កម្មករ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល​គោល​សមរម្យ​ដល់​ពួកគាត់

ដោយ ជាតិ ចំណាន
2024.09.08
កម្មករ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល​គោល​សមរម្យ​ដល់​ពួកគាត់ រដ្ឋមន្ត្រី​ក្រសួងការងារ និង​បណ្ដុះបណ្ដាល វិជ្ជាជីវៈ លោក ហេង សួរ ថ្លែង​កាលពីថ្ងៃទី៦ កញ្ញា ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហេង សួរ

កម្មករ​ធ្វើការ​ក្នុង​វិស័យ​រោងចក្រ​ទទូច​ឱ្យ​ភាគី​រដ្ឋាភិបាល​ជំរុញ​ទៅ​ថៅកែ​រោងចក្រ​សហគ្រាស​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សមរម្យ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់។ លើក​ឡើង​របស់​កម្មករ​នេះ គឺ​បន្ទាប់ពី​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​បាន​រៀបចំ​កិច្ចប្រជុំ​ចរចា​ប្រាក់​ឈ្នួល​ត្រីភាគី​ជា​លើក​ទី​៣ ដោយ​ភាគី​និយោជក ឬ​ថៅកែ​ដំឡើង​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ​ចំនួន ២​ដុល្លារ ខណៈ​សហជីព​តំណាង​ឱ្យ​កម្មករ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ចំនួន​១០​ដុល្លារ។

កម្មករ​រោងចក្រ​កាត់ដេរ​មួយចំនួន​ចង់​ឃើញ រដ្ឋាភិបាល​គិតគូរ​ពី​ជីវភាព​របស់​ពួកគាត់​តាមរយៈ​ការដំឡើង​ប្រាក់​ឈ្នួល​គោល ចន្លោះ​ពី​២៥០ ដល់​៣០០​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​ឆ្នាំ​២០២៥​ខាងមុខ ដើម្បី​អាច​ឱ្យ​ពួកគាត់​មានលទ្ធភាព​រស់នៅ​ក្នុង​ជីវភាព​សមរម្យ។

ប្រធាន​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​ខេន​ស្ព័ត​ស៊ូ ខេត្តកំពង់ឆ្នាំង លោក កាន សុខវី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី៧ ខែ​កញ្ញា ថា ប្រសិនបើ​រដ្ឋាភិបាល និង​និយោជក​ដំឡើង​ប្រាក់​ឈ្នួល​គោល​ឱ្យ​កម្មករ​បាន​ចន្លោះ​ពី ២១០​ដុល្លារ ដល់​២៥០​ដុល្លារ​នោះ កម្មករ​អាច​មាន​លទ្ធភាព​បញ្ជូន​កូន​ទៅ​សាលារៀន​បាន​។ លោក​បន្ត​ថា បច្ចុប្បន្ន​ស្ថានភាព​រស់នៅ​របស់​កម្ម​ករ​ត្រូវ​ចាយវាយ​ត្បិតត្បៀត និង​កាត់បន្ថយ​ការ​ចំណាយ​ដោយសារតែ​ប្រាក់ខែ​ទាប​មិនអាច​ឆ្លើយតប​ទៅ​នឹង​ទំនិញ​នៅ​លើ​ទីផ្សារ។

លោក កាន សុខវី៖ «២១០​ទៅ​២២០​ប្រាក់ខែ​គោល​ប្រាក់​ងាប់​យក​ទៅ​ចែក​ជា​មួយ​២៦​ថ្ងៃ​ទៅ​កម្មករ​យើង​បាន​ច្រើន​ដែរ​មួយថ្ងៃ​បាន​៨​ដុល្លារ ៩​ដុល្លារ​ជាង​អ៊ីចឹង​ទៅ​បាន​គួរសម​។ ទី​២​សូម​ទំនិញ​ក៏ដូចជា អង្ករ ដូចជា​ម្ហូបអាហារ​ក៏ដូចជា​សាំង ម៉ាស៊ូត នៅ​លើ​ទីផ្សារ​កុំ​ឡើងថ្លៃ​អ៊ីចឹង​យើង​អាច​រស់​បាន​យើង​ជា​កម្មករ​អាច​រស់​បាន យើង​ជា​ប្រជាពលរដ្ឋ​អាច​ទទួល​យក​បាន»

ដោយ​ឡែក ប្រធាន​សហព័ន្ធ​សហជីព​សេរី​ឯករាជ្យ​ប្រចាំ​រោងចក្រ​បូវឃើរ ហ្គាមេន (Bowker Garment Factory) ក្នុង​ខេត្ត​កណ្ដាល លោក សយ ចន្ធូ យល់ឃើញ​ថា ការ​ស្នើ​សុំ​ឱ្យ​ខាង​ភាគី​ថៅកែ និង​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល​គោល​ចំនួន​២១៨​ដុល្លារ​សម្រាប់​កម្មករ​នេះ​គឺ​មិនបាន​ធ្វើ​ឱ្យ​ពួកគាត់​ក្លាយជា​អ្នកមាន​ឡើយ ប៉ុន្តែ​អាច​សម្រួល​ដល់​ការរស់នៅ​របស់​កម្មករ​បាន​មួយ​កម្រិត។

លោក សយ ចន្ធូ៖ «គិតថា​ស្នើសុំ​មិន​ទៅ​លើស​មិន​ទៅ​លុះ​ពួកគាត់​ក៏​មិន​ទៅ​សុំ​ធ្វើជា​សេដ្ឋី​អី​បាន​ដែរ​ប្រាក់ខែ​ប៉ុណ្ណឹង​។ បើ​ធៀប​តម្លៃ​អតិផរណា​ទីផ្សារ យើង​ធៀប​ចំណូល​ចំណាយ​របស់​ពួកគាត់​យើង​ធៀប​ទូទាត់​គ្នា​ទៅ​យើង​មិនអាច​ទាន់​រស់នៅ​សមរម្យ​គ្រាន់តែ​អាច​រស់​បាន​បើ​ឱ្យ​រស់​បាន​សមរម្យ​នៅ​មិនបាន​សមរម្យ​ទេ ពី​ព្រោះ​កម្មករ​ពួកគាត់​ជំពាក់​ធនាគារ​អី​ច្រើន​អ៊ីចឹង​ក្នុងចំណោម​យើង​សម្ភាសន៍​ហ្នឹង»

កាល​ពី​ថ្ងៃ​ទី៦ ខែ​កញ្ញា ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​បាន​បើក​កិច្ចប្រជុំ​ចរចា​ត្រីភាគី​ដើម្បី​កំណត់​ប្រាក់​ឈ្នួល​គោល​ដល់​កម្មករ​ធ្វើការ​ផ្នែក​វាយនភណ្ឌ​សម្រាប់​ឆ្នាំ​២០២៥​។ ក្នុង​កិច្ចប្រជុំ​លើក​ទី​៣​នោះ តំណាង​និយោជក​បាន​ដំឡើង​ប្រាក់​ឈ្នួល​គោល​ចំនួន ២​ដុល្លារ ខណៈ​សហជីព​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​ចំនួន ១៤​ដុល្លារ​បន្ថែម ប៉ុន្តែ​ក្រោយ​មក​សម្របសម្រួល​សល់​ត្រឹម ១០​ដុល្លារ​វិញ​។ ទោះជា​យ៉ាងណា​ការចរចា​នេះ​នៅ​មិនទាន់​ឈាន​ដល់​ការ​ឯកភាព​គ្នា​នៅឡើយ​ទេ ពីព្រោះ​កាលពី​កិច្ចប្រជុំ​លើក​ទី​១ សហជីព​តំណាង​ឱ្យ​កម្មករ​ទាមទារ​ប្រាក់​ឈ្នួល​គោល​ចំនួន​២១៨​ដុល្លារ ពោល​គឺ​ឡើង​ចំនួន ១៤​ដុល្លារ​បើ​ធៀប​ទៅ​នឹង​ប្រាក់ខែ​គោល​កម្មករ​ក្នុង​ឆ្នាំ​២០២៤ មាន​ចំនួន​២០៤​ដុល្លារ​។ កិច្ចប្រជុំ​ចរចា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​នេះ​នឹង​បន្ត​ចរចា​នៅ​ថ្ងៃទី​១២ ខែ​កញ្ញា ខាងមុខ​ទៀត។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក កត្តា អ៊​ន ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃទី​០៧ ខែសីហា។

ទោះជា​យ៉ាងណា សហជីព​អះអាង​ថា ការកំណត់​តួលេខ​ចំនួន​២១៨​ដុល្លារ​នេះ​គឺ​បាន​មក​ពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​៧​ចំណុច ដូចជា​ការ​ចំណាយ​ក្នុង​ការ​រស់នៅ​របស់​កម្មករ អត្រា​អតិផរណា ស្ថានភាព​គ្រួសារ ផលិតភាព ភាព​ប្រកួតប្រជែង ទីផ្សារ និង​ចុងក្រោយ​កម្រិត​ប្រាក់ចំណេញ​របស់​ថៅកែ​ជាដើម ហើយ​តួលេខ​ចំនួន​២១៨​នេះ ក៏​នៅ​មិនទាន់​អាច​ចាត់ទុកថា​ជា​ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​កម្មករ​និយោជិត​ដែរ។

ទាក់ទិន​បញ្ហា​នេះ អនុប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ហៅ​កាត់​ថា ស៊ីខៅឌូ (CCAWDU) លោក អាត់ ធន់ មានប្រសាសន៍ថា ប្រាក់​ឈ្នួល​គោល​ដែល​អាច​ឱ្យ​កម្មករ​រស់នៅ​ក្នុង​ជីវភាព​សមរម្យ​គឺ​ចន្លោះ​ពី​២៥០​ដុល្លារ ដល់​៣០០​ដុល្លារ ហើយ​ការ​ស្នើសុំ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ចំនួន​២១៨​ដុល្លារ​នេះ​គឺ​មាន​ចំនួន​តិចតួច​នៅឡើយ​បើ​ធៀប​ទៅ​នឹង​ការ​ចំណាយ​ប្រចាំថ្ងៃ​របស់​កម្មករ។ លោក អាត់ ធន់ អះអាង​ថា តាម​ការស្រាវជ្រាវ​របស់​សហជីព​រក​ឃើញ​ថា ការ​ចំណាយ​ជា​មធ្យម​របស់​កម្មករ​ក្នុង​មួយ​ខែ​ចំណាយ​យ៉ាង​ហោច​អស់​២២០​ដុល្លារ។

លោក អាត់ ធន់៖ «ខ្ញុំ​គិតថា​បច្ចុប្បន្ន​នេះ​បើ​បាន​ប្រាក់ខែ​គោល​ចន្លោះ​ពី​២៥០​ដុល្លារ​ដល់​៣០០​ដុល្លារ​ទើប​អាច​សមរម្យ​សម្រាប់​ពួកគាត់​។ បើ​យើង​មើល​ការសិក្សា​ស្រាវជ្រាវ​បើ​មួយ​គ្រួសារ​គាត់​ចំណាយ​ជិត​៣០០​ដុល្លារ​ឯណោះ​ជិត​៤០០​ដុល្លារ ប៉ុន្តែ​យ៉ាងហោចណាស់​ក៏​អាច​ដោះស្រាយ​បញ្ហា​របស់​ពួកគាត់​បាន​ច្រើន»

ក្រុម​កម្មករ និង​សហជីព​ទទូច​ឱ្យ​រដ្ឋាភិបាល​យកចិត្តទុកដាក់​ពី​បញ្ហា​ជីវភាព និង​សុខទុក្ខ​របស់​ពួកគាត់ តាមរយៈ​ការដំឡើង​ប្រាក់​ឈ្នួល​គោល​អប្បបរមា ហើយ​បញ្ចុះតម្លៃ​ទំនិញ​គ្រប់មុខ​នៅ​លើ​ទីផ្សារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។