អ្នកវិភាគ​គោល​នយោបាយ​ថា កម្ពុជា​នឹង​ជួប​វិបត្តិ​ធំ បើ​រង​ទណ្ឌកម្ម​អន្តរជាតិ

ដោយ មួង ណារ៉េត
2019-07-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ពិភពលោក​នៃ​មហាវិទ្យាល័យ Occidental College នៅ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បណ្ឌិត អៀ សុផល
សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ពិភពលោក​នៃ​មហាវិទ្យាល័យ Occidental College នៅ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បណ្ឌិត អៀ សុផល
RFA

អ្នកវិភាគ​គោលនយោបាយ ថា កម្ពុជា​នឹង​ជួប​វិបត្តិ​ធំ បើ​រង​ទណ្ឌកម្ម​អន្តរជាតិ​មែន​នោះ ព្រោះ​ផល​ប៉ះពាល់ នឹង​កើតមាន​លើ​គ្រប់​វិស័យ។ ប្រតិកម្ម​របស់​អ្នកវិភាគ​នេះ ធ្វើឡើង​ក្រោយ​មន្ត្រី​ធនាគារ​ជាតិ និង​លោក ហ៊ុន សែន អួត​អំពី​ភាព​ធន់​នឹង​ទណ្ឌកម្ម​ណាមួយ។

អ្នកវិភាគ​គោលនយោបាយ​លោក បណ្ឌិត អៀ សុផល ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​ថា នៅ​ពេល​ដែល​ទណ្ឌកម្ម​អន្តរជាតិ ចាប់​ផ្តើម​អនុវត្ត​នៅ​កម្ពុជា ដូចជា​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ជាដើម ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន នឹង​បាត់បង់​ការងារ​ធ្វើ បាត់បង់​ប្រាក់​ចំណូល និង​ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ជាតិ​ទាំងមូល។

បណ្ឌិត អៀ សុផល សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ពិភពលោក នៃ​មហាវិទ្យាល័យ Occidental College នៃ​រដ្ឋ​កាលីហ្វ័រញ៉ា​ថា ពេល​ប្រទេស​រង​ទណ្ឌកម្ម កុំថាឡើយ​ទុន​បម្រុង​អន្តរជាតិ ឬ​ប្រាក់ចំណូល​រដ្ឋ ដែល​មន្ត្រី​ធនាគារ​ជាតិ និង លោក ហ៊ុន សែន អួត​ថា មាន​អាច​ទប់ទល់​បាន​រាប់​ខែ ឬ រហូតដល់​ជាង​មួយ​ឆ្នាំ​នោះ គឺ​វា​នឹង​រីងស្ងួត​ហួត​អស់​មួយ​រំពេច​។ ចំណែក​ឯ​វិនិយោគិន នឹង​ដក​សេចក្ដី​ទុកចិត្ត ពី​វិស័យ​វិនិយោគ​នៅ​ទូទាំង​ប្រទេស​។ ដែល​ប្រការ​នេះ នឹង​ប៉ះពាល់​យ៉ាង​ខ្លាំង ដល់​ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច។

ប្រតិកម្ម​របស់​អ្នកវិភាគ​គោល​នយោបាយ​រូប​នេះ ធ្វើឡើង​ក្រោយ​ពី​លោក ហ៊ុន សែន ចចេស​មិន​ព្រម​ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើងវិញ តែ​បែរជា​ខឹងសម្បា​នឹង​អ្នកណា ដែល​ហ៊ាន​ថា របប​លោក​នឹង​ជួប​វិបត្តិ បើ​រង​ទណ្ឌកម្ម​អន្តរជាតិ។ លោក ហ៊ុន សែន និយាយ​អួតអាង​ថា​របប​លោក មិន​ខ្វះ​លុយ ដើម្បី​បើក​ប្រាក់ខែ ឱ្យ​មន្ត្រីរាជការ​បាន​មួយ​រយៈ​នោះ​ដែរ៖ «ផ្តាំ​ទៅ​! អញ​សុំ​ផ្តាំ​! បើ​ទោះ​បី​គ្មាន​ប្រាក់ចំណូល​បន្ថែម ក៏ ហ៊ុន សែន មានលទ្ធភាព​បើកប្រាក់​ខែ លើស​ពី​មួយ​ឆ្នាំ សុំ​ប្រាប់​ឱ្យ​ហើយ​! ដល់​ពេល​នេះ ខ្ញុំ​និយាយ​ឱ្យ​អ្នកឯង​បាន​ភ្លឺ​ភ្នែក​! មួយ​ខែ​យើង​ចាយ​ប្រមាណ​ជា ៣០០ លាន​ដុល្លារ​ទេ តែ​ប្រាក់ចំណូល​របស់​យើង មាន​លើស​ពី ៤០០ លាន​ដុល្លារ​ក្នុង​មួយ​ខែ​! អ្ហែង​ត្រូវ​ចាំ​!»

ទោះបី​លោក ហ៊ុន សែន អះអាង​ថា ប្រាក់ចំណូល​មាន​លើស​ពី ៤០០​លាន​ដុល្លារ ក្នុង​មួយ​ខែ យ៉ាង​ណាក្តី បើ​តាម​របាយការណ៍​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​រយៈពេល ៥ ខែ​ដំបូង ក្នុង​ឆ្នាំ ២០១៩ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ចុះ​ថ្ងៃ​ទី១៣ ខែ មិថុនា បញ្ជាក់​ថា ពន្ធ​សរុប​ប្រមូល​បានតែ​ជាង ១ ៣០០ (១ ៣៣៥,៨៥) លាន​ដុល្លារ​អាមេរិក ឬ ជាង ២៦០ លាន​ដុល្លារ (២៦៧,១១ លាន​ដុល្លារ​) ប៉ុណ្ណោះ​ក្នុង​មួយ​ខែ​។ បើ​តាម​ការ​អះអាង របស់​លោក ហ៊ុន សែន ដែល​ថា ចាយ​តែ​ប្រមាណ ៣០០ លាន​ដុល្លារ​ក្នុង​មួយ​ខែ សម្រាប់​បើកប្រាក់​ខែ ក៏​ឃើញ​ថា ប្រាក់ចំណូល​ប៉ុណ្ណេះ មិន​គ្រប់គ្រាន់​ទេ នេះ​មិនទាន់​គិត​ការ​ចំណាយ​លើ​សេវា​សាធារណៈ​ផ្សេងៗ​ទៀត នៅឡើយ​ផង។

បើ​តាម​ប្រាក់ចំណូល ដែល​រាយការណ៍​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ បង្ហាញ​ថា ក្នុង​ឆ្នាំ ២០១៩ នេះ កម្ពុជា​អាច​នឹង​ប្រមូល​ពន្ធ​សរុប​បាន​ប្រមាណ ៣ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។ ប៉ុន្តែ ថវិកា​សរុប​ដែល​រដ្ឋាភិបាល ត្រូវការ​សម្រាប់​ការ​ចំណាយ​ប្រចាំ​ឆ្នាំ ២០១៩ នេះ គឺ​មាន​ដល់​ជិត ៧ លាន​ដុល្លារ​ឯណោះ។

ស្រប​ពេល ដែល​លោក ហ៊ុន សែន អះអាង​ថា របប​នេះ​អាច​មាន​ប្រាក់​គ្រប់​ល្មម ដើម្បី​បើក​ប្រាក់ខែ​មន្ត្រីរាជការ រហូតដល់​ជាង​មួយ​ឆ្នាំ ទោះ​រង​ទណ្ឌកម្ម​ពី​អន្តរជាតិ ក៏​អគ្គនាយក​បច្ចេកទេស​ធនាគារ​ជាតិ​នៃ​កម្ពុជា​អ្នកស្រី ជា សិរី ឯណោះ ត្រូវ​បាន​សារព័ត៌មាន​ក្នុងស្រុក​ដកស្រង់​សម្ដី កាលពី​ថ្ងៃ​ទី២៨ ខែ កក្កដា ដោយ​អះអាង​ថា កម្ពុជា អាច​ធន់​នឹង​ទណ្ឌកម្ម​អន្តរជាតិ​បាន​ជិត ៥ ខែ (,៩ ខែ​)​ដែរ ដោយសារតែ​ធនាគារ​ជាតិ មាន​ទុន​បម្រុង​អន្តរជាតិ​រហូតដល់ ១១,១ ប៊ី​លាន​ដុល្លារ៖ «ប្រទេស​មួយ​គួរតែ​មាន​លុយ​ខ្លួនឯង ដើម្បី​យក​ទៅ​ទិញ​ទំនិញ ដែល​យើង​ត្រូវការ​ចាំបាច់​ឱ្យ​បាន​បី​ខែ ព្រោះ​យើង​គិត ថា រយៈពេល​បី​ខែ​ហ្នឹង ជា​រយៈពេល​សមរម្យ​មួយ​ដែល អាជ្ញាធរ​អាច​ពិភាក្សា រក​ដំណោះស្រាយ​អ្វី​ផ្សេងៗ»

លោក អៀ សុផល ដែល​ជា​អ្នកនិពន្ធ​សៀវភៅ មាន​ចំណងជើង​ថា «​ការ​ពឹង​ផ្អែកលើ​ជំនួយ​នៅ​កម្ពុជា​៖ តើ​ជំនួយ​បរទេស ធ្វើ​ឱ្យ​ខ្សោយ​លទ្ធិប្រជាធិបតេយ្យ​យ៉ាងដូចម្ដេច​បន្ត​ទៀត​ថា បើ​របប​លោក ហ៊ុន សែន ឆ្លាត​វៃ គួរ​នាំគ្នា​គិត​លក​លៃ រក​ច្រក​ដោះស្រាយ​បញ្ចៀស​ទណ្ឌកម្ម ដែល​អាច​ចៀសវាង​បាន ជាជាង​និយាយ​អំពី​ថា តើ​កម្ពុជា​អាច​រស់​បាន​ដល់​ពេលណា បើ​រង​ទណ្ឌកម្ម​នោះ?

លោក​បន្ថែម​ថា ទុន​បម្រុង​អន្តរជាតិ នេះ​ប្រែប្រួល​មិន​ទៀងទាត់​ទេ ហើយ​ផល​ប៉ះពាល់​ពី​ទណ្ឌកម្ម​អន្តរជាតិ​លើ​ប្រទេស​នីមួយៗ ក៏​មិន​ដូចគ្នា​នោះ​ដែរ​។ ប្រទេស​ខ្លះ មាន​វិបត្តិ​ធំ ក្រោយពី​វិនិយោគិន​បរទេស ដក​ទុន​វិនិយោគ ស្រប​ពេល​ដែល​ប្រទេស​ខ្លះ​ទៀត ជួប​វិបត្តិ​ភ្លាមៗ ដោយ​ការបាត់បង់​ចំណូល​នាំចេញ​ជាដើម។

លោក​បន្ត​ថា ចុះ​បើ​ទណ្ឌកម្ម​អន្តរជាតិ មាន​រយៈពេល​យូរ​ជាង​អ្វី ដែល​កម្ពុជា​អាច​ស៊ូទ្រាំ​បាន​នោះ តើ​កម្ពុជា​បាន​អ្វី​ពឹង​? លោក​ព្រមាន​ថា កម្ពុជា​មិន​អាច​ពឹង​ចិន​បាន​យូរ​អង្វែង​នោះ​ឡើយ ដោយសារ​ប្រទេស​ចិន ក៏​មាន​បង្វេច ដែល​ត្រូវ​រែកពុន​របស់​ខ្លួន​ដែរ ព្រោះ​ចិន​ត្រូវ​យកចិត្តទុកដាក់​ជួយ​កូរ៉េខាងជើង​ផង​។ ដូច្នេះ​ចិន​នឹង​ប្រលែង​កម្ពុជា​ចោល ព្រោះ​សេដ្ឋកិច្ច​ចិន ក៏​កំពុង​ធ្លាក់​ចុះ​ជា​បណ្ដើរ​នោះ​ដែរ។

សារ​របស់​លោក ហ៊ុន សែន និង​មន្ត្រី​របប​នេះ ក៏​មិន​អាច​ធ្វើ​ឱ្យ​គ្រូបង្រៀន​ស្ងប់ចិត្ត​នោះ​ដែរ​។ តំណាង​សមាគម​គ្រូបង្រៀន ថា អ្វី​ដែល​លោក ហ៊ុន សែន និង មន្ត្រី​របប​នេះ ថ្លែង​សារ​នោះ គឺ​គ្រាន់តែ​ជា​ការ​លួង​ចិត្ត​ខ្លួនឯង និង អ្នកគាំទ្រ​បក្ស​កាន់អំណាច កុំ​ឱ្យ​អស់សង្ឃឹម និង​អស់​ទឹកចិត្ត ដោយសារតែ​របប​នេះ អស់​ច្រក​ដើរ​តែ​ប៉ុណ្ណោះ​ឯង។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី បន្ថែម​ថា បើ​លោក ហ៊ុន សែន អួត​ថា មាន​ប្រាក់​ច្រើន​បម្រុង​ទុក ដូច​ការ​អះអាង​មែន ចុះ​ហេតុអ្វី មិន​ដំឡើង​ប្រាក់ខែ ឱ្យ​លោកគ្រូ​អ្នកគ្រូ​ឱ្យ​បាន​សមរម្យ ព្រោះ​ជីវភាព​គ្រូបង្រៀន​កំពុង​លំបាក​ខ្លាំង។ អ្នកស្រី​ថា កុំថាឡើយ​មាន​លុយ​បើក​បាន​មួយ​ឆ្នាំ សូម្បី​តែ​មាន​លុយ​បើក​បាន​ដប់ឆ្នាំ ក៏​គង់តែ​វេទនា​ដែរ ព្រោះ​នៅ​ពេល​គេ​បិទ​សេដ្ឋកិច្ច គឺ​ដូច​បិទ​ខ្យល់​អុកស៊ីហ្សែន ធ្វើ​ឱ្យ​ថប់ដង្ហើម​ដល់​គ្រូបង្រៀន និង កម្មករ ដែល​នឹង​នាំគ្នា​ត្រដរ​ខ្យល់​យ៉ាង​លំបាក៖ «គឺ​ខ្ញុំ​គិត​ថា ខ្វល់ខ្វាយ​ខ្លាំង​មែនទែន​។ គ្រូបង្រៀន មិន​ឱ្យ​យកចិត្តទុកដាក់​ម្តេច​នឹង​បាន​? បើ​ពួកគាត់​ជា​ស្ថាប័ន​មួយ​ដែល​ធ្វើ​ឱ្យ​ប្រទេសជាតិ បាន​រីកចម្រើន ធ្លាក់​ទឹក ក៏​ដោយសារតែ​ការអប់រំ​ដែរ បើ​ការអប់រំ​ធ្លាក់​ដល់​កម្រិត​សូន្យ​ហើយ ទោះបី​ជា​មាន​លុយ ឬ មុខមាត់​ប៉ុនណា ក៏​ត្រូវ​តែ​ធ្លាក់​ដោយ​មិនបាច់​គេ​ច្រាន​នោះ​ដែរ»

អ្នកស្រី អ៊ុក ឆាយ៉ាវី បន្ត​ថា​ដំណោះស្រាយ​ដែល​សមស្រប ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដល់​ជាតិ គឺ​ការ​ស្តារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ ដែល​កម្ពុជា​គួរតែ​អាច​ធ្វើ​បាន ដើម្បី​បញ្ចៀស​មហន្តរាយ​ជាយថាហេតុ​នេះ៖ «ក្នុងនាម​ខ្ញុំ​ជា​គ្រូបង្រៀន ខ្ញុំ​អត់​ចង់​ឱ្យ​មាន​ចេតនា​ណាមួយ ដែល​ធ្វើ​ឱ្យ​ជាតិ​ខ្លួនឯង ធ្លាក់​ទៅ​ក្នុង​គ្រោះ​ដ៏​សែន​ជ្រៅ ធ្វើ​ឱ្យ​រាស្ត្រ​ទឹកភ្នែក ធ្វើ​ឱ្យ​រាស្ត្រ​វេទនា​នោះ​ទេ​។ ខ្ញុំ​ចង់​ឱ្យ​មាន​ការចរចា​មួយ ដើម្បី​ឱ្យ​ភាគី​ទាំងសងខាង​រស់​ទាំងអស់​គ្នា»

ពេលវេលា​សម្រាប់​ស្ដារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​សម្រាប់​របប​លោក ហ៊ុន សែន គឺ​កាន់តែ​ខើច​ណាស់​ទៅ​ហើយ ក្រោយ​សហភាព​អឺរ៉ុប នឹង​បិទ​បញ្ចប់​នីតិវិធី​ប្រាំ​មួយ​ខែ​ដំបូង ក្នុង​ការ​ត្រួត​ពិនិត្យ និង​វាយតម្លៃ​ស្ថានភាព​កម្ពុជា នៅ​ថ្ងៃ​ទី១២ ខែ សីហា ខាងមុខនេះ មុននឹង​សម្រេច​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា។ ចំណែក​ឯ​សមាជិកសភា​អាមេរិក ក៏​កំពុង​ពន្លឿន​នីតិវិធី​សេចក្ដី​ព្រាងច្បាប់​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ទូទៅ ឬ GSP របស់​អាមេរិក​ដែរ។

ដំណោះស្រាយ​បញ្ចៀស​ទណ្ឌកម្ម​ជាយថាហេតុ​គឺ ដោះលែង និង​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រឆាំង​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះជាតិ បើក​ដំណើរការ​ឡើងវិញ និង​រៀបចំ​ការបោះឆ្នោត ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល