សមាគមខាងផ្នែកកាត់ដេររបស់អាមេរិកមួយចំនួន បានសម្តែងការព្រួយបារម្ភចំពោះការវិវឌ្ឍន៍ថ្មីៗ នៅក្នុងប្រទេសកម្ពុជា ដែលមិនត្រឹមតែបានបំផ្លាញដល់ការគោរពសិទ្ធិការងារប៉ុណ្ណោះទេ ប៉ុន្តែបានធ្វើបរិយាកាសនៃការគោរពសិទ្ធិមនុស្ស មានការធ្លាក់ចុះយ៉ាងខ្លាំង។
សមាគមវាយនភណ្ឌ និងស្បែកជើង (AAFA) សមាគមយុត្តិធម៌ខាងការងារ (FLA) និងអង្គការ សមាគមជាច្រើនទៀត បានសរសេរលិខិតរួមគ្នាមួយច្បាប់ផ្ញើទៅកាន់លោក ហ៊ុន សែន កាលពីថ្ងៃទី១៩ ខែមីនាកន្លងទៅនេះ ដើម្បីសម្តែងការព្រួយបារម្ភចំពោះការចោទប្រកាន់បទព្រហ្មទណ្ឌទណ្ឌទៅលើលោក មឿន តុលា ប្រធានអង្គការសង់ត្រាល់ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិបណ្តាញព្រះសង្ឍឯករាជ្យ និងលោក ប៉ា ងួនទៀង ប្រធានមជ្ឈមណ្ឌលដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ជា មុន្នី អតីតប្រធានសហជីពសេរីកម្មករ លោក អាត់ ធន់ ប្រធានសហជីព ស៊ីខៅឌូ និងក្រុមសមាជិកសហជីពជាច្រើនទៀត។
ក្រុមនេះ បានជំរុញឲ្យរបបក្រុងភ្នំពេញធានាអំពីការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ជាពិសេសក្រុមអ្នកធ្វើការងារខាងផ្នែកឃ្លាំមើលសិទ្ធិមនុស្ស។ ក្រុមសមាគមខាងផ្នែកវាយណភណ្ឌ របស់អាមេរិកាំងទាំងនេះ ក៏បានក្រើនរំលឹកដល់របបលោក ហ៊ុន សែន ថា សេរីភាពខាងនយោបាយ នីតិរដ្ឋ ការគោរពសិទ្ធិពលរដ្ឋអន្តរជាតិ និង សិទ្ធិការងារមានសារៈសំខាន់ខ្លាំងណាស់សំរាប់ការទទួលខុសត្រូវខាងផ្នែកជំនួញ និងពាណិជ្ចកម្មអន្តរជាតិ។
ក្រុមសមគមទាំងនេះបានទាមទារឲ្យលោក ហ៊ុន សែន បញ្ចប់រាល់ទំរង់នៃការយាយី និងការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការមកលើសកម្មជនការពារសិទ្ធិមនុស្ស និងការពារសិទ្ធិការងារទាំងនេះ ដើម្បីអាចឲ្យពួកគេមានលទ្ធភាពក្នុងការបំពេញកិច្ចរបស់ខ្លួនដោយគ្មានឧបសគ្គ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។