អាជ្ញាធរ​គ្រោង​ធ្វើ​ពិធី​អបអរសាទរ​ទទួល​ទេសចរ​ចិន​នៅ​តាម​ច្រក​ព្រលាន​យន្តហោះ​កម្ពុជា

0:00 / 0:00

កម្ពុជា​នឹង​ត្រៀម​ធ្វើ​ពិធី​អបអរ​ជនជាតិ​ចិន​នៅ​តាម​ច្រក​ព្រលាន​យន្ត​អន្តរជាតិ​នានា​នៅ​កម្ពុជា​នៅពេល​ខាងមុខ​។ អនុប្រធាន​នាយកដ្ឋាន​ច្រក​ទ្វារ​ទី​២​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​លោក ស៊ឹម វណ្ណដេត បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា កម្ពុជា​នឹង​ពិធី​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ការ​មក​ដល់​ភ្ញៀវ​ទេសចរ​ចិន​នៅ​តាម​ព្រលាន​យន្តហោះ​អន្តរជាតិ។

ទោះ​បី​យ៉ាងណា អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍ លោក តុប សុភ័ក ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា រដ្ឋាភិបាល​មិនទាន់​កំណត់​ថ្ងៃខែ​ជាក់លាក់​ក្នុង​ការ​រៀបចំ​ពិធី​អបអរសាទរ​ទេសចរ​ចិន​ចូល​មក​កម្ពុជា​នេះ​នៅឡើយ​ទេ។ លោក តុប សុភ័ក ឱ្យដឹង​ថា គិត​ត្រឹម​ថ្ងៃទី​៨ ខែ​មករា មក ជន​ជាតិចិន​បាន​ធ្វើ​ដំណើរ​ចូល​កម្ពុជា​បណ្តើរៗ​ហើយ ដោយ​ក្នុង​មួយថ្ងៃ​មាន​ជើងហោះហើរ​ពី​ប្រទេស​ចិន ពី​៤ ទៅ​៥ ជើងហោះហើរ។ ដោយឡែក វត្តមាន​នៃ​ជន​ជាតិចិន ចូល​កម្ពុជា​នោះ លោក​មិន​ទាន់​មាន​របាយការណ៍​ជា​តួលេខ​ជាក់លាក់​នៅឡើយ​។ លោក​បន្ថែម​ថា ការរៀបចំ​ធ្វើ​ពិធី​អបអរសាទរ​ជនជាតិ​ចិន​នៅ​ព្រលាន​យន្តហោះ​នោះ គឺជា​ការ​បង្ហាញ​ពី​សាមគ្គីភាព ការ​ស្វាគមន៍​ទាក់ទាញ​ជនជាតិ​ចិន​ឱ្យ​មក​កម្ពុជា​កាន់តែ​ច្រើន​តែប៉ុណ្ណោះ និង​គ្មាន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​អ្វី​ទេ។

លោក តុប សុភ័ក៖ «អាហ្នឹង​ជា​លក្ខណៈ​ស្វាគមន៍​ចិន​ដែល​បើក​ប្រទេស​ឡើងវិញ​បន្ទាប់ពី​កូវីដ​ធូរស្រាល។ ជា​របៀប​បដិសណ្ឋារកិច្ច ជា​នយោបាយ​ទេសចរ​គឺ​យើង​ទទួល​ស្វាគមន៍​ក្នុង​ន័យ​មិត្តភាព ជាពិសេស​ចិន​ជាទី​ផ្សារ​ធំ​សម្រាប់​ពិភពលោក​ទាំងមូល​។ អ៊ីចឹង កម្ពុជា​របស់​យើង​ក៏​យើង​ឈោង​ចាប់​ទេសចរ​ចិន​មក​បាន​ដូចគ្នា មិន​សម្រាប់​តែ​យើង​ទេ ប្រទេស​ក្នុង​តំបន់​ជិតៗ​ខាង ក៏​គេ​មាន​ការ​រៀបចំ​ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន​បាន​ដូចគ្នា»។

ពាក់ព័ន្ធ​នឹង​រឿង​នេះ អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក លើកឡើងថា​ ខណៈ​កម្ពុជា​ជា​កូនបំណុល​របស់​ចិន និង​មាន​វិបត្តិ​នយោបាយ​ផង​នោះ លោក ហ៊ុន សែន នឹង​កាន់តែ​បង្ហាញ​អំពី​ភក្ដីភាព​ជាមួយ​ជនជាតិ​ចិន ដើម្បី​លួង​ចិត្ត​ដល់​មេ​ដឹក​នៃ​ប្រទេស​ចិន ដើម្បី​ផ្តល់​ប្រាក់កម្ចី​ឥណទាន​បន្ថែម និង​គាំទ្រ​ផែនការ​ផ្ទេរអំណាច​ទៅ​ឱ្យ​លោក ហ៊ុន ម៉ាណែត។ លោក​បន្ត​ថា រដ្ឋាភិបាល​ឯក​បក្ស​ប្រឹងប្រែង​គិតគូរ​ប្រជាជន​ចិន​បែប​នេះ គឺជា​ការ​ពង្រឹង​ទំនាក់ទំនង​ឱ្យ​ជាមួយ​មេ​ដឹក​ប្រទេស​ចិន​ក្នុង​គោលដៅ​ការពារ​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​តែប៉ុណ្ណោះ។​

លោក គៀន ពន្លក៖ «ខ្ញុំ​គិតថា បំណង​រដ្ឋាភិបាល​គឺ​លួង​ប្រទេស​ចិន​ក្នុងនាម​ជា​មិត្ត​ដែកថែប​ក្នុង​ការណ៍​ដែល​កំពុង​ជួប​វិបត្តិ​ជំងឺ​កូវីដ​-១៩ កម្ពុជា​យល់​ឃើញ​ថា ប្រសិនបើ​រឹតត្បិត​ទំនាក់ទំនង ជាពិសេស​ការ​រឹតត្បិត​ទិដ្ឋាការ(VISA)និង​មានការ​ត្រួតពិនិត្យ​តេស្ត​កូវីដ​-១៩ នោះ គឺ​ធ្វើ​ឱ្យ​ខូច​ទំនាក់ទំនង​ការបរទេស​អន្តរជាតិ​ជាមួយ​ប្រទេស​ចិន​ដែល​ជា​មិត្ត​ដែកថែប​របស់​ខ្លួន»។

របាយការណ៍​អង្គការ​សុខភាព​ពិភពលោក (WHO) ចុះផ្សាយ​ថា ក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ​កាលពី​ថ្ងៃទី​១២ ខែមករា នៅ​ប្រទេស​ចិន​មាន​នាក់​ឆ្លង​ជំងឺ​កូវីដ​-១៩​ថ្មី ជាង ២​ម៉ឺន ៧​ពាន់​ករណី (២៧.៥៩០)​។ ដោយឡែក នៅ​កម្ពុជា​វិញ គិត​ត្រឹម​ថ្ងៃទី​១២ ខែមករា កម្ពុជា មាន​នាក់​ឆ្លង​ជំងឺ​នេះ​សរុប ជិត ១៤​ម៉ឺន​នាក់ (១៣.៨៦៥១) ក្នុង​នោះ​មាន​ករណី​ឆ្លង​ថ្មី​មាន ៩​ករណី និង​មាន​នាក់​ស្លាប់​ជាង ៣​ពាន់​នាក់ (៣.០៥៦)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។