អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​អនុញ្ញាត​ឲ្យ​បិទ​រូប​ព្រះពុទ្ធ​សាសនា​លើ​ផ្ទាំង​ប៉ាណូ​តាម​ដង​ផ្លូវ

0:00 / 0:00

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​បិទ​រូប​ព្រះពុទ្ធ​សាសនា​នៅ​លើ​ផ្ទាំង​ប៉ាណូ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​សិរីសោភ័ណ ដើម្បី​ប្រារព្ធ​បុណ្យ​វិសាខ​បូជា។ បុណ្យ​វិសាខ​បូជា​ឆ្នាំ​នេះ ប្រារព្ធ​នៅ​ថ្ងៃ​ទី​១០ ឧសភា។ ព្រះសង្ឃ និង​ពលរដ្ឋ​ដែល​មាន​ជំនឿ​ខាង​ព្រះពុទ្ធ​សាសនា​ក្នុង​ខេត្ត​នេះ យល់​ឃើញ​ថា ការ​បិទ​រូប​ព្រះពុទ្ធ​សាសនា​តាម​ដង​ផ្លូវ គឺ​ជា​ការ​ទាក់ទាញ​ទឹក​ចិត្ត​របស់​ពលរដ្ឋ ដែល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ងាក​មក​គោរព​សាសនា និង​រួម​គ្នា​ធ្វើ​តែ​អំពើ​ល្អ​នៅ​ក្នុង​សង្គម​ជាតិ។

ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ដែល​មាន​ជំនឿ​លើ​ព្រះពុទ្ធ​សាសនា​នៅ​ខេត្ត​បន្ទាយមានជ័យ បង្ហាញ​អារម្មណ៍​សាទរ​អាជ្ញាធរ​ខេត្ត​នេះ ថា​ជា​ការ​យល់​ឃើញ​ត្រឹមត្រូវ​ដែល​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​បិទ​រូប​ព្រះពុទ្ធ​សាសនា ផ្សព្វផ្សាយ​ក្នុង​ថ្ងៃ​បុណ្យ​វិសាខ​បូជា ដើម្បី​ឲ្យ​ពលរដ្ឋ​យល់​ដឹង និង​ចាប់​អារម្មណ៍​ព្រះពុទ្ធ​សាសនា​កាន់​តែ​ច្រើន។

ព្រះចៅ​អធិការ​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ព្រះតេជព្រះគុណ ចាន់ សុជន មាន​ថេរ​ដីកា​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​អាជ្ញាធរ​ខេត្ត​នេះ អនុញ្ញាត​ឲ្យ​ព្រះអង្គ និង​ពុទ្ធបរិស័ទ​បាន​បិទ​រូបភាព​ព្រះពុទ្ធ​សាសនា​នៅ​លើ​ផ្ទាំង​ប៉ាណូ​ធំៗ​កាត់​ទទឹង​ផ្លូវ​ទ្រង់ទ្រាយ​ធំ ក្នុង​ក្រុង​សិរីសោភ័ណ។ ព្រះតេជព្រះគុណ​មាន​ថេរ​ដីកា​បន្ថែម​ថា ផ្ទាំង​ប៉ាណូ​ដែល​បាន​បិទ​ទាំងអស់​ចំនួន ១០​ផ្ទាំង​ធំៗ រួម​មាន​នៅ​ច្រក​ចេញ​ពី​ក្រុង​សិរីសោភ័ណ ផ្លូវ​ជាតិ​លេខ​៥ ផ្លូវ​ជាតិ​លេខ​៦ និង​មួយ​កន្លែង​នៅ​ក្បែរ​រង្វង់​មូល​ស្រី​គ្រប់​លក្ខណ៍។

ព្រះអង្គ​មាន​ថេរ​ដីកា​បន្ត​ទៀត​ថា រូបភាព​ព្រះពុទ្ធ​សាសនា​នៅ​លើ​ផ្ទាំង​ប៉ាណូ​មាន​សារប្រយោជន៍​ជួយ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​អំពើ​ល្អ ហើយ​លះបង់​អំពើ​អាក្រក់ និង​ងាក​មក​ចាប់​អារម្មណ៍​ខាង​ព្រះពុទ្ធ​សាសនា​កាន់​តែ​ច្រើន៖ « អាត្មា​តស៊ូ​មតិ​ច្រើន​ឆ្នាំ​ហើយ ម្យ៉ាង​អាត្មា​ក៏​ធ្លាប់​ផ្ដល់​យោបល់​ដល់​ព្រះ​មន្ត្រី​សង្ឃ​ជាច្រើន​ឆ្នាំ​មក​ហើយ​ដែរ ប៉ុន្តែ​មិន​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​បញ្ហា​នេះ។ នៅ​ពេល​ទេសនា​នៅ​តាម​រោង​បុណ្យ​អី អាត្មា​តែងតែ​លើក​ថា ពេល​បុណ្យ​ជាតិ​ធំៗ គួរ​តែ​យើង​ប្ដូរ​ផ្ទាំង​ប៉ាណូ ដើម្បី​បង្ហាញ​ដល់​យុវជន និង​ប្រជាពលរដ្ឋ​ទូទៅ​ថា បុណ្យ​វិសាខ​បូជា​ជា​ថ្ងៃ​ពិសេស​សម្រាប់​ព្រះពុទ្ធ​សាសនា »

រូបភាព​នៅ​លើ​ផ្ទាំង​ប៉ាណូ​មាន​បង្ហាញ​អត្ថន័យ ៣​យ៉ាង​របស់​ព្រះពុទ្ធ គឺ​ព្រះពុទ្ធ​ទើប​ប្រសូត រូប​ព្រះអង្គ​ត្រាស់​ដឹង និង​រូប​បរិនិព្វាន ដែល​មាន​ព្រះសង្ឃ​សាវក​ជាច្រើន​អង្គ​គង់​ហែហម​ជុំវិញ​ព្រះពុទ្ធ។

ប្រជាពលរដ្ឋ​មាន​ជំនឿ​លើ​ព្រះពុទ្ធ​សាសនា​នៅ​ខេត្ត​បន្ទាយមានជ័យ មួយ​ចំនួន​លើក​ឡើង​ថា ការ​តាំង​រូបភាព​ព្រះពុទ្ធ​សាសនា​ដ៏​ច្រើន​នេះ គឺ​ជា​រឿង​ល្អ ដើម្បី​ទាញ​អារម្មណ៍​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ ជាពិសេស​ក្រុម​យុវជន​ឲ្យ​គិត​ដល់​ការ​កើត ចាស់ ឈឺ និង​សេចក្ដី​ស្លាប់ ហើយ​ចេះ​លះបង់​ការ​លោភលន់​ហួស​ប្រមាណ និង​មិន​ធ្វើ​ឲ្យ​អ្នក​ដទៃ​រង​ទុក្ខ​ដោយសារ​ខ្លួន ជាដើម៖ « យើង​ដឹង​ហើយ សិន​ជា​យើង​ឃើញ​រូប​ព្រះពុទ្ធ​សាសនា ឬ​ទៅ​វត្ត​សូត្រ​ធម៌ នោះ​អារម្មណ៍​យើង​ស្ងប់​ជាង​ជីវិត​ដែល​រស់នៅ​ប្រចាំ​ថ្ងៃ។ ហើយ​ក៏​សង្ឃឹម​ថា បណ្ដា​ខេត្ត​ផ្សេងៗ​នឹង​បាន​ទទួល​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ដូច​គ្នា ហើយ​ធ្វើ​ឲ្យ​សាសនា​យើង​កាន់​តែ​ទូលំទូលាយ »

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​បន្ទាយមានជ័យ លោក យិន យឿន មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​អាជ្ញាធរ​ខេត្ត​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​បិទ​រូបភាព​ព្រះពុទ្ធ​សាសនា​នៅ​លើ​ផ្ទាំង​ប៉ាណូ​យ៉ាង​ច្រើន​នេះ ដោយ​យល់​ឃើញ​ថា ថ្ងៃ​ទី​១០ ឧសភា គឺ​ជា​ថ្ងៃ​បុណ្យ​វិសាខ​បូជា​របស់​ព្រះពុទ្ធ​សាសនា ដែល​បុណ្យ​នេះ​ជា​បុណ្យ​សំខាន់​របស់​ជាតិ៖ « ខ្ញុំ​មាន​អារម្មណ៍​រីករាយ​យ៉ាង​ក្រៃលែង អភិបាល​លោក​បាន​សហការ​មាន​ការ​ធ្វើ​បុណ្យ​រួម​គ្នា និង​មាន​ការ​ដង្ហែ​ក្បួន​នៅ​ក្នុង​ថ្ងៃ​បុណ្យ​វិសាខ​បូជា។ យើង​សង្ឃឹម​ថា​នឹង​មាន​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាង​ច្រើន​កុះករ »

ព្រះតេជព្រះគុណ ចាន់ សុជន មាន​ថេរ​ដីកា​ថា បុណ្យ​វិសាខ​បូជា គឺ​ជា​ពិធី​បុណ្យ​ដែល​ពុទ្ធសាសនិក​ចាត់​ទុក​ថា មាន​សារសំខាន់​បំផុត​មួយ​ក្នុង​ចំណោម​បុណ្យ​ដទៃ​ទៀត​នៃ​ព្រះពុទ្ធ​សាសនា ពីព្រោះ​ជា​ការ​គោរព​រំឭក​នឹក​ដល់​ព្រឹត្តិការណ៍​ធំៗ​បី​នា​សម័យកាល​របស់​ព្រះសម្មាសម្ពុទ្ធ​សមណគោតម គឺ​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​ប្រសូត បាន​ត្រាស់​ដឹង និង​បរិនិព្វាន។ ព្រឹត្តិការណ៍​ទាំង​បី​នេះ គឺ​កើត​ឡើង​នៅ​ចំ​ថ្ងៃ ១៥​កើត ពេញ​បូណ៌មី ដែល​មាន​ព្រះ​ចន្ទ​ពេញ​វង់ ក្នុង​ខែ​ពិសាខ ដូច​គ្នា ខុស​តែ​ឆ្នាំ​ប៉ុណ្ណោះ។ ព្រះអង្គ​មាន​ថេរ​ដីកា​បន្ថែម​ថា នៅ​ថ្ងៃ​បុណ្យ​សំខាន់​នេះ ពុទ្ធសាសនិក​គប្បី​រក្សា​សីល​ដោយ​ធ្វើ​អំពើ​ល្អ​ឲ្យ​បាន​ច្រើន៖ « ព្រះពុទ្ធ​សាសនា​បាន​ផ្ដល់​នូវ​សារសំខាន់​មែនទែន ត្រង់​ថា​ជា​មូលដ្ឋាន​នៃ​សន្តិភាព​សម្រាប់​ផ្ដល់​ឲ្យ​ពិភពលោក។ កាលណា​បើ​ពិភពលោក​យក​ធម៌​វិន័យ​មក​គោរព​ប្រតិបត្តិ ដូចជា​ឃ្លា​ថា ធម្មោ អវេហ គតិធម្មចារឹង បុគ្គល​ណា​គោរព​ច្បាប់ ច្បាប់​រមែង​រក្សា​បុគ្គល​នោះ។ បុគ្គល​ណា​គោរព​ធម៌ ធម៌​រក្សា​បុគ្គល​នោះ។ អព្យាប៉ាច់ជាំង សុខាំង លោកេ កាលណា​បើ​មនុស្ស​មិន​បៀតបៀន​គ្នា គឺ​រមែង​នាំ​មក​នូវ​សេចក្ដី​សុខ។ នេះ​គឺ​ជា​មូលដ្ឋាន​ដ៏​សំខាន់​ដែល​ធ្វើ​ឲ្យ​អង្គការ​សហប្រជាជាតិ ចាត់​ទុក​ថា​ថ្ងៃ​វិសាខ​បូជា ជា​ថ្ងៃ​ពិសេស​មែនទែន »

បុណ្យ​វិសាខ​បូជា ត្រូវ​បាន​អង្គការ​សហប្រជាជាតិ ប្រកាស​ទទួល​ស្គាល់​ថា​ជា​ទិវា​បុណ្យ​អន្តរជាតិ​ក្នុង​ឆ្នាំ​១៩៩៩ ហើយ​ប្រទេស​ដែល​គោរព​ព្រះពុទ្ធ​សាសនា​នៅ​លើ​សកលលោក បាន​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​វិសាខ​បូជា​ជា​សកល ដែល​មាន​ឈ្មោះ​ថា «យូ.អ៊ិន-វិសាខ ឬ វិសាខ​បូជា​នៃ​អង្គការ​សហប្រជាជាតិ» ដោយ​មាន​កិច្ច​ប្រជុំ​របស់​ក្រុមប្រឹក្សា​ពុទ្ធសាសនា​អន្តរជាតិ​ប្រចាំ​ឆ្នាំ​នៅ​រៀង​រាល់​វិសាខ​បូជា​ម្តងៗ។

នៅ​ថ្ងៃ​បុណ្យ​វិសាខ​បូជា​ទី​១០ ឧសភា ឆ្នាំ​នេះ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​ជ្រើស​យក​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល ស្រុក​ព្រះនេត្រព្រះ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ។

លោក យិន យឿន ឲ្យ​ដឹង​ថា ពិធី​បុណ្យ​នេះ នឹង​មាន​ការ​ដង្ហែ​ក្បួន​ចាប់​ពី​មុខ​សាលា​ខេត្ត​បន្ទាយមានជ័យ ឆ្ពោះ​ទៅ​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល ដោយ​មាន​មន្ត្រី​រាជការ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ប្រមាណ ១​ពាន់​នាក់​ចូលរួម។

លោក​បន្ថែម​ថា អ្នក​ចូលរួម​ចាប់​ផ្ដើម​ជួបជុំ​គ្នា​នៅ​ម៉ោង ១២​កន្លះ​ថ្ងៃ​ត្រង់ រួច​ដង្ហែ​ជុំវិញ​ក្រុង​សិរីសោភ័ណ ឆ្ពោះ​ទៅ​ស្រុក​ព្រះនេត្រព្រះ ដើម្បី​ប្រារព្ធ​ពិធី​នៅ​ប្រមាណ​ម៉ោង ២​រសៀល។ លោក​អះអាង​ថា អភិបាល​រង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ នឹង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យ​នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។