អ្នកជំនាញស្នើពលរដ្ឋខ្មែរអាមេរិកាំងជំរុញឱ្យអាមេរិកបន្តទប់ស្កាត់ការនាំចូលសម្បត្តិវប្បធម៌ខុសច្បាប់
2023.01.04

អ្នកជំនាញអំពាវនាវដល់ពលរដ្ឋសញ្ជាតិអាមេរិកាំងដើមកំណើតខ្មែរ ឱ្យជួយស្នើទៅរដ្ឋាភិបាលអាមេរិក ឱ្យបន្តសុពលភាពកិច្ចព្រមព្រៀងស្ដីពីការទប់ស្កាត់ការនាំចូលសម្បត្តិវប្បធម៌ខុសច្បាប់ ជាមួយរដ្ឋាភិបាលកម្ពុជា។ ការអំពាវនាវនេះ ធ្វើឡើងស្របពេលដែលកិច្ចព្រមព្រៀងនេះ បានផុតសុពលភាពត្រឹមដំណាច់ឆ្នាំ២០២២។
អ្នកជំនាញផ្នែកបុរាណវិទ្យាចង់ឃើញពលរដ្ឋសញ្ជាតិអាមេរិកាំងដើមកំណើតខ្មែរ និងក្រុមអ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យាដែលធ្វើការជាមួយរដ្ឋាភិបាលអាមេរិក ចូលរួមជំរុញទៅរដ្ឋាភិបាលអាមេរិកធ្វើយ៉ាងណាឱ្យបន្តសុពលភាពនៃកិច្ចព្រមព្រៀងនេះ។
អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៅសាកលវិទ្យាល័យ កាលីហ្វ័រនីញ៉ា ឡូសអែនជឺឡេស (University of California, Los Angeles-UCLA) សហរដ្ឋអាមេរិក បណ្ឌិត ហេង ពិភាល់ ពន្យល់ប្រាប់វិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃទី៤ ខែមករា ថា ការបន្តសុពលភាពនៃកិច្ចព្រមព្រៀង ឬ អនុស្សរណៈយោគយល់ (MOU) ស្ដីពីការទប់ស្កាត់ការនាំចូលសម្បត្តិវប្បធម៌ខុសច្បាប់ អនុញ្ញាតឱ្យរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក សហការគ្នាក្នុងការទប់ស្កាត់ការលួចនាំចេញសម្បត្តិវប្បធម៌ពីកម្ពុជា និងបញ្ជូនត្រឡប់សម្បត្តិវប្បធម៌ទាំងនេះមកកម្ពុជាវិញ។
បណ្ឌិត ហេង ពិភាល់៖ «MOU ជាមួយអាមេរិកនេះហើយដែលរដ្ឋាភិបាលស្រុកខ្មែរអាចប្តឹងយករូបចម្លាក់ដែលគេលួចចេញ ដរាបណាយើងមានភស្តុតាងពីទីកន្លែង ពីឆ្នាំដែលគេលួចចេញមក គឺយើងអាចប្តឹងត្រលប់ទៅវិញបាន។ មួយវិញទៀត គឺខាងរដ្ឋាភិបាលអាមេរិក ក៏សស្រាក់សស្រាំដែររឿងហ្នឹង គឺឱ្យតែឃើញព័ត៌មានអីជាដើម គឺ Federal (រដ្ឋាភិបាលសហព័ន្ធខ្លួនឯង) ប្តឹងទៅខាងអ្នក Private Collectors ឬមួយក៏ខាងសារមន្ទីរ ដែលគេទិញរូបអីហ្នឹងចេញពីស្រុកខ្មែរមក។ អ៊ីចឹងហើយបានជាយើងឃើញនៅក្នុងរយៈពេលប្រមាណឆ្នាំនេះ មានការបញ្ជូនរូបបញ្ជូនអីត្រលប់ទៅស្រុកខ្មែរវិញ»។
នៅក្នុងតំបន់អាស៊ី ក្រៅពីប្រទេសចិន (China) និងអាហ្វហ្កានីស្ថាន (Afghanistan) កម្ពុជាគឺជាប្រទេសទីមួយដែលបានចុះកិច្ចព្រមព្រៀងស្តីពីការទប់ស្កាត់ការនាំចូលសម្បត្តិវប្បធម៌ខុសច្បាប់ជាមួយរដ្ឋាភិបាលអាមេរិក។ កិច្ចព្រមព្រៀងដំបូងត្រូវបានធ្វើឡើងកាលពីឆ្នាំ២០០៣ ហើយបន្តរៀងរាល់ប្រាំឆ្នាំម្តង គឺនៅឆ្នាំ២០០៨ ឆ្នាំ២០១៣ និងចុងក្រោយនៅឆ្នាំ២០១៨។ គិតត្រឹមដំណាច់ឆ្នាំ២០២២នេះ កិច្ចព្រមព្រៀងនេះត្រូវផុតសុពលភាព ដែលតម្រូវឱ្យរដ្ឋាភិបាលអាមេរិកាំងត្រូវសម្រេចចិត្តថា តើត្រូវបន្តសុពលភាពឬបញ្ចប់ កិច្ចព្រមព្រៀងនេះ ស្របពេលដែលក្រុមអ្នកទទួលផលប្រយោជន៍ ឬអ្នកប្រមូលសម្បត្តិវប្បធម៌ទាំងនេះព្យាយាមបញ្ចុះបញ្ចូលទៅរដ្ឋាភិបាលអាមេរិកាំងឱ្យបញ្ចប់កិច្ចព្រមព្រៀងនេះដើម្បីឱ្យពួកគេអាចបន្តរក្សាសម្បត្តិវប្បធម៌ទាំងនេះនៅអាមេរិកដោយគ្មានការប្តឹងផ្តល់ទាមទារយកទៅវិញ។
បណ្ឌិត ហេង ពិភាល់ ពន្យល់ថាការចូលរួមពីសំណាក់ពលរដ្ឋសញ្ជាតិអាមេរិកាំងដើមកំណើតខ្មែរ និងក្រុមអ្នកស្រាវជ្រាវដែលធ្វើការជាមួយរដ្ឋាភិបាលអាមេរិក ជំរុញទៅរដ្ឋាភិបាលអាមេរិកាំងឱ្យបន្តសុពលភាពនៃកិច្ចព្រមព្រៀងនេះ នឹងផ្តល់ប្រយោជន៍ជាច្រើនដល់ការការពារសម្បត្តិវប្បធម៌ខ្មែរ ដែលត្រូវបានគេលួចនាំចេញដោយខុសច្បាប់៖
សំឡេងបណ្ឌិត ហេង ពិភាល់៖ «យើងអាចទប់ស្កាត់ការលួច ការជួញដូរ ចរាចរវត្ថុបុរាណខុសច្បាប់នេះ។ អ៊ីចឹង វាអាចឱ្យវត្ថុបុរាណរបស់យើងនៅគង់វង្សតទៅមុខទៀតសម្រាប់ឱ្យកូនចៅ ឱ្យខ្មែរទាំងអស់រៀនពីវប្បធម៌ ពីប្រវត្តិសាស្ត្រខ្លួនឯងផង វាអាចឱ្យអ្នកស្រាវជ្រាវទាំងខ្មែរទាំងបរទេសស្រាវជ្រាវពីបុរាណវិទ្យាពីប្រវត្តិសាស្ត្រ ទំនាក់ទំនងរវាងស្រុកនិងស្រុក ពីសម័យដើមអីជាដើម តទៅទៀត។ អ៊ីចឹង វាមានផលប្រយោជន៍ច្រើន។ មួយទៀតទៅ សព្វថ្ងៃនេះ យើងមិនចាំបាច់ទៅលួច ទៅទិញរបស់លក់អីជាដើម យកមកតាំងទេ ដោយសារប៉ុន្មានខែមុនមានតាំងរូបចម្លាក់ខ្មែរដែលខ្ចីពីសារមន្ទីរជាតិ មកតាំងនៅឡូសអែនជឺឡេស»។
បណ្ឌិត ហេង ពិភាល់ ពន្យល់បន្តថា ដើម្បីចូលរួមជំរុញទៅរដ្ឋាភិបាលអាមេរិកាំងឱ្យបន្តសុពលភាពកិច្ចព្រមព្រៀងនេះ ពលរដ្ឋសញ្ជាតិអាមេរិកាំងដើមកំណើតខ្មែរ និងក្រុមអ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យា ឬសម្បត្តិវប្បធម៌ខ្មែរដែលធ្វើការជាមួយរដ្ឋាភិបាលអាមេរិក អាចចូលរួមតាមរយៈការផ្តល់ជាមតិយោបល់ផ្ទាល់មាត់នៅក្នុងកិច្ចប្រជុំអនឡាញមួយរៀបចំដោយក្រសួងការបរទេសអាមេរិកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមករា វេលាម៉ោង ៤រសៀល ម៉ោងនៅឆ្នេរខាងកើតសហរដ្ឋអាមេរិក។ អ្នកដែលចង់ចូលរួមត្រូវចុះឈ្មោះជាមុនត្រឹមថ្ងៃទី២៣ ខែមករា ជាមួយក្រសួងការបរទេសអាមេរិក (ផ្ញើសារអេឡិចត្រូនិក ឬអ៊ីម៉ែលទៅកាន់អាសយដ្ឋាន culprop@state.gov)។ ក្រៅពីនេះ អ្នកដែលចង់ចូលរួមក៏អាចសរសេរសំបុត្រជាលាយលក្ខណ៍អក្សរផ្ញើទៅកាន់គេហទំព័រក្រសួងការបរទេសអាមេរិក (regulations.gov) ឱ្យបានត្រឹមថ្ងៃទី២៣ ខែមករា។ មតិយោបល់ដែលអ្នកចូលរួមត្រូវផ្តល់គឺនិយាយគាំទ្រពីផលល្អ ឬផ្លែផ្កាដែលកម្ពុជាទទួលបានពីកិច្ចព្រមព្រៀង ឬ MOU ស្ដីពីការទប់ស្កាត់ការនាំចូលសម្បត្តិវប្បធម៌ខុសច្បាប់ រវាងរដ្ឋាភិបាលអាមេរិកជាមួយរដ្ឋាភិបាលកម្ពុជា។
ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden) មកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងអាមេរិក នៅភ្នំពេញកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហ៊ុន សែន បានអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណដែលត្រូវបានលួចពីកម្ពុជា។
ចាប់តាំងពីមានកិច្ចព្រមព្រៀងស្ដីពីការទប់ស្កាត់ការនាំចូលសម្បត្តិវប្បធម៌ខុសច្បាប់រវាងកម្ពុជា និងអាមេរិក កិច្ចព្រមព្រៀងនេះបានសម្របសម្រួលនូវការបញ្ជូនត្រឡប់មកវិញនូវវត្ថុបុរាណមិនអាចកាត់ថ្លៃបានចំនួនជាង ១០០ដុំ មកកម្ពុជាវិញ និងចូលរួមកសាងសមត្ថភាពរបស់ប្រជាជនកម្ពុជាដែលធ្វើការងារអភិរក្សបេតិកភណ្ឌវប្បធម៌។ គិតចាប់ពីឆ្នាំ២០០១មក សហរដ្ឋអាមេរិកបានផ្តល់ថវិកាជាង ៥លានដុល្លារដល់រដ្ឋាភិបាលកម្ពុជាសម្រាប់ការងារអភិរក្សវប្បធម៌។ ក្នុងនោះ ថវិកាជាង ៣,៥លានដុល្លារ គឺសម្រាប់អភិរក្ស និងជួសជុលប្រាសាទភ្នំបាក់ខែង នៅខេត្តសៀមរាប និងសម្រាប់ជួយដល់សារមន្ទីរទួលស្លែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។