រូបចម្លាក់ខ្មែរមានអាយុ១.៥០០ឆ្នាំនឹងត្រូវដាក់បង្ហាញនៅសារមន្ទីរជាតិសិល្បៈអាស៊ាននៅអាមេរិក
2022.04.30

រូបចម្លាក់ព្រះហិណ្ឌូ ព្រះក្រឺស្ណរៈគោវ៌ធន ពីភ្នំដា នៅស្រុកអង្គរបូរី ខេត្តតាកែវ ដែលមានអាយុកាល ១ពាន់ ៥រយឆ្នាំ (១.៥០០) និងវត្ថុបូរាណដទៃទៀត នឹងត្រូវយកទៅដាក់តាំងនៅសារមន្ទីរជាតិសិល្បៈអាស៊ានស្មិត សូនីន (Smithsonian) ក្នុងរដ្ឋធានីវ៉ាស៊ីនតោន (Washington) ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៨ ខែកញ្ញា។
សេចក្តីប្រកាសព័ត៌មានរួមរបស់ស្ថានទូតអាមេរិកនិង AmCam នៅថ្ងៃទី២៩ ខែមេសា ឲ្យដឹងថា ពិព័រណ៍នេះមានឈ្មោះថា «បង្ហាញព្រះក្រឺស្ណរៈគោវ៌ធន៖ ដំណើរទៅកាន់ភ្នំដ៏ពិសិដ្ឋនៅកម្ពុជា» នឹងបង្ហាញ រូបចម្លាក់ព្រះសាសនាហិណ្ឌូ ដើម្បីការពារប្រជារាស្ត្រព្រះអង្គ ពីព្យុះភ្លៀងដែលបង្កើតឲ្យមានឡើងដោយព្រះមួយដែលមានការខឹងសម្បារ។ កន្លងមក ការតាំងពិព័រណ៍វត្ថុបុរាណនេះ ត្រូវបានរៀបចំធ្វើនៅសារមន្ទីរសិល្បៈក្លែវឺលែន (Cleveland Museum of Arts) ក្នុងរដ្ឋអូហាយូ (Ohio) សហរដ្ឋអាមេរិក។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (W. Patrick Murphy) ថ្មីៗនេះ បានលើកទឹកចិត្តឲ្យសាធារណជនទស្សនាពិព័រណ៍ពិសេសនេះ នៅក្នុងវីដេអូមួយ ដែលត្រូវបានបង្ហោះនៅក្នុងហ្វេសប៊ុក របស់ស្ថានទូតអាមេរិកនៅភ្នំពេញ។
ចាប់តាំងពីឆ្នាំ២០០១ មក សហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួនជាង ៥ លានដុល្លារ ដល់ប្រទេសកម្ពុជា សម្រាប់ការងារអភិរក្សវប្បធម៌ តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ និងថវិកាជំនួយឥតសំណងដទៃទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។