កម្ពុជា និង​ចិន ប្ដេជ្ញា​បង្កើន​ពាណិជ្ជកម្ម​ទ្វេ​ភាគី ដល់ ១០ពាន់​លាន​ដុល្លារ មុន​ឆ្នាំ២០២៣

កម្ពុជា និង​ចិន ប្ដេជ្ញា​បង្កើន​ពាណិជ្ជកម្ម​ទ្វេ​ភាគី ដល់​ចំនួន​ទឹក​ប្រាក់ ១០ពាន់​លាន​ដុល្លារ មុន​ឆ្នាំ២០២៣។

ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញ​ថា កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ទៅ​ប្រទេស​ចិន មាន​តម្លៃ​ជាង ១ពាន់​លាន​ដុល្លារ (១,១ប៊ីលលាន) ក្នុង​ត្រីមាស​ទី៣ នៅ​ឆ្នាំ២០២១ នេះ ដែល​កើន​ឡើង​ជាង ៥២% ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ កម្ពុជា​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ចិន គិត​ជា​ទឹក​ប្រាក់ មាន​ចំនួន ៦,៨ពាន់​លាន​ដុល្លារ ក្នុង​ត្រីមាស​ទី៣ ឆ្នាំ២០២១ នេះ គឺ​កើន​ឡើង​ជាង ៣៦% បើ​ធៀប​ទៅ​នឹង​អំឡុង​ពេល​ដូច​គ្នា កាលពីឆ្នាំ២០២០ ។

ប្រទេស​កម្ពុជា និង​ចិន បាន​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​សច្ចាប័ន នា​ពេល​ថ្មីៗ នេះ។ កិច្ច​ព្រមព្រៀង​នេះ បើក​ចំហ​ទីផ្សារ​បន្ថែម​ទៀត សម្រាប់​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម ទៅ​ប្រទេស​ចិន។ ផលិតផល​សំខាន់ៗ ដែល​កម្ពុជា នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​ចិន រួមមាន អង្ករ ដំឡូងមី ផ្លែ​ស្វាយ និង​ផ្លែ​ចេក​ស្រស់។

ចំណែក​ផលិតផល ដែល​កម្ពុជា​នាំ​ចូល​ពី​ប្រទេស​ចិន​វិញ គឺ​វត្ថុធាតុ​ដើម សម្រាប់​ផលិត​សំលៀក​បំពាក់ សម្ភារៈ​សំណង់ និង​យានយន្ត​ជា​ដើម។

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ចិន ក្នុង​ឆ្នាំ២០២០ មាន​ទឹក​ប្រាក់ ជាង ៨ពាន់​លាន​ដុល្លារ (៨ប៊ីលលាន​ដុល្លារ) ដែល​ធ្លាក់​ចុះ​ជាង ៥% (៥,២) បើធៀបកាលពីឆ្នាំ២០១៩។ កាល​ពី​ឆ្នាំ​មុន ការ​នាំ​ចូល​ទំនិញ​របស់​កម្ពុជា​ពី​ប្រទេស​ចិន​ បាន​ធ្លាក់​ចុះប្រមាណ៧% ដោយសារ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​ត្រូវ​បាន​បិទ​ទ្វារ ដើម្បី​ទប់​ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូវីដ១៩៕