ក្នុងសេចក្ដីព្រាងច្បាប់ថវិកា ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា គិតមកត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០១៨ កម្ពុជាជំពាក់បំណុលបរទេសជិត ៧ពាន់លានដុល្លារ (៦.៨២៥,៣) ក្នុងនោះបំណុលជិតពាក់កណ្ដាល (៤៨.៣%) គឺកម្ពុជាជំពាក់ចិន។ បើតាមតួលេខនេះ កម្ពុជាជំពាក់បំណុលចិន គឺជាង ៣ពាន់លានដុល្លារ (៣.២៩៦,៦១)។
ស្របពេលដែលកម្ពុជាបន្តជំពាក់បំណុលបរទេសយ៉ាងច្រើនសន្ធឹកនេះ កម្ពុជាគ្រោងខ្ចីបន្ថែម ជិត ២ ពាន់លានដុល្លារ (១.៩៣៦ លានដុល្លារ) ទៀត សម្រាប់ការចំណាយសាធារណៈ ក្នុងឆ្នាំ២០១៩ ខាងមុខនេះ។
ទោះបីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថា ឥណទានទាំងនោះ ប្រើប្រាស់ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិខ្ពស់បំផុត ក៏របបលោក ហ៊ុន សែន ខ្វះប្រព័ន្ធត្រួតពិនិត្យដ៏ធំមួយ គឺគណបក្សប្រឆាំង ក្រោយរបបនេះ បានរម្លាយគណបក្សសង្គ្រោះជាតិចោលអស់ទៅហើយ។
ប៉ុន្តែ មន្ត្រីបក្សប្រឆាំង គ្មានជំនឿថា ថវិកាជាតិ ត្រូវបានប្រើប្រាស់ និងចាត់ចែងត្រឹមត្រូវនោះឡើយ។ មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យ៉ែម ប៉ុញ្ញឫទ្ធិ លើកឡើងអំពីបំណុលរដ្ឋនេះ នៅក្នុងទំព័រហ្វេសប៊ុករបស់លោកថា “បំណុលរដ្ឋរាប់ពាន់លានដុល្លារ បន្តខ្ចីគេរាល់ឆ្នាំ ក្រឡេកមើលទៅធនធានធម្មជាតិ ព្រៃឈើ ទន្លេបឹងបួរ សមុទ្រ រ៉ែ កាន់តែហិនហោចរេចរឹល។ នេះជាតថភាពជាក់ស្ដែង។ លោកបន្តថា “បំណុលរដ្ឋកើន រដ្ឋាភិបាលក្បាលកាន់តែធំ ចំណូលរដ្ឋតិច ចំណាយរដ្ឋប៉ោងធំ។ ការសាងសង់ផ្លូវថ្នល់មាន តែគុណភាពទាប មិនសមចំណាយ។
អ្នកវិភាគគោលនយោបាយ បារម្ភថាកម្ពុជា នៅតែមិនអាចរស់ ដោយមិនខ្ចីលុយបរទេស។ អ្នកវិភាគគោលនយោបាយលោកបណ្ឌិត អៀរ សុផល ថារបបលោក ហ៊ុន សែន នឹងនៅតែបន្តខ្ចីលុយ និង បន្តជំពាក់បំណុលចិន កាន់តែកើនឡើងសម្បើមថែមទៀត ដែលនេះជាបញ្ហាមួយគួរឲ្យព្រួយបារម្ភបំផុត ព្រោះលទ្ធភាពសងបំណុលមានតិចតួច ដោយសារតែសេដ្ឋកិច្ចកម្ពុជា នៅតែពឹងពាក់ខ្លាំង តែទៅលើវិស័យកាត់ដេរ។
លោកបណ្ឌិត អៀរ សុផល ដែលជាអ្នកនិពន្ធសៀវភៅ មានចំណងជើងថា «ការពឹងផ្អែកលើជំនួយនៅកម្ពុជា៖ តើជំនួយបរទេស ធ្វើឲ្យខ្សោយលទ្ធិប្រជាធិបតេយ្យយ៉ាងដូចម្ដេច?» ឆ្ងល់ថា តើកម្ពុជាជំពាក់បំណុលចិន ដ៏ច្រើនលើសលប់បែបនេះ តើរបបលោក ហ៊ុន សែន យកលុយទាំងនោះមកធ្វើអ្វីបានខ្លះ ស្របពេលដែលដីខ្មែរជាច្រើន ក្លាយជាដីសម្បទាន ជួលឲ្យចិនរហូតដល់ ៩៩ឆ្នាំ និងខ្សាច់ខ្មែរ ត្រូវគេកើបលក់ឲ្យបរទេសរាប់រយលានដុល្លារ បែបនេះនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។