កម្ពុជា និង​ថៃ សម្ពោធ​រថភ្លើង​ឆ្លង​កាត់​ប្រទេស​ទាំង​ពីរ​ឡើង​វិញ ក្រោយ​ពី​អាក់​ខាន ៤៦ឆ្នាំ

ដោយ អាស៊ីសេរី
2019.04.22
រថភ្លើង រថភ្លើង​ដែល​ថៃ​ផ្ដល់​ឱ្យ​កម្ពុជា នៅ​ក្នុង​ការ​សម្ពោធ​ត​ភ្ជាប់​ផ្លូវ​រវាង​ប្រទេស​ទាំង​ឡើង​វិញ​ នៅ​ថ្ងៃ​ទី២២ ខែ​មេសា ឆ្នាំ២០១៩។
រូប៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ថៃ ប្រាយុទ្ធ ចាន់អូចា រួម​គ្នា​សម្ពោធ​ការ​ត​ភ្ជាប់​ផ្លូវ​ដឹក​ជញ្ជូន​តាម​រថភ្លើង​ឆ្លង​កាត់​ប្រទេស​កម្ពុជា​​ឡើង​វិញ នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត និង​ខ្លងលឹក​ខាង​ប្រទេស​ថៃ នៅ​ព្រឹក​ថ្ងៃ​ទី២២ មេសា។

ហ្វេសប៊ុក​ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន សរសេរ​ថា ក្នុង​ពិធី​នេះ ខាង​រាជ​រដ្ឋាភិបាល​ថៃ​ក៏​បាន​ប្រគល់​ក្បាល​រថភ្លើង​ប្រភេទ DMU (Diesel Multi Unit) មួយ​គ្រឿង និង​ទូរ​ដឹក​អ្នក​ដំណើរ​ចំនួន ៤ទូរ ជា​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា។

ក្រៅ​ពី​ការ​ផ្ដល់​ក្បាល និង​ទូរ​រថភ្លើង​នេះ រាជ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​ថៃ បាន​ជួយ​សាងសង់​ស្ពាន​ផ្លូវ​ដែក​ថ្មី ប្រវែង ៤៣ម៉ែត្រ នៅ​ព្រំដែន​កម្ពុជា​ថៃ ខ្លងលឹក និង​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ក្នុង​ទឹក​ប្រាក់​ប្រមាណ ១លានដុល្លារ​អាមេរិក។

ផ្លូវ​រថភ្លើង​ពី​ចំណុច​ព្រំដែន​នៃ​ស្រុក​អារញ្ញប្រាថេត (Aranyaprathet) និង​ស្រុក​អូរ​ជ្រៅ ក្រុង​ប៉ោយប៉ែត គឺ​ជា​ចំណុច​ត​ភ្ជាប់​ផ្លូវ​រថភ្លើង​ភាគ​ខាង​ជើង​របស់​កម្ពុជា ឆ្ពោះ​ទៅ​ភ្នំពេញ ​ប្រវែង ៣៨៦​គីឡូម៉ែត្រ ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ស្ដារ​ឡើង​វិញ​រួច​រាល់ និង​ដាក់​ឱ្យ​ដំណើរ​ការ​ឡើង​វិញ កាល​ពី​ចុង​ឆ្នាំ២០១៨។ ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​រថភ្លើង​រវាង​ថៃ និង​កម្ពុជា​នេះ ជា​ការ​ចាប់​ផ្ដើម​ឡើង​វិញ បន្ទាប់​ពី​អាក់​ខាន​ចាប់​តាំង​ពី​ឆ្នាំ១៩៧៣ ដោយសារ​សង្គ្រាម​នៅ​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ចាត់​ទុក​ការ​ត​ភ្ជាប់​ផ្លូវ​ដែក​កម្ពុជា និង​ថៃ​នេះ​ថា ជា​ការ​រួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​របស់​ប្រទេស​ទាំង​ពីរ អាស៊ាន និង​មហា​អនុ​តំបន់​មេគង្គ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។