សកម្មជនបរិស្ថានរិះគន់លោក ហ៊ុន សែន ថាផ្តល់អាទិភាពអភិវឌ្ឍតំបន់ឆ្នេរព្រះសីហនុសម្រាប់ប្រយោជន៍តែជនជាតិចិន និងក្រុមឈ្មួញអ្នកមានអំណាចតែប៉ុណ្ណោះ
2022.12.10
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា រដ្ឋាភិបាលបានកំណត់តំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុជាគោលដៅអភិវឌ្ឍសេដ្ឋកិច្ចទី២ ក្នុងតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។ សកម្មជនការពារបរិស្ថាន និងអ្នកតាមដានការអភិវឌ្ឍសង្គម ព្រួយបារម្ភថា គម្រោងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនៅព្រះសីហនុនេះ នឹងធ្វើឱ្យប៉ះពាល់ដល់បរិស្ថានសមុទ្រ។
លោក ហ៊ុន សែន ប្រកាសថា តំបន់ឆ្នេរព្រះសីហនុ ត្រូវបានរដ្ឋាភិបាលកំណត់ជាគោលដៅតំបន់ប៉ូលអភិវឌ្ឍសេដ្ឋកិច្ចទី២ ឱ្យប្រែក្លាយ ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។ លោក ហ៊ុន សែន ប្រកាសបែបនេះ ក្នុងពិធីមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោកនៅខេត្តព្រះសីហនុកាលពីថ្ងៃទី១០ ខែធ្នូ។ លោក ហ៊ុន សែន ឱ្យដឹងទៀតថា ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជានេះ រដ្ឋាភិបាលបានចំណាយលុយជាតិជាង ៣រយលានដុល្លារ (៣០០) ក្នុងការកសាងបណ្តាញផ្លូវចំនួន ៣៧ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត៖
«ប្រធានបទឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹមនៃមហាសន្និបាតនេះគឺវាសមស្របពេលបច្ចុប្បន្ន ដែរពិភពលោកទាំងមូលបាន និងកំពុងប្រឈមនឹងវិបត្តិជាសកលបន្ថែមលើវិបត្តិនៃជំងឺកូវិដ-១៩ (Covid-19) វិបត្តិសង្គ្រាមអ៊ុយក្រេន (Ukraine) ជាមួយវិបត្តិសកលផ្សេងៗទៀត ដែលបានជះឥទ្ធិពលកាន់តែខ្លាំងលើពិភពលោក ទាំងលើផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងសណ្ដាប់ធ្នាប់ពិភពលោក។ ប្រធានបទនេះក៏សមស្របជាមួយនឹងបរិបទសង្គមកម្ពុជា ដែរសន្តិភាពបានដើរតួនាទីយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសជាតិ បង្កើតក្ដីសង្ឃឹមយ៉ាងមុតមាំសម្រាប់ប្រជាជនទាំងមូល»។
លោក ហ៊ុន សែន អះអាងទៀតថា កម្ពុជានឹងចែករំលែកបទពិសោធ និងការអភិវឌ្ឍតំបន់ឆ្នេរនៅកម្ពុជា ទៅកាន់បណ្ដាប្រទេសក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក។ លោក ហ៊ុន សែន ប្រកាសទៀតថា កម្ពុជាក៏ប្ដេជ្ញាអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រមាននិរន្តរភាព ដូចជាខេត្តព្រះសីហនុប្រែក្លាយជា «គោលដៅទេសចរណ៍សម្រាកលម្ហែ និងជាតំបន់សេដ្ឋកិច្ចពហុបំណង» ខេត្តកែបជា «គោលដៅទីក្រុងទេសចរណ៍លំដាប់ខ្ពស់ និងប្រណិត» ខេត្តកំពតជា «គោលដៅទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌ និងកសិទេសចរណ៍តំបន់ឆ្នេរ» និងខេត្តកោះកុងជា«គោលដៅអេកូទេសចរណ៍តំបន់ទេសចរណ៍លំដាប់ពិភពលោក»។
ទោះបីយ៉ាងណា ការអភិវឌ្ឍនៅតំបន់ឆ្នេរ រងការរិះគន់ថា គ្មានតម្លាភាព និងគ្មានគិតគូរអំពីកិច្ចគាំពារធនធានបរិស្ថានឆ្នេរសមុទ្រឱ្យមានភាពប្រសើរនោះទេ។
កាលពីឆ្នាំ ២០១០ អាជ្ញាធរខេត្តព្រះសីហនុ បានយកគ្រឿងចក្រឈូសឆាយតូបអាជីវករលក់ដូររាប់រយគ្រួសារនៅតំបន់ឆ្នេរខេត្តព្រះសីហនុក្រោមរូបភាពដើម្បីរក្សាសណ្ដាប់ធ្នាប់សង្គម និងបញ្ចៀសការទម្លាក់កាកសំណល់ប៉ះពាល់តំបន់ឆ្នេរ។ ប៉ុន្តែ ក្រោយមក បន្តិចម្ដងៗតំបន់ឆ្នេរនៅខេត្តព្រះសីហនុ ត្រូវបានក្រុមហ៊ុនចិន សាងសង់អគារធ្វើបនល្បែងរីកដុះដាលដូចផ្សិត។ មិនតែប៉ុណ្ណោះ កន្លងទៅ កាស៊ីណូចិនដ៏ធំមួយឈ្មោះ សាន់សាញ បេ (Sunshine Bay) នៅខេត្តព្រះសីហនុ ក៏បានបង្ហូរទឹកកខ្វក់ និងកាកសំណល់ចូលក្នុងសមុទ្រ ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថានតំបន់ឆ្នេរធ្ងន់ធ្ងរដែរ។ ក្រៅពីនេះ ក៏មានក្រុមហ៊ុនមួយចំនួនដូចជា ដឹ ស៊ីនហៅស៍ហែ ផ្លាលេស កាស៊ីណូ ហូថេស (The Xinhhaohui Place Casino & Hotel) សណ្ឋាគារ ប្លួ បេ (Blue Bay Hotel) និងសណ្ឋាគារ ណូវ៉ូថេល ហូលីដេ ផ្លាលេស (The Novotel Holiday Hotel) រំលោភតំបន់ឆ្នេរ និងបង្ហូរកាកសំណល់កខ្វក់ចូលទឹកសមុទ្រដែរ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងម្ចាស់សណ្ឋាគារ ប្លួ បេ (Blue Bay Hotel) សណ្ឋាគារ ណូវ៉ូថេល ហូលីដេ ផ្លាលេស (The Novotel Holiday Hotel) និងម្ចាស់សណ្ឋាគារមួយចំនួនទៀតដែលរងការចោទប្រកាន់ថារំលោភដីឆ្នេរ និងបង្ហូរទឹកកខ្វល់ចូលសមុទ្រ ដើម្បីសុំអត្ថាធិប្បាយអំពីរឿងនេះបានទេកាលពីថ្ងៃទី១០ ខែធ្នូ។
ក្រៅពីករណីប៉ះពាល់បរិស្ថានការអភិឌ្ឍន៍ក្នុងខេត្តក៏មានបង្កឲ្យមានបទល្មើសច្រើនដែរ។ យុវជនចលនាមាតាធម្មជាតិ (Mother Nature Cambodia) លោក លី ចាន់ដារ៉ាវុធ ប្រាប់វិទ្យុអាស៊ីសេរីកាលថ្ងៃទី១០ ខែធ្នូថា ក្រោមស្លាកអភិវឌ្ឍនៅតំបន់ឆ្នេរសមុទ្រទីក្រុងកំពង់សោមនារយៈពេលចុងក្រោយនេះហាក់ប្រួលប្រែខ្លាំងជាពិសេសការរីកដុះដាលនៃសំណង់អគារ សម្បុកនៃវិស័យបនល្បែង និងជាកន្លែងរបស់ក្រុមឧក្រិដ្ឋជនមួយចំនួន៖
«យើងអភិវឌ្ឍដូចកន្លងមក បើកឱ្យជនជាតិចិនទៅខេត្តព្រះសីហនុច្រើនខ្លាំងពេក លុយក៏ហូរខ្លាំងពេកសាង់សង់អគារ កាស៊ីណូដែលបម្រើផលប្រយោជន៍ទៅដល់ភ្ញៀវចិន ហើយមិនសូវមានជនជាតិចិនណាទទួលបានផលប្រយោជន៍ពីហ្នឹង ប្រជាពលរដ្ឋនៅកំពង់សោមពិបាករកម្ហូបទទួលទានដោយសារវាថ្លៃពេក កន្លែងជួលក៏ថ្លៃអ្វីៗគឺសុទ្ធតែឡើងថ្លៃទាំងអស់ ដូច្នេះអាហ្នឹងវាឃើញថា ជាចំណុចខ្សោយមួយក្នុងការអភិវឌ្ឍរបស់កម្ពុជា ហើយកំពង់សោមក្លាយជាដែនដីជនជាតិចិនប្រព្រឹត្តអំពើជួញដូរមនុស្ស លាងលុយកខ្វក់អីជាដើម។ កំពង់សោមវាមានអគារឡូយឆាយ ប៉ុន្តែគេហៅថា ល្អមើលតែមិនល្អស៊ី»។
របាយការណ៍ក្រសួងមហាផ្ទៃឲ្យដឹងថា រយៈពេល ៩ខែ ឆ្នាំ២០២២ សមត្ថកិច្ចបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ បានចំនួន ១២២ករណី និងបានជួយសង្គ្រោះជនរងគ្រោះចំនួន ២៥៤នាក់ ក្នុងនោះមានស្រ្ដី ១៩០នាក់។ ក្នុងនោះ ជនសង្ស័យជាជនបរទេសចំនួន ២២នាក់ មាន ៤សញ្ជាតិ រួមមានចិន ថៃ វៀតណាម និងបង់ក្លាដេស។
ជុំវិញរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គិមអេង (PDP-Center) ស្វាគមន៍ការអភិវឌ្ឍតំបន់ឆ្នេរ ប៉ុន្តែរដ្ឋាភិបាល ក៏មិនគួរមើលរំលងអំពីប៉ះពាល់បរិស្ថានឆ្នេរ និងសង្គមនោះទេ៖
«កន្លងមកតំបន់ឆ្នេរនៅខេត្តព្រះសីហនុ មានការរកស៊ី ការវិនិយោគដែលមិនល្អរបស់ជនជាតិចិន ធ្វើឱ្យមានរូបភាពដ៏អាក្រក់ និងធ្វើឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះនៅតំបន់ឆ្នេរខេត្តព្រះសីហនុផង។ ដូច្នេះ សម្រាប់ការអភិវឌ្ឍតំបន់ឆ្នេរនេះឱ្យមាននិរន្តរភាព ភាពស្រស់ស្អាតពិតប្រាកដមែន យើងត្រូវតែធ្វើឱ្យមានភាពស្រស់ស្អាតនៃប្រជាពលរដ្ឋដែលជាអ្នករស់នៅទីនោះផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងមូលដែលជាអ្នកទៅកម្សាន្តនៅទីនោះផងដែរ»។
មន្ត្រីសង្គមស៊ីវិល និងសកម្មជនការពារបរិស្ថាន ស្នើដល់រដ្ឋាភិបាល គួរបើកលំហសេរីភាពនៃសិទ្ធិទទួលបានព័ត៌មានឱ្យបានទូលំទូលាយ និងសិទ្ធិចូលរួមបញ្ចេញមតិយោបល់លើគម្រោងអភិវឌ្ឍពីសំណាក់ប្រជាពលរដ្ឋ និងអង្គការដៃគូរអភិវឌ្ឍ ឬមន្ត្រីសង្គម ដើម្បីធានាតម្លាភាពចំពោះការអភិឌ្ឍន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។