មន្ត្រីនៃក្រសួងមួយចំនួនអះអាងថា ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងត្រូវធ្វើឡើងដោយស្ងៀមស្ងាត់ និងដោយឡែកៗពីគ្នា នៅតាមទីកន្លែងរស់នៅអចិន្ត្រៃយ៍រៀងៗខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ចំណែកក្រុមប្រជាពលរដ្ឋ ថា ពួកគេនឹងគោរពតាមការណែនាំរបស់រដ្ឋាភិបាល ម្យ៉ាងពួកគាត់គ្មានលុយសម្រាប់ចូលឆ្នាំថ្មីនេះទៀតផងព្រោះគ្មានការងារធ្វើ រកប្រាក់មិនបាន។
ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំជូត ឬឆ្នាំកណ្តុរ នៅឆ្នាំ២០២០នេះធ្វើឡើងក្នុងភាពសោះកក្រោះ និងមានភាពកណ្ដោចកណ្ដែងជាងពេលណាៗទាំងអស់ក្នុងរយៈពេលប្រមាណ៤០ឆ្នាំកន្លងមកនេះ។
ពលរដ្ឋដែលកើតទាន់សម័យ ប៉ុល ពត ឬសម័យខ្មែរក្រហមបានឱ្យដឹងថា ភាពសោះកក្រោះក្នុងពេលចូលឆ្នាំខ្មែរបែបនេះ ធ្លាប់មានតែក្នុងសម័យអាវខ្មៅ ក្នុងគុកអត់ជញ្ជាំងនោះទេ។
ចំណែកមន្ត្រីរដ្ឋាភិបាលថា៖ ពិធីទាំងឡាយដែលជាទំនៀមទម្លាប់ ហើយធ្លាប់ប្រារព្ធឡើងក្នុងថ្ងៃចូលឆ្នាំដូចពេលកន្លងមកនោះត្រូវផ្អាកបណ្ដោះអាសន្ននៅឆ្នាំនេះ។
ចំណែកពិធីមួយចំនួននៅអាចធ្វើបាន ប៉ុន្តែត្រូវផ្លាស់ប្ដូររបៀបខ្លះស្របតាមសម័យកូរ៉ូណា ឬកូវីដ១៩ និងត្រូវគោរពតាមបម្រាមរបស់រដ្ឋាភិបាល និងអ្នកជំនាញសុខភាព។
អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក ស៊ិន សុមនី មានប្រសាសន៍ថា ក្រសួងបានចេញសារាចរណែនាំដល់គណៈគ្រប់គ្រងវត្តទាំងឡាយទូទាំងប្រទេសឱ្យអនុវត្តតាមបម្រាមរដ្ឋាភិបាល ដោយចាត់ឱ្យមានអ្នករៀបចំពិធីសាសនានានាត្រូវធ្វើដាច់ដោយឡែកពីគ្នា ជាក្រុមតូចៗទាំងពុទ្ធបរិស័ទ និងព្រះសង្ឃ ព្រមទាំងរបៀបប្រគេនចង្ហាន់ព្រះសង្ឃដែលសុវត្ថិភាព អាចបង្ការ និងការពារការឆ្លងរោគកូរណា ឬជំងឺកូវីដ១៩៖ « យាយតាដែលមកសុំសីលក៏អាចនៅតែមកបានអ៊ីចឹងដោយក្រាលកន្ទេលនៅខាងក្រៅព្រះវិហារ ឬក៏នៅក្នុងសាលា ប៉ុន្តែអង្គុយឆ្ងាយពីគ្នា គេណែនាំថាចម្ងាយ២ម៉ែត្រ លោកដាក់ឱ្យនៅ ៣ម៉ែត្រឯណោះដើម្បីកុំឱ្យប៉ះពាល់គ្នា»។
ទាក់ទងការប្រារព្ធពិធីចូលឆ្នាំ និងពិធីសាសនាផ្សេងៗ នៅតាមទីអារាមនេះដែរ លោក ហ៊ុន សែន បញ្ជាក់ថា នឹងគ្មានការបិទទ្វារវត្ត ឬហាមឃាត់មិនឱ្យធ្វើពិធីសាសនាណាមួយនោះឡើយ ប៉ុន្តែគ្រប់គ្នាត្រូវមានការប្រុងប្រយ័ត្ន ដោយធ្វើយ៉ាងណាកុំមានការជួបជុំផ្តុំគ្នាច្រើន និងត្រូវស្ថិតនៅឱ្យមានគម្លាតឆ្ងាយពីគ្នាតាមដែលអាចធ្វើទៅបាន៖ «ប៉ុន្តែរដ្ឋាភិបាលអំពាវឱ្យព្រះសង្ឃ សាសនិកឥស្លាមថ្វាយបង្ខំតាមផ្ទះ ឬនៅតាមកុដិរៀងៗខ្លួន ហើយបើថា ឆាន់ឱ្យស្ថិតនៅឆ្ងាយពីគ្នាបន្តិចទៅ ... ព្រោះអាហ្នឹងគេចាត់ទុកថា មានសុវត្ថិភាពបំផុតហើយ»។
អ្នកជំនាញសុខាភិបាលណែនាំមិនឱ្យមានការជួបជុំឬនៅផ្តុំគ្នាលើសពី១០នាក់ និងត្រូវស្ថិតនៅឆ្ងាយពីគ្នាចាប់ពី១ម៉ែត្រកន្លះ ទៅ២ម៉ែត្រ។
រដ្ឋមន្ត្រី នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នក ស្រី ភឿង សកុណា មានប្រសាសន៍ថា ឆ្នាំនេះមិនមានការបង្កើតកម្មវិធីសង្ក្រាន្តដើម្បីទទួលទេវតាឆ្នាំថ្មីនៅតាមបណ្តាខេត្ត ក្រុង ឬនៅតាមទីសាធារណៈទូទាំងប្រទេសដូចឆ្នាំមុនៗឡើយ។
ជាមួយគ្នានេះ ការប្រគុំតន្ត្រី និងល្បែងរបាំប្រជាប្រិយ ដូចជារបាំត្រុដ ទាញព្រាត់ និងលាក់កន្សែងជាដើមនោះគ្មានទៀតឡើយនៅឆ្នាំនេះ៖ «ការប្រមូលផ្តុំគ្នាសម្ដែងសិល្បៈដូចជារបាំត្រុដជាដើមនោះ គឺនៅក្នុងកាលៈទេសៈនេះមិនគួរទេ ក៏ប៉ុន្តែបើនៅតាមផ្ទះរៀបចំទទួលទេវតារៀងខ្លួននោះ គឺជាអ្វីដែលយើងត្រូវធ្វើ ចំណែកការប្រមូលផ្តុំគ្នាគួរត្រូវជៀសវាង ដើម្បីការពារជំងឺនេះកុំវារីករាលដាល ព្រោះយើងអត់ដឹងថា វានៅទីណាខ្លះនោះទេ»។
ការបង្ហាញពីផែនការសកម្មភាព អំពីការប្រារព្ធពីធីចូលឆ្នាំថ្មី របស់ក្រសួងពាក់ព័ន្ធនេះ ក្រោយពី លោក ហ៊ុន សែន បានប្រកាសឱ្យផ្អាកប្រារព្ធ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិបណ្ដោះអាសន្ន និងពន្យារពេលថ្ងៃឈប់សម្រាកក្នុងឱកាសពិធីបុណ្យ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩៖ «ស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនត្រូវបន្តធ្វើការធម្មតា ហើយរដ្ឋនឹងសងវិញនៅពេលសមស្របចំនួន៥ថ្ងៃ នៃថ្ងៃធ្វើការ ... អញ្ចឹងកន្លែងសុវត្ថិភាពបំផុតគឺកន្លែងធ្វើការ តាមរោងចក្រ ក្រុមហ៊ុន និងតាមស្ថាប័ននានា ... បើទុកបណ្ដោយឱ្យដើរលេង សភាពការណ៍ក្រោយចូលឆ្នាំ អាចមានហានិភ័យខ្ពស់»។
ការថ្លែងបែបនេះធ្វើឡើងក្នុងសន្និសីទព័ត៌មានពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅវិមានសន្តិភាព។
ដោយឡែកពាក់ព័ន្ធនឹងវិស័យសិល្បៈ និងសេវាកម្សាន្តនានាវិញ លោក ហ៊ុន សែន បានប្រកាសជាថ្មីទៀត គឺបញ្ឈប់ ឬបិទមិនឱ្យមានសេវាកម្មក្លឹបកម្សាន្ត ខារាអូខេ (Karaoke) និងការប្រគុំតន្ត្រី ឬ Concert សាធារណៈជាបណ្ដោះអាសន្ន។ ប៉ុន្តែលោកលើកទឹកចិត្តឱ្យមានការប្រគំតន្ត្រី និងកីឡាប្រដាល់ ជាអសាធារណៈ ឬបិទទ្វារ ហើយផ្សាយបន្តផ្ទាល់តាមបណ្ដាញផ្សព្វផ្សាយនានាតាមដែលអាចធ្វើបានដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាកម្សាន្ត ឬកុំឱ្យពួកគាត់អផ្សុកពេក៖ « កុំឱ្យប្រទេសយើងស្ងាត់ពេក ដួចគេថា ស្ងាត់ដូចចោរលួចសេះ យើងមិនទាន់ដល់កម្រិតប៉ុណ្ណឹងទេ តែយើងក៏មិនបណ្ដែតបណ្ដោយឱ្យមានការប្រមូលផ្តុំទៅមើល Concert .. ទៅមើលការវ៉ៃប៉ុក ផ្ទាល់ជាសាធារណៈនោះដែរ នៅប្រទេសថៃគេរកឃើញកន្លែងឆ្លងមេរោគច្រើនជាងគេគឺនៅកន្លែងវាយប្រដាល់ហ្នឹងឯង យើងអាចរៀនសូត្រនូវអ្វីដែលបានកើតមកនេះ»។
ជាមួយគ្នានោះដែរ លោក ហ៊ុន សែន ក៏បានសំណូមពរដល់ប្រជាជនកាត់បន្ថយការធ្វើដំណើរទៅស្រុកកំណើត និងទៅដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាន ឬតំបន់ទេសចរណ៍នានាផងដែរ។
ចំណែកទស្សនៈ និងឥរិយាបថពលរដ្ឋក្នុងការចូលរួមប្រារព្ធពិធីចូលឆ្នាំថ្មីសម័យកូរ៉ូណា ឬកូវីដ-១៩នេះ ពួកគាត់ខ្លះគាំទ្រចំពោះបម្រាមរបស់អាជ្ញាធររដ្ឋាភិបាល ដោយហេតុផល ដើម្បីសុខភាព ចំណែកពួកគាត់ខ្លះទៀតហាក់នៅរារែកព្រោះគាត់ថាពិបាកចោលនូវអ្វីដែលធ្លាប់បានប្រារព្ធរាប់ឆ្នាំមកហើយនោះ។
ពលរដ្ឋរស់នៅភូមិចេក ឃុំឈើទាល ស្រុក ស្វាយជ្រុំ ខេត្តស្វាយរៀង លោកស្រី យស សោភ័ណ្ឌ បានឱ្យដឹងថា ភ័យចេះតែភ័យហើយ...!! ភ័យនឹងបម្រាមរបស់អាជ្ញាធរផង ភ័យនឹងជំងឺឆ្លងផង ប៉ុន្តែទម្លាប់ចាស់ទុំពីបុរាណមួយឆ្នាំម្តង ពិបាកនឹងបោះបង់ចោលណាស់ ដូចជាបុណ្យភូមិ ពិធីបង្សុកូលឧទ្ទិសកុសលជូនដូនតា ម្ចាស់ទឹកម្ចាស់ដី ថែរក្សាទីព្រះភូមិជាដើម៖ «ខ្លាចជំងឺ តែម៉ែឪ ចាស់ៗបែបគាត់មិនព្រមទេ ព្រោះមួយឆ្នាំបាន បង្សុកូលម្ដង បើយើងមិនបានធ្វើទៀតគាត់ដូចមិនអស់ចិត្ត ដូច្នេះវាជាប្រពៃណីជាទំនៀមទម្លាប់មកហើយគាត់នៅតែធ្វើអ៊ីចឹង ..!!»។
ចំណែកពលរដ្ឋនៅខេត្តផ្សេងទៀត ដូចជានៅខេត្ត សៀមរាប បាត់ដំបង និងខេត្តភាគឦសានជាដើមនោះ ពួកគាត់ថាគ្មានជម្រើសអ្វីក្រៅពីគោរពតាមបម្រាមរបស់អាជ្ញាធររដ្ឋាភិបាលនោះឡើយ ដើម្បីសុវត្ថិភាពទាំងអស់គ្នាជៀសផុតពីជំងឺកូវីដ១៩៖ «ដូចថា អ្នកមកពីថៃពីល្ងាចអញ្ចេះគេលែងពិនិត្យមីងឱ្យទៅវត្តយកចង្ហាន់ប្រគេនលោកមួយភ្លែតមកវិញប្រុយ ....! បើយើងនាំគ្នាទៅបង្សុកូលអីចេះតែបានហើយចេះតែបានតែបើយើងគិតថា មិនចាំបាច់ ទេ បើខ្ញុំសម្រេចចិត្តថា លើកពេលមិនធ្វើទេមិនធ្វើការងារហ្នឹងនាំឱ្យមានបញ្ហាដល់សង្គមច្រើននោះទេ ... ចំណែកបងប្អូនជនជាតិព្នងជនជាតិទំពូនយើងឆ្នាំនេះយើងឆ្នាំនេះមិនបានចេញទៅណាទេ នៅតែផឹកស៊ីក្នុងផ្ទះបើថា ឱ្យរាំមានតន្ត្រី មានភ្លេងពិណពាទ្យ ភ្លេងទំពូន ភ្លេងខ្មែរ ដូចពីមុនទៀតមើលទៅវាមិនអាចទេ .. ម្យ៉ាងពួកគាត់អត់លុយផង .. ឥឡូវមិនថាគេ មិនថាខ្ញុំទេបញ្ហាកូវីដដូចមិនសូវខ្លាចទេ តែខ្លាចជាងគេគឺអត់លុយតែម្ដង»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។