ប្រទេសកម្ពុជាមានលក្ខណៈអំណោយផលល្អដល់ការដាំដុះម្រេច ហើយកសិករខ្មែរជាច្រើននៅទូទាំងប្រទេស បានចំណាយធនធានរបស់ខ្លួនក្នុងការវិនិយោគដំណាំឧស្សាហកម្មនេះរួចទៅហើយ។ ក៏ប៉ុន្តែពួកគាត់ភាគច្រើនបានខាតបង់ ដោយសារប៉ុន្មានឆ្នាំចុងក្រោយនេះ តម្លៃម្រេចបានធ្លាក់ចុះយ៉ាងគំហុក និងមិនទាន់ឃើញមានសញ្ញាណនៃការងើបឡើងវិញនៅឡើយ។ ប្រឈមមុខនឹងស្ថានភាពបែបនេះ អ្នកជំនាញអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធនៃរបបក្រុងភ្នំពេញឱ្យរិះរកមធ្យោបាយជួយដល់កសិករ ដើម្បីកុំឱ្យកសិករបោះបង់ចោលមុខរបរដាំម្រេចនេះ។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងជាអ្នកជំនាញខាងកសិកម្ម បណ្ឌិត យ៉ង សាំងកុមារ ជំរុញឱ្យរដ្ឋាភិបាលលូកដៃធ្វើអន្តរាគមន៍ជួយដល់កសិករអ្នកដាំម្រេច ខណៈពួកគាត់កំពុងប្រឈមនឹងការខាតបង់ច្រើន ដោយសារម្រេចបន្តធ្លាក់ថ្លៃ និងខ្វះទីផ្សារនាំចេញ។ លោកប៉ាន់ស្មានថា តម្លៃម្រេចអាចនឹងបន្តធ្លាក់ចុះទៀត នៅចន្លោះពេល ១ឆ្នាំ ទៅ ២ឆ្នាំខាងមុខ ដូច្នេះលោកថា រដ្ឋាភិបាលត្រូវមានវិធានការជាក់លាក់ ដើម្បីឱ្យកសិករអាចបន្តការដាំដុះម្រេចបានតទៅទៀត ព្រោះម្រេចជាដំណាំសក្ដានុពល និងអាចរកចំណូលចូលជាតិបានច្រើន៖ «មានអ្នកបច្ចេកទេស ឬអ្នកជំនាញទៅជួយអម ជួយផ្ដល់យោបល់ រៀបចំឱ្យមានសមាគមម្រេចនៅតាមមូលដ្ឋាន ហើយផ្សារភ្ជាប់រវាងមូលដ្ឋានមួយទៅមូលដ្ឋានមួយ ដើម្បីងាយស្រួលការផ្សារភ្ជាប់រកទីផ្សារអ៊ីចឹង ហើយនិងធ្វើការជាមួយក្រុមហ៊ុនសិប្បកម្មដែលគេធ្វើការទាក់ទងនឹងការកែច្នៃម្រេច នាំចេញម្រេចហ្នឹង ជួយគាំទ្រពួកគាត់ហ្នឹង ដើម្បីទាក់ទងរឿងគុណភាព និងការធ្វើទីផ្សារ។ ទន្ទឹមនឹងនេះ ក៏យើងគួរតែមានទុនសម្រាប់វិស័យម្រេចដែរ ដើម្បីឱ្យកសិករដាំម្រេចហ្នឹងយកទៅប្រើប្រាស់ទប់ទល់ហានិភ័យផ្សេងៗ»។
កសិករដាំម្រេចបានខាតបង់ជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារម្រេចមានតម្លៃថោក ខ្វះទីផ្សារនាំចេញ ខណៈពួកគាត់ត្រូវចំណាយថ្លៃដើមផលិតកាន់តែខ្ពស់។ ម្រេចដែលធ្លាប់តែលក់បាន ១០ដុល្លារក្នុងមួយគីឡូក្រាម ចន្លោះពីឆ្នាំ២០១៤ ដល់ ២០១៦ បានធ្លាក់ថ្លៃមកនៅត្រឹម ៣ដុល្លារក្នុងមួយគីឡូក្រាម ចាប់ពីឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន។
ប្រធាននាយកដ្ឋានដំណាំឧស្សាហកម្មនៃអគ្គនាយកដ្ឋានកសិកម្មក្រសួងកសិកម្ម លោក ខាន់ សំបាន ទទួលស្គាល់ថា តម្លៃម្រេចមានការធ្លាក់ចុះខ្លាំងនៅរយៈពេល ២ ឆ្នាំចុងក្រោយនេះ ហើយទីផ្សារនាំចេញម្រេចក៏កាន់តែតូចចង្អៀត ដោយសារការផ្គត់ផ្គង់ម្រេចនៅលើទីផ្សារអន្តរជាតិ មានច្រើនលើសពីតម្រូវការ។ លោកថ្លែងថា ក្រសួងកសិកម្មកំពុងប្រឹងប្រែងជួយកសិករ តាមរយៈការផ្ដល់បច្ចេកទេស និងការចងក្រងជាសហគមន៍ ក៏ប៉ុន្តែរឿងតម្លៃ គឺអាស្រ័យលើទីផ្សារពិភពលោក៖ «ក្នុងនាមក្រសួងកសិកម្ម និងអគ្គនាយកដ្ឋានកសិកម្ម យើងផ្ដល់បច្ចេកទេសដល់ពួកគាត់ ប៉ុន្តែត្រង់ដល់តម្លៃទីផ្សារ វាលំបាកបន្តិច។ វាមិនមែនតែក្រសួងយើង វាមានក្រសួងពាណិជ្ជកម្មអីដែរ។ ហើយវាអាស្រ័យទៅលើតម្លៃទីផ្សារអន្តរជាតិ។ ពេលទីផ្សារអន្តរជាតិចុះ គឺយើងត្រូវចុះតាមគេដែរហើយ។ គេទិញយកទៅលក់ថ្លៃយ៉ាងម៉េចបាន»។
គិតត្រឹមចុងរដូវប្រមូលផលកាលពីឆ្នាំមុន កម្ពុជាផលិតម្រេចបានជាង ២ម៉ឺនតោន (២០.៥៥១) លើផ្ទៃដីប្រមូលផលជាង ៥ ពាន់ ៤ រយហិកតារ (៥.៤៥៤) ខណៈផ្ទៃដីដាំដុះសរុបមានជាង ៧ ពាន់ហិកតារ (៧.៤៧១)។
មន្ត្រីជំនាញក្រសួងកសិកម្មថ្លែងថា មិនមានតួលេខពិតប្រាកដស្ដីពីការនាំចេញម្រេចដែលផលិតបានកាលពីឆ្នាំ២០១៨ កន្លងទៅនោះទេ ដោយសារកសិករលក់ម្រេចដោយខ្លួនឯង និងមានការនាំចេញក្រៅផ្លូវការ។ ក៏ប៉ុន្តែ លោកបញ្ជាក់ថា ម្រេចដែលកសិករខ្មែរផលិតបាន ភាគច្រើននាំចេញទៅប្រទេសវៀតណាម។
ប្រធានសមាគមលើកកម្ពស់ម្រេចកំពត លោក ងួន ឡាយ ថ្លែងថា ម្រេចកម្ពុជាទូទៅ លើកលែងតែម្រេចកំពតចេញ ត្រូវបានឈ្មួញវៀតណាមជាអ្នកកំណត់តម្លៃ ហើយតម្លៃនោះទៀតសោត ក៏ឡើងចុះៗ នៅចន្លោះពី ៨ ពាន់រៀល ដល់ ១ ម៉ឺន ២ពាន់រៀល ក្នុងមួយគីឡូក្រាម។ លោកអះអាងថា តម្លៃនេះមិនអាចឱ្យកសិកររួចខ្លួនផង កុំថាឡើយដល់ថ្នាក់បានប្រាក់ចំណេញ។ លោកជឿជាក់ថា ការពឹងផ្អែកលើទីផ្សារប្រទេសជិតខាង នឹងមិនអាចធ្វើឱ្យតម្លៃម្រេចកម្ពុជាកើនឡើងនោះទេ។ លោកបន្ថែមថា បច្ចុប្បន្នមានកសិករមួយចំនួនបានបោះបង់ចោលចម្ការម្រេចរបស់ខ្លួនជាបណ្តើរៗហើយ ដោយសាររងការខូចខាតពីអាកាសធាតុ និងតម្លៃម្រេចចុះថោកខ្លាំងពេក៖ «១ម៉ឺន ( រៀល ) អត់មានចំណេញទេ គ្រាន់តែយកទៅប្រមូលផលអស់ហើយ។ អាហ្នឹងយើងអត់និយាយថែទាំប្រចាំថ្ងៃ ប្រចាំខែ អត់និយាយរឿងធ្វើជី ធ្វើអីទេ។ យើងនិយាយសម្រាប់តែជួលគេប្រមូលផលហ្នឹង វាអស់បាត់ហើយ។ កន្លែងខ្លះដែលវាអត់សូវជួបហានិភ័យការខូចខាតហ្នឹង គេនៅថែទាំ ប៉ុន្តែកន្លែងខ្លះខាតបង់ វាងាប់ច្រើនអ៊ីចឹង ៥ - ៦ ហិកតារ ១០ហិកតារ ងាប់អស់អ៊ីចឹងទៅ ដូច្នេះគេបោះបង់ចោល គេទៅធ្វើអ្វីផ្សេងទៀត ក៏មានដែរ»។
ដោយសារត្រូវពឹងផ្អែកសឹងទាំងស្រុងលើទីផ្សារវៀតណាមបែបនេះហើយ ទើបកសិករខ្មែរត្រូវរងប៉ះពាល់ខ្លាំងរឿងតម្លៃ និងខ្វះទីផ្សារនាំចេញ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ វៀតណាមបានបង្កើនផ្ទៃដីដាំដុះម្រេច និងផលិតម្រេចបានច្រើនលើសតម្រូវការ ធ្វើឱ្យប្រទេសជិតខាងមួយនេះកាត់បន្ថយការទិញម្រេចពីកម្ពុជា។
បណ្ឌិត យ៉ង សាំងកុមារ ថ្លែងថា ម្រេចកម្ពុជាខ្វះលក្ខណៈប្រកួតប្រជែង ហើយការបង្កបង្កើនផលនៅដើរក្រោយប្រទេសវៀតណាមយ៉ាងឆ្ងាយនៅឡើយ។ លោកថា រដ្ឋាភិបាលវៀតណាមបានលូកដៃជួយដល់កសិកររបស់ខ្លួនដោយផ្ទាល់ ទាំងផ្នែកបច្ចេកទេស ការឧបត្ថម្ភទុន និងការស្វែងរកទីផ្សារជាដើម ដូច្នេះរដ្ឋាភិបាលកម្ពុជាត្រូវតែសិក្សាឱ្យបានច្រើនពីប្រទេសវៀតណាមរឿងដំណាំម្រេចនេះ៖ «ខាងវៀតណាម គេមានអន្តរាគមន៍ពីរដ្ឋហ្នឹងតាំងពីរឿងការងារបច្ចេកទេស ការងារទុន តាំងពីរឿងទីផ្សារអ៊ីចឹង អាហ្នឹងគឺមានអន្តរាគមន៍ពីរដ្ឋប្រសើរជាងយើង។ ជាចំណុចមួយដែលយើងត្រូវតែរៀនសូត្រពីវៀតណាម ហើយរដ្ឋយើងគួរតែគិតគូរឡើងវិញ ព្រោះយើងមិនអាចទុកឱ្យកសិករនៅតែឯង វិស័យឯកជននៅតែឯង ត្រូវអន្តរាគមន៍អ្វីមួយដើម្បីជួយឱ្យកសិករ សិប្បករ និងផលិតករ មានសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ»។
អ្នកជំនាញរូបនេះ មានសុទិដ្ឋិនិយមថា កម្ពុជាអាចមានសមត្ថភាពប្រកួតប្រជែងជាមួយប្រទេសវៀតណាមបាន ប្រសិនបើមានការជួយជ្រោមជ្រែងខ្លាំងពីរដ្ឋាភិបាល ហើយចំណុចសំខាន់ពីរដែលកម្ពុជាគួរតែធ្វើឱ្យបាននោះ គឺពង្រឹងគុណភាពម្រេចរបស់ខ្លួន និងការរកដំណោះស្រាយកាត់បន្ថយថ្លៃដើមផលិតរបស់កសិករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
