លោក ហ៊ុន សែន រំពឹងថាចិននឹងអាចជួយឲ្យកម្ពុជាអភិវឌ្ឍលឿនរហ័សទៅមុខ
2017.05.17
កម្ពុជា រំពឹងថានឹងទទួលបានអត្ថប្រយោជន៍ជាច្រើនអំពីគម្រោង "ខ្សែក្រវាត់ និងផ្លូវ" សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងផ្លូវសូត្រសមុទ្ររបស់ចិន ក្នុងការជួយកសាងសេដ្ឋកិច្ច និងអភិវឌ្ឍប្រទេស។ នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងពេលទស្សនកិច្ចផ្លូវការរបស់លោកទៅកាន់ប្រទេសចិន តាមការអញ្ជើញរបស់ប្រមុខដឹកនាំកំពូលនៃមហាប្រទេសកុម្មុយនីស្តមួយនេះ។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន សម្ដែងក្តីរីករាយ និងពេញចិត្តចំពោះលទ្ធផលនៃកិច្ចប្រជុំពិភាក្សាជាមួយមន្ត្រីកំពូលៗនៃសាធារណរដ្ឋប្រជាមានិតចិន ដែលរួមមានថ្នាក់ដឹកនាំស្ថាប័នសភា និងនយោបាយចិន ដោយភាគីទាំងពីរខិតខំជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ឲ្យមានសន្ទុះលឿនទៅមុខ។
លោក ហ៊ុន សែន ថ្លែងបែបនេះនៅក្នុងទំព័រហ្វេសប៊ុក (facebook) របស់លោកនៅព្រឹកថ្ងៃទី១៧ ឧសភា ក្រោយពេលលោកបានចូលរួមវេទិកា "ខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ" ក្នុងរដ្ឋធានីប៉េកាំង និងបានធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសចិន តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីចិន លី ខឹឈាំង (Li Keqiang) និងប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping)។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សរសេរថា ចំនួនអ្នកទេសចរចិន នឹងកើនឡើងដល់ ២លាននាក់ក្នុងមួយឆ្នាំនៅឆ្នាំ២០២០ ហើយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងកើនឡើងដល់ ៦ពាន់លានដុល្លារនៅពេលខាងមុខ។ ទន្ទឹមនឹងនេះ កម្ពុជា ក៏នឹងមានគម្រោងអភិវឌ្ឍន៍ថ្មីៗបន្ថែមទៀត ដូចជាផ្លូវល្បឿនលឿន ព្រលានយន្តហោះ និងតំបន់សេដ្ឋកិច្ចពិសេស ជាដើម។
លោក ហ៊ុន សែន ក៏បានឆ្លៀតសរសើរចិន ថាជាបងប្អូន និងជាមិត្តភ័ក្ដិដែលជឿទុកចិត្តគ្នា ហើយថាចិន បន្តជួយកម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម ពិសេសជួយពង្រឹងឯករាជភាពនៃនយោបាយកម្ពុជា ទៀតផង។ បន្ថែមពីលើនេះ លោកថា ចិន នឹងផ្តល់ជំនួយឥតសំណង និងជំនួយឥណទានការប្រាក់ទាបកាន់តែច្រើនថែមទៀតដល់កម្ពុជា ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអភិវឌ្ឍន៍នានា។
ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ លោក ហ៊ុន សែន ក៏បានជួបជាមួយអ្នកជំនួញ និងវិនិយោគិនចិន ជាច្រើននាក់ដែលចាប់អារម្មណ៍ និងកំពុងបណ្ដាក់ទុនរកស៊ីនៅកម្ពុជា ផងដែរ។ លោកថា កម្ពុជា រីករាយស្វាគមន៍វិនិយោគិនចិន ដែលមានបំណងទៅវិនិយោគនៅកម្ពុជា ហើយកត្តាទាក់ទាញសំខាន់នោះ គឺកម្ពុជា មានស្ថិរភាពនយោបាយ ស្ថិរភាពផ្នែកម៉ាក្រូសេដ្ឋកិច្ច និងមានធនធានមនុស្សចេះភាសាចិន ច្រើន។
អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ង៉ែត ជូ ថ្លែងថា ការបណ្ដាក់ទុនរបស់អ្នកវិនិយោគចិន គឺជារឿងមួយដែលគួរឲ្យស្វាគមន៍ ក៏ប៉ុន្តែលោកលើកឡើងពីក្តីបារម្ភមួយចំនួនទាក់ទងនឹងបញ្ហានេះ។ លោកសង្កេតឃើញថា ក្រុមហ៊ុនចិន ភាគច្រើនប្រតិបត្តិការអាជីវកម្មរបស់ខ្លួនដោយមិនគិតគូរអំពីនិរន្តរភាពនៃការវិនិយោគឡើយ ពោលគឺពួកគេគិតតែពីផលប្រយោជន៍រយៈពេលខ្លីប៉ុណ្ណោះ ដែលនេះបានបង្កផលប៉ះពាល់ដល់បរិស្ថាន និងជីវភាពពលរដ្ឋ។ លោកថា ក្រុមហ៊ុនចិន ទាំងនោះ បានធ្វើរបៀបនេះទាំងនៅកម្ពុជា និងនៅតាមប្រទេសមួយចំនួនក្នុងតំបន់អាហ្វ្រិក ទីដែលមានក្រុមហ៊ុនចិន ជាច្រើនកំពុងសម្រុកអនុវត្តគម្រោងវិនិយោគទ្រង់ទ្រាយធំ៖ «យើងមិនថាក្រុមហ៊ុនចិន ១០០ភាគរយទេ វាអាចមានក្រុមហ៊ុនមួយចំនួនតូច គាត់បានគោរពច្បាប់ ប៉ុន្តែជាទូទៅ ក្រុមហ៊ុនចិន ទាំងនោះ សុទ្ធតែជាក្រុមហ៊ុនដែលមិនសូវមានទស្សនវិស័យវែងឆ្ងាយ គិតតែផលចំណេញរយៈពេលខ្លី។ មិនមែនមានន័យថា យើងមិនស្វាគមន៍នោះដែរ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំស្វាគមន៍ ក៏ប៉ុន្តែសូមឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់សហការជាមួយក្រុមហ៊ុនទាំងនោះ ជំរុញឲ្យគាត់អនុវត្តបានទូលំទូលាយ គោរពសិទ្ធិមនុស្ស គោរពសិទ្ធិការងាររបស់បុគ្គលិក ឬកម្មករជាដើម»។
លោក ង៉ែត ជូ សង្កត់ធ្ងន់ថា ការផ្តល់ជំនួយ និងកម្ចីឥណទានជាច្រើននេះ អាចជួយឲ្យកម្ពុជា រីកចម្រើនឆាប់រហ័ស ក៏ប៉ុន្តែរដ្ឋាភិបាលត្រូវធានាអំពីតម្លាភាពនៃការប្រើប្រាស់ជំនួយ និងកម្ចីទាំងនោះ។ លោកបន្ថែមថា ការពង្រីកឥទ្ធិពលរបស់ចិន តាមរយៈគម្រោងវិនិយោគធំៗក្នុងតំបន់អាស៊ី ក៏ជាឱកាសមួយដ៏ប្រសើរសម្រាប់កម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមបានលឿនរហ័សដែរ ក៏ប៉ុន្តែរដ្ឋាភិបាលត្រូវធានាតុល្យភាពនៃនយោបាយការបរទេសជាមួយក្រុមប្រទេសលោកខាងលិច ដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែរ ព្រោះប្រទេសទាំងនេះ គឺជាទីផ្សារធំរបស់កម្ពុជា៖ «យើងត្រូវមានការព្រួយបារម្ភដែរ មិនមែនមានន័យថា ចិន គាំទ្រលើកស្ទួយកម្ពុជា យើងត្រូវលែងដៃពីទំនាក់ទំនង ឬបង្កភាពល្អក់កករជាមួយសហរដ្ឋអាមេរិក ទេ ព្រោះវាអាចជាគ្រោះថ្នាក់សម្រាប់នយោបាយការបរទេស។ យើងមើលការនាំចេញផលិតផលកាត់ដេររបស់កម្ពុជា ទៅទីផ្សាររបស់អាមេរិក។ អ៊ីចឹងយើងក៏ត្រូវថែរក្សាទំនាក់ទំនងការបរទេសជាមួយនឹងមហាអំណាចទាំងនោះដែរ»។
នៅក្នុងបរិបទនៃការប្រកួតប្រជែងបែបនេះ លោក ង៉ែត ជូ ស្នើឲ្យរដ្ឋាភិបាលផ្ដោតការយកចិត្តទុកដាក់ខ្លាំងទៅលើការពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញចាំបាច់ដល់ពលរដ្ឋ ដើម្បីឲ្យកម្ពុជា មានកម្លាំងពលកម្មមានសក្ដានុពល បើមិនដូច្នោះទេ កម្ពុជា នឹងមិនអាចដើរទាន់ប្រទេសដទៃឡើយ បើទោះជាកម្ពុជា បានតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជាមួយប្រទេសក្នុងតំបន់យ៉ាងណាក្តី៕