អាជ្ញាធររាជធានីភ្នំពេញ បង្កើតគណៈកម្មការសិក្សាគម្រោងសាងសង់ស្ពានកាត់ទន្លេបាសាក់ថ្មីមួយទៀត ដោយឆ្លងពីសង្កាត់ព្រែកប្រា នៃខណ្ឌច្បារអំពៅ មកសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ក្នុងសេចក្ដីសម្រេចរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី១៣ ធ្នូ តែទើបត្រូវបានផ្សព្វផ្សាយជាសាធារណៈ បង្ហាញថា អភិបាលក្រុង លោក ឃួង ស្រេង បានចាត់តាំងមន្ត្រីជាង ២០នាក់ ចាប់ពីថ្នាក់អភិបាលរងរាជធានី ដល់មន្ត្រីមូលដ្ឋាន ឲ្យចុះសិក្សាកំណត់ទីតាំងសាងសង់ ដើម្បីលើកគម្រោងប្លង់សាងសង់ស្ពាន និងស្រង់ស្ថិតិពលរដ្ឋ រងផលប៉ះពាល់ពីគម្រោងកសាងស្ពាននេះជាដើម។
ប្រធានមន្ទីររៀបចំដែនដី នគរោបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ លោក សារិន វណ្ណា ដែលជាសមាជិកនៃគណៈកម្មការឲ្យដឹងថា ក្រុមមន្ត្រីមិនទាន់បានចុះទៅសិក្សាគម្រោងទេ ដោយសារគណៈកម្មការទើបបង្កើតបានពីរបីថ្ងៃ។ លោកមិនដឹងពីមូលហេតុ នាំឲ្យមានការសិក្សាគម្រោងបង្កើតស្ពាននេះទេ ដោយបង្វែរឲ្យទៅសួរអ្នកនាំពាក្យសាលារាជធានីភ្នំពេញវិញ។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានទេ ដោយសារ ទូរស័ព្ទរោទ៍ គ្មានអ្នកទទួល។
តែទោះយ៉ាងណា ពលរដ្ឋ និងអ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ ស្វាគមន៍គម្រោងសាងសង់ស្ពានថ្មី ឆ្លងកាត់ទន្លេបាសាក់នេះ។ ពលរដ្ឋរស់នៅម្ដុំវត្តព្រែកប្រា ម្នាក់ លោក ឈាង បូរិន សង្ឃឹមថា ស្ពានថ្មី នឹងត្រូវបានកសាងជារូបរាងពិតប្រាកដ មិនមែនបានត្រឹមបង្ហើរគម្រោងចោលឡើយ។ បុគ្គលិកក្រុមហ៊ុនឯកជនរូបនេះ និយាយថា ការកសាងថ្មី ភ្ជាប់ទៅសង្កាត់ចាក់អង្រែលើ នឹងជួយសម្រួល ដល់ការស្ទះចរាចរណ៍ខ្លាំង នៅម្ដុំស្ពានក្បាលថ្នល់ ឬស្ពានច្បារអំពៅ។
បច្ចុប្បន្ននេះ ដងទន្លេបាសាក់មានស្ពានឆ្លងកាត់ចំនួន ៤ ហើយ គឺស្ពានក្បាលថ្នល់ពីរ ស្ពានព្រែកសំរោងមួយ និងស្ពានកោះធំមួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។