អ្នកជំនាញលើកឡើងថា អត្រាភាពក្រីក្រនៅកម្ពុជាអាចនឹងកើនឡើងខ្ពស់ជាងការវាយតម្លៃចុងក្រោយរបស់អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP ដែលថា មានត្រឹមជាង ១៧ភាគរយ។ ការលើកឡើងយ៉ាងដូច្នេះ ដោយសារតែកម្ពុជាកំពុងជួបវិបត្តិធំៗ ផ្ទួនៗ ជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២០នេះ ក្នុងនោះមានដូចជា វិបត្តិជំងឺរាតត្បាតកូវីដ១៩ វិបត្តិទឹកជំនន់ ការដាក់បញ្ចូលក្នុងបញ្ជីនៃក្រុមប្រទេសលាងលុយកខ្វក់របស់សហភាពអឺរ៉ុប និងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ជាដើម។
អ្នកវិភាគគោលនយោបាយ សាស្ត្រាចារ្យ អៀ សុផល លើកឡើងថា អត្រាពលរដ្ឋរស់នៅក្រោមបន្ទាត់ភាពក្រីក្រនៅកម្ពុជា នឹងមានការកើនឡើងដោយមិនអាចប្រកែកបាននៅក្នុងឆ្នាំ២០២០ នេះ។ លោកពន្យល់ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិកថា កំណើននៃពលរដ្ឋរស់នៅក្រោមបន្ទាត់ភាពក្រីក្រនេះ គឺដោយសារតែស្ថានភាពលំបាកផ្នែកសេដ្ឋកិច្ចដែលកម្ពុជាកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ។ យ៉ាងណាលោកថា ការវាយតម្លៃចុងក្រោយរបស់អង្គការ UNDP ដែលថា អត្រាភាពក្រីក្រនៅកម្ពុជាមានការកើនឡើងទ្វេដង ពោលគឺពី ៩,៦% រហូតដល់ ១៧,៦% នេះ នៅមានកម្រិតទាបនៅឡើយ ព្រោះការវាយតម្លៃនេះធ្វើឡើងដោយផ្អែកតាមទិន្នន័យនៃអត្រាភាពក្រីក្រដែលរដ្ឋាភិបាលបានកំណត់ពីមុនមក។ លោកបន្តថា ផ្អែកតាមការវិនិច្ឆ័យទូទៅក៏គេអាចដឹងបានដែរថា អត្រាភាពក្រីក្រអាចនឹងខ្ពស់ជាងការវាយតម្លៃនេះ ដោយសារតែពលរដ្ឋភាគច្រើនបានបាត់បង់ចំណូល ខណៈកំណើនសេដ្ឋកិច្ចនៅកម្ពុជាកាន់តែបន្តរួមតូច។
កាលពីថ្ងៃទី៨ តុលា អង្គការ UNDP បានបញ្ចេញរបាយការណ៍ចុងក្រោយមួយស្ដីពីការវាយតម្លៃផលប៉ះពាល់សេដ្ឋកិច្ច និងសង្គមដោយសារតែផលប៉ះពាល់នៃជំងឺកូវីដ១៩។ របាយការណ៍រកឃើញថា អត្រាពលរដ្ឋរស់នៅក្រោមបន្ទាត់ភាពក្រីក្រ ឬចំណាយតិចជាង ២ដុល្លារក្នុងមួយថ្ងៃ អាចនឹងកើនឡើងរហូតដល់ ១៧,៦% ឬស្មើនឹងចំនួនពលរដ្ឋប្រមាណជិត ៣លាននាក់។
ការចេញរបាយការណ៍វាយតម្លៃនេះ ធ្វើឡើងនៅមុនពេលកម្ពុជាប្រឈមនឹងវិបត្តិធម្មជាតិគ្រោះទឹកជំនន់ ដែលកំពុងបង្កការខូចខាតខ្លាំងដល់សេដ្ឋកិច្ចជាតិ។ ជុំវិញការរកឃើញនេះ មន្ត្រីជាន់ខ្ពស់នៃក្រសួងផែនការ ធ្លាប់ប្រាប់អាស៊ីសេរីថា ក្រសួងនៅមិនទាន់គណនាឡើងវិញឲ្យបានជាក់លាក់អំពីអត្រាភាពក្រីក្រនេះនៅឡើយទេ ព្រោះខាងវិទ្យាស្ថានជាតិស្ថិតិមិនទាន់បិទបញ្ចប់ការប្រមូលទិន្នន័យនៅឡើយ។
អ្នកជំនាញសិទ្ធិការងារ និងជាប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស សង់ត្រាល់ លោក មឿន តុលា ក៏យល់ស្របទៅនឹងអំណះអំណាងរបស់បណ្ឌិត អៀ សុផល ដែរ ដែលថា អត្រាភាពក្រីក្រនៅកម្ពុជាអាចនឹងមានខ្ពស់ជាងការវាយតម្លៃរបស់អង្គការ UNDP នេះ៖ « ខ្ញុំគិតថា អត្រាភាពក្រីក្រអាចច្រើនជាងការទស្សន៍ទាយរបស់អង្គការ UNDP ។ ហេតុអីបានជាខ្ញុំថា ដូច្នេះ ? ទីមួយ យើងឃើញថាចំនួនរោងចក្រចេះតែបិទ ចេះតែព្យួរបន្តបន្ទាប់។ មិនមែនតែរោងចក្រទេ ទាំងវិស័យផ្សេងៗ ក៏ពុំទាន់ដំណើរការស្រួលបួលដែរ ដូចជាខាងសេវាកម្សាន្ត ខាងកាស៊ីណូអីជាដើម ក៏ពុំទាន់បានដំណើរការស្រួលបួលដែរ។ រីឯ វិស័យទេសចរណ៍វិញ នៅអត់ទាន់បានប្រសើរទេ នៅអត់ទាន់មានភ្ញៀវបរទេសមានទេ គឺពឹងផ្អែកទាំងស្រុងទៅលើភ្ញៀវខាងក្នុង » ។
លោក មឿន តុលា បន្តថា ផ្អែកតាមការសិក្សាស្រាវជ្រាវកន្លងទៅតាមរយៈការជួបសម្ភាសន៍ផ្ទាល់ជាមួយកម្មកររោងចក្រជាង ៥៥០នាក់ អង្គការរបស់លោករកឃើញថា មានតែកម្មករ ១២% ទេ ដែលឆ្លើយថា ពួកគេពុំជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ។ រីឯ កម្មករ ៨០% ទៀត សុទ្ធតែឆ្លើយថា ពួកគាត់ជំពាក់បំណុលគេ ដែលអ្នកខ្លះជំពាក់ពីស្ថាប័នតែមួយ ឬពីស្ថាប័នពីរ ឬបីផ្សេងគ្នាក៏មាន។ ក្រៅពីជំពាក់បំណុលស្ថាប័នមីក្រូហិរញ្ញវត្ថុ ពលរដ្ឋទាំងនោះក៏ជំពាក់បំណុលឯកជនផងដែរ៖ « អ៊ីចឹង បើយើងមើលទៅលើចំនួនហ្នុង អ្នកដែល ឬយើងដឹងហើយថា ប្រជាពលរដ្ឋយើងកន្លងមក ថ្វីដ្បិតតែអត្រានៃភាពក្រីក្រ វាមានកម្រិតរាងទាបជាងនេះមែន ក៏ប៉ុន្តែអ្នកដែលរស់នៅកៀកៗ បន្ទាត់ភាពក្រីក្រហ្នុង គឺវាកៀកច្រើនមែនទែន។ អ៊ីចឹង នៅពេលដែលបាត់បង់ការងារ នៅពេលដែលមានវិបត្តិកូវីដ១៩ គឺធ្វើឲ្យអ្នកដែលកៀកនេះ គឺធ្លាក់មុនគេហើយ » ។
នៅមុនពេលមានវិបត្តិជំងឺកូវីដ១៩ នេះ ចំនួនពលរដ្ឋដែលរស់នៅកៀកនឹងបន្ទាត់ភាពក្រីក្រ ឬដែលងាយនឹងធ្លាក់ខ្លួនក្រីក្រឡើងវិញនេះ បើផ្អែកតាមធនាគារពិភពលោក គឺមានរហូតដល់ទៅប្រមាណជាង ៤,៥លាននាក់។ ទន្ទឹមគ្នានេះ ធនាគារដដែលនេះ ក៏បានព្យាករណ៍កាលពីពាក់កណ្ដាលឆ្នាំនេះ ថា មនុស្សយ៉ាងហោចណាស់ជាង ១លាន ៧សែននាក់ ពិសេសក្នុងចំណោមគ្រួសារដែលធ្វើការក្នុងវិស័យទេសចរណ៍ ទិញលក់ដុំ និងរាយ វិស័យកាត់ដេរ វិស័យសំណង់ ពាណិជ្ជកម្ម និងឧស្សាហកម្មផលិតកម្ម កំពុងប្រឈមនឹងការបាត់បង់ការងារធ្វើ។
រីឯនាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ពន្យល់ថា អាចនឹងមានភាពលម្អៀងនៅក្នុងការវាយតម្លៃ និងការរកឃើញរបស់អង្គការ UNDP នេះ៖ « កម្រិតលម្អៀងវាមានខ្លះហើយ ប៉ុន្តែកម្រិតលម្អៀងក្នុងកម្រិតប៉ុន្មានចុច ២ចុច ឬ១ចុចអ៊ីចឹង។ ដូច្នេះ វាអាចខុសគ្នាតិចតួច។ គ្រាន់តែថា បើយើងមើលទៅលើផលប៉ះពាល់ដែលចេញអំពីជំងឺកូវីដ១៩ ការដក EBA ផង ហើយយើងក៏មានផលប៉ះពាល់ផ្ទាល់ដែលចេញអំពីកូវីដ ១៩នេះ ធំធេងណាស់។ ទីមួយ យើងមានអត្រានៃការអត់ការងារធ្វើច្រើន។ តាមការវាយតម្លៃរបស់ធនាគារពិភពលោកអាចមានដល់ ១ , ៧លាននាក់នៃអត្រាប្រជាពលរដ្ឋអត់ការងារធ្វើ។ ទីពីរ ចរន្តសេដ្ឋកិច្ចសង្គមក៏ប៉ះពាល់ហើយ ពីព្រោះកូវីដ១៩ វាអាចប៉ះពាល់ទៅលើវិស័យ គ្រប់វិស័យទាំងអស់ ជាពិសេសវិស័យទេសចរណ៍ វិស័យកំសាន្ត សុទ្ធតែប៉ះពាល់ខ្លាំង » ។
លោក ប៉ិច ពិសី ព្រមានថា ផលប៉ះពាល់ខ្លាំងនេះ មិនមែនមានត្រឹមតែឆ្នាំ២០២០នេះទេ គឺរហូតដល់ឆ្នាំបន្តបន្ទាប់ទៀត ព្រោះរដ្ឋាភិបាលគ្រោងនឹងកាត់បន្ថយចំណាយរហូតដល់៥០ភាគរយ៖ « ចំនួនអ្នកក្រអាចកើនពីមួយឆ្នាំទៅមួយឆ្នាំ បើសិនជាយើងមិនមានយុទ្ធសាស្ត្រ ឬក៏មិនមានថវិកាគ្រប់គ្រាន់ដើម្បីទប់ស្កាត់បញ្ហាទាំងអស់នេះទេ នៅក្នុងឆ្នាំ២០២១ ហើយឆ្នាំ២០២១ ជាឆ្នាំមួយដែលលំបាកបំផុតពីព្រោះយើងកំពុងតែមានវិបត្តិហើយចរន្តសាច់ប្រាក់ថវិកាជាតិ គឺឥឡូវនេះ យើងដឹងថា មានកម្រិតមែនទែន រហូតដល់រដ្ឋាភិបាលកាត់ថវិកាជាតិរហូតដល់ ៥០ % ។ នេះបានន័យថា យើងមិនមានថវិកាប្រើប្រាស់ទេ » ។
ក្រៅពីការវាយតម្លៃរបស់អង្គការ UNDP នេះ កាលពីខែកញ្ញា ទាំងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារពិភពលោក (World Bank) បានធ្វើការព្យាករណ៍ចុងក្រោយថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០នេះ គឺសុទ្ធតែធ្លាក់ចុះមកនៅត្រឹម -៤% ឬ -២% ដែលមានន័យថា មានកំណើនទាបជាងឆ្នាំ២០១៩ រហូតដល់ទៅ ៤% ឬ ២% ដោយសារតែផលប៉ះពាល់នៃជំងឺកូវីដ១៩។ ការព្យាករណ៍នេះ បង្ហាញឲ្យឃើញថា សេដ្ឋកិច្ចកម្ពុជាកំពុងធ្លាក់ចុះយ៉ាងគំហុកមិនធ្លាប់មានពីមុនមក ដែលលោក ហ៊ុន សែន តែងអះអាងថា កម្ពុជាអាចរក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% ជារៀងរាល់ឆ្នាំនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
