តើ​មាន​វិធី​អ្វី​ខ្លះ​ដែល​អាច​ជួយ​មនុស្ស​ចង់​សម្លាប់​ខ្លួន​ឯង?

នៅ​ក្នុង​សង្គម​ខ្មែរ​សព្វថ្ងៃ មាន​មនុស្ស​មួយ​ចំនួន​បាន​ធ្វើ​អត្តឃាត ឬ​សម្លាប់​អាយុ​ជីវិត​របស់​ខ្លួន​ឯង ដូចជា​លោត​ទឹក​សម្លាប់​ខ្លួន ឬ​ក៏​ចង​ក​សម្លាប់​ខ្លួន​ជា​ដើម។ បញ្ហា​នេះ​អាច​បណ្ដាល​មក​ពី​កត្តា​ច្រើន​យ៉ាង​ដែល​ជំរុញ​ឲ្យ​មនុស្ស​ធ្វើ​អត្តឃាត​ខ្លួន​ឯង ដូចជា​បញ្ហា​ផ្ទាល់​ខ្លួន​របស់​គេ បញ្ហា​សង្គម​គ្រួសារ ឬ​បញ្ហា​សង្គម​ជាតិ​ដែល​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ចូល​រួម​ជួយ​ដោះស្រាយ​ជាដើម។

0:00 / 0:00

តើ​មាន​វិធី​អ្វី​ខ្លះ​ដែល​សង្គម​មនុស្ស​អាច​ជួយ​ដល់​មនុស្ស​ផង​គ្នា​កុំ​ឲ្យ​សម្លាប់​ខ្លួន​ឯង​បាន?

មនុស្ស​សត្វ​គ្រប់​រូប​ដែល​កើត​មក​ហើយ គឺ​តែង​តែ​ស្រឡាញ់​អាយុ​ជីវិត​របស់​ខ្លួន មិន​ថា​អ្នក​នោះ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ មាន​យសស័ក្ដិ ឬ​មាន​ឋានៈ​តូចតាច ក្រីក្រ​លំបាក​តោកយ៉ាក​នោះ​ទេ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ក៏​មាន​មនុស្ស​មួយ​ចំនួន​បាន​ធ្វើ​បាប​ឲ្យ​ទុក្ខ​ទោស​ដល់​ខ្លួន​ឯង រហូត​ដល់​សម្លាប់​ជីវិត​ខ្លួន​ឯង​ទៅ​វិញ។ នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​គេ​ឃើញ​មាន​បញ្ហា​នេះ​បាន​កើត​ឡើង​ជា​បន្តបន្ទាប់ ដោយ​អ្នក​ខ្លះ​លោត​ទឹក​សម្លាប់​ខ្លួន អ្នក​ខ្លះ​ចង​ក និង​ខ្លះ​ទៀត​លេប​ថ្នាំ​សម្លាប់​ជាដើម។

អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​ជំងឺ​ផ្លូវ​ចិត្ត បាន​បញ្ជាក់​ថា ទាក់ទង​នឹង​បញ្ហា​មនុស្ស​ដែល​អាច​សម្លាប់​ខ្លួន​ឯង​បាន​នោះ គឺ​ដោយសារ​តែ​ជន​នោះ​មាន​ជំងឺ​ផ្លូវ​ចិត្ត​ខ្លាំង​ពេក។ ម្យ៉ាង​ទៀត​នៅ​ពេល​ដែល​បុគ្គល​រូប​នោះ​មាន​បញ្ហា​ផ្លូវ​ចិត្ត​ខ្លាំង ហើយ​បរិយាកាស​ជុំវិញ​ខ្លួន​គេ​ក៏​មិន​បាន​ផ្ដល់​ក្តី​សង្ឃឹម ឬ​ក៏​ក្រុម​គ្រួសារ​មិន​សូវ​ចាប់​អារម្មណ៍​យក​ចិត្ត​ទុក​ដាក់​ជួយ​លួងលោម​លើក​ទឹក​ចិត្ត ឬ​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​ជាដើម។

អុ្នក​ជំនាញ​សិក្សា​ផ្នែក​ព្រះពុទ្ធ​សាសនា​បាន​បញ្ជាក់​ថា មនុស្ស​ដែល​សម្លាប់​ខ្លួន​ឯង គឺ​បណ្ដាល​មក​ពី​ខ្វះ​ការ​អប់រំ​ចិត្ត ឬ​មិន​បាន​រៀន​ពី​វិធី​គ្រប់គ្រង​ចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ផ្លូវ​ធម៌ ពីព្រោះ​ចិត្ត​របស់​មនុស្ស​គ្រប់​រូប គឺ​រមែង​តែងតែ​ប្រឡាក់ប្រឡូស​ទៅ​ដោយ​ក្តី​សៅហ្មង រួម​មាន លោភៈ (ការ​លោភលន់) ទោសៈ កំហឹង ការ​ស្អប់​ខ្ពើម និង​ក្តី​មោហៈ ឬ​វង្វេង​មិន​ដឹង​ខុស​ត្រូវ។

លោក​បន្ត​ថា កាល​ណា​មនុស្ស​មិន​បាន​ហាត់​រៀន​អប់រំ​ចិត្ត​ឲ្យ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ល្អ​ហ្នឹង​ទេ ហើយ​នៅ​ពេល​ណា​មួយ​នោះ​ដែល​គេ​ជួប​ប្រទះ​នឹង​បញ្ហា​តានតឹង​លំបាក​ខ្លាំង​ពេក ពេល​នោះ​ចិត្ត​របស់​គេ​នឹង​គ្រប​សង្កត់​ទៅ​ដោយ​សេចក្ដី​ទុក្ខ​និង​អស់​សង្ឃឹម​ខ្លាំង។

ព្រះតេជព្រះគុណ ព្រះភិក្ខុកាមោ ស៊ិន សោភ័ណ ចៅ​អធិការ​វត្ត​ជីនិតារាម និង​ជា​ព្រះបារមីធម្មបាល ព្រះ​បាឡាត់​គណ​ខេត្ត​កំពង់ធំ បាន​មាន​ព្រះ​ថេរដីកា​ថា ព្រះសម្មាសម្ពុទ្ធ​បាន​ទូន្មាន​អប់រំ​ថា មនុស្ស​គ្រប់​រូប​គប្បី​រៀន​អប់រំ​ចិត្ត​ពី​សិល្បៈ​នៃ​ជីវិត​រស់​នៅ ថា​តើ​គេ​ត្រូវ​រស់​នៅ​បែប​ណា​ដើម្បី​ឲ្យ​មាន​សេចក្ដី​សុខ សន្តិភាព ទាំង​នៅ​ក្នុង​សង្គម​គ្រួសារ​តូច​និង​នៅ​ក្នុង​សង្គម​ជាតិ។

ព្រះតេជព្រះគុណ​បាន​បន្ត​ថា កាល​ណា​បើ​បុគ្គល​ឯ​ណា​នីមួយ​បាន​រៀន​ពី​សិល្បៈ​នៃ​ការ​រស់​នៅ គឺ​ការ​អប់រំ​ចិត្ត ពេល​នោះ​គឺ​បុគ្គល​នោះ​នឹង​មិន​អាច​ឈាន​ទៅ​រក​ការ​ធ្វើ​អំពើ​អាក្រក់​ឯ​ណា​នីមួយ​នោះ​ទេ ហើយ​ក៏​មិន​អាច​នឹង​សម្លាប់​ខ្លួន​ឯង​បាន​ដែរ៖ «ព្រះពុទ្ធ​ជា​អង្គ​ម្ចាស់​ទ្រង់​អត់​សរសើរ​ទេ​អ្នក​ដែល​ធ្វើ​បាប​ខ្លួន សម្លាប់​ខ្លួន​ដោយ​មាន​វិបត្តិ​នៅ​ក្នុង​សង្គម នៅ​ក្នុង​គ្រួសារ ឬ​ក៏​នៅ​ក្នុង​ជីវិត​ខ្លួន​ឯង ព្រោះ​ខ្វះ​ភាព​តស៊ូ ខ្វះ​ភាព​ព្យាយាម​ប្រឹងប្រែង។ នៅ​ក្នុង​ផ្លូវ​ព្រះធម៌​លោក​ថា ឲ្យ​ខំ​ព្យាយាម ឲ្យ​ខំ​ប្រឹង​ប្រែង។យើង​ខ្វះ​ការ​ប្រឹងប្រែង​ព្យាយាម​នោះ គឺ​យើង​មិន​អាច​រក​សេចក្ដី​សុខ​នៅ​ក្នុង​ជីវិត​បច្ចុប្បន្ន ក៏​ដូច​ជា​នៅ​អនាគត​កាល​នោះ​បាន​ទេ ព្រះពុទ្ធ​ទ្រង់​សម្ដែង​រឿង​ពិត​អ៊ីចឹង»

អ្នក​ជំនាញ​សិក្សា​ផ្នែក​ព្រះពុទ្ធ​សាសនា​បាន​បញ្ជាក់​ប្រាប់​ដែរ​ថា ចំពោះ​បញ្ហា​អ្នក​ដែល​សម្លាប់​ខ្លួន​ឯង ឬ​ធ្វើ​អត្តឃាត​ខ្លួន​ឯង គឺ​សង្គម​គ្រួសារ ឬ​អ្នក​ជិត​ស្និទ្ធ​អាច​មាន​វិធី​ជួយ​មនុស្ស​នោះ​បាន​នៅ​មុន​ពេល​ដែល​បុគ្គល​នោះ​ឈាន​ទៅ​រក​ការ​សម្លាប់​ខ្លួន ដូចជា​ជួយ​និយាយ​លើក​ទឹក​ចិត្ត ជួយ​ផ្ដល់​ក្តី​សង្ឃឹម ឬ​មួយ​ជួយ​គេ​ឲ្យ​បាន​ហាត់​រៀន​ពី​វិធី​អប់រំ​ចិត្ត​តាម​លទ្ធភាព​ណា​មួយ​អាច​ធ្វើ​ទៅ​បាន ឬ​អាច​ជួយ​អប់រំ​ចិត្ត​តាម​ព្រះពុទ្ធ​សាសនា គឺ​បដិបត្តិ​សីល សមាធិ វិបស្សនា​ជាដើម។

លោក​បាន​បន្ថែម​ថា ការ​អប់រំ​ចិត្ត​តាម​វិធី​នេះ គឺ​អាច​ឲ្យ​មនុស្ស​បាន​យល់​ដឹង​នូវ​អ្វី​ដែល​ជា​ច្បាប់​ធម្មជាតិ អនិច្ចំ ​ឬ​របស់​មិន​ទៀង ទុក្ខំ ជា​សេចក្ដី​ទុក្ខ និង​អនត្តា មិន​មែន​ខ្លួន។ កាល​ណា​មនុស្ស​បាន​យល់​អំពី​រឿង​នេះ គឺ​គេ​អាច​យល់​ថា មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​មាន​សេចក្ដី​ទុក្ខ​ជាប់​តាម​ខ្លួន​ជានិច្ច ទោះ​តិច​ច្រើន គឺ​អាស្រ័យ​ទៅ​តាម​កម្ម ឬ​អំពើ​ដែល​បុគ្គល​ម្នាក់ៗ​បាន​ធ្វើ។ ប្រសិន​បើ​គេ​បាន​ធ្វើ​អំពើ​អាក្រក់​ច្រើន នោះ​គេ​ក៏​នឹង​ទទួល​ផល​មក​វិញ​ជា​ទុក្ខ​ទោស​ច្រើន។ ប៉ុន្តែ​ប្រសិន​បើ​គេ​បាន​សាង​អំពើ​ល្អ​ច្រើន​នោះ ផល​ហុច​ឲ្យ​មក​វិញ​ក៏​ទៅ​តាម​អំពើ​ធ្វើ​នោះ​ដែរ។

អ្នក​សិក្សា​ផ្នែក​ព្រះពុទ្ធ​សាសនា​បាន​បញ្ជាក់​ទៀត​ថា ការ​និយាយ​អំពី​កម្មផល ពីព្រោះ​សំអាង​ទៅ​លើ​ហេតុ​ថា មនុស្ស​សព្វថ្ងៃ​រស់​នៅ​ក្នុង​សំណាញ់​ធម្មជាតិ ដូច្នេះ​អ្នក​ដែល​បាន​សាប​ព្រោះ​ពូជ​បែប​ណា គឺ​គេ​នឹង​ទទួល​ផល​ផ្លែផ្កា​បែប​នោះ។

លោក​បន្ត​ថា តុលាការ​ធម្មជាតិ ឬ​ច្បាប់​ធម្មជាតិ ពិត​ជា​ឲ្យ​ផល​ត្រឹមត្រូវ ឬ​កាត់​ក្តី​បាន​ត្រឹមត្រូវ គឺ​មិន​ដូច​តុលាការ​មនុស្ស​លោក​ទេ។ តុលាការ​លោកិយ ពេល​ខ្លះ​កាត់​ក្តី​មិន​ត្រឹមត្រូវ មិន​យុត្តិធម៌ មាន​ភាព​លំអៀង ដោយសារ​សំណូក​សូក​ប៉ាន់ ឬ​ការ​ផ្គាប់​ចិត្ត​ណា​មួយ​ដែល​បច្ចុប្បន្ន​គេ​ហៅ​ថា​អំពើ​ពុករលួយ។

ព្រះតេជព្រះគុណ​ព្រះភិក្ខុកាមោ ស៊ិន សោភ័ណ ព្រះបារមីធម្មបាល ព្រះបាឡាត់​គណ​ខេត្ត​កំពង់ធំ បាន​មាន​ព្រះ​ថេរដីកា​ថា មនុស្ស​សត្វ​គ្រប់​គ្នា​មិន​ថា​ជាតិ​សាសន៍​ណា​មួយ​ឡើយ គឺ​ត្រូវ​តែ​មាន​សេចក្ដី​ស្លាប់​នៅ​ខាង​ចុង​នៃ​ជីវិត​ដូច​គ្នា ចង់​គេច​ចេញ​ទៅ​នៅ​ត្រង់​ណា កន្លែង​ណា​ក៏​ចៀស​មិន​ផុត​ពី​សំណាញ់​ធម្មជាតិ ពី​ច្បាប់​ធម្មជាតិ កើត​​ចាស់​ឈឺ​ស្លាប់ សេចក្ដី​ទុក្ខ​នោះ​ដែរ។ ដូច្នោះ​ចាំបាច់​អ្វី​មនុស្ស​នាំ​គ្នា​ធ្វើ​អំពើ​អាក្រក់ ឬ​ចាំបាច់​អ្វី​គេ​ទៅ​សម្លាប់​ខ្លួន​ឯង?

ព្រះតេជព្រះគុណ​បន្ថែម​ថា នៅ​ក្នុង​ទ្រឹស្ដី​ព្រះពុទ្ធ​សាសនា បាន​ចែង​ថា អ្នក​ដែល​សម្លាប់​ខ្លួន​ឯង គឺ​នឹង​នាំ​មក​នូវ​ទុក្ខទោស​មួយ​ធ្ងន់​ដល់​បុគ្គល​នោះ ទាំង​នៅ​ក្នុង​ជីវិត​បច្ចុប្បន្ន និង​នៅ​ក្នុង​ជីវិត​ទៅ​ជាតិ​ខាង​មុខ៖ «នៅ​តែ​មាន​កម្ម​មាន​ពៀរ មាន​ទោស ព្រោះ​យើង​អត់​ទាន់​រួច​ផុត អត់​ទាន់​ឆ្លង​ផុត។ ឆ្លង​ផុត​លុះ​ត្រា​តែ​ព្រះ​អរិយបុគ្គល។ ព្រះ​អរិយ​បុគ្គល​ដែល​បាន​សម្រេច​នូវ​​​​​​​​​​​​​​​​​​​​​​លោកុត្តរៈ ធម៌​៩ ហៅ​ថា សោតាបត្តិមក្គ សកិទាគាមិមគ្គ អនាគាមិមគ្គ អនាគាមិផល អរហត្តមគ្គ អរហត្តផល អី​ហ្នឹង បាន​និព្វាន។ អា​ហ្នឹង​លោក​ឈប់​រវីរវល់ ឈប់​កើត​ទុក្ខ ឈប់​ជួប​ប្រទះ​នឹង​គ្រោះថ្នាក់​យ៉ាង​នេះ​យ៉ាង​នោះ ឈប់​មាន​កម្ម​មាន​ពៀរ គឺ​លោក​អស់​ហើយ។ ដល់​យើង​ជា​បុថុជ្ជន អត់​ទេ កុំ​ថា​ផ្ដាច់​ជីវិត​សម្លាប់​ខ្លួន​ហើយ​អស់​កម្ម​អស់​ពៀរ បាន​សុខ ហើយ​រួច​ចាក​ទុក្ខ អត់​ទេ គឺ​រឹតតែ​មាន​បាប​ទៅ​មុខ​ទៀត មិន​ដឹង​ជា​ធ្លាក់​ទៅ​នរក ឬ​ក៏​ទៅ​ឯ​ណា»

ព្រះតេជព្រះគុណ​បាន​បញ្ជាក់​ទៀត​ថា ជីវិត​របស់​មនុស្ស​មាន​តម្លៃ​ណាស់ ដូច្នេះ​ការ​សម្លាប់​ខ្លួន​ឯង​មិន​មែន​ជា​វិធី​ដោះស្រាយ​ល្អ​ទេ ជា​ការ​ប្រសើរ​គប្បី​ប្រឹងប្រែង​តស៊ូ អត់​ធ្មត់​បន្ត​ជីវិត​ឲ្យ​រស់​នៅ​ត​ទៅ​ទៀត។

រី​ឯ​ការ​រស់​នៅ​ដែល​អាច​ល្អ​ប្រសើរ និង​មាន​សុភមង្គល សុខ​សន្តិភាព​នោះ គឺ​​នាំ​គ្នា​ធ្វើ​អំពើ​ល្អ ពិសេស​គឺ​នាំ​គ្នា​រក្សា​សីល ៥ ដូចជា​វៀរចាក​ការ​សម្លាប់​ជីវិត​មនុស្ស​សត្វ វៀរចាក​មិន​លួច​ទ្រព្យ​គេ វៀរ​ចាក​ការ​ប្រព្រឹត្ត​ខុស​ក្នុង​កាម រំលោភ​បំពាន​រាងកាយ​ប្រពន្ធ ប្តី កូន​ចៅ​អ្នក​ដទៃ វៀរចាក​ការ​ពោល​ពាក្យ​កុហក ញុះញង់ ទ្រគោះបោះបោក មួល​បង្កាច់ រោយរាយ​ឥតប្រយោជន៍ និង​វៀរចាក​ការ​សេព​គ្រឿង​ស្រវឹង គ្រឿង​ញៀន​ផ្សេងៗ។

ព្រះតេជព្រះគុណ​បាន​បន្ថែម​ថា សីល​៥ នោះ​គឺ​ជួយ​បណ្ដុះ​គំនិត​មនុស្ស​ឲ្យ​ចេះ​ស្រឡាញ់ រាប់​អាន​គ្នា ចេះ​គោរព​សិទ្ធិ​គ្នា ចេះ​ជួយ​ទុក្ខធុរៈ រួបរួម​សាមគ្គី​គ្នា អាណិត​អាសូរ​គ្នា​ទៅ​វិញ​ទៅ​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។