ប្រជាកសិករនៅស្រុកថ្មពួកកំពុងព្រួយបារម្ភខ្លាចគ្មានស្បៀងដោះស្រាយជីវភាព ក្នុងគ្រួសារនៅឆ្នាំខាងមុខ ដោយសារតែដំណាំស្រូវរបស់ពួកគាត់ឆ្នាំនេះជួបគ្រោះរាំងស្ងួត។ អ្នកភូមិអះអាងថា សព្វថ្ងៃដើមស្រូវរាប់រយហិកតារចាប់ផ្ដើមក្រហមក្រៀមស្វិត និងរកងាប់បណ្ដើៗហើយ ដោយគ្មានអាជ្ញាធរណាអើពើជួយពួកគាត់នៅឡើយទេ។
ប្រជាកសិករនៅស្រុកថ្មពួកលើកឡើងថា យ៉ាងយូរមួយខែទៀត ប្រសិនបើគ្មានភ្លៀងធ្លាក់ជោកជាំនៅតំបន់ពួកគាត់ដាំដុះទេ ស្រូវរបស់ពួកគាត់រាប់ពាន់ហិកតារនឹងក្រៀមស្វិតខូចអស់ជាពុំខាន។
កសិករនៅឃុំគោករមៀត ស្រុកថ្មពួក លោក សាន ម៉ាប់ ឲ្យដឹងនៅថ្ងៃទី១៤ កក្កដាថា ដំណាំស្រូវរបស់លោកប្រហែល៣ហិកតារ ក្រៀមស្វិតរកងាប់បណ្ដើរៗហើយ ដោយសារគ្មានទឹកស្រោចស្រព។ លោក សាន ម៉ាប់ អះអាងទៀតថា កសិករនៅតំបន់ពួកគាត់រស់នៅ គឺធ្វើស្រែដោយពឹងផ្អែកទាំងស្រុងទៅលើទឹកភ្លៀង ព្រោះគ្មានប្រព័ន្ធធារាសាស្ត្រសម្រាប់ស្រោចស្រពនោះទេ។កសិកររូបនេះបន្ថែមទៀតថា ស្រូវរបស់ពួកគាត់មិនបានទទួលទឹកភ្លៀងធ្លាក់ចំជាច្រើនខែហើយ។ «»
កសិករនៅស្រុកថ្មពួកម្នាក់ទៀត លោក អ៊ាម អ៊ុល អះអាងថា ដំណាំស្រូវរបស់លោកជាង៣ហិកតារត្រូវទឹកជំនន់ហូរមកពីប្រទេសថៃលិចខូចអស់ម្ដងរួចមកហើយ ក្រោយមកលោកក៏បានព្រួសស្រូវនៅលើដីនោះជាថ្មីម្ដងទៀត។ លោក អ៊ាម អ៊ុល បន្ថែមទៀតថា ដំណាំស្រូវដែលលោកព្រួសថ្មីនេះមានអាយុជាង១ខែហើយ ក៏ជួបគ្រោះរាំងស្ងួតបណ្ដាលឲ្យដើមស្រូវឡើងក្រហមរកងាប់ជាថ្មីទៀត។ «»
លោកបន្តថា កសិករនៅស្រុកថ្មពួកសម្ដែងការព្រួយបារម្ភគ្រប់គ្នា ដោយខ្លាចដាច់ពោះស្លាប់នៅឆ្នាំក្រោយ ព្រោះគ្មានប្រាក់ចំណូលផ្សេងក្រៅពីរបរធ្វើស្រែនោះទេ។
អភិបាលស្រុកថ្មពួក លោក ឌៀប ឈួន មានប្រសាសន៍ថា សព្វថ្ងៃដំណាំស្រូវរបស់ប្រជាកសិករក្នុងស្រុកដែលលោកគ្រប់គ្រង ដែលប្រឈមនឹងការខូចខាតមានប្រមាណ៣០០ហិកតារប៉ុណ្ណោះ ចំណែកស្រូវរបស់កសិករផ្សេងទៀត លោកថា មិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ។ «»
របាយការណ៍អភិបាលស្រុកថ្មពួកឲ្យដឹងថា ដំណាំស្រូវរបស់កសិករដែលដាំដុះហើយនៅក្នុងស្រុកមួយនេះ សរុបជាង ១៥.០០០ហិកតារ ក្នុងនោះស្រូវមួយចំនួនធំ ដីមានសំណើមមិនបង្កការខូចខាតនោះទេ។ ប៉ុន្តែកសិករមួយចំនួនអះអាងថា ដំណាំស្រូវនៅក្នុងស្រុកនេះ ប្រសិនបើគ្មានភ្លៀងជោកជាំរយៈពេលយូរទៅមុខទៀត ប្រឈមនឹងការខូចខាតទាំងអស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
