ក្រុមហ៊ុនសំលៀកបំពាក់លំដាប់ពិភពលោក អេច អ៊ែន អ៊ែម (H&M Group) យល់ស្របទាំងស្រុង ចំពោះវិធានការរបស់សហភាពអឺរ៉ុបក្នុងការតបតទៅនឹងការរំលោភបំពានសិទ្ធិពលរដ្ឋ និងសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនខ្នាតធំមួយនេះ អះអាងថា កន្លងទៅពួកគេបានពិគ្រោះជាមួយរដ្ឋាភិបាលលោក ហ៊ុន សែន លើបញ្ហាសិទ្ធិការងារ និងសេរីភាពខាងសមាគម ហើយក៏បានលើកឡើងពីកង្វល់អំពីស្ថានភាពសិទ្ធិមនុស្សផងដែរ ក៏ប៉ុន្តែបញ្ហាទាំងនេះមិនត្រូវបានដោះស្រាយឱ្យមានប្រសិទ្ធភាពនោះឡើយ។
ក្រុមហ៊ុន H&M ដែលបញ្ជាទិញផលិតផលវាយនភណ្ឌច្រើនសន្ធឹកសន្ធាប់ពីកម្ពុជានោះអះអាងថា ការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងប៉ះពាល់ជាអវិជ្ជមានដល់ការងារនៅក្នុងវិស័យកាត់ដេរ ដែលស្រូបទាញកម្មករប្រមាណជា ១លាននាក់ និងជាកម្លាំងចលករមួយយ៉ាងសំខាន់នៃក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់កម្ពុជា។ ក្រុមហ៊ុនអន្តរជាតិមួយនេះ ពិនិត្យឃើញថា ជាច្រើនឆ្នាំមកនេះ ប្រព័ន្ធអនុគ្រោះពន្ធ EBA បានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរទូទាំងប្រទេស និងដើរតួសំខាន់សម្រាប់ការប្រកួតប្រជែងនៃឧស្សាហកម្មកាត់ដេររបស់កម្ពុជាទៀតផង។
ទោះជាយ៉ាងណា ក្រុមហ៊ុន H&M ព្រមានថា ប្រសិនបើគ្មានការអនុគ្រោះពន្ធ EBA ទេ នោះកម្ពុជានឹងពិបាកផ្លាស់ប្ដូរឧស្សាហកម្មវាយនភណ្ឌរបស់ខ្លួន។ ម្យ៉ាងទៀត វានឹងប៉ះពាល់ជាអវិជ្ជមានដល់ការវិនិយោគក្នុងថ្ងៃអនាគត ព្រមទាំងការរំពឹងទុក និងជំនឿចិត្ត ដែលជាធាតុផ្សំពីរដ៏សំខាន់នៃឧស្សាហកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់។ ជាងនេះទៅទៀត កម្ពុជានឹងពិបាកបង្កើតបាននូវឧស្សាហកម្មជឿនលឿន និងមានលក្ខណៈប្រកួតប្រជែងជាមួយកម្លាំងពលកម្មដែលមានជំនាញ និងមានការគោរពសិទ្ធិការងារពេញលេញ។
ក្រុមហ៊ុន H&M ទទួលស្គាល់ទាំងស្រុងនូវបញ្ហាស្មុគស្មាញសម្រាប់សហភាពអឺរ៉ុបក្នុងការធ្វើឱ្យមានតុល្យភាពរវាងការតម្រែតម្រង់ប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសមួយដែលមានការគោរពសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ ជាមួយនឹងការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ តាមរយៈកំណើនសេដ្ឋកិច្ចដែលមានលក្ខណៈរួមបញ្ចូល។ ទោះជាយ៉ាងនេះក្តី ក្រុមហ៊ុន H&M ជឿថា ប្រសិនបើកម្ពុជាអនុវត្តតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុប និងគំនិតផ្ដួចផ្ដើមជាយុទ្ធសាស្ត្រមួយចំនួនទាក់ទងនឹងឧស្សាហកម្មកាត់ដេរតាមបែបទំនើប នោះកម្ពុជានឹងនៅតែជាគោលដៅនៃការផ្គត់ផ្គង់ដ៏ទាក់ទាញ។ ចំណុចនេះ រួមបញ្ចូលនូវការអភិវឌ្ឍឧស្សាហកម្មដែលមានការគោរពសិទ្ធិការងារពេញលេញ ព្រមទាំងមានការធានាអំពីស្ថិរភាព និងភាពប្រកួតប្រជែងផងដែរ។
ក្រុមហ៊ុន H&M អះអាងថា ពួកគេនៅតែចង់ដើរតួជួយអភិវឌ្ឍប្រទេសកម្ពុជាតាមរបៀបវិជ្ជមានបន្តទៅទៀត រួមមាន ជួយកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយសិទ្ធិមនុស្ស។ ក៏ប៉ុន្តែ ដោយសារតែកង្វះខាតគំនិតផ្ដួចផ្ដើមគ្រប់ជ្រុងជ្រោយក្នុងការអភិវឌ្ឍឧស្សាហកម្មកាត់ដេរនៅកម្ពុជា ព្រមទាំងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA មួយផ្នែកផងនោះ ក្រុមហ៊ុនខ្នាតធំមួយនេះ នឹងពិនិត្យមើលឡើងវិញថា តើការសម្រេចចិត្តរបស់សហភាពអឺរ៉ុបនេះប៉ះពាល់យ៉ាងដូចម្ដេចខ្លះដល់យុទ្ធសាស្ត្រផលិតកម្ម និងពាណិជ្ជកម្មនៅកម្ពុជា។
ក្រុមហ៊ុន H&M ប្រកាសពីជំហររបស់ខ្លួនជាសាធារណៈបែបនេះ តាមរយៈសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី១៣ កុម្ភៈ ពោលគឺនៅក្រោយពេលដែលសហភាពអឺរ៉ុបសម្រេចដកហូតការអនុគ្រោះពន្ធ EBA ពីកម្ពុជា ចំនួន ២០% ឬក្នុងរង្វង់ទឹកប្រាក់ជាង១ ពាន់លានដុល្លារអាមេរិក នៃទំនិញដែលកម្ពុជានាំទៅលក់នៅទីផ្សារអឺរ៉ុប។ គណៈកម្មការអឺរ៉ុបសម្រេចដាក់ចេញវិធានការនេះ ដោយសារតែរកឃើញថា កម្ពុជាមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធ ផ្ទុយទៅនឹងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ហើយករណីរំលោភសិទ្ធិមនុស្សទាំងនេះ មិនត្រូវបានធ្វើឱ្យប្រសើរឡើងនោះឡើយ ចាប់តាំងពីគណៈកម្មការអឺរ៉ុបចាប់ផ្ដើមដំណើរការនីតិវិធីដក EBA កាលពីឆ្នាំមុនមកម្ល៉េះ។
អាស៊ីសេរីមិនអាចទាក់ទងសុំប្រតិកម្មរឿងនេះពីអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឬសមាគមថៅកែរោងចក្រ គឺលោក ខេន លូ បានទេ នៅថ្ងៃទី១៣ កុម្ភៈ ដោយទូរស័ព្ទចូល ពុំមានអ្នកទទួល។ ចំណែក អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន វិញ ក៏មិនលើកទូរស័ព្ទដូចគ្នា។
ទោះជាយ៉ាងណា ក្រសួងការបរទេសកម្ពុជាបានចាត់ទុកការសម្រេចដក EBA ២០% ពីកម្ពុជានេះ ថា ជារឿងអយុត្តិធម៌ និងធ្វើឡើងតាមទំនើងចិត្ត ហើយក្រសួងបានចោទប្រកាន់គណៈកម្មការអឺរ៉ុបវិញថា ប៉ុនប៉ងប្រើប្រាស់ពាណិជ្ជកម្មជាលេសក្នុងការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ជាមួយគ្នានេះ អ្នកនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន បានប្រាប់អាស៊ីសេរីថា វិធានការរបស់គណៈកម្មការអឺរ៉ុបនេះ នឹងមិនអាចធ្វើឱ្យរដ្ឋាភិបាលកម្ពុជាបាត់ភាពម្ចាស់ការបានឡើយ។ លោកអះអាងថា រដ្ឋាភិបាលនឹងធានាបាននូវអត្ថប្រយោជន៍នានាសម្រាប់កម្មករ ទោះជាបាត់ EBA ចំនួន ២០% ក៏ដោយ៖« ដកពន្ធ ២០ % ខ្ញុំយល់ថា វាជាលក្ខណៈមិនធ្ងន់ធ្ងរដល់សេដ្ឋកិច្ចកម្ពុជាទេ ព្រោះរាជរដ្ឋាភិបាលក៏បានត្រៀមលក្ខណៈដែរ។ យើងបានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសមួយចំនួននៅក្នុងសហភាពអឺរ៉ុប ហើយមួយចំនួនទៀតនៅអាស៊ីខាងកើត នៅអាស៊ីអាគ្នេយ៍ ក៏យើងមានធ្វើ។ អ៊ីចឹង ខ្ញុំយល់ថា គ្រាន់តែបរិមាណទំហំទឹកប្រាក់ប៉ុណ្ណឹង គឺមិនជាបញ្ហាធ្វើឱ្យរាជរដ្ឋាភិបាលជួបការលំបាកក្នុងការដោះស្រាយទេ » ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា សេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន H&M បង្ហាញថា ក្រុមហ៊ុនបញ្ជាទិញដ៏ធំមួយនេះមានការលំបាកក្នុងការបន្តវិនិយោគនៅកម្ពុជា ហើយនេះមិនមែនជាសញ្ញាល្អឡើយសម្រាប់កម្ពុជា។ លោកជឿថា ក្រុមហ៊ុនម៉ាកយីហោល្បីៗ ជាច្រើនទៀត របស់លោកខាងលិច ក៏ប្រហែលជាមានជំហរប្រហាក់ប្រហែលគ្នានឹងក្រុមហ៊ុន H&M នេះដែរ ទាក់ទងនឹងរឿងពាណិជ្ជកម្មជាមួយកម្ពុជា។ ជាពិសេសនៅពេលកម្ពុជាមានកំណត់ត្រាអាក្រក់ផ្នែកសិទ្ធិមនុស្ស លោកយល់ថា ក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះល្អៗ នឹងមិនចង់វិនិយោគនៅស្រុកខ្មែរឡើយ៖« បើក្រុមហ៊ុនបញ្ជាទិញ មិនកុម៉្មង់ទិញទេ ពេលនោះស្ថានភាពធ្ងន់ធ្ងរជាងការដក EBA ថែមទៀត ពីព្រោះការដក EBA គ្រាន់តែជាការដកមួយផ្នែក ហើយអាចនៅឱ្យយើងនាំចូលបាន ប៉ុន្តែគ្រាន់តែមានការបង់ពន្ធ។ ប៉ុន្តែបើក្រុមហ៊ុនអ្នកបញ្ជាទិញប្រតិកម្មមិនកុម្ម៉ង់ទិញ ពេលហ្នឹងគឺយើងមិនអាចនាំចូលបានតែម្តង នេះជាបញ្ហាធំមែនទែន។ អ៊ីចឹងហើយរដ្ឋាភិបាលកម្ពុជា កុំមើលតែមួយជ្រុងចំពោះសហភាពអឺរ៉ុប ត្រូវមើលឱ្យបានច្រើនជ្រុង » ។
ស្រដៀងគ្នានេះ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ថ្លែងថា ទំនុកចិត្តរបស់ក្រុមហ៊ុនបញ្ជាទិញសំខាន់ជាងអ្វីៗទាំងអស់ ដូច្នេះបើក្រុមហ៊ុនទាំងនោះមើលឃើញពីការរំលោភសិទ្ធិមនុស្ស និងកេរ្តិ៍ឈ្មោះមិនល្អរបស់ប្រទេសកម្ពុជា នោះពួកគេនឹងផ្លាស់ប្តូរការសម្រេចចិត្ត ដើម្បីកុំឱ្យខូចកេរ្តិ៍ឈ្មោះរបស់ខ្លួន។ លោកបន្តថា មើលមួយភ្លែត ការបាត់បង់ EBA ២០% ធ្វើឱ្យកម្ពុជាត្រូវជាប់ពន្ធតែប្រមាណ១០០ លានដុល្លាអាមេរិកប៉ុណ្ណោះក្នុងមួយឆ្នាំ ក៏ប៉ុន្តែលោកថា បើមើលក្នុងរូបភាពធំជាងនេះ ក្រុមហ៊ុនបញ្ជាទិញធំៗនឹងពិចារណាឡើងវិញអំពីការធ្វើពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ទាំងក្នុងរយៈពេលខ្លី មធ្យម និងរយៈពេលវែង៖« ហេតុអ្វីបានជាគេមកទិញ ? ពីព្រោះយើងប្តេជ្ញាចិត្តគោរពសិទ្ធិមនុស្ស កម្មករ ប្រជាធិបតេយ្យ ហើយនិងគោរពសិទ្ធិការងារ តែបើសញ្ញាណហ្នឹងបាត់ទៅវិញ ខ្ញុំគិតថា វាជាផលវិបាកដែរ។ ព្រោះឧទាហរណ៍ថា ឥលូវឥវ៉ាន់គេ១០០ ប្រទេស ហើយសុទ្ធតែច្រើន ហើយយើងមានតែ១ % ស្រាប់តែដល់ពេលយើងមានបញ្ហា គេមិនឱ្យប៉ះពាល់ដល់ឥវ៉ាន់គេនៅលើពិភពលោកផ្សេងទៀតទេ។ នេះខ្ញុំគិតថា សុទ្ធតែជាសញ្ញាណមួយដែលរដ្ឋាភិបាល និងពាក់ព័ន្ធ ត្រូវជួយគិតគ្នាថា ត្រូវដោះស្រាយយ៉ាងដូចម្តេចដែរ ដើម្បីឱ្យជំនឿចិត្តទៅលើអ្នកវិនិយោគ » ។
តាមរយៈសេចក្តីសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធត្រឹម២០% ដែលជាការព្រមានជំហានដំបូងរបស់គណៈកម្មការអឺរ៉ុបនេះ កម្ពុជាត្រូវជាប់កាតព្វកិច្ចពន្ធប្រមាណ១០០ លានដុល្លារអាមេរិកចំពោះទំនិញដែលនាំទៅសហភាពអឺរ៉ុប ដែលពីមុនមក កម្ពុជាបានរួចកាតព្វកិច្ចពន្ធទាំងស្រុងចំនួនជិត៧០០ លានដុល្លារអាមេរិក។ សេចក្តីសម្រេចនេះ នឹងចូលជាធរមាននៅខែសីហា ខាងមុខ ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន សែន មិនព្រមស្តារស្ថានភាពអាក្រក់ផ្នែកសិទ្ធិមនុស្សឱ្យល្អប្រសើរឡើងវិញទេនោះ។
សហជីពឯករាជ្យទទូចឱ្យរដ្ឋាភិបាលក្រុងភ្នំពេញ ពិចារណាអនុវត្តតាមសំណើរបស់សហភាពអឺរ៉ុប ដើម្បីរក្សាបាននូវការអនុគ្រោះពន្ធ EBA បន្តទៅទៀត ជាពិសេសដើម្បីទទួលបានការអនុគ្រោះពន្ធ ២០% ដែលគណៈកម្មការអឺរ៉ុបទើបនឹងបានដកហូតពីកម្ពុជានោះ ត្រឡប់មកវិញ។ សហជីពមើលឃើញថា សហភាពអឺរ៉ុប មិនមានចេតនាដាក់ទណ្ឌកម្មកម្ពុជានោះទេ ហេតុដូច្នេះទើបបានជាអឺរ៉ុបទុកឱកាសឱ្យរដ្ឋាភិបាលកែប្រែស្ថានភាពសិទ្ធិមនុស្ស និងសិទ្ធិជាមូលដ្ឋានដទៃទៀត ឱ្យល្អប្រសើរឡើងវិញបែបនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
