ការ​ចរចា​ប្រាក់​ឈ្នួល​គោល​កម្មករ​សម្រាប់​ឆ្នាំ​២០១៩​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី១០ ខែ​កញ្ញា

សុ ជីវី
2018-09-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបភាព​កម្មករ​រោងចក្រ ហ្វឹស ហ្គាវ័ន្ត (First Gawon) កំពុង​តវ៉ា​ទាមទារ​ប្រាក់​ខែ នៅ​មុខ​រោងចក្រ នៅ​ថ្ងៃទី៩ ខែ​ឧសភា ឆ្នាំ​២០១៨។
រូបភាព​កម្មករ​រោងចក្រ ហ្វឹស ហ្គាវ័ន្ត (First Gawon) កំពុង​តវ៉ា​ទាមទារ​ប្រាក់​ខែ នៅ​មុខ​រោងចក្រ នៅ​ថ្ងៃទី៩ ខែ​ឧសភា ឆ្នាំ​២០១៨។
Photo Provided

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កំណត់​យក​ថ្ងៃ​ទី១០ ខែ​កញ្ញា ជា​ពេល​វេលាចាប់​ផ្ដើម​ការ​ចរចា​ប្រាក់​ឈ្នួល​គោល​កម្មករ​ក្នុង​ផ្នែក​វាយនភណ្ឌ កាត់ដេរ និង​ផលិត​ស្បែក​ជើង​សម្រាប់​ឆ្នាំ​ថ្មី​ឆ្នាំ​២០១៩។ ក្រុម​សហជីព​កម្មករ​រំពឹង​ថា​ការ​ចរចា​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ទៅតាម​ការ​ស្នើ​របស់​ពួកគេ។

ក្រុម​សហជីព​កម្មករ​​គ្រោង​នឹង​ទាមទារ​ប្រាក់​ខែ​គោល​កម្មករ ពី​ភាគី​និយោជក​ទៅ​តាម​តួលេខ​ដែល​ពួកគេ​បាន​​ព្រមព្រៀង គឺ ២១១,៩៤ ដុល្លារ នៅ​ក្នុង​ការ​ចរចា​នៅ​ថ្ងៃ​សប្ដាហ៍​ក្រោយ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន ថ្លែង​ថា តួលេខ​២១១,៩៤ ​ទទួល​បាន​នៅ​ក្រោយ​ពេល​ដែល​ក្រុម​សហជីព​កម្មករ​បាន​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ទី​៦ ខែកញ្ញា។ លោក​បន្ត​ថា​នេះ​ជា​តួលេខ​ស្ថិត​នៅ​កម្រិត​មធ្យម​ក្នុង​ចំណោម​ជម្រើស​ចំនួន​៤ គឺ​មិន​ខ្ពស់​ពេក និង​មិន​ទាប​ពេក ដែល​ក្រុម​របស់​លោក​សង្ឃឹម​ថា ​អាច​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ពេល​តួលេខ​នេះ​ត្រូវ​ដាក់​ទៅ​ក្នុង​ការពិភាក្សា​ជាមួយ​ភាគី​និយោជក៖ «ការ​ឡើង​ហ្នឹង​វា​អាស្រ័យ​ទៅ​លើ​អំណាច​នៃ​ការ​ចរចា​នេះ​ទី​១ មួយ​ទៀត​វា​អាច​ថា​ឧទាហរណ៍​នាយករដ្ឋមន្ត្រី​នៅ​មុន​ការបោះឆ្នោត​បាន​ប្រកាស​ថា នឹង​យក​ចិត្ត​ទុក​ដាក់​លើ​កម្មករ បើ​ទោះ​បី​ជា​ក្រោយ​ការ​បោះ​ឆ្នោត​ក៏​ដោយ ឥឡូវ​នេះ​យើង​ឃើញ​ថា​គាត់​នៅ​តែ​ចុះ​ជួប​កម្មករ​ដដែល ដូច្នេះ​យើង​ឃើញ​ថា​វា​ជា​សញ្ញា​វិជ្ជមាន​មួយ។ មួយ​ទៀត​តម្រូវ​ការ​របស់​សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក និង​កន្លែង​ផ្សេងៗ​ហ្នឹង​គឺ​ភាគ​ច្រើន​គេ​នឹង​ស្នើ​រដ្ឋាភិបាល​ត្រូវ​គោរព​សិទ្ធិមនុស្ស កំណត់​ប្រាក់​ឈ្នួល​អោយ​បាន​ច្បាស់​លាស់ និង​សិទ្ធិ​ លក្ខខណ្ឌ​ការងារ​ជូន​កម្មករ អ៊ីចឹង​វា​ជា​តួនាទី​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​ការងារ​អស់​ហ្នឹង អ៊ីចឹង​ដើម្បី​តម្រូវ​ដល់​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​ក៏​រដ្ឋាភិបាល​ត្រូវ​តែ​ពិចារណា​បែប​ហ្នឹង​ឯង»

លោក អាត់ ធន បញ្ជាក់​ថា ក្រុម​សហជីព​បាន​កំណត់​តួលេខ​នៃ​ប្រាក់​ឈ្នួល​គោល​កម្មករ​ដោយ​ផ្អែក​លើ​លក្ខណៈ​វិនិច្ឆ័យ​ចំនួន​៧ ក្នុង​នោះ​រួម​មាន ស្ថានភាព​គ្រួសារ ការ​ចំណាយ​ក្នុង​ការ​រស់​នៅ អតិផរណា ផលិតភាព​ពលកម្ម ភាព​ប្រកួត​ប្រជែង​របស់​ប្រទេស ស្ថានភាព​ទីផ្សារ​ការងារ និង​ភាព​ចំណេញ​វិស័យ។ ជាមួយ​គ្នា​នេះ​សហជីព​បាន​ប្រើប្រាស់​លទ្ធផល​ស្រាវជ្រាវ​ចំនួន​៤​ខុស​គ្នា ទៅ​លើ​លក្ខណៈ​វិនិច្ឆ័យ​ទាំង​៧ ដោយ​បង្កើត​បាន​ជម្រើស​តួលេខ​ប្រាក់​ឈ្នួល​គោល​ចំនួន​៤​ដែរ។ ក្នុង​នោះ​ជម្រើស​ទី១​គឺ​១៩២,៦៧​ដុល្លារ ជម្រើសទី២ គឺ​២១១,៩៤​ដុល្លារ ជម្រើសទី៣​គឺ ២២១,០១៣​ដុល្លារ និង​ជម្រើស​ទី​៤​គឺ ២៨៦​ដុល្លារ។ លោក​ថា ដោយ​ផ្អែក​លើ​ជម្រើស​ទាំង​នេះ​ទើប​ក្រុម​សហជីព​សម្រេច​យក​២១១,៩៤ ជា​ជម្រើស​កម្រិត​មធ្យម។

នៅ​ក្នុង​លិខិត​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី៦ ខែ​កញ្ញា​បាន​ប្រាប់​ទៅ​ភាគី​សហជីព និង​និយោជក​អោយ​ត្រៀម​ខ្លួន​ចូលរួម​កិច្ច​ប្រជុំ​ក្រុមការងារ​បច្ចេកទេស​ត្រីភាគី ដើម្បី​ពិភាក្សា​ប្រាក់​ឈ្នួល​គោល​សម្រាប់​ឆ្នាំ​២០១៩ ចាប់​ពី​ថ្ងៃ​ទី​១០ ខែកញ្ញា។ កិច្ចប្រជុំ​នោះ​នឹង​ត្រូវ​ធ្វើ​ជា​ដំណាក់​កាល​ដោយ​បញ្ចប់​ទៅ​វិញ​នៅ​ដើម​ខែ​តុលា។ លិខិត​ដដែល​អោយ​ដឹង​ថា អ្នកចូលរួម​មាន​តំណាង​ភាគី​សហជីព​ចំនួន​១៦​រូប តំណាង​ភាគី​និយោជក​ចំនួន​១៦​រូប និង​ពី​ភាគី​រដ្ឋាភិបាល​ចំនួន​១៦​រូប​ដែរ។

អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា លោក កាំង ម៉ូនីកា ថ្លែង​ថា​តួលេខ​ដែល​សហជីព​ស្នើ​ឡើង​ពុំ​សូវ​មាន​ភាព​ជាក់​ស្ដែង បើ​ធៀប​ទៅ​នឹង​ស្ថាន​ភាព​សេដ្ឋកិច្ច។ លើស​ពី​នេះ​តួលេខ​នេះ​គឺ​ខ្ពស់​ជាង​ប្រាក់ឈ្នួល​គោល​ក្នុង​ប្រទេស​ដទៃ​ជា​ពិសេស​គឺ​ប្រទេស​វៀតណាម៖ «ទី១​បើ​យើង​គ្រាន់​តែ​ធ្វើ​ការ​ប្រៀបធៀប​ជា​សាមញ្ញ​ជាមួយ​ប្រទេស​វៀតណាម មាន​ប្រាក់​ឈ្នួល​ត្រឹម​តែ​១៧៥ ដុល្លារ​ទេ​ក្នុង​ពេល​បច្ចុប្បន្ន ហើយ​បើ​ឆ្នាំ​ក្រោយ​ដំឡើង​ទៀត​គឺ​ប្រហែល​ជា​១៨២ តែ​បើ​គាត់​ដាក់​ដល់​ជាង​២១០ មាន​ន័យ​ថា​យើង​ខ្ពស់​ជាង​វៀតណាម​ទៅ​ទៀត។ យើង​សួរ​ថា​តើ​សំអាង​អី​ដែល​ប្រាក់​ខែ​យើង​ត្រូវ​ខ្ពស់​ជាង​វៀតណាម ​ខណៈ​ដែល​ប្រទេស​វៀតណាម​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ខ្លាំង​ជាង​យើង មាន​លក្ខណៈ​ផលិតភាព​ពលកម្ម​ច្រើន​ជាង​យើង មាន​តាំង​ពី​ការផលិត​រថយន្ត​ គ្រឿង​អេឡិចត្រូនិច និង​ផលិត​អាហារ​កំប៉ុង​អី​ជាដើម»

លោក កាំង ម៉ូនីកា លើក​ឡើង​ដែរ​ថា ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ភាគី​និយោជក​ពិបាក​នឹង​រក​ប្រាក់​ចំណេញ​នៅ​ពេល​ដែល​ត្រូវ​ចំណាយ​លើ​ផ្នែក​ផ្សេងៗ​ជាច្រើន ទៅ​អោយ​កម្មករ​បូក​រួម​ទាំង​ការ​ចំណាយ​ទៅ​លើ​ប្រាក់​ធានា​របប​សន្តិសុខ​សង្គម​ផង។

បើ​ទោះ​ជា​យ៉ាង​ណា ក្រុម​សហជីព​បាន​រក​ឃើញ​ថា ភាគី​និយោជក​នៅ​តែ​មាន​លទ្ធភាព​បាន​ចំណេញ​ច្រើន ហើយ​ការ​គិតគូរ​ពី​ប្រាក់​ឈ្នួល​គោល​កម្មករ​ឆ្នាំ​២០១៩ ភាគី​សហជីព​បាន​ជ្រើសរើស​យក​ត្រឹម​២ភាគរយ នៃ​ប្រាក់​ចំណេញ​វិស័យ​យក​មក​បូក​បញ្ចូល។

សម្រាប់​ឆ្នាំ​២០១៨ នេះ​ប្រាក់​ឈ្នួល​គោល​របស់​ក្រុម​កម្មករ​ក្នុង​វិស័យ​កាត់ដេរ ត្រូវ​បាន​សម្រេច​ដំឡើង​ដល់​ចំនួន ១៧០​ដុល្លារ​ក្នុង​មួយ​ខែ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល