កសិករដាំស្វាយកែវរមៀតស្នើសុំឱ្យរបបក្រុងភ្នំពេញជួយអន្តរាគមន៍ស្វែងរកទីផ្សារ ខណៈឆ្នាំនេះពួកគាត់អះអាងថាមិនសូវមានឈ្មួញទិញ និងលក់បានតម្លៃថោកខ្លាំងមិនធ្លាប់មាន។ រីឯមន្ត្រីក្រសួងកសិកម្មលើកឡើងថា មិនអាចជួយបានទេ ដោយសារពលរដ្ឋដាំច្រើនលើសពីតម្រូវការ និងខុសស្តង់ដារបច្ចេកទេស។
ប្រជាកសិករដាំស្វាយកែវរមៀតនៅតាមបណ្ដាខេត្តនានា ត្អូញត្អែរថាពួកគាត់ កំពុងខ្វះទីផ្សារនិងលក់បានតម្លៃថោក ខណៈកំពុងដល់រដូវប្រមូលផល។ បញ្ហានេះ បានធ្វើឱ្យកសិករមួយចំនួនអស់សង្ឃឹមហើយនាំយកផ្លែស្វាយជាច្រើនតោនទៅចាក់ចោលតាមផ្លូវនិងខ្លះទៀតបេះទុកគរនៅក្រោមដើម។
កសិករមួយរូបនៅស្រុកមេមត់ខេត្តត្បូងឃ្មុំលោកស្រី នាង រៀបរាប់ថា ឆ្នាំនេះគ្រួសារអ្នកស្រីបានដាំស្វាយកែវរមៀតលើផ្ទៃដីជិត ២ហិកតារ ដោយចំណាយដើមទុនជាច្រើនក្នុងការដាំដុះ និងថែទាំប៉ុន្តែ នៅពេលប្រមូលផល គឺបានតម្លៃថោកបំផុតហើយមិនសូវមានឈ្មួញចូលទិញដូចឆ្នាំមុនៗឡើយ។ អ្នកស្រីបញ្ជាក់ថា ឆ្នាំនេះស្វាយកែវរមៀតលក់បានមួយគីឡូតម្លៃ ២០០ ទៅ ៣០០រៀល ខណៈឆ្នាំមុនលក់បានក្នុងមួយគីឡូតម្លៃ ១.២០០រៀល៖ «ឆ្នាំនេះថោកហើយអត់មានអ្នកទិញទៀត។ មួយគីឡូបានតែ ២ រយ ទៅ ៣រយទេ ហើយគេចុះមកទិញខ្លួនឯងនាំចូលទៅវៀតណាម»។
កសិកររូបនេះមិនដឹងអំពីមូលហេតុនៃការធ្លាក់តម្លៃនោះទេ ហើយការធ្លាក់ថ្លៃនេះបានធ្វើឱ្យខាតបង់ច្រើនដែលពិបាករកដើមទុនសម្រាប់ដាំដុះនៅឆ្នាំក្រោយទៀត។ អ្នកស្រីស្នើសុំឱ្យរដ្ឋាភិបាលជួយរក ទីផ្សារដែលមានតម្លៃខ្ពស់ជូនកសិករ៖ «បើសិនជាអាចខ្ញុំចង់ឱ្យបានតម្លៃពី ១.៥០០ រៀលទៅ ២ . ០០០ គឺល្អ ព្រោះអាចធ្វើឱ្យយើងចំណេញ។ ប៉ុន្តែនៅពេលតម្លៃធ្លាក់ដល់ប៉ុណ្ណឹង គឺវារួចតែថ្លៃថ្នាំ ហើយអត់ថ្លៃសម្រាប់ធ្វើបន្តទៅមុខទៀតទេ»។
ប្រជាកសិករឱ្យដឹងថា ស្វាយកែវរមៀតភាគច្រើននាំចូលទៅប្រទេសវៀតណាមហើយតម្លៃស្រេចតែលើថៅកែវៀតណាមជាអ្នកកំណត់។
រដ្ឋលេខាធិការក្រសួងកសិកម្មលោក ហ៊ាន វណ្ណហន ប្រាប់អាស៊ីសេរីថា មូលហេតុដែលពិបាករកទីផ្សារបានតម្លៃខ្ពស់ដោយសារកសិករបង្ខំដាំដុះលើសពីតម្រូវការ និងគ្មានផែនការច្បាស់លាស់រហូតដល់ក្នុង ១ឆ្នាំប្រមូលផលចំនួន ៣ដង។ ម្យ៉ាងវិញទៀត ការដាំដុះរបស់កសិករក៏មិនមានស្តង់ដារត្រឹមត្រូវដែរ៖ «ស្វាយកែវរមៀតភាគច្រើនពឹងផ្អែកលើឈ្មួញប្រមូលទិញនាំចូលទៅវៀតណាម និងប្រទេសថៃផង។ អ៊ីចឹងកាលណាក្នុង ១ឆ្នាំប្រមូលផលដល់ ៣ដង គឺនាំឱ្យជន់ ហើយធ្វើឱ្យតម្លៃចុះថោក ហើយមិនមែនតែស្វាយទេ ស្អីក៏ដោយហើយបើស្វាយគេត្រូវស្តង់ដារ គឺថ្លៃនៅខ្ពស់ដដែល»។
លោក ហ៊ាន វណ្ណហន បន្តថាស្វាយដែលពលរដ្ឋនាំគ្នាប្រមូលទៅចាក់ចោលនោះ គឺជាប្រភេទស្វាយខូច។ លោកបន្តថា រដ្ឋាភិបាលមិនអាចជួយអន្តរាគមន៍រកទីផ្សារជូនកសិករបានទេ សម្រាប់ឆ្នាំនេះប៉ុន្តែសម្រាប់ឆ្នាំបន្តបន្ទាប់ទៀតក្រសួងកសិកម្ម ណែនាំឱ្យកសិករចងក្រងជាសហគមន៍ស្វាយ ហើយដាំដុះឱ្យបានត្រឹមត្រូវតាមស្តង់ដារនិងមានកិច្ចសន្យាផលិតរវាងអ្នកដាំនិងអ្នកទិញ៖ «បាទ ! ដល់ពេលបាយឆ្អិនហើយតើឱ្យយើងទៅជួយបែបម៉េច ? ប៉ុន្តែជាអនុសាសន៍យើងជួយថាយើងមិនគួរដោយសារតម្លៃថោកហើយនាំគ្នាយកទៅចាក់ចោលទេ។ កុំឆោតរហូតយកស្វាយទៅចាក់ចោលនោះព្រោះគេអាចយកទៅធ្វើដំណាំកើតនិងលក់បានតើ។ មួយទៀតការដែលយកស្វាយស្អុយរលួយនោះទៅចាក់ចោលនៅក្នុងចម្ការគឺនឹងធ្វើឱ្យចម្ការនោះអន្តរាយកាន់តែខ្លាំងដោយសារកើតឡើងនូវពពួករុយផ្លែឈើ»។
នៅឆ្នាំនេះមិនមែនតែស្វាយកែវរមៀតនោះទេ ដំណាំកសិកម្មផ្សេងៗទៀតក៏មិនមានទីផ្សារនិងលក់បានថោកដែរដូចជាស្រូវ ម្រេចជ័រកៅស៊ូ និងដំឡូងមីជាដើម។
មន្ត្រីសម្របសម្រួលសមាគម អាដហុក (Adhoc) ប្រចាំខេត្តត្បូងឃ្មុំលោក ឡេង សេងហាន លើកឡើងថា ពលរដ្ឋខ្មែរហាក់ដូចជាធ្វើកសិកម្មផ្សងតាមព្រេងវាសនា និងតាមលទ្ធភាពរបស់ខ្លួន ដែលមិនសូវមានជំនាញច្បាស់លាស់។ លោកបន្តថា រដ្ឋាភិបាល ជាពិសេសមន្ត្រីជំនាញគួរតែចុះស្រាវជ្រាវអំពីផលប៉ះពាល់ និងបង្កើនសកម្មភាពជួយដល់កសិករដូចជាណែនាំ និងបណ្ដុះបណ្ដាលពួកគាត់ពីរបៀបដាំដុះ របៀបថែទាំការប្រើប្រាស់ជី និងរបៀបរកទីផ្សារជាដើម។ ពោលគឺមិនមែនពេលកសិករ ជួបបញ្ហាគឺខាងរដ្ឋាភិបាលមិនធ្វើអ្វីសោះហើយចាំតែបកស្រាយ និងបន្ទោសពលរដ្ឋនោះទេ៖ «ត្រូវតែចុះទៅបង្រៀនប្រជាពលរដ្ឋអំពីការដាំ ហើយយើងយកឆ្នាំនេះជាឧទាហរណ៍សម្រាប់ឆ្នាំក្រោយទៅទៀត។ សូមឱ្យរដ្ឋគិតគូរដល់ទីផ្សារ ថាតើគេត្រូវកសិផលអ្វីតើស្វាយកែវរមៀត ឬអ្វីផ្សេងដើម្បីឱ្យពួកគាត់មានកម្លាំងចិត្តក្នុងការដាំដុះ។ រដ្ឋត្រូវធានាឱ្យមាកិច្ចសន្យាជាមួយក្រុមហ៊ុនដែលមានតម្លៃជាក់ស្ដែងនៅពេលពលរដ្ឋប្រមូលផលហើយគឺតម្លៃមិនត្រូវបានកែប្រែ»។
ប្រជាកសិករសម្ដែងការសោកស្ដាយដែលរដ្ឋាភិបាលលើកឡើងថា មិនអាចជួយរកទីផ្សារលក់ស្វាយកែវរមៀតក្នុងតម្លៃសមរម្យបាន។ កសិករយល់ថា ការបន្ទោសពួកគាត់ថា ដាំដុះតាមអំពើចិត្ត និងគ្មានស្តង់ដារនោះគឺប្រហែលជាមន្ត្រីរដ្ឋាភិបាលអសមត្ថភាពដោះស្រាយជូនពួកគាត់ហើយកន្លង មក ពួកគាត់ក៏មិនធ្លាប់ឃើញមន្ត្រីជំនាញចុះណែនាំបណ្ដុះបណ្ដាលដល់ពួកគាត់ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
