រដ្ឋាភិបាលកម្ពុជា បានប្រកាសបញ្ចុះតម្លៃការហោះហើរ និងកម្រៃសេវានាំផ្លូវសម្រាប់ការចុះចតរបស់យន្តហោះគ្រប់ប្រភេទ នៅវាលយន្តហោះអន្តរជាតិ សៀមរាបអង្គរ ចាប់ពីពេលនេះ រហូតដល់ទៅ ៣ឆ្នាំខាងមុខទៀត។
ការបញ្ចុះតម្លៃជើងហោះហើរនិងការបន្ថយពន្ធខ្លះទៀតនេះ ធ្វើឡើងខណៈ ដែលចំនួនភ្ញៀវទេសចរបរទេស កំពុងធ្លាក់ចុះយ៉ាងខ្លាំង។
អ្នករកកម្រៃពីសេវាកម្មទេសចរណ៍ ជំរុញឱ្យរដ្ឋាភិបាលកែទម្រង់គោលនយោបាយថែមទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរបរទេស ឱ្យចូលមកទស្សនាកម្ពុជាបានកាន់តែច្រើន។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ខេត្តសៀមរាប លោក ខៀវ ធី បានស្នើឱ្យរដ្ឋាភិបាលពិចារណាថែមទៀត លើការបញ្ចុះតម្លៃទិដ្ឋាការដើម្បីទាក់ទាញអ្នកទេសចរបរទេស ឱ្យបានកាន់តែច្រើន។
លោក ខៀវ ធី៖«យើងគួររៀនតាមប្រទេសជិតខាង ដែលគេទទួលបានជោគជ័យយ៉ាងច្រើនលើវិស័យទេសចរណ៍ ដូចជា ប្រទេសថៃ វៀតណាមនិងប្រទេសឡាវជាដើម។ គេទម្លាក់អត់យកថ្លៃទិដ្ឋាការពីទេសចរមកពីប្រទេសអឺរ៉ុប អាមេរិក និងចិនជាដើម។ យើងក៏ចង់ឱ្យរដ្ឋាភិបាលមានគោលនយោបាយ មិនយកថ្លៃទិដ្ឋាការ(Visa)ពីប្រទេសមួយចំនួន ដើម្បីយើងមានឱកាសទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកលេងស្រុកយើងបានច្រើនដែរ»។
ការលើកឡើង របស់ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ដូចនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា ប្រកាសបញ្ចុះតម្លៃជើងហោះហើររបស់យន្តហោះគ្រប់ប្រភេទ បញ្ចុះកម្រៃសេវានាំផ្លូវចុះចត តម្លៃពន្ធផ្សេងៗ ព្រមទាំងមានគោលនយោបាយ អនុគ្រោះមួយចំនួនទៀត ក្នុងបំណងជំរុញនិងបង្កើនផលិតផលទេសចរណ៍ថ្មីៗនៅខេត្ដសៀមរាបថែមទៀត។
កាលពីថ្ងៃទី១៦ ខែតុលា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ បានថ្លែងក្នុងពិធីគម្រប់ខួប ១ឆ្នាំ នៃដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថា រដ្ឋាភិបាលបានប្រកាសបញ្ចុះតម្លៃ ៥០ភាគរយ លើការហោះហើរ របស់យន្តហោះគ្រប់ប្រភេទ ទាំងក្រុមហ៊ុនអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុក ដែលចេញ-ចូល ព្រលានយន្តហោះខេត្តសៀមរាប។ ចំណែកឯជើងហោះហើរជាប្រចាំណា ដែលមានផ្ទុកអ្នកដំណើរចាប់ពី ១២០ ទៅ ១៤៩នាក់ នឹងមានការបញ្ចុះថ្លៃចំនួន ២៥ភាគរយបន្ថែម។ ជាពិសេស សម្រាប់ជើងហោះហើរជាប្រចាំណា ដែលបានផ្ទុកអ្នកដំណើរចាប់ពី ១៥០នាក់ឡើងទៅ នឹងទទួលបានការចុះតម្លៃ ៥០ភាគរយបន្ថែម ព្រមទាំងបញ្ចុះតម្លៃសេវានាំផ្លូវចុះចតចំនួន ៥០ភាគរយផង។
វិទ្យុអាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយ ជុំវិញការស្នើឱ្យរដ្ឋាភិបាលបញ្ចុះតម្លៃ ទិដ្ឋាការថែមទៀត ដើម្បីទាក់ទាញអ្នកទេសចរឱ្យកាន់តែច្រើននោះ ពីអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័គ បាននៅឡើយ កាលពីថ្ងៃទី១៩ ខែតុលា។
ជុំវិញរឿងនេះ អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ យល់ថា បញ្ហាដែលរដ្ឋាភិបាលមិនព្រមបញ្ចុះតម្លៃទិដ្ឋាការ ឱ្យអ្នកទេសចរបរទេស គឺដោយសារតែខ្លាចបាត់ផលប្រយោជន៍របស់ក្រុមខ្លួន។
លោក គឹម សុខ៖«នៅពេលដែលមុខរបរដោយគ្រាន់តែបោះត្រាបានលុយស្រួលៗ ដូចនេះ គឺរដ្ឋាភិបាលមិនបញ្ចុះតម្លៃទេ ប៉ុន្តែរដ្ឋាភិបាលបែរទៅបញ្ចុះថ្លៃលើការបង់ពន្ធលើប្រាក់ចំណេញ គួរឱ្យចង់សើចទៅវិញ។ ការបញ្ចុះតម្លៃបង់ពន្ធលើប្រាក់ចំណេញ នៅពេលដែលអ្នករកស៊ីលើវិស័យទេសចរណ៍គ្មានចំណេញនោះ គឺគ្មានដំណោះស្រាយទេ ពីព្រោះផ្ទះសំណាក់ សណ្ឋាគារ និងភោជនីយដ្ឋានជាច្រើន បានគាំង ឈប់ដំណើរការទៅមុខទៅហើយ តើការបញ្ចុះតម្លៃពន្ធមានប្រយោជន៍អ្វី?»។
បច្ចុប្បន្ននេះ ទិដ្ឋាការសម្រាប់ជនបរទេសម្នាក់ៗ ដែលចូលមកប្រទេសកម្ពុជាគឺ តម្លៃជាង ៣០ដុល្លារអាមេរិក។
ព្រះលានយន្តហោះអន្តរជាតិ សៀមរាបអង្គរ វិនិយោគដោយក្រុមហ៊ុនចិន (Angkor International Airport Investment(Cambodia) Co., Ltd (AIAI) ដោយចំណាយទឹកប្រាក់ប្រមាណ ១ពាន់ ១០០លានដុល្លារ។ ព្រះលានយន្ដហោះនេះ បានបើកឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១៦ខែតុលាឆ្នាំ២០២៣។ ប៉ុន្តែចាប់តាំងពីបើកឱ្យដំណើរការមក ព្រលានយន្តហោះអន្តរជាតិ សៀមរាបអង្គរ ស្ងប់ស្ងាត់មិនសូវមានយន្តហោះដឹកភ្ញៀវទេសចរបរទេសចុះចត ឱ្យមមាញឹកឡើយ។
របាយការណ៍របស់គ្រឹះស្ថានអង្គរ ឱ្យដឹងថា ចាប់តាំងពីដើមខែមករា រហូតមកដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេស ដែលមកទស្សនាអង្គរ មានចំនួនជិត ៧៤ម៉ឺននាក់ ដោយរដ្ឋាភិបាលរកបានចំណូលចំនួនជាង ៣២លាន ៥សែនដុល្លារ។
អគ្គនាយកគ្រឹះស្ថានអង្គរ លោក លី សែ ធ្លាប់អះអាងកាលពីដើមខែតុលាថា ថ្វីត្បិតតែតួលេខភ្ញៀវទេសចរក្នុងរយៈពេលជាង ៩ខែ ឆ្នាំ២០២៤ មានការកើនឡើង៣០ភាគរយ បើប្រៀបធៀបនិងឆ្នាំមុន។ ក៏ប៉ុន្តែបើប្រៀបធៀបទៅនឹងមុនពេលជំងឺកូវីដ-១៩ វិញ គឺនៅធ្លាក់ចុះជាង ៤០ភាគរយទៀត។
ជុំវិញការធ្លាក់ចុះចំនួនភ្ញៀវទេសចរបរទេសនេះ អតីតអ្នកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ លោកអ៊ុំ សំអាន យល់ថា ភ្ញៀវទេសចរបរទេស មិនទៅទស្សនាកម្ពុជា មិនមែនចោទលើបញ្ហាសំបុត្រយន្តហោះថ្លៃ ឬក៏ទិដ្ឋាការថ្លៃ (Visa) ទេ គឺដោយសារតែភ័យខ្លាច។
លោក អ៊ុំ សំអាន៖«ការកាន់អំណាចតពូជ មិនមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ ហើយនិងការចាប់ខ្លួនសកម្មជនបក្សប្រឆាំង សកម្មជនសង្គមស៊ីវិលនិងសកម្មជនបរិស្ថានដាក់ពន្ធនាគារជាដើម គឺជាបញ្ហាដែលធ្វើឱ្យភ្ញៀវទេសចរបរទេស ពីបស្ចិមប្រទេសមិនហ៊ានមកលេងកម្ពុជានិងមកទស្សនាអង្គរវត្តផងដែរ។
បញ្ហាបង្ខាំងមនុស្សឱ្យឆបោកតាមប្រព័ន្ធអនឡាញ ការចាប់ជំរិតមនុស្សទារប្រាក់ ការជួញដូរមនុស្ស សុទ្ធតែជាបញ្ហាធ្វើឱ្យអ្នកទេសចរមិនហ៊ានមកលេងកម្ពុជា។ សូម្បីតែជនជាតិចិន ក៏មិនហ៊ានមកលេងកម្ពុជាដែរ»។
ជាញឹកញាប់ជនជាតិចិនមួយចំនួនដែលចូលមកកម្ពុជា បានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មកាប់សម្លាប់គ្នា បាញ់បោះសេរី នៅតាមទីសាធារណៈ និងការចាប់មនុស្សជំរិតទារប្រាក់ជាដើម ដែលធ្វើឱ្យសង្គមខ្មែរ មានអសន្តិសុខ។ អំពើនេះ បានកើតឡើងនៅតាមបណ្ដារាជធានីនិងខេត្តមួយចំនួន ជាពិសេសគឺ ខេត្តព្រះសីហនុ។
កាលពីថ្ងៃទី១៥ ខែតុលា ស្នងការនគរបាលខេត្តប៉ៃលិន ក៏បានចាប់ខ្លួនជនជាតិ ចិនចំនួន ៧នាក់និងជនជាតិខ្មែរ ២នាក់ផ្សេងទៀត ពាក់ព័ន្ធនិងការធ្វើទារុណកម្មលើបុរសជនជាតិចិនម្នាក់ រហូតដល់ស្លាប់ផងដែរ។
ចំណែកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាវិញ កំពុងធ្វើឱ្យសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងអង្គការសិទ្ធិមនុស្សអន្តរជាតិនានា ព្រួយបារម្ភជាខ្លាំង។ រដ្ឋាភិបាលកម្ពុជា កំពុងគំរាមកំហែងគាបសង្កត់លើសកម្មជនបក្សប្រឆាំងនៅក្នុងប្រទេសផង ព្រមទាំងតាមបោសសំអាតសកម្មជននយោបាយខ្លះ ដែលបានរត់ភៀសខ្លួនទៅក្រៅប្រទេស មានដូចជាប្រទេសថៃ និងម៉ាឡេស៊ីថែមទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។