ក្រសួង​កសិកម្ម​ថា កម្ពុជា​នាំ​អង្ករ​ចេញ​ទៅ​ប្រទេស​ចិន​បាន​ចំនួន​ជិត ១៦ម៉ឺន​តោន​ក្នុង​រយៈ​ពេល ៨ខែ​ឆ្នាំ២០២០

ក្រសួង​កសិកម្ម​បាន​ឲ្យ​ដឹង​ថា ការ​នាំ​អង្ករ​ចេញ​ទៅកាន់​ប្រទេស​ចិន​ក្នុង​រយៈ​ពេល ៨ខែ​ឆ្នាំ២០២០ នេះ មាន​ចំនួន​ជិត ១៦ម៉ឺន​តោន​ទៅកាន់​ប្រទេស​ចិន។ អ្នក​ជំនាញ​កសិកម្ម​ថា ចំនួន​នេះ​នៅ​មាន​តិច​តួច​នៅ​ឡើយ ហើយ​ទាមទារ​រដ្ឋាភិបាល​ឱ្យ​ជំរុញ​ការនាំចេញ​ទៅ​ប្រទេស​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត​ដើម្បី​អាច​ជួយ​ដល់​សេដ្ឋកិច្ច​កសិករ។

​ក្រសួង​កសិកម្ម​ ​ឲ្យដឹង​ថា​ ​ក្នុងរយៈពេល​៨​ខែ​ឆ្នាំ​២​០​២​០​កន្លងទៅ​នេះ​ ​កម្ពុជា​បាន​នាំ​អង្ករ​ចេញ​ចំនួន ​៥​៨​ប្រទេស​នៅ​លើ​ពិភពលោក​។ ​ក្នុង​នោះ​ប្រទេស​ចិន ​បាន​ឈរ​លំដាប់​លេខមួយ​ ​គឺ​មាន​ចំនួន​​ ​១​៥​៩​.២​៥​៣​តោន​​។​ ​ប្រទេស​បារាំង​ ​ឈរ​លំដាប់​លេខ​ពីរ ​គឺ​មាន​ចំនួន​ ​​៥​៦​.៩​៦​៤​តោន ​និង​ប្រទេស​ ២​៨​ទៀត​ ​មាន​ចំនួន​សរុប​ ​៧​៨​.​១​៦​៨​​។

​ក្នុង​របាយការណ៍​របស់​​​ក្រសួង​កសិកម្ម​អោយ​ដឹង​ថា​ ​អង្ករ​ដែល​កម្ពុជា​នាំចេញ​ទៅក្រៅ​ប្រទេស​រួម​មាន​អង្ករ​ក្រអូប​ ​អង្ករ​ ​ស​ ​អង្ករ​ចំហុយ​ ​អង្ករ​ ​ក្រហម​ ​និង​អង្ករ​រំដួល​។​ ​បរិមាណ​នាំ​អង្ករ​ចេញ​រយៈពេល​៨​ខែកន្លងទៅ​នេះ​មាន​ចំនួន​​ ​៤​៤​៨.​២​៩​៣​តោន​ ​គឺ​បាន​កើន​ឡើង​ចំនួន​ ៣​១​.០៤ភាគរយ ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២​០​១​៩​ ​ដែល​មាន​ចំនួន ​៣​៤.​០​៣​២​តោន​​ប៉ុណ្ណោះ​។

​អ្នកជំនាញ​កសិកម្ម​ ​លោក​បណ្ឌិត​ ​យ៉ង​ ​សាំង​កុមារ​ ​មានប្រសាសន៍ថា​ ​បើ​ពិនិត្យមើល​តួលេខ​នៃ​ការនាំចេញ​មាន​បរិមាណ​ច្រើន​ ​តែ​បើ​ធ្វើការ​ប្រៀបធៀប​ចំនួន​អង្ករ​នៅ​កម្ពុជា​ ​គឺ​មាន​ចំនួន​ច្រើនជាង​នេះ​ទៅទៀត​។

​លោក​ជំរុញ​ឱ្យ​​រដ្ឋាភិបាល​គួរតែ​បង្កើន​ការ​នាំ​អង្ករ​ចេញ​ទៅក្រៅ​ប្រទេស​អោយ​បាន​ ១​០​០​% ​ដើម្បី​ធ្វើឲ្យ​កសិករ​ខ្មែរ​ទទួល​បាន​ផលប្រយោជន៍​នៃ​ការ​នាំ​អង្ករ​ចេញ​ទៅក្រៅ​ប្រទេស​ផង​ដែរ៖ «បើ ​យើង​មើល​តួលេខ​នាំចេញ​ គឺ​មានការ​កើន​ឡើង​ទៅកាន់​ចិន​ច្រើន​ ​បើ​យើង​ប្រៀបធៀប​បរិមាណ​ស្រូវ​អង្ករ​ ​ដែល​មាននៅ​ស្រុកខ្មែរ​ហ្នឹង​ ​វា​មាននៅ​ច្រើនជាង​ហ្នឹង​ទៀត។ អ៊ីចឹង​តូ​លេខ​ហ្នឹង​អាច​ពិត​ ​ហើយ​វា​អាច​ជា​រឿង​មួយ​ល្អ​ដែរ »

រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​ប្រទេស​ចិន​ ​កាលពី​ពេលថ្មីៗនេះ​ ​បាន​ព្រមព្រៀង​ ​លើ​ពាណិជ្ជកម្ម​នាំចូល​អង្ករ​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​អោយ​បាន​ដល់​១​លាន​តោន​។​ ​កាលពី​ឆ្នាំ​​២​០​១​៨​ ​កម្ពុជា​បាន​នាំចេញ​អង្ករ​សរុប​ ​ប្រមាណ​ ​៦​៣​​ម៉ឺន​តោន​ ​ធ្លាក់ចុះ​ ​ប្រមាណ​ ​១​,​៥​% ​ធៀប​នឹង​ឆ្នាំ​២​០​១​៧​។​

ពាក់ព័ន្ធ​នឹង​ការ​នាំ​អង្គរ​ចេញ​ទៅកាន់​ទី​ផ្សារ​ប្រទេស​ចិន​នេះ​ ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ ​សម​ ​រ​ង្ស៊ី ​បាន​បញ្ជាក់​នៅ​ក្នុង​គេហទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​ ​លោក​ហ៊ុន​ ​សែន​ ​រំពឹង​ថា​ប្រទេស​ចិន​អាច​ជួយ​សេដ្ឋកិច្ច​នៅ​កម្ពុជា​តាមរយៈ​ការនាំចេញ​ ​ប៉ុន្តែ​នេះ​ ​ជា​ការយល់​ច្រឡំ​ទាំង​ស្រុង៖ « ពីព្រោះ​ប្រទេស​ចិន​មិន​អាច​ផ្តល់​ទី​ផ្សារ​ ​ឲ្យ​ឧស្សាហកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដូច​សហភាព​អឺរ៉ុប​ ​និង​សហរដ្ឋអាមេរិក​នោះ​ទេ​។​ លោក​ ហ៊ុន​ ​សែន​ គាត់​រំពឹង​​ថា​ប្រទេស​ចិន​នឹង​ជួយ​របប​គាត់​ ​នឹង​ផ្តល់​ថវិកា​រ​ ​រាប់​រយ​ ​រាប់ពាន់​លាន​ដុល្លា​មក​ឲ្យ​របប​គាត់​ដើម្បី​ជំនួស​អ្វី​ដែល​របប​គាត់​ ​បាត់បង់​ដោយសារ​ទណ្ឌកម្ម​ពាណិជ្ជកម្ម​ពី​សហភាព​អឺរ៉ុប​ ​និង​សហរដ្ឋអាមេរិក​ ​គាត់​យល់​ច្រឡំ​​សុទ្ធ​ »​

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​ ​លោក​ ​ស្រី​ ​វុទ្ធី​ ​បានទេ​ ​ដោយសារ​ទូរស័ព្ទ​របស់​លោក​ ​គ្មាន​អ្នកទទួល​។ ​ប៉ុន្តែ​លោក​ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា​ ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​គោល​នយោបាយ​​​ជំរុញ​វិនិយោគ​លើ​វិ​ស័យ​កសិកម្ម​ ​និង​ក​សិ​ឧស្សាហកម្ម​ ​ដើម្បី​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ​ ​ដើម្បីឲ្យ​ស្របតាម​គោល​នយោបាយ​អភិវឌ្ឍន៍​វិ​ស័យ​​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២​០​១​៥​-​២​០​២​៥​ ​ដែល​នឹង​ត្រូវ​ជំរុញ​ឱ្យ​ការនាំចេញ​ផលិតផល​កសិកម្ម​កែច្នៃ​សម្រេច​បាន​ ​១​២​ភាគ​រយ ​នៃ​ផលិតផល​នាំចេញ​សរុប​នៅ​ឆ្នាំ​២​០​២​៥​។​

របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កាំ​កុងត្រូល​ ​បាន​បញ្ជាក់​ថា​ ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ចិន​ ​និង​កម្ពុជា​ ​ក្នុង​ឆ្នាំ​២​០​១​៨​ ​និង​ ​ឆ្នាំ​២​០​១​៩ ​កន្លងទៅ​ ​មាន​ចំនួន ​​៧.​០​០​៨​ដុល្លារ​។​

​ប្រទេស​កម្ពុជា​ ​បាន​នាំចេញ​ទំនិញ​កសិកម្ម​ ​និង​ទំនិញ​ផ្សេងៗ​ទៀត​ ​ទៅកាន់​ប្រទេស​ចិន​ ​សរុប​ជា​ទឹកប្រាក់​ចំនួន​ជិត​ ៩​រយ​លាន​ដុល្លារ ​ខណៈ​ប្រទេស​ចិន​នាំ​ទំនិញ​ចូល​មក​កម្ពុជា​វិញ​ ​មាន​ទឹកប្រាក់​​រហូតដល់ ​៦​.១​៤​៨​លាន​​ដុល្លារ​អាមេរិក​។ ​បើ​ប្រៀបធៀប​ចំនួន​នេះ​ ​បង្ហាញ​ថា​ការ​ចេញ​ទំនិញ​របស់​កម្ពុជា​ ​ទៅកាន់​ប្រទេស​ចិន​តិច​ជាង​៧​ដង​ ​នៃ​ទំនិញ​របស់​ប្រទេស​ចិន​នាំចូល​មក​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។