កម្ពុជារំពឹងថា ចំនួនភ្ញៀវទេសចរបរទេស នឹងចាប់ផ្ដើមមកទស្សនាតំបន់អង្គរ ខេត្តសៀមរាប ច្រើនឡើងវិញ នៅអំឡុងត្រីមាសទី១ នៅឆ្នាំ២០២១ ខាងមុខ ប្រសិនបើមានវ៉ាក់សាំងការពារជំងឺកូវីដ១៩ (Covid-19)។
អ្នកនាំពាក្យក្រសួងទេសចរណ៍ លោកតុប សុភ័ក្ត្រ ឲ្យដឹងថា តំបន់អង្គរ គឺជាកន្លែងទេសចរណ៍ដ៏សំខាន់មួយនៅប្រទេសកម្ពុជា ប៉ុន្តែចំនួនភ្ញៀវទេសចរបរទេស បានធ្លាក់ចុះយ៉ាងគំហុក ក្នុងអំឡុងពេល ៩ខែ ដើមឆ្នាំ២០២០ នេះ ដោយសារការរាតត្បាតសកលនៃជំងឺកូវិត១៩។ លោកថា មុនការរាតត្បាតជំងឺកូវីដ១៩ តំបន់អង្គរមានភ្ញៀវទេសចរបរទេសយ៉ាងតិច ក៏ ៩ពាន់នាក់ ក្នុងមួយថ្ងៃ ប៉ុន្តែបច្ចុប្បន្ននេះ គឺមានតែ ៧០នាក់ប៉ុណ្ណោះ ក្នុងមួយថ្ងៃ ដែលជាភ្ញៀវបរទេសកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា។
អ្នកនាំពាក្យក្រសួងទេសចរណ៍រូបនេះ ឲ្យដឹងថា ក្នុងអំឡុងពេល ៩ខែដើមឆ្នាំ២០២០ នេះ កម្ពុជាទទួលបានប្រាក់ចំណូលជាង១៨លានដុល្លារ ពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ពីភ្ញៀវបរទេសចំនួនជិត ៤០ម៉ឺននាក់ ហើយដែលចំនួននេះ គឺធ្លាក់ចុះជាង ៧៦% បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។ លោក តុប សុភ័ក្ត្រ ឲ្យដឹងទៀតថា អំឡុងខែកញ្ញាឆ្នាំ២០២០នេះ រមណីយដ្ឋានអង្គរមានភ្ញៀវបរទេសមកទស្សនា ចំនួនជិត ៣ពាន់នាក់ និងបានប្រាក់ចំណូលជាង ១២ម៉ឺនដុល្លារពីការលក់សំបុត្រ ហើយបើប្រៀបធៀបអំឡុងខែកញ្ញា ឆ្នាំ២០១៩ គឺធ្លាក់ចុះជាង ៩៧%។
ទោះជាយ៉ាងនេះក៏ដោយ ក្រសួងទេសចរណ៍សង្ឃឹមថា ចំនួនភ្ញៀវទេសចរចិន កាន់តែច្រើននឹងមកទស្សនាកម្ពុជាឡើងវិញ ដោយសារទំនាក់ទំនងជិតស្និទ្ធរវាងកម្ពុជា និងចិន និងក្រោយពីមានវ៉ាក់សាំងការពារជំងឺកូវីដ១៩។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អះអាងកាលពីខែកក្កដាថា កម្ពុជាអាចបាត់បង់ប្រាក់ចំណូលពីវិស័យទេសចរណ៍ ចំនួនប្រមាណ ៣ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២០នេះ។ វិស័យទេសចរណ៍ ជាវិស័យចម្បងមួយ ដែលគាំទ្រសេដ្ឋកិច្ចកម្ពុជា ដោយរកបានប្រាក់ចំណូលប្រមាណជិត ៥ពាន់លានដុល្លារ (៤.៩ Billion) ពីភ្ញៀវទេសចរបរទេសចំនួន ៦លាន ៦សែននាក់ កាលពីអំឡុងឆ្នាំ២០១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។