គណបក្សសង្គ្រោះជាតិ និងអ្នកឃ្លាំមើលសង្គមយល់ថា មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន កំពុងបង្វែរការចាប់អារម្មណ៍ពីរឿងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន២០% ទៅជារឿងព្រំដែន និងការបង្ក្រាបលើសិទ្ធិសេរីភាពបញ្ចេញមតិវិញ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថា នេះជាការលើកឡើងមិនត្រឹមត្រូវ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ជឿថា លោក ហ៊ុន សែន កំពុងព្រួយបារម្ភអំពីចលនាងើបឡើងរបស់កម្មករ ដែលខឹងសម្បារនឹងរបបក្រុងភ្នំពេញករណីបណ្ដោយឱ្យបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០% ប៉ះពាល់ដល់ប្រយោជន៍កម្មករ។ លោកថា ហេតុដូច្នេះហើយទើបលោក ហ៊ុន សែន រុញរឿងព្រំដែនជាបញ្ហាធំ ដោយចាប់ខ្លួនលោក រ៉ុង ឈុន និងក្រុមអ្នកតវ៉ាដោយសន្តិវិធីជាច្រើននាក់ដាក់ពន្ធនាគារជាបន្តបន្ទាប់។
ក្រៅពីនេះ លោក អេង ឆៃអ៊ាង យល់ថា លោក ហ៊ុន សែន ទំនងជាខ្លាចសហភាពអឺរ៉ុបកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលនៅសល់ចំនួន ៨០% ទៀត ទើបបានជាបុរសខ្លាំងរូបនេះ រក្សាភាពស្ងៀមស្ងាត់ ពេលសហភាពអឺរ៉ុបដកការអនុគ្រោះពន្ធ ២០% ពីកម្ពុជា ជាផ្លូវការ៖ « តាមការពិត លោក ហ៊ុន សែន នៅក្នុងខ្លួន នៅក្នុងចិត្តហ្នឹង មហាខ្វាយខ្វល់ហើយ។ ខាងក្រៅហ្នឹង គ្រាន់តែនិយាយទេ ព្រោះយើងដឹងហើយ សេដ្ឋកិច្ចប្រទេសកម្ពុជាបច្ចុប្បន្នហ្នឹង វារួមរឹតធ្ងន់ធ្ងរមែនទែនទៅហើយ ហើយបើកាលណា វាមានទណ្ឌកម្មសេដ្ឋកិច្ចថែមទៀត វាកាន់តែសង្កត់ធ្ងន់ថែមទៀត » ។
សេចក្ដីសម្រេចដកការអនុគ្រោះពន្ធ EBA ចំនួន២០% បានចូលជាធរមាន ចាប់តាំងពីថ្ងៃទី១២ សីហា ក៏ប៉ុន្តែរយៈពេលមួយសប្តាហ៍មកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានបញ្ចេញប្រតិកម្មណាមួយ តបតនឹងសហភាពអឺរ៉ុបនៅឡើយទេ។ ជាពិសេស នៅក្នុងសុន្ទរកថារយៈពេលជាង១ ម៉ោង កាលពីថ្ងៃទី១៦ សីហា លោកមិនបាននិយាយដល់រឿងបាត់ EBA នេះទេ ផ្ទុយទៅវិញលោកផ្ដោតជាពិសេសលើរឿងបង្ក្រាបអ្នករិះគន់បញ្ហាព្រំដែន និងព្រមានចាប់ខ្លួនជនណាក៏ដោយដែលបន្តលើកឡើងពីបញ្ហានេះ។
ប្រធានអង្គភាពនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បកស្រាយថា ប្រមុខរដ្ឋាភិបាលមិននិយាយរឿង EBA នេះទៀតទេ ព្រោះលោកធ្លាប់បានបញ្ជាក់ជំហរច្បាស់ហើយថា មិនយកអធិបតេយ្យទៅដោះដូរជាមួយជំនួយ ឬការអនុគ្រោះពន្ធនោះឡើយ។ លោកថា ការបាត់បង់ EBA ចំនួន ២០% មិនមែនធ្វើឱ្យសហភាពអឺរ៉ុប និងកម្ពុជាបែរខ្នងដាក់គ្នានោះទេ ហើយក៏មិនមែនបានន័យថា កម្ពុជាបាត់បង់ទីផ្សារសហភាពអឺរ៉ុបនោះដែរ។ លោក ផៃ ស៊ីផាន ចំអកថា អ្នកនិយាយថា រដ្ឋាភិបាលកំពុងបង្វែរស្ថានការណ៍នេះ ជាអ្នកមិនយល់ពីស្ថានភាពពិត៖ « ការវិភាគបែបនេះ គឺជាការវិភាគមួយដែលគ្មានសមត្ថភាព ពីព្រោះការវិភាគហ្នឹង មិនឆ្លើយតបនឹងភាពជាក់ស្ដែងទេ។ ក្នុងរឿង EBA ហ្នឹង យើងបាននិយាយរួចស្រេចទៅហើយតាំងពីខែកុម្ភៈមកម្ល៉េះ ដូច្នេះមិនមែនប្រយោជន៍អ្វីនិយាយដដែលៗ ហើយជំហរយើងនៅតែដដែលៗនោះទេ » ។
លោក ផៃ ស៊ីផាន អះអាងទៀតថា កម្ពុជានឹងបន្តជជែកគ្នាជាមួយសហភាពអឺរ៉ុបចំពោះរឿងប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលនៅសល់ចំនួន ៨០% ទៀត។ នៅពេលអាស៊ីសេរីសួរថា តើរដ្ឋាភិបាលនឹងជជែកជាមួយសហភាពអឺរ៉ុបដើម្បីទទួលបាន EBA ចំនួន ២០% នោះវិញ ដែរឬអត់ ប្រធានអង្គភាពនាំពាក្យរដ្ឋាភិបាលរូបនេះ ឆ្លើយថា លោកមិនមានព័ត៌មាននេះក្នុងដៃទេ។
ទោះជាយ៉ាងណា អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក វាយតម្លៃថា ការបាត់បង់ EBA នេះ ស្ដែងយ៉ាងច្បាស់ថា រដ្ឋាភិបាលគិតពីអំណាចរបស់ខ្លួន ជាងប្រយោជន៍កម្មករពិតប្រាកដ។ លោកបន្តថា ការដែល លោក ហ៊ុន សែន និយាយមិនត្រូវរឿងបាត់ EBA ហើយងាកទៅផ្ដោតលើរឿងចាប់ចងអ្នករិះគន់បញ្ហាព្រំដែន និងអ្នកតវ៉ាដោយសន្តិវិធីនោះ បង្ហាញថា រដ្ឋាភិបាលកំពុងបង្វែរស្ថានការណ៍ និងបង្វែរការចាប់អារម្មណ៍របស់ពលរដ្ឋ៖ « ការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ ២០ % នេះ គឺជាជំហានទីមួយរបស់សហភាពអឺរ៉ុប អ៊ីចឹងនៅមានជំហានបន្តបន្ទាប់ទៀត នៅពេលដែលរដ្ឋាភិបាលមិនព្រមស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ កាលណាប្រជាពលរដ្ឋបាត់បង់ការងារធ្វើច្រើន ពេលនោះគឺនឹងផ្ទុះបាតុកម្ម ឬកូដកម្មកើតឡើងនៅក្នុងប្រទេស អ៊ីចឹងអ្វីដែលសម្ដេចមិនបានឆ្លើយតប គឺដើម្បីបង្វែរស្ថានការណ៍នៃការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋនៃប្រទេសកម្ពុជាទាំងមូល » ។
សហភាពអឺរ៉ុបប្រកាសថា ការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ ២០% ជាផ្លូវការនេះ គឺដោយសារមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធយ៉ាងជាក់លាក់នៅកម្ពុជា។ ទោះជាយ៉ាងណា សហភាពគូសបញ្ជាក់ថា បើស្ថានការណ៍ដុនដាបផ្នែកសិទ្ធិមនុស្សនេះមានការជឿនលឿនទៅរកភាពប្រសើរឡើង នោះសហភាពអឺរ៉ុបនឹងពិចារណាផ្តល់ឋានៈអនុគ្រោះពន្ធទាំងស្រុងដល់កម្ពុជាវិញ។
គណបក្សសង្គ្រោះជាតិ សង្គមស៊ីវិល និងក្រុមអ្នកសង្កេតការណ៍ វាយតម្លៃថា សហភាពអឺរ៉ុបមិនចង់ដកការអនុគ្រោះពន្ធផ្នែកណាមួយពីកម្ពុជានោះទេ ដូច្នេះទើបបណ្ដុំប្រទេសប្រជាធិបតេយ្យទាំងនោះ ទុកពេលម្ដងហើយម្ដងទៀតឱ្យរបបក្រុងភ្នំពេញកែប្រែខ្លួន។ ពួកគេបន្ថែមថា បើរបបលោក ហ៊ុន សែន ពិតជាគិតគូរដល់ប្រយោជន៍ពលរដ្ឋខ្មែរមែន របបនេះត្រូវតែស្ដារស្ថានការណ៍ដុនដាបនេះឡើងវិញ ដើម្បីធានាថា កម្មករបន្តមានការងារធ្វើ ហើយពលរដ្ឋដែលអាស្រ័យផលនឹងវិស័យកាត់ដេរ អាចបន្តមានប្រាក់ចំណូល។
សមាគមថៅកែរោងចក្របានអះអាងកាលពីខែកុម្ភៈថា ការដក EBA ចំនួន ២០% នេះ អាចនឹងធ្វើឱ្យកម្មកររាប់ម៉ឺននាក់បាត់បង់ការងារ និងបង្កើតឱ្យមានភាពក្រីក្រនៅកម្ពុជា។ ការអះអាងបែបនេះរបស់ក្រុមថៅកែរោងចក្រ មិនបានរួមបញ្ចូលវិបត្តិកូវីដ-១៩ ដែលកំពុងវាយប្រហារសេដ្ឋកិច្ចកម្ពុជាយ៉ាងដំណំនោះនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។