បក្ស​កាន់អំណាច​ថា មិន​ទារ EBA ២០​% ពី​អឺរ៉ុប​ទៀត​ឡើយ ខណៈ​ឱសានវាទ​កាន់តែ​ខើច

ដោយ ជីវិតា
2020-08-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា
លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា
Photo: RFA

គណបក្ស​កាន់អំណាច​អះអាង​ជាថ្មី​ទៀត​ថា រដ្ឋាភិបាល​នឹង​មិន​ទាមទារ​ប្រព័ន្ធ​អនុគ្រោះ EBA ចំនួន ២០% ដែល​សហភាព​អឺរ៉ុប​បាន​ដក​នោះ ត្រឡប់​មក​វិញ​ឡើយ។ ការ​លើកឡើង​បែបនេះ គឺ​នៅ​ស្រប​ពេល​សេចក្ដី​សម្រេច​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំនួន ២០% នឹង​ចូលជាធរមាន​នៅ​ថ្ងៃពុធ ទី១២ សីហា​ខាង​មុខ​នេះ។ អង្គការ​សង្គម​ស៊ីវិល​ថា នេះ​ជា​ជំហរ​ធ្វើ​ឱ្យ​បាត់​ប្រយោជន៍​កម្មករ។

មន្ត្រី​ជាន់ខ្ពស់​របប​លោក ហ៊ុន សែន លើក​ឡើង​ថា ការ​បង់ពន្ធ ២០​% លើ​មុខ​ទំនិញ​ដែល​ត្រូវ​នាំទៅ​សហភាព​អឺរ៉ុប​នោះ មិន​មែន​ជា​រឿង​ធំដុំ​ឡើយ ហើយ​កម្ពុជា​មាន​លទ្ធភាព​បង់ពន្ធ​ទៅ​តាម​ការ​កំណត់​របស់​សហភាព​អឺរ៉ុប។

អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន អះអាង​នៅ​ថ្ងៃ​ទី១០ សីហា​ថា កម្ពុជា​នៅ​តែ​នាំ​ទំនិញ​ទៅ​សហភាព​អឺរ៉ុប​ដដែល ទោះជា​ត្រូវ​ពង់​ពន្ធ​ក៏​ដោយ។ លោក​បន្ត​ថា ការ​បង់ពន្ធ គឺជា​បន្ទុក​សម្រាប់​អ្នក​នាំ​ចេញ មិន​ពាក់ព័ន្ធ​នឹង​អត្ថ​ប្រយោជន៍​ដែល​កម្មករ​ត្រូវ​ទទួល​បាន​នោះ​ឡើយ៖ «អត់​មាន​ឆ្លើយតប អត់មាន​ទៅ​ទាមទារ​ស្អី​ទេ អត់មាន​ធ្វើបាតុកម្ម​ទៅ EU ដើម្បី​ទុក​អា ២០% ហ្នឹង​ទេ។ គេ​ទារ​ពន្ធ ២០% យើង​បង់​ឱ្យ​គេ​ទៅ វា​មាន​អ្វី។ អា​ហ្នឹង​វា​ជា​រឿង​ធម្មតា​តើ ការ​ធ្វើ​ជំនួញ។ បើ​គេ​អនុគ្រោះ​ពន្ធ​ឱ្យ​យើង យើង​អត់​បង់​ទៅ បើ​គេ​យកពន្ធ យើង​បង់​ឱ្យ​គេ​ទៅ»

គណៈកម្មការ​អឺរ៉ុប​បានសម្រេច​ចិត្ត​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំនួន ២០% ពី​កម្ពុជា កាលពី​ថ្ងៃទី១២ កុម្ភៈ ហើយ​សេចក្ដី​សម្រេច​នេះ​នឹង​ត្រូវ​ចូលជាធរមាន​នៅ​ថ្ងៃ​ទី១២ សីហា។ គណៈកម្មការ​អឺរ៉ុប​សម្រេចចិត្ត​បែប​នេះ បន្ទាប់ពី​ពិនិត្យ​យ៉ាង​ដិត​ដល់ ដោយ​រក​ឃើញ​ថា របប​លោក ហ៊ុន សែន បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ ផ្ទុយពី​គោលការណ៍​ពាណិជ្ជកម្ម​អឺរ៉ុប។

ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ទាំងនោះ មាន​ជា​អាទិ៍ ការ​ចាប់​ខ្លួន​លោក កឹម សុខា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ផាត់​គណបក្ស​នេះ​ចេញពី​ការបោះឆ្នោត ការ​យក​អាសនៈ​របស់​បក្ស​ប្រឆាំង​ទៅ​ចែក​គ្នា​កាន់កាប់ ការ​គាប​សង្កត់​លើ​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​បង្ក្រាប​ឥតស្រាក​សាន្ត​លើ​មេដឹកនាំ​សហជីព អង្គការ​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​ឯករាជ្យ ជាដើម។

គណៈកម្មការ​អឺរ៉ុប​បាន​ទុក​ពេល​ជាច្រើន​ខែ​ឱ្យ​របប​លោក ហ៊ុន សែន ស្ដារ​ស្ថានភាព​ទាំងនេះ​ឱ្យ​ល្អ​ប្រសើរ​ឡើងវិញ ប្រសិនបើ​ចង់​រក្សា​ឋានៈ​អនុគ្រោះ​ពន្ធ EBA នេះ​បន្ត​ទៅទៀត។ ទោះ​ជា​យ៉ាង​ណា រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​អនុវត្ត​តាម​សំណើ​របស់​សហភាព​អឺរ៉ុប​ឡើយ ដោយ​សម្អាង​ថា សំណើ​នេះ​ប៉ះពាល់​ដល់​អធិបតេយ្យ​ជាតិ ហើយ​បាន​ទៅ​ស្រ​វ៉ា​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ប្រទេស​ចិន​វិញ។ កិច្ច​ព្រមព្រៀង ដែល​នឹង​លើកចោល​រនាំង​ពន្ធគយ​រវាង​កម្ពុជា និង​ចិន​នេះ ទំនងជា​ត្រូវ​ចុះហត្ថលេខា​ដោយ​មេដឹកនាំ​ប្រទេស​ទាំងពីរ​ក្នុង​ពេល​ឆាប់ៗ ខាង​មុខ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា អះអាង​ថា សំណើ​របស់​សហភាព​អឺរ៉ុប​មិន​ធ្វើ​ឱ្យ​កម្ពុជា​ខូចខាត​អ្វី​ឡើយ ពោល​គឺ​មិន​ធ្វើ​ឱ្យ​កម្ពុជា​បាត់​ទឹកដី ហើយក៏​មិនមែន​ឱ្យ​កម្ពុជា ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច ឬ​ព្រៃ​ឈើ​ទៅ​ក្រុមហ៊ុន​អឺរ៉ុប​នោះ​ដែរ។ ផ្ទុយទៅវិញ សំណើ​ទាំងនោះ គឺ​ស្រប​ទៅតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​របស់​កម្ពុជា។ លោក​យល់ថា សហភាព​អឺរ៉ុប​កំពុងតែ​ជួយ​រក្សា​ទីផ្សារ​សម្រាប់​កម្ពុជា ហើយ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន នឹង​មិន​ផ្តល់​ប្រយោជន៍​ច្រើន​ដូច​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ឡើយ។

លោក មឿន តុលា បន្ថែម​ថា ជំហរ​របស់​រដ្ឋាភិបាល​រឿង EBA នេះ អាច​ឱ្យ​សាធារណជន​វាយតម្លៃ​យ៉ាង​ច្បាស់​ថា តើ​រដ្ឋាភិបាល​បច្ចុប្បន្ន​កំពុង​គិតគូរ​ប្រយោជន៍​ពលរដ្ឋ​ជាធំ ឬក៏​គិត ពី​អំណាច​របស់​ខ្លួន​ជាធំ៖ «បើ​ទោះជា​វា២០​% ក៏​ដោយ ក៏ប៉ុន្តែ​មូលហេតុ​ដែល​សហភាព​អឺរ៉ុប​បាន​ប្រកាស​ថា គេ​ដក​ហ្នឹង គឺ​ដោយសារ​យើង​មិន​បាន​គោរព​សិទ្ធិ​កម្មករ មិន​បាន​គោរព​សិទ្ធិពល​រដ្ឋ​របស់​ខ្លួន ដើរ​ចេញ​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ​ជា​ដើម។ នេះ​ជា​ចំណុច​មួយ​ដែល​អាច​ងាយ​នឹង​មានផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​អនាគត​នៃ​ទីផ្សារ​ទំនិញ​របស់​យើង​ដែរ ហើយ​គេ​ដក ២០% នេះ ខ្ញុំ​ជឿ​ថា ប្រហែលជា​មិន​ចប់​ត្រឹមហ្នឹង​ទេ។ បើ​យើង​មិន​ត្រឡប់​មក​គន្លង​ប្រជាធិបតេយ្យ គោរព​សិទ្ធិពល​រដ្ឋ​យើង គោរព​សិទ្ធិ​ការងារ​របស់​យើង​វិញ​ហ្នឹង មិន​ដឹង​ថា ថ្ងៃក្រោយ​វា​អាច​មាន​ភាគរយ​ណា​ទៀត ដែល​អាច​បាត់​បង់​ទៀត»

ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ និង​ម៉ាក​យី​ហោ​ល្បីៗ បាន​ប្រកាស​រួចហើយ​ថា ប្រសិនបើ​កម្ពុជា​អនុវត្ត​តាម​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប និង​គំនិត​ផ្ដួចផ្ដើម​ជា​យុទ្ធសាស្ត្រ​មួយ​ចំនួន​ទាក់ទង​នឹង​ឧស្សាហកម្ម​កាត់ដេរ​តាម​បែប​ទំនើប នោះ​កម្ពុជា​នឹង​នៅតែ​ជាគោល​ដៅ​ដ៏​ទាក់ទាញ​នៃ​ការ​ផ្គត់ផ្គង់​ទំនិញ។ ផ្ទុយទៅវិញ បើ​គ្មាន​ការ​អនុគ្រោះ​ពន្ធ EBA ទេ នោះ​កម្ពុជា​នឹង​ពិបាក​ផ្លាស់​ប្ដូរ​ឧស្សាហកម្ម​វាយនភណ្ឌ​របស់​ខ្លួន។ ជាពិសេស ករណី​នេះ​នឹង​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ការ​វិនិយោគ​ក្នុង​ថ្ងៃ​អនាគត ព្រមទាំង​ការ​រំពឹង​ទុក និង​ជំនឿ​ចិត្ត ដែល​ជា​ធាតុផ្សំ​ពីរ​ដ៏​សំខាន់​នៃ​ឧស្សាហកម្ម​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់។

មន្ត្រី​ជាន់ខ្ពស់​សហភាព​អឺរ៉ុប ទាំង​នៅ​ក្នុង​គណៈកម្មការ​ជំនាញ និង​សភា​អឺរ៉ុប នៅតែ​ដាស់តឿន​របប​លោក ហ៊ុន សែន ម្ដង​ហើយ​ម្ដង​ទៀត​ឱ្យ​ស្ដារ​ស្ថានការណ៍​កម្ពុជា​ឡើងវិញ ទោះ​ជា​ឱសានវាទ​កាន់​តែ​ខើច​ក៏​ដោយ។ កាយវិការ​បែប​នេះ ធ្វើ​ឱ្យ​ក្រុម​អ្នក​សង្កេត​ការណ៍​វាយតម្លៃ​បាន​ថា សហភាព​អឺរ៉ុប​មិន​ចង់​ដក​ផ្នែក​ណា​មួយ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​ឡើយ។ តែ​គឺ​របប​លោក ហ៊ុន សែន ទៅវិញ​ទេ ដែល​បង្ខំ​ឱ្យ​សហភាព​អឺរ៉ុប​គ្មាន​ផ្លូវ​ជ្រើសរើស ដើម្បី​រក្សា​គុណ​តម្លៃ​របស់​ខ្លួន ក្នុងនាម​ជា​ក្រុម​ប្រទេស​គោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល