អំណោយជូនមនុស្សជាទីស្រឡាញ់នៅថ្ងៃពិសេសនេះ៖ «ចាស ! មានអំណរខ្លាំងដោយសារឆ្នាំនេះខ្ញុំបានធ្វើបុណ្យគ្រីស្ទ ស្មាស ខួបកំណើតព្រះយេស៊ូវនៅស្រុកអាមេរិក ព្រោះពីមុនខ្ញុំនៅតែស្រុកខ្មែរ ខ្ញុំសប្បាយចិត្តខ្លាំងមែនទែននៅឆ្នាំនេះ»។
សមាជិកក្រុមអ្នកដឹកនាំនៃអង្គការនិស្សិត និងប្រជាជនកម្ពុជាសម្រាប់ព្រះគ្រីស្ទ លោក ទូច បូរិន្ទ បានពន្យល់ពាក្យណូអែល (Noe) ដែលហៅតាមភាសាបារាំង និងពាក្យគ្រីស្ទម៉ាស(Christmas) ដែលហៅថា ជាភាសាអង់គ្លេស មានន័យខ្លឹមសារដូចតទៅ៖ «ខ្ញុំចង់លើកយកពាក្យដើម្បីធ្វើការយល់ដឹងទាំងអស់គ្នា ពាក្យថា នូអែល ជាភាសាបារាំង ដែលក្លាយពីពាក្យភាសាដើមបកប្រែមកថាកំណើត ដែលសំដៅទៅលើកំណើតដែលព្រះយេស៊ូវគ្រីស្ទបានយាងមកប្រសូតនៅលើផែនដីនេះតាមរយៈនាងក្រមុំព្រហ្មចារីឈ្មោះនាងម៉ារា នៅភូមិបេថ្លេហ៊ឹម នៅប្រទេសអ៊ីស្រាអ៊ែល កាលពីជាង២ពាន់ឆ្នាំមុន។ ពាក្យគ្រីស្ទម៉ាស គឺជាពាក្យភាសាអង់គ្លេស យើងឃើញពាក្យពីរបូកបញ្ចូលគ្នា គឺពាក្យគ្រីស្ទ សំដៅលើព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវ គ្រីស្ទ គឺម្នាក់ដែលព្រះបានចាក់ប្រេងតាំងចាត់ឱ្យមកបំពេញបេសកកម្មនៅលើផែនដី នាំមកនូវសេចក្ដីស្រលាញ់ ការអត់ទោសបាប នាំមកនូវសេចក្ដីសង្ឃឹម នាំមកនូវសុខសន្តិភាព នាំមកនូវដំណោះស្រាយនៃអំពើបាបដែលមនុស្សទូទៅដែលមានជីវិតរស់នៅលើផែនដីមានបាប ហើយឈ្នួលនៃអំពើបាបគឺសេចក្ដីស្លាប់។ ម៉ាស់បកប្រែមកថាបុណ្យ គឺមានន័យថាបុណ្យព្រះគ្រីស្ទ គឺសំដៅទៅលើបុណ្យខួបកំណើតនៃព្រះអម្ចាស់ព្រះយេស៊ូវ គ្រីស្ទ។
នៅក្នុងឱកាសប្រារព្ធពិធីបុណ្យគ្រីស្ទម៉ាសនេះ គេតែងតែជូនពរគ្នាទៅវិញទៅមក ដោយភ្ជាប់ទៅឆ្នាំថ្មី នៃគ្រិស្តសករាជ ដែលមនុស្សនៅលើពិភពលោកបានប្រើប្រាស់ ដែលនឹងខិតជិតចូលមកដល់នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
