កម្ពុជានឹងត្រៀមធ្វើពិធីអបអរជនជាតិចិននៅតាមច្រកព្រលានយន្តអន្តរជាតិនានានៅកម្ពុជានៅពេលខាងមុខ។ អនុប្រធាននាយកដ្ឋានច្រកទ្វារទី២នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍លោក ស៊ឹម វណ្ណដេត បានសរសេរក្នុងទំព័រហ្វេសប៊ុក (Facebook) របស់លោកថា កម្ពុជានឹងពិធីទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះការមកដល់ភ្ញៀវទេសចរចិននៅតាមព្រលានយន្តហោះអន្តរជាតិ។
ទោះបីយ៉ាងណា អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក ប្រាប់វិទ្យុអាស៊ីសេរីថា រដ្ឋាភិបាលមិនទាន់កំណត់ថ្ងៃខែជាក់លាក់ក្នុងការរៀបចំពិធីអបអរសាទរទេសចរចិនចូលមកកម្ពុជានេះនៅឡើយទេ។ លោក តុប សុភ័ក ឱ្យដឹងថា គិតត្រឹមថ្ងៃទី៨ ខែមករា មក ជនជាតិចិនបានធ្វើដំណើរចូលកម្ពុជាបណ្តើរៗហើយ ដោយក្នុងមួយថ្ងៃមានជើងហោះហើរពីប្រទេសចិន ពី៤ ទៅ៥ ជើងហោះហើរ។ ដោយឡែក វត្តមាននៃជនជាតិចិន ចូលកម្ពុជានោះ លោកមិនទាន់មានរបាយការណ៍ជាតួលេខជាក់លាក់នៅឡើយ។ លោកបន្ថែមថា ការរៀបចំធ្វើពិធីអបអរសាទរជនជាតិចិននៅព្រលានយន្តហោះនោះ គឺជាការបង្ហាញពីសាមគ្គីភាព ការស្វាគមន៍ទាក់ទាញជនជាតិចិនឱ្យមកកម្ពុជាកាន់តែច្រើនតែប៉ុណ្ណោះ និងគ្មានពាក់ព័ន្ធនឹងរឿងនយោបាយអ្វីទេ។
លោក តុប សុភ័ក៖ «អាហ្នឹងជាលក្ខណៈស្វាគមន៍ចិនដែលបើកប្រទេសឡើងវិញបន្ទាប់ពីកូវីដធូរស្រាល។ ជារបៀបបដិសណ្ឋារកិច្ច ជានយោបាយទេសចរគឺយើងទទួលស្វាគមន៍ក្នុងន័យមិត្តភាព ជាពិសេសចិនជាទីផ្សារធំសម្រាប់ពិភពលោកទាំងមូល។ អ៊ីចឹង កម្ពុជារបស់យើងក៏យើងឈោងចាប់ទេសចរចិនមកបានដូចគ្នា មិនសម្រាប់តែយើងទេ ប្រទេសក្នុងតំបន់ជិតៗខាង ក៏គេមានការរៀបចំដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរចិនបានដូចគ្នា»។
ពាក់ព័ន្ធនឹងរឿងនេះ អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក លើកឡើងថា ខណៈកម្ពុជាជាកូនបំណុលរបស់ចិន និងមានវិបត្តិនយោបាយផងនោះ លោក ហ៊ុន សែន នឹងកាន់តែបង្ហាញអំពីភក្ដីភាពជាមួយជនជាតិចិន ដើម្បីលួងចិត្តដល់មេដឹកនៃប្រទេសចិន ដើម្បីផ្តល់ប្រាក់កម្ចីឥណទានបន្ថែម និងគាំទ្រផែនការផ្ទេរអំណាចទៅឱ្យលោក ហ៊ុន ម៉ាណែត។ លោកបន្តថា រដ្ឋាភិបាលឯកបក្សប្រឹងប្រែងគិតគូរប្រជាជនចិនបែបនេះ គឺជាការពង្រឹងទំនាក់ទំនងឱ្យជាមួយមេដឹកប្រទេសចិនក្នុងគោលដៅការពារផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកតែប៉ុណ្ណោះ។
លោក គៀន ពន្លក៖ «ខ្ញុំគិតថា បំណងរដ្ឋាភិបាលគឺលួងប្រទេសចិនក្នុងនាមជាមិត្តដែកថែបក្នុងការណ៍ដែលកំពុងជួបវិបត្តិជំងឺកូវីដ-១៩ កម្ពុជាយល់ឃើញថា ប្រសិនបើរឹតត្បិតទំនាក់ទំនង ជាពិសេសការរឹតត្បិតទិដ្ឋាការ(VISA)និងមានការត្រួតពិនិត្យតេស្តកូវីដ-១៩ នោះ គឺធ្វើឱ្យខូចទំនាក់ទំនងការបរទេសអន្តរជាតិជាមួយប្រទេសចិនដែលជាមិត្តដែកថែបរបស់ខ្លួន»។
របាយការណ៍អង្គការសុខភាពពិភពលោក (WHO) ចុះផ្សាយថា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយកាលពីថ្ងៃទី១២ ខែមករា នៅប្រទេសចិនមាននាក់ឆ្លងជំងឺកូវីដ-១៩ថ្មី ជាង ២ម៉ឺន ៧ពាន់ករណី (២៧.៥៩០)។ ដោយឡែក នៅកម្ពុជាវិញ គិតត្រឹមថ្ងៃទី១២ ខែមករា កម្ពុជា មាននាក់ឆ្លងជំងឺនេះសរុប ជិត ១៤ម៉ឺននាក់ (១៣.៨៦៥១) ក្នុងនោះមានករណីឆ្លងថ្មីមាន ៩ករណី និងមាននាក់ស្លាប់ជាង ៣ពាន់នាក់ (៣.០៥៦)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
