យុវតី​ស្នើ​រដ្ឋាភិបាល​ការពារ​ស្ត្រី និង​ក្មេងស្រី​ពី​ការ​បៀតបៀន​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី

0:00 / 0:00

យុវតី​មួយ​ចំនួន​ស្នើ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ទប់ស្កាត់​អំពើ​បៀតបៀន​លើ​ស្ត្រី និង​ក្មេងស្រី​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ការពារ​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ពួកគេ។ ពួកគេ​យល់​ថា ប្រសិន​បើ​អាជ្ញាធរ​នៅតែ​ខកខាន​ទប់ស្កាត់​ឱ្យ​ទាន់​ពេលវេលា​នោះ​ទេ ស្ត្រី​ខ្មែរ​នឹង​ទទួល​រងគ្រោះ​បន្ថែម​ទៀត។

ស្ត្រី​មួយចំនួន​នៅតែ​មើល​ឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន ខកខាន​មិន​បាន​ការពារ​ស្ត្រី និង​ក្មេងស្រី​ពី​ការបៀតបៀន ដូចជា​ការ​ចាប់​ថើប និង​បន្លំ​ប៉ះពាល់​រាងកាយ​ជាដើម ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ ពួកគាត់​ថា ទង្វើ​ទាំងនេះ​ប៉ះពាល់​ដល់​តម្លៃ​ស្ត្រី និង​ទំនៀម​ទំលាប់​ប្រពៃណី​ខ្មែរ ជាពិសេស​ជា​ទង្វើ​ផ្ទុយ​ពី​ច្បាប់។

យុវតី​រស់​នៅ​ខេត្ត​សៀមរាប​កញ្ញា ផល្លី រស្មី ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃ​ទី១៥ ខែ​មេសា ថា ការ​ចាប់​យក​វប្បធម៌​ថ្មី​ទាក់ទង​ការ​លេង​បាញ់​ទឹក និង​ប៉ាត​ម្សៅ និង​ច្រៀងរាំ​សប្បាយ បាន​កើតឡើង​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ កញ្ញា​មើល​ឃើញ​ថា និន្នាការ​បែបនេះ​បាន​ធ្វើ​ក្មេងស្រី​មួយ ចំនួន​ទទួលរង​ការ​បៀតបៀន ដែល​ប៉ះពាល់​ដល់​ផ្លូវចិត្ត កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ពួកគាត់។ កញ្ញា​បន្ថែម​ថា​មូលហេតុ​មួយ​ទៀត គឺ​ស្ត្រី​ដែល​សេព​គ្រឿង​ស្រវឹង​រហូត​បាត់បង់​ស្មារតី​ក៏​ប្រឈម​នឹង​ការ​លូកលាន់ ឬ​ការ​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ពីសំណាក់​បុរស​ឆ្លៀត​ឱកាស​ដែរ។ កញ្ញា ផល្លី រស្មី ឱ្យ​ដឹង​ថា រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​មិន​សូវ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ទប់ស្កាត់ និង​ចាត់វិធានការ​ម៉ឺងម៉ាត់​នោះ​ទេ តែ​បើសិន​អំពើ​ខុសឆ្គង​ទាំង​នោះ​ផ្សព្វផ្សាយ​ព្រោងព្រាត​ពេញ​ហ្វេសប៊ុក​ទើប​អាជ្ញាធរ​រត់​ខ្វែង​ជើង​ចាត់​វិធានការ។

កញ្ញា ផល្លី រស្មី៖ «ដោយសារ​ចូល​ឆ្នាំនេះ​ជា​ឱកាស​របស់​បុរស​ក្នុង​ការ​លេង​បាញ់​ទឹក​ ប៉ាត​ម្សៅ​អ៊ីចឹង វា​ជា​ឱកាស​ដែល​គាត់​អាច​ប៉ះ​សាច់​ស្ត្រី​ដោយ​ផ្ទាល់ ឬ​ដោយ​សេរី ចំណែក​មនុស្ស​ប្រុស​ខ្លះ​គាត់​មាន​សីលធម៌​ល្អ គឺ​គាត់​លេង​អត់​ចង់​លើស​លួស​បន្លំ​ទេ តែ​មនុស្ស​ប្រុស​ខ្លះ​ទៀត​គាត់​លេង​ដែរ​ក្នុង​ន័យ​គាត់​ចង់​ប៉ះពាល់​យើង ចង់​បៀតបៀន​យើង វា​ធ្វើ​ឱ្យ​ស្រី​ដទៃទៀត​រង​សម្ពាធ​ពី​ផ្នែក​មួយ​ហ្នឹង​ដែរ»។

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​រស់​នៅ​រាជធានី​ភ្នំពេញ​លោកស្រី ជៀម សុជាតា ប្រាប់​ថា លោកស្រី​​មិន​ពេញចិត្ត​ចំពោះ​ការ​លេង​ជះទឹក ប៉ាត​ម្សៅ​កើតឡើង​លើ​អ្នកដំណើរ​តាម​ដង​ផ្លូវ​ក្នុង​ពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ ដោយ​គ្មាន​អាជ្ញាធរ​ណា​ចុះ​ទប់ស្កាត់​នោះ​ទេ។ លោកស្រី​ថា បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ស្ត្រី​មួយចំនួន​ងាយ​រង​គ្រោះ​ពី​ការ​ប៉ះពាល់​លើ​រាងកាយ​ពី​សំណាក់​ជន​ខិលខូច​បន្លំ​ទះ​គក់​ដោយ​ដៃ។ ស្រ្តី​វ័យ​៣០ឆ្នាំ​រូប​នេះ​ឱ្យ​ដឹង​ថា ចូលឆ្នាំ​នេះ​អ្វី​ដែល​លោកស្រី​ហួសចិត្ត​នោះ គឺ​មាន​ករណី​ក្រុម​ក្មេង​ស្ទាវ​ដេញ​វាយ​កាប់​ចាក់​គ្នា​ពេញ​វត្ត​ដោយ​សេរី។

លោកស្រី ជៀម សុជាតា៖ «ខ្ញុំ​អំពាវនាវ​ដល់​បងៗ​ដែល​ជា​​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ទាំងអស់​ជួយ​ចុះ​អន្តរាគមន៍​ទៅ​លើ​បងៗ​បុរស​ឱ្យ​គាត់​លេង​នូវ​អ្វី ដែល​ជា​វប្បធម៌​របស់​ខ្មែរ​ឱ្យ​បាន​ត្រឹមត្រូវ ជា​កូន​ខ្មែរ​ត្រូវ​គោរព​ប្រពៃណី និង​គោរព​ស្ត្រី​ផង ដោយ​កុំ​ឱ្យ​បៀតបៀន​លើ​ស្ត្រី​អ៊ីចឹង»។

លោកស្រី ជៀម សុជាតា យល់​ថា យុវជន​មិន​គប្បី​លែង​ប៉ាត​ម្សៅ ជះទឹក ក្នុង​ពិធី​ចូលឆ្នាំ​ខ្មែរ​ទេ ពីព្រោះ​ប៉ះពាល់​ដល់​ប្រពៃណី និង​អាច​បង្ក​គ្រោះថ្នាក់​ជាយថា​ហេតុ។ លោកស្រី​ចង់​ឃើញ​​យុវជន​នាំគ្នា​លេង​ល្បែង​ប្រជាប្រិយ ដូចជា​ចោល​ឈូង បោះ​អង្គញ់ ដណ្តើម​ស្លឹកឈើ ទាញ​ព្រ័ត្រ​តាម​បែប​ដូនតា ដើម្បី​ថែរក្សា​ប្រពៃណី​ខ្មែរ និង​គោរព​ឱ្យ​តម្លៃ​របស់​ស្ត្រី​វិញ។

វិទ្យុអាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​ក្រសួង​កិច្ចការ​នារី អ្នកស្រី ម៉ាន ចិន្តា ដើម្បី​បកស្រាយ​រឿង​នេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​១៥ ខែ​មេសា។

ប៉ុន្តែ​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន ថ្លែង​ថារដ្ឋាភិបាល​បាន​ខិតខំ​អប់រំ និង​ផ្សព្វផ្សាយ​ជាច្រើន​ទាក់ទង​ក្រម​សីលធម៌ ហើយ​អាជ្ញាធរ​វិញ លោក​ថា ​បាន​ដាក់​កម្លាំង​នៅ​តាម​គោលដៅ​នានា​ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ។ យ៉ាងណា លោក​ទទួល​ស្គាល់​ថា ពិធី​បុណ្យ​ជាតិ​នេះ​មាន​ករណី​បុគ្គល​ខ្លះ​ពិត​ជា​ប្រព្រឹត្ត​ទង្វើ​ល្មើស​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​សេចក្តី​ថ្លៃថ្នូរ​ដល់​អ្នកដទៃ​មែន ហើយ​លោក​ស្នើ​ដល់​ជន​រងគ្រោះ​សហការ​ជាមួយ​សមត្ថកិច្ច​ដើម្បី​ចាត់​វិធានការ​តាម​ច្បាប់។

លោក កត្តា អ៊ន៖«បើ​ប្រជាពលរដ្ឋ​បាន​ឃើញ​បុគ្គល​ណា​ម្នាក់​ប្រព្រឹត្ត​មិន​ថ្លៃថ្នូរ​លើ​អ្នក​ដទៃ ជាពិសេស​ប្រព្រឹត្ត​លើ​ស្ត្រី សូម​ឃាត់​ខ្លួន​ជូន​សមត្ថកិច្ច​ដែល​ជា​វិធានការ​ជាក់​ស្តែង ដូច្នេះ​យើង ជា​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ត្រូវ​រួម​ដៃ​គ្នា​រក្សា​ប្រពៃណី​ទំនៀម​ទំលាប់ ភាព​ថ្លៃថ្នូរ​អំឡុង​ពិធីបុណ្យ​ចូល​ឆ្នាំ​នេះ»។

ទោះ​យ៉ាងណា ករណី​បៀតបៀន​លើ​ស្ត្រី និង​ក្មេងស្រី​ពី​សំណាក់​ជន​ខិលខូច​នេះ​តែង​កើត​មាន​ជាហូរហែ​នៅក្នុង​បុណ្យ​ចូលឆ្នាំ​ខ្មែរ ប៉ុន្តែ​រដ្ឋាភិបាល លោក ហ៊ុន សែន ហាក់​មិន​បាន​អើពើ​ដោះស្រាយ​បញ្ហា​នេះ​ឡើយ។ រដ្ឋាភិបាល​មិន​បាន​ចេញ​វិធានការ​ជាក់លាក់​ណាមួយ ដើម្បី​ការពារ ឬ​ទប់ស្កាត់​អំពើ​បៀតបៀន​លើ​ស្ត្រី​ទាំងនោះ​ទេ។ ផ្ទុយទៅវិញ រដ្ឋាភិបាល​ហាក់​បើកដៃ​ទូលំទូលាយ​ក្នុង​ការ​លេង​ល្បែង​ទាំងនោះ​ដោយ​សេរី ដែល​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ជនខិលខូច។

ម្យ៉ាង​វិញ​ទៀត ជន​រងគ្រោះ​ដោយ​ការបៀតបៀន​ទាំងនេះ​ក៏​ទំនង​ជា​ពិបាក​ប្ដឹង ឬ​ស្វែងរក​យុត្តិធម៌​តាម​ផ្លូវច្បាប់​ពី​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ផង​ដែរ ហើយ​ពេលខ្លះ​ពួកគាត់​អាច​នឹង​រង​ការ​ស្ដីបន្ទោស​ថែម​ទៀត។

វិញ​រឿង​នេះ នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីលកា(SILAKA) អ្នកស្រី សេង រាសី មាន​ប្រសាសន៍​ថា ពិធី​បុណ្យ​ចូលឆ្នាំ​ដែល​លេចឡើង​នូវ​រូបភាព​ជួបជុំ​លេង​ជះទឹក​កម្សាន្ត​ បាន​ហុច​ឱកាស​ឱ្យ​ជន​ខិលខូច​កាន់តែ​ងាយស្រួល​បៀតបៀន​លើ​រូបរាង​កាយ​របស់​ស្ត្រី ឬ​ក្មេង​ស្រី។ អ្នកស្រី​យល់​ថា ករណី​ដែល​ស្ត្រី​ងាយ​រង​ការរំលោភ​បំពាន​បែបនេះ​ភាគី​ពាក់ព័ន្ធ ជាពិសេស​រដ្ឋាភិបាល​គួរ​ចាត់​វិធានការ​ផ្លូវច្បាប់​ឱ្យ​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព ព្រមទាំង​ធ្វើ​យុទ្ធនាការ​អប់រំ​ទ្រង់ទ្រាយ​ធំៗ​លើ​បណ្ដាញ​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំ​ទូលាយ ​​ដើម្បី​ធានា​ថា គ្រប់​កាលៈទេសៈ​ណា​ក៏​អ្នក​ចូល​ក្នុង​កម្មវិធី​នានា​មាន​សុវត្ថិភាព​ពី​កាយ​វិការ ការ​បៀតបៀន​ទាំង​នោះ។

អ្នកស្រី សេង រាសី៖ «ជា​ការ​លេង​ក្នុង​កម្មវិធី​សង្ក្រាន្ត​ផ្សេងៗ តែ​ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ គ្មាន​អ្នក​ណា​ម្នាក់​ត្រូវ​បាន​គេ​បៀតបៀន​លើ​រូប​រាង​កាយ​របស់​ពួកគាត់​ទេ​ ឬ​ក៏​ពាក្យ​សម្ដី​ក៏​ដោយ អ៊ីចឹង​អាហ្នឹង​ត្រូវ​ការ​អប់រំ​សំខាន់​មែនទែន​នៅ​កន្លែង​ហ្នឹង មួយទៀត​ក៏​(រដ្ឋាភិបាល)​​ត្រូវ​មាន​វិធានការ ឬ​យន្តការ​ជាក់លាក់​មួយ តាមពិត​ទៅ​នៅ​ក្នុង​ច្បាប់ និង​គោល​នយោបាយ​មួយចំនួន​ក៏បាន​ចែង​ច្បាស់​​ដែរ តែ​ត្រូវ​ការ​​ជំរុញ​ការ​អនុវត្ត​​នៅ​​កន្លែង​​ហ្នឹង វា​ជា​រឿង​ដែល​សំខាន់​ដើម្បី​ធានា​បាន​ថា យើង​ចូលរួម​រីករាយ​ក្នុង​ឱកាស​ជួបជុំ​គ្នា​ហ្នឹង យើង​មាន​អារម្មណ៍​ថា យើង​មាន​សុវត្ថិភាព»។

អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​យន្តការ​ឆ្លើយ​តប និង​ទប់ស្កាត់​ករណី​បៀតបៀន​លើ​ស្ត្រី និង​ក្មេង​ស្រី​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ការពារ​សិទ្ធិ​របស់​ពួកគេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។