សហរដ្ឋអាមេរិក ប្រគល់​វត្ថុ​បុរាណ​ចំនួន ២៧​ដុំ ឲ្យ​កម្ពុជា​វិញ

សហរដ្ឋអាមេរិក​ប្រគល់​វត្ថុ​បុរាណ​ដែល​ត្រូវ​បាន​លួច​ចំនួន ២៧​ដុំ ត្រឡប់​មក​ឲ្យ​កម្ពុជា​វិញ នៅ​ក្នុង​ពិធី​មួយ​នៅ​សារមន្ទីរ​ជាតិ​កម្ពុជា នៅ​ថ្ងៃទី​១៣ ខែ​កក្កដា។

ពិធី​ប្រគល់​វត្ថុ​បុរាណ​នេះ ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​លោក​ឧបការី​រដ្ឋមន្ត្រីក្រសួង​ការបរទេស​អាមេរិក​ទទួលបន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក ដានីញ៉ែល គ្រីទីនប្រីង្គ (Daniel J. Kritenbrink) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (W. Patrick Murphy) និង​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា។

ឧបការី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក ដានីញ៉ែល គ្រីធិនប្រីង្គ ថ្លែង​ក្នុង​ពិធី​ប្រគល់​វត្ថុ​បុរាណ​ទាំងនោះ​ថា អនុស្សរណៈ​យោគយល់​គ្នា រវាង​រដ្ឋាភិបាល​កម្ពុជា និង​សហរដ្ឋអាមេរិក បាន​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​វប្បធម៌ រវាង​ប្រទេស​ទាំងពីរ ដោយ​សម្រប​សម្រួលការ​បញ្ជូន វត្ថុ​បុរាណ​ចំនួន​ជាង ១០០​ដុំ និង​គាំទ្រ​ដល់​ការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​កម្ពុជា។

លោក​បន្ត​ថា គម្រោង​គំនិត​ផ្ដួចផ្ដើម​របស់​សហរដ្ឋអាមេរិក ដូចជា​មូលនិធិ​ឯកអគ្គរដ្ឋទូត​សម្រាប់​ការ​អភិរក្ស​វប្បធម៌ បាន​គាំទ្រ​យូរអង្វែង​ចំពោះ​ការ​ជួសជុល​ទីតាំង​ប្រវត្តិសាស្ត្រ ដែល​មាន​សារសំខាន់​ផ្នែក​វប្បធម៌​សម្រាប់​ប្រទេស​កម្ពុជា។

​សហរដ្ឋអាមេរិក​បាន​ផ្តល់​ថវិកា​ចំនួន​ជាង ៥​លាន​ដុល្លារ ដល់​រាជរដ្ឋាភិបាល​កម្ពុជា គិត​ចាប់តាំងពី​ឆ្នាំ ២០០១ មក សម្រាប់​ការងារ​អភិរក្ស​វប្បធម៌ ដែល​ក្នុង​នោះ រួមមាន​ជាង​៣​លាន ៥​សែន​ដុល្លារ (៣,៥) សម្រាប់​អភិរក្ស​និង​ជួសជុល​ប្រាសាទភ្នំ​បាក់​ខែង នៅ​ខេត្ត​សៀមរាប និង​សារមន្ទីរ​ទួលស្លែង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។