លោក ហ៊ុន សែន ប្រកាស​ផ្ដល់​ទុន​ចិញ្ចឹម​ត្រី ឲ្យ​កម្មករ និង​ពលករ ដែល​បាត់បង់​ការងារ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ១៩

ដោយ ជាតិ ចំណាន
2020-07-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន ចុះ​ពិនិត្យ​សកម្មភាព​បង្កាត់​ពូជ​ត្រី ចិញ្ចឹម​ត្រី និង​កង្កែប​ជាក់​ស្ដែង ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជ​ត្រី នៅ​ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង នៅ​ថ្ងៃ​ទី១៤ ខែ​កក្កដា ឆ្នាំ២០២០។
លោក ហ៊ុន សែន ចុះ​ពិនិត្យ​សកម្មភាព​បង្កាត់​ពូជ​ត្រី ចិញ្ចឹម​ត្រី និង​កង្កែប​ជាក់​ស្ដែង ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជ​ត្រី នៅ​ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង នៅ​ថ្ងៃ​ទី១៤ ខែ​កក្កដា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

រដ្ឋាភិបាល ប្រកាស​ផ្ដល់​ទុន សម្រាប់​ចិញ្ចឹម​ត្រី ដោយ​ឥតគិតថ្លៃ ឲ្យ​កម្មករ និង​ពលករ ដែល​រង​វិបត្តិ​បាត់បង់​ការងារ​ធ្វើ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ១៩ (Covid​-19​)។ សហជីព និង អ្នក​ចិញ្ចឹម​ត្រី ស្វាគមន៍​គម្រោង​នេះ និង ស្នើសុំ​ឲ្យ​ជួយ​ផ្ដល់​ទុន ដល់​ក្រុម​អ្នកនេសាទ​ផង។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បន្ថែម​ថវិកា​រដ្ឋ​ចំនួន​ប្រាំ​លាន (៥លាន) ដុល្លារ ថែមទៀត សម្រាប់​ជួយ​ជំរុញ​ឲ្យ​កម្មករ និង​ពលករ ងាក​មក​ប្រកបមុខរបរ​ចិញ្ចឹម​ត្រី​វិញ។ លោក ហ៊ុន សែន ប្រាប់​ថា ដើមទុន ដែល​ត្រូវឲ្យ​កម្មករ និង​ពលករ ដោយ​មិន​គិត​ថ្លៃ នោះ មាន​ដូចជា កូន​ត្រី តង់​សម្រាប់​ចិញ្ចឹម​ត្រី និង​ការ​ជួយ​បង្ហាត់បង្រៀន​ពី​របៀប​ចិញ្ចឹម​ត្រី ជាដើម៖ «ខ្ញុំ​ក៏​អំពាវនាវ​កម្មករ កម្មការិនី និង​បងប្អូន​ត្រឡប់​មក​ពី​ថៃ ចូលរួម​នៅ​ក្នុង​វិស័យ​កសិកម្ម ជំរុញ​វិស័យ​កសិកម្ម។ ឥឡូវ​បង្កើត​មុខរបរ​របៀប​ចិញ្ចឹម​ត្រី។ ឥឡូវ បើ​ថា ៥០ម៉ឺន​ដុល្លារ​ហ្នឹង វា​មិន​គ្រប់ យើង​បន្ថែម​ដើម្បីឲ្យ​អ្នក​ទាំងនោះ ចិញ្ចឹម​ត្រី ត្រី​អណ្ដែង ឲ្យ​ពួក​គាត់​មាន​ដើមទុន មាន​ដើមទុន។ អាហ្នឹង យើង​ឲ្យទទេ​ហ្មង ឲ្យទទេ កូន​ត្រី ក៏​យើង​ឲ្យទទេ អា​តង់​ក៏​យើង​ឲ្យទទេ ហើយ​យើង​ទៅ​ជួយ​បង្ហាត់បង្ហាញ ជួយ​ឲ្យ​គាត់​មានមុខ​របរ»

លោក ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល បាន​បញ្ចេញ​ថវិកា​រដ្ឋ ចំនួន​ហាសិប​ម៉ឺន (៥០ម៉ឺន​)ដុល្លារ រួចហើយ សម្រាប់​ជួយ​ដល់​ការ​ចិញ្ចឹម​ត្រី​កន្លងមក។ លោក បន្ត​ថា បច្ចុប្បន្ន មាន​កសិករ​ជាង​បួន​ម៉ឺន​ប្រាំមួយ​ពាន់ (៤៦.០០០) គ្រួសារ កំពុង​ប្រកបរបរ​ចិញ្ចឹម​ត្រី​ក្នុង​ស្រះ។ លោក ហ៊ុន សែន បន្ត​ណែនាំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ជំរុញ​ឲ្យ​មានការ​ចិញ្ចឹម​ត្រី​បន្ថែម​ទៀត ឲ្យបាន​យ៉ាងហោចណាស់ ឲ្យបាន​ចំនួន ប្រាំ​ម៉ឺន (៥០.០០០) គ្រួសារ។ លោក ថ្លែង​បែបនេះ នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជ​ត្រី នៅ​ស្រុក​ពាមរ ខេត្ត​ព្រៃវែង នៅ​ថ្ងៃ​ទី១៤ កក្កដា ក្នុង​ពេល​លោក​ជួប​សំណេះសំណាល​ជាមួយ​កសិករ​ចិញ្ចឹម​ត្រី។ជុំវិញ​ការប្រកាស​ផ្ដល់​ទុន ចិញ្ចឹម​ត្រី ឲ្យ​កម្មករ និង​ពលករ​នេះ​ដែរ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក​អាត់ ធន់ យល់ថា កម្មករ​ដែល​បាត់បង់​ការងារ​នៅ​រោងចក្រ ទំនង​ពិបាក​ក្នុង​ការ ងាក​មក​ចាប់​អាជីព​ចិញ្ចឹម​ត្រី នៅ​ពេល​ភ្លាម​ៗនេះ ព្រោះ​កម្មករ​គ្មាន​ជំនាញ និង​គ្មាន​បទពិសោធន៍​ខាង​ចិញ្ចឹម​ត្រី។ លោក អាត់ ធន់ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ជួយ​ផ្ដល់​ទុន ផ្នែក​ផ្សេង ក្នុង​វិស័យ​កសិកម្ម ក្រៅពី​ការ​ចិញ្ចឹម​ត្រី ដូចជា​ការ​ធ្វើស្រែ ដាំដំណាំ និង​ចិញ្ចឹមសត្វ​គ្រប់​ប្រភេទ តាម​ចំណូល​ចិត្ត ជំនាញ និង​បទ​ពិសោធន៍​របស់​កម្មករ ដែល​រស់នៅ​តាម​ខេត្ត។ ឯ​កម្មករ​រស់នៅ​រាជធានី​ភ្នំពេញ​វិញ លោក អាត់ ធន់ ជំរុញ​ឲ្យ​រដ្ឋាភិបាល ជួយ​រក​ការងារ​ថ្មី ដូចជា ការងារ​នៅ​សិប្បកម្ម​ដេរ​ម៉ាស់ ទីតាំង​ផលិត​សម្ភារៈ​ពេទ្យ ជាដើម៖ «ហើយ​អ្នកខ្លះ ក៏​គាត់ មិន​ជា​អ្នក​ដែល​ចង់​ធ្វើការ​ផ្នែក​កសិកម្ម​ហ្នឹង ប៉ុន្មាន​ដែរ។ អ៊ីចឹង មិន​ដឹង​ថា គាត់​ហ្នឹង អាច​ទៅ​ចាប់ នូវ​ទីផ្សារ ឬក៏​ចាប់​ផ្នែក​កសិកម្ម​ហ្នឹង បាន​ឬក៏​អត់ទេ​? តាមខ្ញុំ​មើល បើ​សិន​ជា​ឪពុក​ម្ដាយ​គាត់ ប្រហែលជា​អាច​ទៅ​រួច​ជាង​ក្មេងៗ ហ្នឹង»

ចំណែក​ប្រធាន​សម្ព័ន្ធ​ប្រជា​នេសាទ​កម្ពុជា លោក ឡុង សូ​ចែត ស្វាគមន៍​ការ​បង្កើត​មុខរបរ​ចិញ្ចឹម​ត្រី​ឲ្យ​ពលរដ្ឋ ព្រោះ​លោក សង្កេតឃើញ​ថា ត្រី​នៅ​ទន្លេសាប​កាន់តែ​ខ្សត់​ទៅៗ ហើយ​នៅ​ឆ្នាំនេះ ត្រី​ទំនង ជា​ក្សត់​ជាង​ឆ្នាំមុន​ទៀត ព្រោះ​គ្មាន​ទឹកភ្លៀង។ លោក ឡុង សូ​ចែត យល់ថា នៅ​ពេល​ផ្ដល់​ទុន​ឲ្យហើយ រដ្ឋាភិបាល​ចាំបាច់​ត្រូវ​យកចិត្ត​ទុកដាក់ លើ​ការ​បង្ហាត់បង្រៀន​បច្ចេកទេស​ចិញ្ចឹម​ត្រី ដល់​កម្មករ និង​ពលករ​ទាំងនោះ ឲ្យបាន​ទៀងទាត់ ព្រោះ​បើ​ហ៊ាន​តែ​ធ្វេស​ប្រហែល ខកខាន​ការ​បង្ហាត់ នោះ ត្រី ដែល​ចិញ្ចឹម​មិន​អាច​ធំធាត់​បានទេ។ ទោះ​យ៉ាងណា អ្នក​ជំនាញ​ខាង​ចិញ្ចឹម​ត្រី​រូប​នេះ ក៏​ចង់​ឲ្យ​រដ្ឋាភិបាល ជួយ​ផ្ដល់​ទុន និង​បច្ចេកទេស ដល់​អ្នកនេសាទ និង​អ្នក​កំពុង​ប្រកបមុខរបរ​ចិញ្ចឹម​ត្រី​រាល់ថ្ងៃ បន្ថែម​ទៀត​ផង​ដែរ ព្រោះ​ពួក​គេ ក៏​រង​ផល​ប៉ះពាល់​ខ្លាំង ពី​វិបត្តិ​ជំងឺ​កូ​វីដ១៩ ដែរ។ លោក ឡុង សូ​ចែត យល់ថា បើ​មានការ​ជួយ​ទុន និង​បច្ចេកទេស ដល់​អ្នកនេសាទ និង​អ្នក​កំពុង​ចិញ្ចឹម​ត្រី នឹង​ធ្វើឲ្យ​ទិន្នផល​ត្រី​ទទួល បានផល​ច្រើន និង​ជា​ការ​បង្កើន​កំណើន​ត្រី​ឡើងវិញ៖ «បើ​គ្មាន​ផ្នត់​គំនិត​ក្នុង​ការ​ចិញ្ចឹម​ទេ បើ​សិន​យើង​(រដ្ឋាភិបាល) ផ្ដល់ឲ្យ​គាត់​ទៅ ហើយ​គាត់​អត់​សមត្ថភាព​ទៀត អត់​ជំនាញ​ទៀត អា​ហ្នឹង​គឺ​ដូច​អត់​ប្រយ័ត្ន​អ៊ីចឹង​ណា។ ប៉ុន្តែ​បើ​ត្រឡប់​អា​ហ្នឹង​វិញ ដូច​និយាយ​មិញ​អ៊ីចឹង ត្រឡប់​អា​ហ្នឹង បើសិនជា​យើង​មក​ជួយ​ផ្គត់ផ្គង់​ដល់​អ្នកនេសាទ ដូច​ថា វា​មិន​មាន​ជំនាញ​ច្បាស់លាស់​ទេ ប៉ុន្តែ​ក៏​គាត់​មានការ​យល់ដឹង​ខ្លះ​ដែរ ព្រោះ​គាត់​មាន​បទ​ពិសោធន៍​ចិញ្ចឹម​ខ្លះ​ដែរ។ ទោះជា​វា​មិន​ច្បាស់ទែង តែ​គាត់​មានការ​យល់ដឹង​ខ្លះ វា​ល្អ​ម្យ៉ាង​ដែរ​....ប្រហែលជា​អ្នកទទួល​ផល​ជាង​អ្នក​ដែល​ធ្លាប់តែ​ធ្វើការ​នៅ​តាម​រោងចក្រ គ្នា​អត់​ជំនាញ​សោះ វា​អត់​រលីង​បណ្ដោយ​ណា»

របាយការណ៍​របស់​រដ្ឋបាល​ជលផល បង្ហាញ​ថា ផល​នេសាទ​ទឹកសាប​ក្នុង​ឆ្នាំ២០១៩ មាន​ចំនួន​ជាង ៤៧ម៉ឺន​តោន ធ្លាក់​ចុះ​ជាង​ឆ្នាំ២០១៨ ចំនួន​ជាង ៥ម៉ឺន​តោន (ឆ្នាំ២០១៨ ជាង ៥៣ម៉ឺន​តោន) ដោយសារ ការប្រែប្រួល​អាកាសធាតុ បណ្ដាលឲ្យ​ធ្លាក់​ភ្លៀង​តិច ដែល​ជា​មូលហេតុ​នាំឲ្យ​ត្រី​ធ្លាក់​ចុះ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល