ប្រជាសហគមន៍រស់នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ មួយចំនួននាំគ្នាប្រកបមុខរបររកឃ្មុំព្រៃ ក្រោយពេលទំនេរពីរដូវធ្វើស្រែ និងចម្ការ។
មុខរបរនេះ មិនទៀងទាត់ឡើយ ប៉ុន្តែពួកគាត់អះអាងថា ជាមុខរបរបន្ទាប់បន្សំមួយ ដែលអាចជួយដល់សម្រួលដល់ជីវភាពរស់នៅរបស់ពួកគាត់បានម្ដងម្កាលផងដែរ។ តើមុខរបរនេះ បច្ចុប្បន្នមានបញ្ហាប្រឈមបែបណាខ្លះ?
ប្រជាសហគមន៍នៅឃុំដងកាំបិតលើកឡើងថា ពួកគេនឹងប្រកបមុខរបររកឃ្មុំព្រៃ ឬរកឃ្មុំធម្មជាតិបន្តទៀតដើម្បីរក្សាអត្តសញ្ញាណមុខរបរម្ចាស់ស្រុកផង ហើយម្យ៉ាងទៀតព្រោះមុខរបរនេះ ជាចំណែកមួយជួយឱ្យពួកគាត់មានប្រាក់ចំណូលអាចផ្គត់ផ្គង់គ្រួសារក្រោយសម្រាកពីការងារស្រែចម្ការ។
អ្នកភូមិលើកឡើងថារបរនេះ អាចនឹងថយចុះនៅថ្ងៃមុខ ដោយសារចំនួនឃ្មុំក្នុងព្រៃ និងចំនួនព្រៃឈើកាន់បានថយចុះជាបន្តបន្ទាប់។
ប្រជាសហគមន៍នៅភូមិស្រែវាល ឃុំដងកាំបិត លោក សុខ អេង មានប្រសាសន៍ថា គាត់ប្រកបមុខរបររកឃ្មុំធម្មជាតិ ប្រមាណ ១០ឆ្នាំមកហើយ។
លោកបន្តថា របរនេះ មិនទៀងទាត់ទេ ហើយក៏មិនរាប់បញ្ចូលថាជាមុខរបរផ្លូវការរបស់អ្នកស្រុកដែរ ដោយអ្នកភូមិខ្លះគ្រាន់តែនាំគ្នារកម្ដងម្កាលប៉ុណ្ណោះ ម្យ៉ាងរដូវកាលដែលអាចប្រកបមុខរបរនេះបាន គឺមានរយៈពេលខ្លី។ ពលរដ្ឋដដែលនិយាយថា ខែដែលឃ្មុំផ្ដល់ផលជាទឹកឃ្មុំសុទ្ធល្អ និងអាចរកបានច្រើន គឺចន្លោះពីខែកុម្ភៈ ដល់ខែ ឧសភា ឬខែមិថុនា ហើយប្រភេទឃ្មុំដែលអ្នកស្រុកយកភាគច្រើនជា ប្រភេទឃ្មុំចង្អេរ។ ឃ្មុំប្រភេទនេះ អាចផ្ដល់ផលជាទឹកឃ្មុំចន្លោះពី ៥ ទៅ ១០ លីត្រ អាស្រ័យលើឃ្មុំតូច ឬធំ។ លោក សុខ អេង រៀបរាប់ពីរបៀបឡើងយកឃ្មុំធម្មជាតិ ដែលអាចរក្សាបាននូវគុណភាពល្អ អនាម័យ ព្រមទាំងអាចការពារមិនឲ្យផុតពូជ និងកុំវាទិចយើងបាន៖ «ដំបូងយើងកាច់ស្លឹកឈើហើយចង់ជាបាច់ទៅ ហើយយកឈើពុកប៉ុនៗម្រាមដៃ ចង់ផ្អោបគ្នារួច យើងយកអាបាច់ឈើហ្នឹងទៅញាត់ក្នុងស្លឹកឈើដែលយើងកាច់។ រួចយើងចងជាដុំ។ កាលណាយើងដុំឈើហ្នឹងដុតហើយឡើងទៅលើឈើ អ៊ីចឹងហើយឃ្មុំ អត់ហ៊ានទិចយើងទេ»។
ប្រភេទឃ្មុំព្រៃ ដែលគេស្គាល់ជាទូទៅ រួមមានឃុំចង្អេរ ដែលអ្នកស្រុកនៅតំបន់មានព្រៃឈើធំៗ និយមយកមកបរិភោគ និងយកធ្វើអាជីវកម្ម។ ក្រៅពីនេះ មានប្រភេទឃ្មុំផ្លិត ដែលមានរាងសណ្ឋានដូចផ្លិត ឃ្មុំស្លឹកត្រចៀកដំរី ដែលមានរៀងដូចស្លឹកត្រចៀកសត្វដំរី និងប្រភេទឃ្មុំតូចៗ ដែលអ្នកស្រុកនិយមហៅថា ឃ្មុំកុំប៉ក់អាចម៍ឆ្កែជាដើម។
លោក សុខ អេង ឱ្យដឹងថាប្រភេទឃ្មុំចង្អេរដែលពួកគាត់យកនោះ ធ្វើសំបុក ឬបង្គងនៅលើប្រភេទដើមឈើធំៗដូចជា ដើមជ្រៃ ដើមចំបក់ ដើមកកោះ ដើមព្រីង និងដើមឈើទាល។
លោកថា ការប្រកបមុខរបរនេះ ក៏មានបញ្ហាប្រឈមខ្លះដែរ ដូចជាត្រូវឃ្មុំទិច ហើយឃ្មុំដែលធ្វើសំបុក ឬបង្គងនៅលើដើមឈើខ្ពស់ៗ ពួកគាត់មិនហ៊ានឡើយយកទេ ព្រោះអាចប្រឈមការធ្លាក់ ឬ មានគ្រោះថ្នាក់ផ្សេងៗ ហើយអ្នកភូមិភាគច្រើនទៅរកឃ្មុំដោយមានគ្នាចាប់ពី ពីរនាក់ឡើងទៅ។ បន្ថែមពីនេះ ការយកឃ្មុំនៅពេលខ្លះ ចំខែភ្លៀងធ្លាក់ ដែលធ្វើទឹកឃ្មុំមិនសូវល្អ ម្យ៉ាងអតិថិជនខ្លះចង់បានទាំងបង្គង ដែលធ្វើឱ្យពួកគាត់ពិបាក។ យ៉ាងនេះក្តី លោកថា ទីផ្សារលក់ទឹកឃ្មុំ មិនមានបញ្ហាប្រឈមឡើយ ដោយពួកគាត់អាចលក់បានចន្លោះពី ៤ ម៉ឺន ទៅ ៦ ម៉ឺនរៀល ក្នុងមួយលីត្រ ហើយក្នុងមួយរដូវកាល លោកអាចរកបានប្រមាណ ៥០លីត្រ ឬលើសពីនេះ។ ចំណែកទីតាំងដែលពួកគាត់ចេញទៅរក គឺនៅតំបន់ព្រៃសហគមន៍ក្បែរភូមិ និងនៅជាយតំបន់ព្រៃឡង់ផងដែរ៖ «ការយកឃ្មុំហ្នឹងដូចថា វាជួយដល់យើងម្យ៉ាងដែរ ជួយដល់សង្គមយើង។ ជួយដល់ចំណូលថវិកា ពេលខ្វះខាតអីទៅណាស់»។
របៀបយកឃ្មុំ គឺមានអ្នកភូមិខ្លះគេយកតែក្បាលទឹករបស់ឃ្មុំប៉ុណ្ណោះ ដោយទុកកន្លែងផ្សេងទៀតសម្រាប់ឱ្យមេឃ្មុំត្រឡប់មករស់នៅ និងភ្ញាស់កូនរបស់ខ្លួនវិញ ប៉ុន្តែអ្នកភូមិខ្លះទៀត គឺយកទាំងមូលតែម្ដង។
ប្រភពដដែល សង្កេតឃើញថា ទិន្នផលឃ្មុំក្នុងព្រៃកាន់តែថយចុះ ដែលធ្វើឱ្យពួកគាត់មានក្តីបារម្ភខ្លាច មុខរបរប្រពៃណីមួយនេះ បាត់បង់នៅថ្ងៃខាងមុខ។ ការថយចុះ ដោយសារកត្តាមួយចំនួនដូចជា របៀបយកឃ្មុំ របស់ពលរដ្ឋនៅតំបន់ផ្សេងខ្លះ គឺដុតសំបុកឃ្មុំតែម្ដង ដែលបណ្ដាលឱ្យមេឃ្មុំងាប់ ពិសេសការយកឃ្មុំនៅពេលយប់។ ការយកឃ្មុំដោយប្រើថ្នាំពុលបាញ់ទៅលើសំបុកឃ្មុំ និងកត្តាបាត់បង់ព្រៃឈើ ដែលជាជម្រកដ៏សំខាន់របស់សត្វឃ្មុំ។
ស្រដៀងគ្នានេះ ពលរដ្ឋមួយរូបទៀត លោក ពុធ កិ បញ្ជាក់ថា លោកទើបតែរកឃ្មុំលក់នៅឆ្នាំនេះប៉ុណ្ណោះដោយសារលោកពិបាកដៃម្ខាង មិនរឹងមាំដូចគេ ប៉ុន្តែលោកយល់ថារបរនេះ អាចជួយដោះទាល់កង្វះខាតក្នុងជីវភាពរស់នៅរបស់អ្នកភូមិបានមួយចំណែកដែរ បន្ទាប់ពី មុខរបរធ្វើស្រែ និងចម្ការ៖ «បានជួយដោះស្រាយជីវភាពខ្លះៗ ដែលរកបានឃ្មុំ យកបានទឹក យើងលក់ទឹកបណ្ដោយគ្រាន់ចាយវាយតិចតួច»។
ឃុំដងកាំបិត មានភូមិចំនួនប្រាំ និងមានចំនួនអ្នកភូមិជាង ៤រយគ្រួសារ ហើយនិងស្មើចំនួនពលរដ្ឋជាងពីរពាន់នាក់។
មេឃុំដងកាំបិត លោក លុន យ៉េន មានប្រសាសន៍ថា ពលរដ្ឋនៅក្នុងឃុំរបស់លោក គឺមានមុខរបរធ្វើស្រែចម្ការ។ ក្រៅពីរបរធ្វើស្រែចម្ការ លោកថា ពលរដ្ឋអាចនាំគ្នាប្រកបមុខរបរបន្ទាប់បន្សំដូចជា រុករកអនុផលព្រៃឈើ រួមមានដងជ័រទឹក បោចវល្លិ ផ្ដៅ រកផ្សិត និងរកឃ្មុំតែម្ដង។ លោកបន្ថែមថាពលរដ្ឋដែលនាំគ្នាប្រកបមុខរបររកឃ្មុំគឺមានច្រើន ប៉ុន្តែលោក មិនអាចកំណត់ឱ្យបានច្បាស់លាស់នោះទេ ដោយសារពួកគេរកតែពេលទំនេរពីការងារធ្វើស្រែ-ចម្ការ និងរកតាមចិត្តចង់ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ លោកគាំទ្រចំពោះការប្រកបមុខរបរនេះ ត្បិតជាមុខរបរប្រពៃណីរបស់អ្នកស្រុកជាយូរណាស់មកហើយ៖ «នៅក្នុងគម្រោងរបស់យើងៗច្រើនតែថែរក្សាព្រៃឈើ ប៉ុន្តែនិយាយពីមុខរបររកឃ្មុំ ដូចមិនទាន់បានទេ។ ដោយសារសហគមន៍មួយៗឬផ្ដោតទេ ព្រោះដូចថាប្រជាពលរដ្ឋនោះឯង រកដូចថាមិនពិតប្រាកដ»។
បច្ចុប្បន្នប្រជាពលរដ្ឋនៅតែត្រូវការទឹកឃ្មុំបែបធម្មជាតិ ឬទឹកឃ្មុំសុទ្ធ យកមកប្រើប្រាស់ប្រចាំថ្ងៃ ដូចជាយកមកបរិភោគ ជាគ្រឿងផ្សំធ្វើម្ហូបអាហារ និងធ្វើជាឱសថ សម្រាប់ពេលឈឺថ្កាត់ម្តងៗ ជាដើម។ ដោយសារតម្រូវការមានច្រើន ទើបធ្វើឱ្យអ្នកប្រកបមុខរបរលក់ទឹកឃ្មុំ និងលក់ឃ្មុំ មួយចំនួន ចេះកេងបន្លំ បំភ័ន្តភ្នែកអតិថិជន ដូចជាចាក់បញ្ចូលទឹកស្ករចូលឃ្មុំដែលគេដាក់លក់ជាប់ដោយបង្គងរបស់វា ឬលាយស្ករសម្រាប់លក់តែម្ដង។ បញ្ហាទាំងនេះ ដែលធ្វើឱ្យប៉ះពាល់ដល់ផលិតផលឃ្មុំព្រៃធម្មជាតិរបស់ប្រជាសហគមន៍នៅតាមមូលដ្ឋាន។
អ្នកសម្របសម្រួលបណ្តាញស្នូលព្រៃឡង់ លោក សេង សុខហេង កត់សម្គាល់ថា មុខរបររកឃ្មុំព្រៃមិនអាចធ្វើឱ្យជីវភាពរបស់សហគមន៍ធូរធារទេ ប៉ុន្តែជាផ្នែកមួយជួយដោះស្រាយភាពចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់បានមួយគ្រាដែរ។ លោកថា មុខរបរនេះ កំពុងជួបបញ្ហាប្រឈម ព្រោះទិន្នផលឃ្មុំចេះតែថយចុះ ដោយសារការបាត់បង់ជម្រក និងការយកឃ្មុំដោយវិធីដុត ឬ បាញ់ថ្នាំពុលទៅលើមេឃ្មុំ៖ «ហើយមួយវិញទៀតអ្វីដែលយើងមើលឃើញដែលជាក្តីបារម្ភរបស់ប្រជាពលរដ្ឋ ឬអ្នកឃ្លាំមើលបញ្ហាធនធានធម្មជាតិ ក៏យើងមើលឃើញដែរ អាកត្តាកាប់ព្រៃឈើ អាកត្តាប្រើថ្នាំគីមីអី នៅជាប់តំបន់ព្រៃ ក៏អាចធ្វើឱ្យធនធានឃ្មុំធ្លាក់ចុះផងដែរ»។
លោក សេង សុខហេង យល់ថាដើម្បីឆ្លើយតបទៅនឹងក្តីបារម្ភរបស់ប្រជាសហគមន៍ និងដើម្បីជួយពួកគាត់ឱ្យទទួលបានចំណូលរយៈពេលវែង ម្យ៉ាងដើម្បីរួមចំណែកថែរក្សាព្រៃឈើនិងឃ្មុំផងនោះ ស្ថាប័នពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាលគប្បីយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហានេះ។ លោកថា ត្រូវធ្វើយ៉ាងណាពង្រឹងសមត្ថកិច្ច និងចំណេះដឹងដល់ពលរដ្ឋ ពីរបៀបយកឃ្មុំតាមបែបបច្ចេកទេសជៀសវាងការបំផ្លាញដល់ពូជឃ្មុំបន្តទៀត។ លើសពីនេះ គប្បីបង្ហាត់បង្រៀនប្រជាសហគមន៍ពីវិធីចិញ្ចឹមឃ្មុំព្រៃ និងអភិរក្សឃ្មុំព្រៃឱ្យកាន់តែសំបូរឡើងវិញ ពិសេសត្រូវថែរក្សាព្រៃឈើឱ្យនៅគង់វង្ស។ មិនតែប៉ុណ្ណោះ អាចជួយបង្រៀនសហគមន៍ពីរបៀបសម្ងួតយកទឹកឃ្មុំ និងវិធីវេច ខ្ចប់ទឹកឃ្មុំតាមបែបបច្ចេកទេស ដែលមានអនាម័យត្រឹមត្រូវ។
លោកបន្តថា ចំណែកពលរដ្ឋគួរចង់ក្រងគ្នាជាសមាគមឡើង ដើម្បីលក់ផលិតផលឃ្មុំព្រៃរបស់ខ្លួនឱ្យបានកាន់តែទូលំទូលាយ និងមានតម្លៃខ្ពស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
