ធនាគារអេស៊ីលីដា កាលពីថ្ងៃទី២៥ ខែឧសភា បានចុះបញ្ជីលក់ភាគហ៊ុន ពេលប្រទេសកម្ពុជាកំពុងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ-១៩។
នៅលើគេហទំព័ររបស់ខ្លួន ធនាគារអេស៊ីលីដា បញ្ជាក់ថាការចុះបញ្ជីមូលបត្រកម្មសិទ្ធិរបស់ខ្លួន ជាផ្លូវការនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រ (ផ្សារភាគហ៊ុន) កម្ពុជា នេះ គឺវិនិយោគិនអាចជួញដូរភាគហ៊ុនរបស់ធនាគារចាប់ពីពេលនេះតទៅ។
កន្លងទៅផ្សារភាគហ៊ុននេះ មានតែក្រុមហ៊ុនចំនួន ៥ ប៉ុណ្ណោះ បានចុះបញ្ជី ក្នុងនោះមាន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពង់ផែស្វយ័តភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សមាគមរោងចក្រកាត់ដេរ (Grand Twins International។ ធនាគារអេស៊ីលីដាជាក្រុមហ៊ុនទី ៦ ដែលបានចុះបញ្ជី និងជាធនាគារពណិជ្ជដំបូងគេ ដែលបានចុះបញ្ជីក្នុងផ្សារភាគហ៊ុននេះ។
មានចម្ងល់ជាច្រើន បានផុសឡើង នៅពេលដែលធនាគារនេះ នឹកឃើញចុះបញ្ជីលក់ភាគហ៊ុន ស្របពេលដែលសេដ្ឋកិច្ចកម្ពុជា ដាំក្បាលចុះយ៉ាងគំហុក ដោយសារវិបត្តិជំងឺកូវីដ-១៩។
ប៉ុន្តែ ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា (ACLEDA) ដែលមានសាខានៅគ្រប់ខេត្តក្រុងនៅកម្ពុជា លោក អ៊ិន ចាន់នី ប្រាប់សារព័ត៌មានក្នុងស្រុកថា បញ្ហាជំងឺកូវីដ-១៩ មិនប៉ះពាល់ដល់ធនាគារលោកនោះឡើយ ព្រោះអតិថិជនរបស់ធនាគារនេះ បានសម្របខ្លួនតាមស្ថានការណ៍ ដោយបន្តប្រតិបត្តិការជាមួយធនាគារតាមប្រព័ន្ធ online។
បើតាមលោក អ៊ិន ចាន់នី ភាគហ៊ុនចាប់ផ្តើមលក់ដំបូង គឺមួយភាគហ៊ុនថ្លៃ ១៦.២០០រៀល ឬជិត ៤ដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។