រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ប្ដូរ​ឈ្មោះ​ក្រសួង​ឧស្សាហកម្ម ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម

0:00 / 0:00

រដ្ឋាភិបាល​បាន​សម្រេច​ប្ដូរ​ឈ្មោះ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ទៅ​ជា «ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍»។ មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ការ​សម្រេច​ប្ដូរ​ឈ្មោះ​នេះ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន សរសេរ​នៅ​លើ​ហ្វ៊េសបុក​ថា ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ស្រប​ទៅ​តាម​បរិបទ​នៃ​បច្ចេកវិទ្យា វិទ្យាសាស្ត្រ ក៏​ដូច​ជា​របប​គំហើញ​ដែល​កំពុង​វិវត្តន៍​ទៅ​យ៉ាង​ឆាប់​រហ័ស មាន​ជា​លក្ខណៈ​សកល និង​ដើម្បី​ធ្វើ​ឲ្យ​ផ្នែក​ស្រាវជ្រាវ​លើ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​របក​គំហើញ​ផ្សេងៗ របស់​កម្ពុជា​ទទួល​បាន​ប្រសិទ្ធភាព​ និង​ពង្រីក​សក្ដានុពល​ទូលំទូលាយ​ក្នុង​យុគសម័យ​បច្ចុប្បន្ន និង​ទៅ​អនាគត ព្រម​ទាំង​ជំរុញ និង​ទាក់ទាញ​វិស័យ​វិទ្យាសាស្ត្រ​ឲ្យ​មាន​ការ​រីកចម្រើន និង​ជំរុញ​ការ​ផ្ទេរ​បច្ចេកវិទ្យា​ ស្រប​តាម​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម ជំនាន់​ទី​៤.០។

កិច្ចប្រជុំ​គណៈ​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ក៏​បាន​អនុម័ត​គម្រោង​សាងសង់​ទីកន្លែង​ផលិត​ថាមពល​មួយ​ចំនួន​ រួមមាន​គម្រោង​អភិវឌ្ឍន៍​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម កម្លាំង​២៦៥​មេហ្គាវ៉ាត់ នៅ​ស្រុក​ត្រពាំងប្រាសាទ​ ខេត្ត​ឧត្តរមានជ័យ​ គម្រោង​អភិវឌ្ឍន៍​បណ្ដាញ​បញ្ជូន​២៣០គី​ឡូវ៉ុល​ពី​រោង​ចក្រ​អគ្គិសនី​ធ្យូង​ថ្ម​ខេត្ត​ឧត្តរមានជ័យ មក​អនុ​ស្ថានីយ​សៀមរាប​ និង​គម្រោង​អភិវឌ្ឍន៍​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​កម្លាំង​៧០០មេហ្គាវ៉ាត់​ នៅ​ស្រុក​បទុម​សាគរ ខេត្ត​កោះកុង និង​ការ​អនុវត្ត​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។