ក្រុមហ៊ុនអាកាសចរណ៍ អាណា (All Nippon Airways-ANA) ប្រកាសផ្អាកការហោះហើរមកកម្ពុជា រហូតដល់ចុងខែកញ្ញា ឆ្នាំ២០២០ ដោយសារការរាតត្បាតជំងឺកូវីដ១៩ (Covid-19)។
សេចក្ដីប្រកាសរបស់ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសជប៉ុន ឲ្យដឹងថា ការផ្អាកជើងហោះហើរពីទីក្រុងណារីតា (Narita) មកភ្នំពេញ នេះ គឺបានចាប់ផ្តើមកាលពីថ្ងៃទី៥ ខែសីហា រហូតដល់មានការជូនដំណឹងនាពេលក្រោយ។ ចំណែកឯក្រុមហ៊ុនអាកាសចរណ៍វិញ ក៏បានស្នើអតិថិជនក្នុងស្រុក និងនៅក្រៅប្រទេសផ្សេងទៀត ត្រូវទាក់ទងមកក្រុមហ៊ុនជាមុនសិន មុននឹងចេញដំណើរ ដោយសារបច្ចុប្បន្ននេះ មានការផ្លាស់ប្ដូរជើងហោះហើរជាច្រើនដោយកាត់បន្ថយជើងហោះហើរ។
ក្រុមហ៊ុនអាកាសចរណ៍ (ANA) គឺជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតមួយរបស់ជប៉ុន បានចាប់ផ្ដើមការហោះហើរជាលើកដំបូងមកទីក្រុងភ្នំពេញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ ដោយហោះហើរ ៧ជើងក្នុង ១សប្ដាហ៍ និងប្រើប្រាស់ប្រភេទយន្តហោះ ប៊ូអ៊ីង ៧៨៧។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត ដូចជា កូរៀន អ៊ែរ (Korean Air) និងក្រុមហ៊ុនអាកាសចរណ៍ អាស្យ៉ាណា (Asiana Airlines) បានកាត់បន្ថយជើងយន្តហោះរាល់ថ្ងៃមកកម្ពុជា មកត្រឹម ៣ដងក្នុងមួយសប្ដាហ៍វិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។