មន្ត្រី​សង្គម​ស៊ីវិល​មិន​រំពឹង​ថា សេដ្ឋកិច្ចជាតិ​អាច​នឹង​ងើប​ឡើងវិញ​ក្នុងពេលដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩ កាន់តែ​ខ្លាំង

ដោយ មាន ឫទ្ធិ
2021-03-27
Share
មន្ត្រី​សង្គម​ស៊ីវិល​មិន​រំពឹង​ថា សេដ្ឋកិច្ចជាតិ​អាច​នឹង​ងើប​ឡើងវិញ​ក្នុងពេលដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩ កាន់តែ​ខ្លាំង ទិដ្ឋភាព​អគារ​នៃ​កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) នារាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៣១ ខែ​មីនា ឆ្នាំ​២០២០។
Photo Provided

មន្ត្រី​សង្គម​ស៊ីវិល មិន​រំពឹង​ថា សេដ្ឋកិច្ចជាតិ​អាច​នឹង​ងើបឡើង​វិញ ក្នុងពេលដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ផ្ទុះ​ជំងឺ​រាតត្បាត​កូវីដ​១៩ កាន់តែ​ខ្លាំង​នោះ​ទេ​។ ការ​លើកឡើង​នេះ ស្រប​ពេល​ដែល​ធនាគារ​ពិភពលោក (World Bank) ព្យាករណ៍​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២១​នេះ និង​នៅ​ឆ្នាំ​ខាងមុខៗ នឹង​នៅតែ​ទាប​ជាង​មុន​ពេល​វិបត្តិ​ផ្ទុះ​ជំងឺ​កូវីដ​១៩។

បើ​ទោះ​​ជា​ធនាគារពិភពលោក ព្យាករណ៍​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅតែ​ទាប​ជាង​មុន​ពេល​មាន​វិបត្តិ​កូវីដ តែ​អាច​នឹង​កើនឡើង​មកវិញ​ក្នុង​រង្វង់ ៤% ក្នុង​ឆ្នាំ​២០២១​នេះ ក្រោយ​ពី​បាន​ដាំ​ក្បាល​ចុះ​រហូតដល់​ជាង -% (-,%) កាលពី​ឆ្នាំ​២០២០ ក៏ដោយ មន្ត្រី​សង្គម​ស៊ីវិល ហាក់​ពុំ​ទាន់​មាន​សុទិដ្ឋិនិយម​បែបនេះ​នៅឡើយ​ទេ​។ ការណ៍​នៅ​មិនទាន់​រំពឹង​ថា សេដ្ឋកិច្ច​អាច​នឹង​ប្រសើរ​ឡើងវិញ​នេះ គឺ​ដោយសារតែ​កម្ពុជា​កំពុង​ទទួលរង​នូវ​ការ​ផ្ទុះ​ជំងឺ​រាតត្បាត​កូ​វីដ​១៩ កាន់តែ​ខ្លាំង​ខុស​ពី​ឆ្នាំ​២០២០ និង​កត្តា​ពី​ខាងក្រៅ​មួយ​ចំនួន​ទៀត។

នាយក​ប្រតិបត្តិ​អង្គការ​សង់ត្រាល់ (CENTRAL) លោក មឿន តុលា យល់ថា ប្រសិនបើ​ស្ថានភាព​វាយលុក​នៃ​ជំងឺ​កូ​វីដ​១៩ បច្ចុប្បន្ន​នៅតែ​បន្ត​បណ្តាល​ឱ្យ​មានការ​កើនឡើង​ខ្ពស់​នៃ​ចំនួន​អ្នក​ស្លាប់ និង​អ្នក​ឆ្លង​នោះ នោះ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២១​នេះ អាច​នឹង​នៅតែ​ស្ថិត​ក្នុង​រង្វង់​អវិជ្ជមាន​ដដែល​៖ «​ខ្ញុំ​មើល​តែ​វិស័យ​ពីរ ឬ​បី និយាយ​ទៅ​... វិស័យ​ទេសចរណ៍​ដែល​ជា​វិស័យ​សក្ដានុពល គឺ​មើលទៅ​ដួល​ខ្ពោក​សព្វថ្ងៃ​នេះ​។ ឥឡូវនេះ កម្ពុជា​កំពុងតែ​ប្រឈម​នឹង​រឿង​កូវីដ​១៩​ផង ហើយនឹង​រឿង​សេចក្តី​សម្រេច​របស់​សហ​គម​ន៍​អឺរ៉ុប​ចុងក្រោយ​នេះ ហាក់ដូចជា​ធ្ងន់​។ ក្រៅ​ពី​នោះ ក៏​ហាក់ដូចជា​មានការ​សំឡឹង​មើល​កម្ពុជា​រឿង​លុយខ្មៅ លុយ​អី​ផង អ៊ីចឹង​ទៅ ខ្ញុំ​ពិបាក​នឹង​មាន​សុទិដ្ឋិនិយម​ថា សេដ្ឋកិច្ច​កម្ពុជា​អាច​នឹង​មាន​ការ​កើនឡើង​ណាស់​។ បើសិនជា​កម្ពុជា​មិន​អាច​គ្រប់គ្រង​ស្ថានភាព​កូវីដ​១៩ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ទៅ​មុខ​ទៀត​នេះ​ទេ គឺ​មើលទៅ​សេដ្ឋកិច្ច​កម្ពុជា​អាច​នឹង​ដក​វិញ មិនមែន​បូក​ទេ»

កាលពី​ថ្ងៃទី​២៥ មីនា ធនាគារ​ពិភពលោក (World Bank) ពន្យល់​ថា ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​នេះ គឺ​ដោយសារតែ​ការ​ចាប់ផ្តើម​បន្តដំណើរការ​ឡើង​វិញ​នូវ​ការនាំចេញ​ក្នុង​វិស័យ​កសិកម្ម និង​វិស័យ​សំណង់​។ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ទៅ​មុខ​ទៀត គឺ​ក្នុង​ឆ្នាំ​២០២២ និង​២០២៣ ធនាគារ​ពិភពលោក​ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា អាច​នឹង​មាន​ក្នុង​រង្វង់​ជាង ៥% (,%)​។​

មន្ត្រី​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន និយាយ​ថា ការព្យាករណ៍​របស់​ធនាគារ​ពិភពលោក​នា​ពេល​នេះ មិន​សូវ​ជា​ខុសគ្នា​ទៅ​នឹង​ការព្យាករណ៍​របស់​រដ្ឋាភិបាល​នោះ​​ទេ​។ លោក​ទទួលស្គាល់​ថា ជា​ការ​ពិបាក​ក្នុង​ការ​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ឱ្យ​បាន​ដូច​នៅមុន​ពេល​មាន​វិបត្តិ​កូ​វីដ​១៩៖ «​ជា​រឿង​ធម្មតា​ទេ ផល​ប៉ះពាល់​នៃ​កូ​វីដ ហើយ​ទម្រាំ​តែ​យើង​ស្តា​សេដ្ឋកិច្ច​យើង​ឡើងវិញ​បាន យើង​មិនទាន់​សង្ឃឹមថា នឹង​ឈាន​ទៅ​ដល់​កម្រិត​មុន​កូវីដ​ទេ។ បញ្ហា​មួយទៀត​គិតថា​ការព្យាករណ៍​របស់​យើង​សម្រាប់​ឆ្នាំក្រោយៗ​តទៅទៀត យើង​នៅ​មាន​ការប្រុងប្រយ័ត្ន​មែនទែន ហើយ​អ្វី​ដែល​យើង​សង្ឃឹមថា សេដ្ឋកិច្ច​ពិភពលោក វា​នឹង​ងើបឡើង​វិញ ពីព្រោះ​ដោយសារតែ​យើង​ជា​ប្រទេស​មួយ​ដែល​ផលិត​ដើម្បី​បម្រើ​ឱ្យ​សង្វាក់​ផលិតកម្ម ហើយ​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​ពិភពលោក»

មន្ត្រី​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​រូប​នេះ ពុំ​យល់​ស្រប​ថា វិបត្តិ​ជំងឺ​រាតត្បាត​កូ​វីដ​១៩​នេះ ធ្វើ​ឱ្យ​ចំនួន​ពលរដ្ឋ​រស់នៅ​ក្រោម​បន្ទាត់​ក្រីក្រ និង​វិសមភាព​សង្គម ឬ​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ​កើនឡើង​នោះ​ទេ​៖ «​បើ​យើង​មើល Gini Coefficient របស់​កម្ពុជា​យើង ឃើញ​នៅក្នុង​តំបន់ ឃើញ​នៅ​ទាប​នៅ​ឡើយ​ទេ បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​។ អ៊ីចឹង បើ​យើង​សន្និដ្ឋាន​ថា វា​មាន​ការ​ប្រែប្រួល ជា​ភ្នែក​ទទេ​យើង​មើល​ឃើញ​ថា មាន​ការ​មិន​សមភាព​គ្នា​។ ប៉ុន្តែ យើង​ត្រូវ​មើល​តាម​របៀប​វិទ្យាសាស្ត្រ ហើយ​វិទ្យាសាស្ត្រ​បាន​ឆ្លើយ​មក​ថា ប្រទេស​យើង​មិនមែន​ជា​ប្រទេស​មួយ​ដែល​មាន​វិសមភាព​សង្គម​ខ្លាំង​នោះ​ទេ​។ នេះ​ខ្ញុំ​មិនដឹង​ថា យើង​អាច​បកស្រាយ​បាន​ថា យ៉ាងម៉េច​ដើម្បី​ឱ្យ​យើង​យល់​បាន​។ ប៉ុន្តែ បើ​តាម​វិទ្យាសាស្ត្រ​គឺ​បង្ហាញ​ឱ្យ​យើង​ឃើញ​ដូច្នេះ»

Prahsihanouk vill.jpg
រូបសំណាកតោមាសនៅខេត្តព្រះសីហនុ ដែលបច្ចុប្បន្នកំពុងក្លាយជាប៉ូលសេដ្ឋកិច្ចដ៏ទាក់ទាញវិនិយោគិនជនជាតិចិន។

យ៉ាងណា ធនាគារ​ពិភពលោក ពន្យល់​ជា​រួម​ថា ដោយសារតែ​ជំងឺ​រាតត្បាត​កូ​វីដ​១៩​នេះ ប្រជាជន​ប្រមាណ ៣២​លាន​នាក់​នៅក្នុង​តំបន់ នៅតែ​មិនអាច​រើខ្លួន​ចេញផុត​ពី​ភាព​ក្រីក្រ​បាន សម្រាប់​ការ​ចំណាយ​ជាង ៥​ដុល្លារ (,៥​ដុល្លារ​) ក្នុង​មួយថ្ងៃ​។ ទន្ទឹម​គ្នា​នេះ វិសមភាព​ក្នុង​សង្គម​ក៏​ចេះតែ​កើនឡើង​ដោយសារតែ​មកពី​ការ​រាតត្បាត​ជំងឺ និង​វិធានការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ ព្រមទាំង​កង្វះ​លទ្ធភាព​ស្មើភាព​គ្នា​ក្នុង​ការ​ទទួល​បាន​សេវាកម្ម​សង្គម និង​បច្ចេកវិទ្យា​ឌីជីថល​។ រីឯ​ស្ត្រី​វិញ ក៏​ទទួលរង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ច្រើន​ជាង​មុន។

លោក មឿន តុលា យល់​ថា ពលរដ្ឋ​ខ្មែរ អាច​ស្ថិតនៅ​ក្នុង​ចំណោម​ពលរដ្ឋ​ក្នុង​តំបន់​ទាំងនេះ ដែល​មិន​អាច​រើខ្លួន​ចេញផុត​ពី​ភាព​ក្រីក្រ និង​ទទួលរង​នូវ​វិសមភាព​ក្នុង​សង្គម​កាន់តែ​ខ្លាំង​ដោយសារតែ​វិបត្តិ​កូវីដ​១៩​នេះ​៖ «​ខ្ញុំ​មើល​ឃើញ​ថា កម្ពុជា​គឺជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់ គឺ​ទទួល​នូវ​ស្ថានភាព​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ ពីព្រោះ​យើង​ឃើញ​ហើយ បើ​ទោះ​ជា​រដ្ឋាភិបាល​ប្រឹងប្រែង​ចេញ​ច្បាប់​ចាប់បង្ខំ​មនុស្ស​ប៉ុណ្ណា​ក៏ដោយ ប៉ុន្តែ​មនុស្ស​នៅតែ​ព្យាយាម​ចេញទៅ​រកមុខ​របរ​ទទួល​ទាន ពីព្រោះ​សំខាន់​រឿង​រដ្ឋាភិបាល​អត់​បាន​ចេញ​ជា​គោលនយោបាយ​ក្នុង​ការ​ជួយ​។ និយាយ​ឱ្យ​ខ្លី​ទៅ​គឺ​កម្មវិធី​ជំនួយ​សង្គម​ទៅដល់​ពលរដ្ឋ​។ នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ គាត់​មិន​អាច​រក​អី​បាន គាត់​ពិបាក​ក្នុង​ការ​រក​ចំណូល រក្សា​ចំណូល ប៉ុន្តែ​គាត់​នៅតែ​សង​លុយ​ទៅ​ធនាគារ ឬក៏​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​។​ល​។ ត្រង់​ហ្នឹង​ហើយ​ដែល​ខ្ញុំ​មើលទៅ អ្នក​ដែល​ក្រ គឺ​អ្នក​ដែល​រស់នៅ​កៀក ឬ​នៅ​លើ​បន្ទាត់​ភាព​ក្រីក្រ​បន្តិចបន្តួច​អាច​ធ្លាក់​ទៅ​ក្រោម​ទៅវិញ​ទេ»

ដោយឡែក អ្នកជំនាញ​សេដ្ឋកិច្ច​នយោបាយ និង​ជា​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ University College London នៃ​ចក្រភព​អង់គ្លេស បណ្ឌិត យង់ សុភា ក៏​យល់ស្រប​ថា ពលរដ្ឋ​ក្រីក្រ​អាច​នឹង​កើនឡើង​ដោយសារតែ​វិបត្តិ​ជំងឺ​កូវីដ​១៩​ដែរ៖ «ជា​ការ​ពិត​ហើយ នៅ​ពេល​ដែល​មាន​គ្រោះអាសន្ន​ដូច្នេះ ធ្វើ​ឱ្យ​មាន​ភាព​ក្រីក្រ​កាន់តែ​កើនឡើង ហើយ​វិសមភាព​ក៏​វា​អាច​ដំណើរ​ទៅ​ជាមួយគ្នា​ដែរ​។ ជាពិសេស ដោយសារតែ ស្រុក​ខ្មែរ​យើង​មាន​វិស័យ​កសិកម្ម ក៏​ត្រូវ​តែ​ពឹង​ផ្អែកលើ​ផ្នែក​មួយចំនួន ជាពិសេស​ខាង​វិស័យ​ហិរញ្ញវត្ថុ ខាង​មីក្រូហិរញ្ញវត្ថុ ឬក៏​ធនាគារ គឺ​កំពុងតែ​មានការ​ពិភាក្សា​គ្នា ធ្វើ​ម៉េច​ឱ្យ​មានការ​លើកលែង​ការ​យក​ការប្រាក់ បន្ថយ​ការប្រាក់ ឬក៏​ពន្យារ​ពេល​នៃ​ការ​បង់​ការប្រាក់»

នៅ​មុន​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​១៩ ធនាគារ​ពិភពលោក ធ្លាប់​គូស​បញ្ជាក់​ថា ចំនួន​ពលរដ្ឋ​ដែល​រស់នៅ​កៀក​នឹង​បន្ទាត់​ភាព​ក្រីក្រ ឬ​ដែល​ងាយ​នឹង​ធ្លាក់ខ្លួន​ក្រីក្រ​ឡើងវិញ គឺ​មាន​រហូតដល់​ទៅ​ប្រមាណ​ជាង ៤​លាន​៥​សែន​នាក់​។ ធនាគារ​ដដែល​កាលពី​ឆ្នាំ​២០២០ បាន​ព្យាករណ៍​ថា យ៉ាងហោចណាស់ ពលរដ្ឋ​កម្ពុ​ជាជាង ១​លាន ៧​សែន​នាក់ ពិសេស​ក្នុងចំណោម​គ្រួសារ​ដែល​ធ្វើការ​ក្នុង​វិស័យ​ទេសចរណ៍ ទិញ​លក់ដុំ និង​រាយ វិស័យ​កាត់ដេរ វិស័យ​សំណង់ ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ផលិតកម្ម ប្រឈម​នឹង​ការបាត់បង់​ការងារ​ធ្វើ​។ រីឯ អង្គការ​កម្មវិធី​អភិវឌ្ឍ​សហប្រជាជាតិ UNDP ក៏បាន​វាយតម្លៃ​ពី​ផល​ប៉ះពាល់​សេដ្ឋកិច្ច និង​សង្គម​ដោយសារតែ​វិបត្តិ​ជំងឺ​កូវីដ​១៩ ថា អត្រា​ពលរដ្ឋ​រស់នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ ឬ​ចំណាយ​តិច​ជាង ២​ដុល្លារ​ក្នុង​មួយថ្ងៃ អាច​នឹង​កើនឡើង​រហូតដល់ ១៧,% ឬ​ស្មើនឹង​ចំនួន​ពលរដ្ឋ​ប្រមាណ​ជិត ៣​លាន​នាក់។

ទន្ទឹម​នឹង​នេះ របាយការណ៍​ចុងក្រោយ​របស់​អង្គការ​សង្គម​ស៊ីវិល​ជាតិ បាន​រក​ឃើញ​ថា គិត​ត្រឹម​ចុងឆ្នាំ​២០១៩ ពលរដ្ឋ​កម្ពុជា ប្រមាណ ២​លាន​៦​សែន​នាក់ ជំពាក់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​មាន​តម្លៃ​បំណុល​សរុប​ជាង ១​ម៉ឺន​លាន​ដុល្លារ ហើយ​បំណុល​ជា​មធ្យម​មាន​ប្រមាណ ៤​ពាន់​ដុល្លារ​សម្រាប់​ពលរដ្ឋ​ម្នាក់ៗ​។ នេះ គេ​នៅ​មិនទាន់​គិត​ពី​ចំនួន​ពលករ​ចំណាកស្រុក​ខ្មែរ​អត់​ការងារ​ធ្វើ​នៅក្នុង​ប្រទេស រួច​រត់​ទៅ​ធ្វើ​ការ​ខុស​ច្បាប់ នៅ​ក្រៅ​ប្រទេស ដែល​មាន​ដល់​ទៅ​រាប់​សែន​នាក់​នៅឡើយ​ផង​។ រីឯ រដ្ឋ​វិញ ក៏​កំពុង​ជាប់ជំពាក់​បំណុល​បរទេស​ជិត ៨​ពាន់​លាន​ដុល្លារ ដែល​ក្នុង​នោះ​បំណុល​ស្ទើរតែ​ជិត​ពាក់​កណ្ដាល​ជា​របស់ «​មហាមិត្ត​» ចិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល