ឯកសារ​សមាជិក​សភា​អឺរ៉ុប​បង្ហាញ​ថា គណៈកម្មការ​អឺរ៉ុប នឹង​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ដោយ​ផ្នែក មិនមែន​ទាំង​ស្រុង​នោះ​ទេ

0:00 / 0:00

គណៈកម្មការ​អឺរ៉ុប នៅ​ថ្ងៃ​ទី១២ កុម្ភៈ ស្អែកនេះ អាច​នឹង​សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ដោយ​ផ្នែក​ជា​ជាង​ព្យួរ​ទាំង​ស្រុង ដែល​មាន​ន័យ​ថា មុខ​ទំនិញ​មួយ​ចំនួន ដែល​កម្ពុជា​ត្រូវ​នាំ​ចេញ​ទៅ​ដាក់​លក់​នៅ​ទីផ្សារ​អឺរ៉ុប នឹង​រង​ការ​គិត​ពន្ធ។

ផ្អែក​តាម​ឯកសារ​មួយ​ច្បាប់​ជា​ភាសា​អង់គ្លេស បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​សភា​អឺរ៉ុប ចុះ​ថ្ងៃ​ទី៥ ខែ​កុម្ភៈ ស្នើ​ឡើង​ដោយ​សមាជិក​សភា​អ៊ីតាលី លោក ដានីឡូ អូស្ការ ឡានស៊ីនី (Danilo Oscar Lancini) លោក​បាន​សម្ដែង​ក្ដី​ព្រួយបារម្ភ ដោយ​សារ​តែ​មុខ​ទំនិញ​អង្ករ មិន​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​ផលិតផល ឬ​មុខ​ទំនិញ ដែល​គណៈកម្មការ​អឺរ៉ុប នឹង​ត្រូវ​គិត​ពន្ធ​ពី​កម្ពុជា។ លោក​បាន​សរសេរ​ក្នុង​សំណើ​សុំ​ឲ្យ​កែប្រែ​ថា ដោយ​កត់​សម្គាល់​ពី​លទ្ធផល​ដែល​ទទួល​បាន​ក្នុង​អំឡុង​ពេល​ស៊ើប​អង្កេត គណៈកម្មការ​អឺរ៉ុប បាន​សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ទៅ​លើ​មុខ​ទំនិញ​មួយ​ចំនួន។ ក៏ប៉ុន្តែ លោក​ថា មុខ​ទំនិញ​ទាំង​នោះ មិន​បាន​ដាក់​បញ្ចូល​មុខ​ទំនិញ​អង្ករ​ឡើយ។

យ៉ាងណាក៏ដោយ ឯកសារ​នោះ​ពុំ​បាន​បង្ហាញ​លម្អិត អំពី​រាល់​បញ្ជី​ឈ្មោះ​មុខ​ទំនិញ​ទាំង​អស់ ដែល​អឺរ៉ុប នឹង​តម្រូវឲ្យ​កម្ពុជា​បង់​ពន្ធ​នោះ​ឡើយ។ ឯកសារ​នោះ គ្រាន់​តែ​សរសេរ​ស្នើ​ឲ្យ​គណៈកម្មការ​អឺរ៉ុប លុប​ចោល​នូវ​សេចក្ដី​សម្រេច​កាល​ពី​លើក​មុន​របស់​ខ្លួន ដែល​បាន​យក​ពន្ធ​លើ​អង្ករ​កម្ពុជា ហើយ​ដាក់​បញ្ចូល​មុខ​ទំនិញ​អង្ករ​នេះ ទៅ​ក្នុង​បញ្ជី​ឈ្មោះ​នៃ​មុខ​ទំនិញ​ទាំង​អស់ ដែល​គណៈកម្មការ​អឺរ៉ុប​នឹង​សម្រេច​យក​ពន្ធ​ពី​កម្ពុជា នៅ​ក្នុង​សេចក្ដី​សម្រេច​ថ្មី ដែល​គណៈកម្មការ​អឺរ៉ុប គ្រោង​នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី១២ កុម្ភៈ ស្អែក​នេះ​វិញ។

ក្រៅ​ពី​បញ្ហា EBA និង​មុខ​ទំនិញ​អង្ករ​នេះ ឯកសារ​នោះ ក៏​បាន​បង្ហាញ​ពី​ក្តី​បារម្ភ​របស់​សមាជិក​សភា​រូប​នេះ តាងនាម​ឲ្យ​ក្រុម​គណបក្ស​ស្កាំ​និយម ឈ្មោះ Identity and Democracy Group ពាក់ព័ន្ធ​នឹង​ករណី​លាត​ត្រដាង​ថា មាន​ជំនួញ​ឈើ​ហ៊ុប​ខុស​ច្បាប់​នៅ​វៀតណាម និង​ករណី​ដឹក​ជញ្ជូន​ឈើ​ហ៊ុប​ខុស​ច្បាប់​ពី​កម្ពុជា និង​ឡាវ ទៅ​លក់​ឲ្យ​ប្រទេស​វៀតណាម​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។