ក្រុមអ្នកជំនាញ ព្រួយបារម្ភថា វិស័យទេសចរណ៍ នឹងបន្តធ្លាក់ចុះខ្លាំងបន្តទៀត នៅឆ្នាំ២០២០ ក្រោយពេលដែលសណ្ឋាគារធំៗ ចំនួន២ សារមន្ទីរ 3D ឯកជនមួយ នៅខេត្តសៀមរាប និងសណ្ឋាគារតូចៗ ផ្ទះសំណាក់ ភោជនីយដ្ឋានមួយចំនួន បានបិទទ្វារ កាលចុងឆ្នាំ២០១៩ និងបន្តបិទទ្វារនៅដើមឆ្នាំ២០២០។
បុគ្គលក្នុងវិស័យសណ្ឋាគារ ឲ្យដឹងថា ពួកគាត់ចាប់ផ្ដើមជួបផលលំបាក ក្នុងការរកការងារធ្វើក្នុងវិស័យនេះ ដោយសារសណ្ឋាគារធំតូច មួយចំនួន ចាប់ផ្ដើមបិទទ្វារ ដោយសារការធ្លាក់ចុះនៃភ្ញៀវទេសចរណ៍។
ប្រធានសហព័ន្ធសហជីព កម្មករនិយោជក វិស័យទេសចរណ៍កម្ពុជា លោក ទូច កុសល ប្រាប់ថា ក្រោយទទួលបានការប្រកាសក្ស័យធន នៃសណ្ឋាគារឌឹ ហ្គ្រេត ឌូក (The Great Duke) តំណាងកម្មករកំពុងចរចាសំណងជាមួយមេធាវី តំណាងឲ្យថៅកែសណ្ឋាគារឲ្យស្របតាមច្បាប់ការងារ។ លោកថា កម្មករទាមទារលក្ខខណ្ឌ ៦ចំណុច ដោយអះអាងថា ជាប្រាក់ឈ្នួលត្រូវទទួលបាន។ ទោះជាយ៉ាងណា លោកថា កម្មករ និងបុគ្គលិកសណ្ឋាគារនេះ បានត្អូញត្អែរពីលទ្ធភាពពិបាករកការងារផ្នែកសណ្ឋាគារ ធ្វើបន្តទៀត ព្រោះស្ថានភាពភ្ញៀវទេសចរណ៍ធ្លាក់ចុះខ្លាំងពេក ធ្វើឲ្យសណ្ឋាគារមួយចំនួន កាត់បន្ថយបុគ្គលិក និងត្រៀមលក្ខណៈបិទទ្វារ៖ « យើងមានក្ដីកង្វល់ដែរ ថា វានឹងអាចមានការបិទបន្តបន្ទាប់ទៀតណា អូតែលផ្សេងៗណា ព្រោះឃើញ មានអូតែល២បិទហើយ។ អ៊ីចឹង យើងគិតថា ក្រែងលោ អាចមានការបិទអូតែលបន្តបន្ទាប់ទៀត ព្រោះភ្ញៀវមានការធ្លាក់ចុះអ៊ីចឹងទៅណា»។
សណ្ឋាគារលំដាប់អន្តរជាតិផ្កាយ៥The Great Duke ឬ Intercontinental បានប្រកាសបិទទ្វារចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ តទៅ ដោយសារក្ស័យធន។ សណ្ឋាគារផ្កាយ៥ ចំណាស់ជាងគេនៅរាជធានីភ្នំពេញមួយនេះ បានបើកដំណើរការ បានជាង ២០ឆ្នាំហើយ និងធ្លាប់ជាទីតាំងកិច្ចប្រជុំអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដំបូង កាលពីឆ្នាំ២០០២។
ស្របពេល មានការប្រកាសបិទសណ្ឋាគារ The Great Duke នៅភ្នំពេញនេះ ម្ចាស់សណ្ឋាគារអប្សរាអង្គរ នៅខេត្តសៀមរាប ក៏បានប្រកាសថា សណ្ឋាគារ ដែលបើកដំណើរជាង ១៨ឆ្នាំមួយនេះ ក៏ត្រូវផ្អាកដំណើរការជាបន្ទាន់ នៅដើមឆ្នាំ២០២០ នេះ។ អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័គ បញ្ជាក់តាមសារព័ត៌មានក្នុងស្រុក (ថ្មីៗ) ថា សណ្ឋាគារអប្សរាអង្គរ ផ្អាកអាជីវកម្ម ដើម្បីជួសជុលកែលម្អសោភ័ណភាព។
សណ្ឋាគារអប្សរាអង្គរ មានកេរ្តិ៍ឈ្មោះល្បីល្បាញ មិនចាញ់សណ្ឋាគារ Intercontinental ដែលក្ស័យធន នៅភ្នំពេញទេ ហើយសណ្ឋាគារអប្សរាអង្គរ ធ្លាប់បានលើកស្ទួយវិស័យទេសចរណ៍ តាមរយៈការទទួលពានរង្វាន់ជាច្រើន ដូចជា សណ្ឋាគារបែបធម្មជាតិប្រណិតលំដាប់អាស៊ាន (ASEAN Green Hotel Standard) ចំនួន ២លើក និងជាសណ្ឋាគារឆ្នើមគ្មានផ្សែងបារី។
ប្រធានសហព័ន្ធសហជីពកម្មករនិយោជិកវិស័យទេសចរណ៍ សេវាកម្មកម្ពុជា លោក ម៉ម រិទ្ធី ឲ្យដឹងថា នៅមុនពេលសណ្ឋាគារធំៗ ទាំង ២នេះ បិទទ្វារ មានសណ្ឋាគារតូចៗ ផ្ទះសំណាក់ ភោជនីយដ្ឋាន រង្គសាល ក្លឹបរាត្រីមួយចំនួនទៀត បានបិទទ្វាររួចស្រេចទៅហើយ ដោយសារភ្ញៀវទេសចរណ៍ធ្លាក់ចុះ។ លោកថា ចំនួនភ្ញៀវទេសចរណ៍ទាំងនៅខេត្តសៀមរាប និងខេត្តមួយចំនួន បានធ្លាក់ចុះជាគំហុក បានធ្វើឲ្យម្ចាស់អាជីវកម្មផ្នែកសេវាកម្ម និងសណ្ឋាគារ បង្ខំចិត្តបិទទ្វារ ឈប់រកស៊ី។
លោក ម៉ម រិទ្ធី ថា មូលហេតុនៃការធ្លាក់ចុះនៃភ្ញៀវទេសចរណ៍នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការផ្សព្វផ្សាយនៃវិស័យទេសចរណ៍ មិនបានល្អប្រសើរ ហើយជាពិសេសគឺ ស្ថានភាពនយោបាយកម្ពុជា ប្រេះឆាគ្នា ធ្វើឲ្យភ្ញៀវទេសចរណ៍មិនហ៊ានមកលេងកម្ពុជា។ អ្នកឃ្លាំមើលផ្នែកទេសចរណ៍រូបនេះ ព្យាករថា ឆ្នាំ២០២០ ភ្ញៀវទេសចរណ៍ នឹងបន្តធ្លាក់ចុះជាងឆ្នាំ២០១៩ ទៅទៀត ព្រោះតែស្ថានភាពនយោបាយគ្មានភាពប្រសើរ និងការផ្សព្វផ្សាយមានភាពចង្អៀត៖ « រដ្ឋាភិបាលត្រូវធ្វើមុនគេ រឿងបរិបទនយោបាយ។ បើសិនជាមិនមានការផ្សះផ្សារជាតិរវាងគណបក្សកំពុងតែមានទំនាស់ហ្នឹងទេ បរិបទនយោបាយនៅតែបែបហ្នឹងទេ វាជារឿងមួយមានផលប៉ះពាល់ធ្ងន់ធ្ងរហើយ ទៅថ្ងៃអនាគតនោះណា ហើយក៏វាពាក់ព័ន្ធមួយទៅ នឹង EBA ហ្នឹងដែរ។ ដូចខ្ញុំបញ្ជាក់ថា មិនមែនប៉ះពាល់តែវិស័យកាត់ដេរមួយទេ។ នៅតំបន់អឺរ៉ុប ឬក៏អាមេរិក ឬនៅប្រទេសជឿនលឿននៅតំបន់អាស៊ី ក៏គេពិនិត្យមើលអាហ្នឹងដែរ។ បើសិនជារដ្ឋាភិបាលគេ មានទំនាស់ ជាមួយរដ្ឋាភិបាលណាមួយ ឬក៏មិនពេញចិត្ត ជាមួយរដ្ឋាភិបាលមួយណា ក៏ប្រជាជនគេមានការពិចារណាដែរ ក្នុងការដើរទស្សនៈកិច្ចណា»។
ភ្ញៀវទេសចរណ៍ទស្សនាខេត្តសៀមរាប នៅឆ្នាំ២០១៩ បានធ្លាក់ចុះជិត ១៥ (១៤,៨៦) ភាគរយ បើធៀបនឹងឆ្នាំ២០១៨។ សេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ចេញផ្សាយថា អំឡុងឆ្នាំ២០១៩ កន្លងទៅនេះថា មានភ្ញៀវទេសចរបរទេស ជាង ២លាន ២សែននាក់ (២.២០៥.៦៩៧) បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងទទួលបានចំណូលប្រមាណ ជិត ១០០ (៩៩.០៨៨.៨៩៤ដុល្លារ) លានដុល្លារអាមេរិក។ ប្រាក់ចំណូលនេះ បើធៀបនឹងឆ្នាំ២០១៨ ធ្លាក់ចុះជាងដប់ប្រាំ (១៥,០៥) ភាគរយ។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័គ បានទេ នៅថ្ងៃទី៣ មករា ដោយសារលោកមិនទទួលទូរស័ព្ទ។ ប៉ុន្តែ លោកអះអាង ប្រាប់សារព័ត៌មានក្នុងស្រុក (ថ្មីៗ) ថា ភ្ញៀវទេសចរណ៍ធ្លាក់ចុះ តែនៅខេត្តសៀមរាបទេ នៅឯខេត្តផ្សេងទៀត គ្មានធ្លាក់ចុះឡើយ។
ចំណែកការបិទទ្វាររបស់សណ្ឋាគារ The Great Duke អតីតសណ្ឋាគារ Intercontinental អ្នកនាំពាក្យក្រសួងទេសចរណ៍ យល់ឃើញថា ដោយសារកត្តាច្រើន គឺអាចមកពីការគ្រប់គ្រងមិនល្អ ឬការផ្លាស់ប្ដូរឈ្មោះសណ្ឋាគារ ជាដើម។ លោកថា ក្រសួងទេសចរណ៍ នឹងជំរុញឲ្យមានការបង្កើតផលិតផលទេសចរណ៍ ឬកន្លែងកម្សាន្តសម្រាកលម្ហែបន្ថែមទៀត នៅខេត្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកលេង និងសម្រាកបានយូរ ក្រៅពីការទស្សនាប្រាសាទបុរាណ៖ « សៀមរាប គឺយើងទទួលស្គាល់ថា មានការថយចុះ។ ប៉ុន្តែ ជារួម នៅទូទាំងប្រទេសអត់មានការថយចុះទេ។ ទេសចរណ៍ អន្តរជាតិនៅតែមានកំណើន គ្រាន់តែកំណើនមានតិចជាឆ្នាំមុន»។
នៅខេត្តសៀមរាប ក្រៅពីសណ្ឋាគារអប្សរាអង្គរ ដែលបានផ្អាកអាជីវកម្មបណ្ដោះអាសន្ន នៅមានសារមន្ទីរ 3D ឬ សារមន្ទីរសព្វទស្សន៍អង្គរ ឬសារមន្ទីរប៉ាណូរ៉ាម៉ា (Panorama) ដែលវិនិយោគដោយ ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងជើងមានតម្លៃ ២៤លានដុល្លារអាមេរិក ក៏ត្រូវបានប្រកាសជាបន្ទាន់ ឲ្យផ្អាកដំណើរការបណ្ដោះអាសន្នដែរ កាលពីចុងខែធ្នូ ឆ្នាំ២០១៩។
អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណសេរីវឌ្ឍន៍ ប្រាប់អាស៊ីសេរីថា ការផ្អាកសារមន្ទីរសព្វទស្សន៍នេះ មិនពាក់ព័ន្ធនឹងការធ្លាក់ចុះអ្នកចូលមើល ឬក្រុមហ៊ុនក្ស័យធនទេ គឺដោយសារមានសេចក្ដីសម្រេចពីអង្គការសហប្រជាជាតិ ឲ្យដាក់ទណ្ឌកម្ម លើអាជីវកម្មរបស់ប្រទេសកូរ៉េខាងជើង។ ដូច្នេះ អាជ្ញាធរកម្ពុជា បានអនុវត្តសេចក្ដីសម្រេចនេះ ដោយបង្គាប់ឲ្យក្រុមហ៊ុនផ្អាកអាជីវកម្មបណ្ដោះអាសន្ន រង់ចាំសេចក្ដីសម្រេចពីអង្គការសហប្រជាជាតិ លើកលែងទណ្ឌកម្មវិញ៖ « អ្វីដែលចង់បញ្ជាក់ហ្នឹង ខ្ញុំសួរទៅអាជ្ញាធរអប្សរា ថា គេអនុលោមទៅតាមសេចក្ដីថ្លែងរបស់អង្គការសហប្រជាជាតិ ហើយមានការសម្រេចពីក្រសួងការបរទេសដែរ ឲ្យបិទសកម្មភាពជាបណ្ដោះអាសន្ន»។
សារមន្ទីរ 3D ប៉ាណូរ៉ាម៉ា ត្រូវបានដាក់សម្ពោធជាផ្លូវការ កាលពីខែធ្នូ ឆ្នាំ២០១៥ ក្រោមការសាងសង់របស់ក្រុមហ៊ុនប្រទេសកូរ៉េខាងជើង និងមានការចូលរួមពីអាជ្ញាធរអប្សរា។ សារមន្ទីរនេះ ជាសារមន្ទីរ 3D ដំបូងបង្អស់ នៅប្រទេសកម្ពុជា និងមានបំពាក់គ្រឿងបរិក្ខារទំនើប ដែលអាចបង្ហាញអំពីប្រវត្តិនៃប្រាសាទបុរាណ និងប្រវត្តិនៃព្រះមហាក្សត្រខ្មែរ តាមជំនាន់នីមួយៗ តាមរយៈរូបភាព និងវីដេអូជាប្រភេទ 3D។ សហជីពវិស័យទេសចរណ៍ យល់ថា សារមន្ទីរ 3D នេះ ក៏ជាផ្នែកមួយ នៃការស្រូបភ្ញៀវទេសចរណ៍សម្រាប់ខេត្តសៀមរាបដែរ។
រីឯសណ្ឋាគារធំៗ ពីរវិញ ត្រូវបានប្រធានសហព័ន្ធសហជីព កម្មករនិយោជក វិស័យទេសចរណ៍កម្ពុជា លោក ទូច កុសល យល់ថា មូលហេតុនៃការក្ស័យធន និងការផ្អាកអាជីវកម្មជាបន្ទាន់ គឺមកពីបញ្ហាភ្ញៀវធ្លាក់ចុះ។ លោក ទូច កុសល ប្រាប់ថា សម្រាប់សណ្ឋាគារ ឌឺហ្គ្រេតឌូក The Great Duke គឺ ភ្ញៀវធ្លាក់ចុះតាំងពីជាងមួយរយ (១០០) បន្ទប់ រហូតដល់គ្មានភ្ញៀវសោះ ទើបថៅកែសម្រេចចិត្តប្រកាសបិទ ចាប់ពីដើមឆ្នាំ២០២០ តទៅ។
សហជីពរូបនេះ បង្ហាញកង្វល់ថា វិស័យទេសចរណ៍អាចនឹងបន្តបន្ទាប់ ដោយសារការបន្តធ្លាក់ចុះទៀត ហើយលោកផ្ដល់យោបល់ថា ក្រសួងទេសចរណ៍ ត្រូវខិតខំប្រឹងប្រែងពង្រីកសេវាកម្ម កំណត់តម្លៃសមរម្យលើបន្ទប់ស្នាក់នៅ ម្ហូបអាហារ អនាម័យ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ វិញ។
ក្រុមមគ្គុទ្ទេសក៍ និងសហជីពវិស័យទេសចរណ៍ បង្ហើបថា បច្ចុប្បន្នភ្ញៀវទេសចរ អឺរ៉ុប កូរ៉េ និងជប៉ុន ធ្លាក់ចុះច្រើន នៅឆ្នាំ២០១៩ តែសំបូរភ្ញៀវទេសចរជនជាតិចិន និងវៀតណាម។ ភ្ញៀវទេសចរអឺរ៉ុបមួយចំនួន បានបង្វែរទិសដៅទៅប្រទេសថៃ និងប្រទេសវៀតណាមវិញ ក៏ជាមូលហេតុ ធ្វើឲ្យកម្ពុជា ធ្លាក់ចុះភ្ញៀវទេសចរណ៍ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។