ប្រជាពលរដ្ឋទូទៅ និងមន្ត្រីរាជការមួយចំនួន សោកស្ដាយដែលរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា មិនព្រមកែលម្អស្ថានការណ៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ហើយបណ្ដោយឲ្យបាត់បង់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មEBA ២០ភាគរយ។ ពួកគេ ព្រួយបារម្ភថា ប្រទេសកម្ពុជា នឹងទទួលរងវិបត្តិសេដ្ឋកិច្ច និងវិបត្តិសង្គមធ្ងន់ធ្ងរ ដោយសារតែគំនិតអាត្មានិយមរបស់រដ្ឋាភិបាលលោក ហ៊ុន សែន។
ប្រជាពលរដ្ឋ និងមន្ត្រីរាជការសាធារណៈមួយចំនួន យល់ឃើញថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម EBAចំនួន ២០ភាគរយ នឹងក្លាយជាឫសគល់នៃបញ្ហាប្រទាក់ក្រឡាគ្នាជាច្រើនដែលពិបាកដោះស្រាយសម្រាប់ប្រទេសកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខ។
អាជីវករលក់ដូរម្ហូបអាហារនៅមុខរោងចក្រស្ថិតក្នុងខេត្តកណ្ដាល លោក បាន សុខ ថ្លែងថា គ្រាន់តែរឿងជំងឺកូវីដមួយមុខ បានធ្វើមុខរបរលក់ដូររបស់លោក ធ្លាក់ចុះយ៉ាងខ្លាំង រហូតលោកគ្មានលទ្ធភាពសងបំណុលធនាគារ ហើយខាងធនាគារ បានប្ដឹងលោកទៅតុលាការទៀតផង។ អាជីវកររូបនេះ ជឿជាក់ថា ការបាត់បង់ EBA ២០% នឹងធ្វើឲ្យកម្មករបាត់បង់ការងារ គ្មានប្រាក់ចំណូល ដូច្នេះលោក ក៏នឹងទទួលរងផលប៉ះពាល់បន្ថែមទៀតដោយស្វ័យប្រវត្តិពីបញ្ហានេះផងដែរ៖ «ខ្ញុំយល់ថាបាត់បង់ទាំងអស់ ទាំងអាជីវករ ទាំងបងប្អូនប្រជាពលរដ្ឋ ជាពិសេសកម្មកររោងចក្រយើង ប៉ះពាល់ខ្លាំងដែលរោងចក្រគេបិទទ្វារ ។ខ្ញុំសោកស្តាយ ណាស់ដែលរដ្ឋាភិបាលមិនអើពើរឿងខាងវិស័យកាត់ដេរ ដល់ចឹងទៅគេកាត់ប្រព័ន្ធEBA។ ដឹងថា ប៉ះពាល់ធ្ងន់ហ្មង»។
ចំណែកនិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិ លោក ចាន់ សាញ់ និយាយថា លោកសោកស្ដាយខ្លាំង ចំពោះការបាត់បង់ផ្នែកខ្លះនៃ EBA ដែលនឹងធ្វើឲ្យវិស័យកាត់ដេរ នៅកម្ពុជា ធ្លាក់ចុះកាន់តែធ្ងន់ធ្ងរ មិនធ្លាប់មានពីមុនមក៖ «ខ្ញុំមើលឃើញថា វាជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលតែម្តង ព្រោះការកាត់អនុគ្រោះពន្ធចំនួន២០ភាគរយចេញពីប្រទេសកម្ពុជានេះ ដោយសារតែ រដ្ឋាភិបាលមិនបានអនុវត្តតាមការស្នើសុំរបស់សហភាពអឺរ៉ុប ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស វិស័យគោលការណ៍ផ្សេងៗ»។
រីឯកសិករមួយរូបរស់នៅខេត្តព្រៃវែង លោក វែង វុត្ថា លើកឡើងថា ការទទួលរងទណ្ឌកម្មសេដ្ឋកិច្ចពីសហភាពអឺរ៉ុបនេះ គឺដោយសារតែរដ្ឋាភិបាលលោក ហ៊ុន សែន គិតតែពីរក្សាអំណាច ខ្លួនឯង មិនបានគិតអំពីផលប្រយោជន៍ជាតិ និងប្រជាជន។ លោក វែង វុត្ថា យល់ថា វិធីរក្សាអំណាចរបស់លោក ហ៊ុន សែន ដែលបង្កទុក្ខលំបាកប្រជាពលរដ្ឋបែបនេះ គឺមិនអាចគង់វង្សយូរអង្វែងឡើយ ព្រោះលោក ជឿថា ទីណាមានទុក្ខ ទីណាមានការជិះជាន់ គឺទីនោះនឹងមានការរើបម្រាស់។ ពលរដ្ឋរូបនេះ បញ្ចេញទស្សនៈទៀតថា ការបាត់បង់ EBA ចំនួន ២០ភាគរយមិនមែនជារឿងតូចតាចឡើយ ហើយក៏មិនមែនប៉ះពាល់តែពលរដ្ឋសាមញ្ញនោះដែរ ពោលគឺមន្ត្រីរាជការ ក៏អាចប្រឈម នឹងការកាត់បន្ថយប្រាក់ខែផងដែរ ដោយសារចំណូលរបស់រដ្ឋធ្លាក់ចុះ៖ «យើងខ្ញុំបានត្រឹមតែសោកស្តាយចំពោះជាតិ ប្រជាពលរដ្ឋខ្មែរ និងកម្មករ-កម្មការិនី ដែលបាត់បង់សេដ្ឋកិច្ចនិងឆ្នាំបាយរបស់ពួកគាត់ និងបាត់បង់ឱកាស ការងារហើយនឹងធ្វើឲ្យអ្នកវិនិយោគទុនមកពីបណ្តាប្រទេសសេរីធំៗ បាត់ទំនុកចិត្តមកវិនិយោគរកស៊ីពីនៅកម្ពុជា ដោយសារតែយើងខូចកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ ។សូម្បីពួកប្រទេស កុម្មុយនីស្តមួយចំនួនក៏លែងចង់ទុកចិត្តដែរ ហើយបើគេមកបណ្តាក់ទុនរកស៊ីជាមួយយើងក៏គេឆកយកឱកាសកេងចំណេញពីសម្បត្តិជាតិយើង កេងប្រវ័ញ្ចកម្លាំងពលកម្ម និងញើសឈាម ពលរដ្ឋខ្មែរយើងដែរ»។
ទន្ទឹមគ្នានេះ សកម្មជនគណបក្សសង្គ្រោះជាតិដែលភៀសខ្លួននៅឯប្រទេសថៃ លោក ករុណា ពៅ ចាត់ទុកថា ការដែលរបបក្រុងភ្នំពេញបោះបង់EBA ចំនួន ២០ភាគរយហើយ ទៅស្រវាចាប់យកពាណិជ្ជកម្មសេរីជាមួយប្រទេសចិន គឺជានយោបាយសេដ្ឋកិច្ចដែលឆោតល្ងង់៖ «សោកស្តាយដែលរដ្ឋាភិបាលកម្ពុជា មិនយកចិត្តទុកដាក់ធ្វើយ៉ាងណារក្សាEBA ដើម្បីផលប្រយោជន៍កម្មករផលប្រយោជន៍ប្រជាពលរដ្ឋទូទាំងប្រទេស ហើយបើនិយាយទៅគេគិតតែពីអំណាចរបស់គេទេ។នយោបាយនេះមិនមែនជានយោបាយវៃឆ្លាតទេ គឺជានយោបាយល្ងង់បំផុត ហើយយើងមើលទៅប្រទេសគេផ្សេងៗវិញ គេឆ្លាតណាស់ គេសុខចិត្តឱនក្បាល ទៅសុំEBA ពីសហភាពអឺរ៉ុប»។
រីឯមន្ត្រីរាជការមួយរូបនៅខេត្តព្រៃវែង ដែលសុំមិនបញ្ចេញឈ្មោះ ព្រោះបារម្ភពីសុវត្ថិ ភាព និយាយថា លោកស្ដាយការបាត់បង់ EBA មិនខុសពីពលរដ្ឋនោះទេ ព្រោះមន្ត្រីរាជការ ក៏មានកូនចៅ ឬសាច់ញាតិធ្វើការក្នុងរោងចក្រដែរ។ លោក បញ្ជាក់ថា គ្រួសាររបស់កម្មករភាគច្រើន ជំពាក់ បំណុលធនាគារនិងមីក្រូហិរញ្ញវត្ថុ ហើយតែងពឹងផ្អែកប្រាក់ខែពីការងាររោងចក្រដើម្បីដោះបំណុល ដូច្នេះប្រសិនបើរោងចក្រជាច្រើនត្រូវបិទទ្វារដោយសារបាត់បង់EBA គឺកម្មករ មិនដឹងរំពឹងអ្វីទៀតនោះទេ ខណៈ សព្វថ្ងៃនេះ ការងារនៅកម្ពុជាតូចចង្អៀតបំផុត៖ «ខ្ញុំមានតែពាក្យផ្តាំផ្ញើតិចតូចទៅរដ្ឋាភិបាល ឲ្យគិតឡើងវិញគិតដល់ប្រយោជន៍ប្រជាពលរដ្ឋ ។និយាយចំទៅៗ ខ្ញុំដឹងដែររឿងនេះ ហើយពលរដ្ឋក៏ដឹង តែខ្ញុំមិនចង់និយាយច្រើនទេ ព្រោះកាលណានិយាយច្រើនគេធ្វើអញ្ចេះអញ្ចុះដាក់ខ្ញុំ»។
ជាមួយគ្នានេះ សមាជិកក្រុមប្រឹក្សាឃុំមួយរូបនៅក្នុងខេត្តសៀមរាប ដែលស្នើសុំលាក់អត្តសញ្ញាណ មានប្រសាសន៍ថា ការបាត់បង់EBA ចំនួន ២០% គឺជាការបាត់បង់ផលប្រយោជន៍រួមរបស់ជាតិខ្មែរទាំងមូល។ លោក យល់ថា រដ្ឋាភិបាលកម្ពុជា នៅមានឱកាសទាមទារយកប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលបាត់បង់ នោះ មកវិញ តាមរយៈ ការបន្ទន់ឥរិយាបថសម្របសម្រួលជាមួយសហភាពអឺរ៉ុប ប្រសិនបើមានឆន្ទៈពិតប្រាកដគិតគូរអំពីផលប្រយោជន៍ជាតិនិងប្រជាជន៖ «ចំពោះខ្ញុំគឺសោកស្តាយជាទីបំផុត តែមិនដឹងធ្វើយ៉ាងណា ព្រោះថា EBAនេះគឺជាអត្ថប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរមួយចំណកដែរ ទោះបីវាមិន ទាំងស្រុកក្តី ។ ការដក២០ភាគរយនេះ បើយើងមិនសម្របសម្រួលទេ វានឹងអាចបន្តទៀត ដូច្នេះយើងចេះតែបារម្ភ ថា ការធ្វើឲ្យអាជីវកម្ម និងវិនិយោគអីគេចេះតែរារែកចិត្តដែរ»។
គ្រូបង្រៀនវិទ្យាល័យនៅខេត្តត្បូងឃ្មុំ លោក ធី ទេវា បញ្ចេញមតិថា ការបាត់បង់EBA នេះ អាចនឹងបណ្ដាលឲ្យមានវិបត្តិសេដ្ឋកិច្ច និងសង្គមធ្ងន់ធ្ងរ ដូចជា៖កម្មករ គ្មានការងារធ្វើ កសិករខ្វះទីផ្សារលក់កសិផល ប្រជាពលរដ្ឋកាន់តែធ្លាក់ខ្លួនក្រីក្រ និងដណ្ដើមគ្នារស់ ហើយការសង បំណុលកាន់តែជួបការលំបាក ព្រមទាំងជំរុញឲ្យមានចលនាចំណាកស្រុកទាំងប្រថុយប្រថានកើន ឡើងជាដើម៖«
EBA គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដែលបានអនុញ្ញាត ឱ្យទំនិញពីកម្ពុជា និងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត បាននាំចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប ដោយរួចពន្ធនាំចូល និងអាករផ្សេងៗ។ លើសពីនេះ ចាប់តាំងពីឆ្នាំ២០០១ មក ប្រព័ន្ធអនុគ្រោះពន្ធEBA មិនត្រឹមតែបានជួយសម្រួលនូវចរន្តទំនិញ សម្រាប់កម្ពុជាប៉ុណ្ណោះទេ តែវាក៏បានផ្ដល់គោលនយោបាយ ធានាសុវត្ថិភាពមួយលើសេដ្ឋកិច្ចទាំងមូល ដែលអាចផ្ដល់លទ្ធភាពឱ្យមានកំណើនដ៏ខ្លាំងក្លា និងឧត្ដមភាពនៃកំណើនតម្រូវការពីទីផ្សារពិភពលោកផងដែរ។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ព្យាករណ៍ថា ការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ចំនួន ២០ភាគរយនេះ អាចនឹងបណ្ដាលឱ្យកម្មកររាប់ម៉ឺននាក់បាត់បង់ការងារ។ ចំណែកសហព័ន្ធស្រូវអង្ករកម្ពុជា ក៏ធ្លាប់ចេញសេចក្ដីប្រកាសថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA គឺនឹងធ្វើឧស្សាហកម្មស្រូវអង្ករ ត្រូវបំផ្លាញខ្ទេចខ្ចី និងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាកសិករខ្មែរជាងកន្លះលានគ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។