ប្រជាកសិកររស់នៅឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្អូញត្អែរពីផលប៉ះពាល់ដោយសារដំណាំដំឡូងមីរបស់ពួកគាត់មានតម្លៃថោក មិនអាចទូទាត់ទៅនឹងការចំណាយបាន។ តម្លៃដំឡូងមីចុះថោកពេលនេះ កសិករត្រូវប្រឈមការខាតបង់ ព្រមទាំងត្រូវជំពាក់បំណុលគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនទៀតផង ពីព្រោះមិនអាចបង្វិលដើមទុនដោះស្រាយបំណុលបាន។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលយល់ថា រដ្ឋត្រូវមានការទទួលខុសត្រូវមួយចំណែកលើបញ្ហានេះ។
ប្រជាកសិករនៅខេត្តត្បូងឃ្មុំ អំពាវនាវឱ្យរាជរដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធ ជួយដោះស្រាយបញ្ហាតម្លៃកសិផលដែលពួកគាត់ផលិតបានពេលនេះឱ្យមានតម្លៃខ្ពស់នៅលើទីផ្សារដូចកាលពីឆ្នាំកន្លងទៅ។ ពួកគាត់លើកឡើងថា ប្រសិនបើតម្លៃដំឡូងមីបានខ្ពស់ វាមិនត្រឹមតែជួយប្រជាកសិករប៉ុណ្ណោះទេ ប៉ុន្តែវាជាការលើកទឹកចិត្តដល់ពួកគាត់ឱ្យកាន់តែស្រលាញ់មុខរបរកសិកម្មថែមទៀត។
កសិករនៅឃុំជាំក្រវៀន មួយរូប លោក សុន ធៀប មានប្រសាសន៍ថា តម្លៃដំឡូងមីនៅឆ្នាំនេះគឺខុសគ្នាស្រឡះទៅនឹងឆ្នាំកន្លងទៅ។ លោកថា ឆ្នាំមុនកសិករអាចលក់ដំឡូងមីស្រស់បានមួយគីឡូក្រាម ៣០០រៀល ទៅ ៤០០រៀល ប៉ុន្តែឆ្នាំនេះ គឺបានមួយគីឡូក្រាម ១៥០រៀល ទៅ ១៦០រៀល ហើយត្រូវចំណាយថ្លៃដឹកជញ្ជូន ៩០រៀលទៀតផង។ ចំណែកតម្លៃទំនិញនៅលើទីផ្សារដូចជា ជី ថ្នាំបាញ់សម្លាប់សត្វល្អិត ឬបាញ់ជំនួយដើម ព្រមទាំងការជួលម៉ាស៊ីនភ្ជួររាល់ ពូជដំឡូង និងកម្មករផង គឺកាន់តែមានតម្លៃខ្ពស់៖ «អត់មានអារម្មណ៍ម៉េចទេ! អត់មានអារម្មណ៍ធ្វើដំឡូងទៀត ពីព្រោះវាអស់សង្ឃឹមហើយ»។
ឃុំជាំក្រវៀន មានប្រជាពលរដ្ឋជិត ៣ពាន់គ្រួសារ ដែលស្មើជាង ១ម៉ឺននាក់ ហើយពលរដ្ឋប្រកបមុខរបរដាំដំឡូងនៅពេលបច្ចុប្បន្នមានប្រមាណ ៧០ភាគរយ។
ពលរដ្ឋមួយរូបទៀត អ្នកស្រី សុខ ជឿន ឱ្យដឹងថា អ្នកស្រីមានផ្ទៃដី ៨ហិកតារ ដើម្បីដាំដំឡូង ដោយសង្ឃឹមថា នឹងមានតម្លៃខ្ពស់គ្រាន់ដោះស្រាយជីវភាពរស់នៅ។ ក្ដីសង្ឃឹមនេះ ប្រែជារលាយ ពីព្រោះបច្ចុប្បន្នតម្លៃដំឡូងធ្លាក់ចុះខ្លាំង រហូតធ្វើឱ្យកសិករខ្លះទុកដំឡូងខ្លួនចោលតែម្ដង ដោយសារមិនអាចទូទាត់ការចំណាយបាន។ អ្នកស្រីបន្តថា តាំងពីចាប់ផ្ដើមដាំរហូតជិតទទួលផល គឺគាត់ត្រូវចំណាយដើមទុនជិត ១០លានរៀល ហើយថវិកាទាំងនេះពួកគាត់ខ្ចីបុលគ្រឹះស្ថានហិរញ្ញវត្ថុតែប៉ុណ្ណោះ។
អ្នកស្រីថា នៅពេលកសិករខ្មែរប្រកបរបរកសិកម្មចេះតែខាតបង់បែបនេះ ជាហេតុធ្វើឱ្យពលរដ្ឋមួយចំនួនចំណាកស្រុក ហើយបង្ខំចិត្តលក់ទ្រព្យសម្បត្តិ ឬលក់ដីធ្លីរបស់ខ្លួនដើម្បីដោះបំណុលគេក៏មាន៖ «មានការព្រួយបារម្ភយ៉ាងខ្លាំង ប្រជាជនដែលអត់ស្រែកឃ្លានទៅប្រទេសគេហ្នុងគេមកវិញមិនដឹងមានដីមានធ្លីអីធ្វើទៀតលោកគ្រូ។ កាលណាដំឡូងនៅតែថោកអ៊ីចឹងត្រូវលក់ដីលក់អីទៅសងអង្គការអស់ទៅ»។
ដំណាំដំឡូងកសិករភាគច្រើនចាប់ផ្តើមដាំនៅខែមីនា ឬមេសា ហើយទទួលផលនៅចន្លោះខែវិច្ឆិកា ដល់ខែមករា។
ទីផ្សារដំឡូងនៅពេលបច្ចុប្បន្នសម្រាប់ពលរដ្ឋនៅស្រុកមេមត់ គឺត្រូវនាំទៅលក់ឱ្យប្រទេសវៀតណាម ទាំងស្រុង។
ទាក់ទងបញ្ហានេះ ជំទប់ទី១ ឃុំជាំក្រវៀន លោក ហា ថន មានប្រសាសន៍ថា នៅពេលផលិតផលដំឡូងមីចុះថោក គឺពិតជាបណ្ដាលឱ្យកសិកររងផលប៉ះពាល់ប្រាកដមែន។ លោកបន្តថា មូលហេតុចុះថោក ពីព្រោះកម្ពុជា មិនមានទីផ្សារទូលំទូលាយ ពោលគឺលក់ឱ្យតែប្រទេសវៀតណាម មួយ ហើយតម្លៃឡើង ឬចុះ អាស្រ័យលើវៀតណាម ជាអ្នកកំណត់ប៉ុណ្ណោះ៖ «ចង់ឱ្យមានអ្នកបណ្ដាក់ទុនខាងពីក្រៅមកទិញដំឡូងប្រជាពលរដ្ឋឱ្យបានឡើងថ្លៃ ព្រោះគ្នារាល់ថ្ងៃហ្នឹងពិបាកនឹងដើរខ្ចីលុយគេ»។
លោកបន្តថា អាជ្ញាធរឃុំធ្លាប់ធ្វើរបាយការណ៍ជុំវិញករណីនេះបញ្ជូនទៅថ្នាក់ស្រុក ពីព្រោះខាងលោកមិនមានលទ្ធភាពណាមួយលើសពីនេះទេ។
តម្លៃផលិតផលកសិកម្មខ្មែរនៅពេលបច្ចុប្បន្ន រួមមានកៅស៊ូ ត្រឡាច ល្ពៅ ដំឡូង ពោត ស្រូវ ជាដើមគឺកំពុងប្រឈមបញ្ហាខ្វះទីផ្សារ ហើយបើមានទីផ្សារវិញ ប៉ុន្តែតម្លៃថោកមិនអាចទូទាត់ការចំណាយបាន។ បញ្ហានេះ ធ្វើឱ្យពលរដ្ឋខ្មែរមួយចំនួននៅក្បែរព្រំដែនបង្ខំចិត្តយកដីរបស់ខ្លួនទៅជួលឱ្យជនជាតិវៀតណាម ទៀតផង។
កាលពីថ្ងៃទី៧ ខែកញ្ញា អភិបាលរងខេត្តត្បូងឃ្មុំ លោក ហាក់ សុខមករា មានប្រសាសន៍ថា កន្លងមកអាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ទីរកសិកម្មខេត្ត បានជំរុញការដាំដុះដល់កសិករ ព្រមទាំងយកចិត្តទុកដាក់លើបញ្ហាតម្លៃលើទីផ្សារថែមទៀត។ ប៉ុន្តែលោកថា តម្លៃផលិតផលខ្លះ គឺប្រែប្រួលដោយសារទីផ្សារពិភពលោកប្រែប្រួលដូចគ្នា។
ទោះបីជាយ៉ាងនេះក្តី នាយកប្រតិបត្តិមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មនៅកម្ពុជា ហៅកាត់ថា សេដាក (CDAC) លោក សម វិទូ មានប្រសាសន៍ថា នៅពេលណាផលិតផលលើសពីតម្រូវការ គឺនាំឱ្យតម្លៃធ្លាក់ចុះ។ លោកបន្តថា បញ្ហាប្រឈមរបស់កសិករគឺខ្វះព័ត៌មានស្ដីពីតម្រូវការទីផ្សារជាហេតុនាំឱ្យពលរដ្ឋដាំដំណាំតាមគ្នា ឬតាមការញាក់របស់ឈ្មួញកណ្ដាល។ លោកយល់ថា ប្រសិនបើកសិករខ្មែរនៅតែជួបបញ្ហាប្រឈមបែបនេះទៀត នឹងជំរុញឱ្យពួកគាត់បោះបង់មុខរបរកសិកម្មចោលតែម្ដង៖ «យើងឃើញហើយនៅពេលបច្ចុប្បន្ននេះ កសិករគាត់ចាប់ផ្តើមបោះបង់បណ្ដើរៗហើយ។ ដោយសារអី ដោយសារឧទាហរណ៍នៅឆ្នាំនេះ គាត់ដាំបានថោកគាត់ដូរទៅដាំល្ពៅ។ ល្ពៅឆ្នាំនេះថោក»។
លោកបន្ថែមទៀតថា រាជរដ្ឋាភិបាលត្រូវទទួលខុសត្រូវមួយចំណែកចំពោះបញ្ហាប្រឈមរបស់កសិករទាំងនេះ ដូចជាត្រូវធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគទុនឱ្យមកបង្កើតរោងចក្រកែច្នៃវត្ថុធាតុដើមនៅក្នុងស្រុកឱ្យបានច្រើន។ ជាងនេះទៀត ត្រូវស្វែងរកទីផ្សារឱ្យបានទូលំទូលាយ ដោយមិនត្រូវពឹងផ្អែកលើទីផ្សារប្រទេសចិន ឬវៀតណាម តែមួយឡើយ ហើយត្រូវផ្ដល់ព័ត៌មានស្ដីពីទីផ្សារដល់កសិករឱ្យបានគ្រប់គ្រាន់។ បន្ថែមពីនេះ កសិករត្រូវរៀនដាំដំណាំចម្រុះគ្នានៅលើផ្ទៃដីដែលពួកគាត់មានជៀសវាងការដាំដំណាំតែមួយមុខនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
