សហជីពឲ្យដឹងថា រោងចក្រខ្លះ នៅក្រុងភ្នំពេញ ខេត្តកណ្ដាល និងកំពង់ស្ពឺនៅបន្តលិច ឯរោងចក្រខ្លះ ទឹកចាប់ផ្ដើមស្រកវិញខ្លះហើយ និងមានកម្មករអាចចូលធ្វើការបានមួយចំនួន។សមាគមថៅកែថា ម្ចាស់រោងចក្រដែលរងផលប៉ះពាល់ធ្ងន់ធ្ងរនឹងដាក់ពាក្យសុំព្យួរការងារកម្មកររយៈពេលខ្លី។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ឲ្យដឹងថា រោងចក្រខ្លះ បានចូលធ្វើការវិញហើយ ក្រោយទឹកស្រកទៅវិញ នៅប៉ុន្មានថ្ងៃនេះ។ ប៉ុន្តែរោងចក្រខ្លះទៀតអាចប្រឈមផលប៉ះពាល់ខ្លាំងព្រោះតម្រូវឲ្យមានការគាស់រំលើងការ៉ូ ឬស៊ីម៉ង់នៃផ្នែកខ្លះ ក្នុងអគារ ដើម្បីផ្ដាច់ចរន្តអគ្គិសនី។ ឯរោងចក្រខ្លះ ត្រូវដាក់ម៉ាស៊ីនបូមទឹកចេញ និងរើអីវ៉ាន់ចេញ ពីរោងចក្រភ្លាមៗ។
លោក អាត់ ធន់ បន្តថា ក្នុងកំឡុងពេល ទឹកជន់លិចនេះ ថៅកែរោងចក្រខ្លះ បានផ្ដល់ប្រាក់ឈ្នួលឲ្យកម្មករ ៥០ភាគរយ រោងចក្រខ្លះ តម្រូវឲ្យកម្មករឈប់ ដោយកាត់ថ្ងៃឈប់សម្រាកប្រចាំថ្ងៃសងវិញ ឯរោងចក្រខ្លះទៀតឲ្យកម្មករឆ្លាស់វេនគ្នា មកធ្វើការនៅផ្នែករោងចក្រដែលមិនទាន់លិច៖ «ខ្ញុំអត់ទាន់ឃើញព័ត៌មានផ្លូវការអ្វីដែរ រឿងក្រសួងការងារ ឬក្រសួងពាក់ព័ន្ធជួយអ្វីទេ នៅទេ។ យើងឃើញតែវិធានការភ្លាមៗនោះ ក្រុមហ៊ុនព្យាយាមបូមទឹកចេញខ្លួនឯង អ៊ីចឹងទៅ។ ឲ្យកម្មករ ធ្វើការខ្លះ ឬអត់ខ្លះអ្វីអ៊ីចឹងទៅ ឬក៏ឲ្យកម្មករធ្វើការគិតលុយឲ្យពាក់កណ្ដាលអ្វីអ៊ីចឹងទៅ។ ក៏ប៉ុន្តែយើងឃើញការទប់ស្កាត់បូមជាលក្ខណៈទ្រង់ទ្រាយ ធំឬក៏រំដោះទឹកចេញ ពីកន្លែងមួយទៅមួយដើម្បីកុំឲ្យវាលិចក្រុងឬតំបន់អ្វីហ្នឹង គឺវាមាន។ តែជួយដោយជាក់លាក់លើក្រុមហ៊ុន ដូចជា មិនមានទេ»។
លោក អាត់ ធន់ ឲ្យដឹងថា មិនទាន់មានតួលេខថ្មីពីខាងក្រសួងការងារស្ដីពីផលប៉ះពាល់រោងចក្រ និងកម្មករ បណ្ដាលមកពីទឹកជំនន់នេះទេ។ កាលពីសប្ដាហ៍មុន (១៧ តុលា) ថា រោងចក្រស្ថិតក្នុងរាជធានីភ្នំពេញ រងផលប៉ះពាល់៦២ទីតាំង រោងចក្រនៅខេត្តកណ្ដាលរងផលប៉ះពាល់ចំនួន១៣ទីតាំង និងនៅខេត្តកំពង់ស្ពឺ រងផលប៉ះពាល់ចំនួន៤ទីតាំង ដែលសរុបទាំង៣រាជធានី ខេត្តមានរោងចក្រចំនួន៧៩ និងប៉ះពាល់ដល់កម្មករ និងនិយោជិក ជាងបួនម៉ឺន (៤០ ០០០)នាក់។
អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ ប្រាប់អាស៊ីសេរីថា ខាងសមាគមថៅកែ ក៏គ្មានតួលេខពិតប្រាកដអំពីចំនួនរោងចក្ររងផលប៉ះពាល់ដែរ គិតត្រឹមថ្ងៃទី២៤ តុលា គឺមានតែខាងក្រសួងការងារប៉ុណ្ណោះ។ តែ លោកថា ផលប៉ះពាល់នៃទឹកជំនន់នេះ មិនបង្កជាបញ្ហាដល់សង្វាក់ផលិតកម្មការងារទេ ឯរោងចក្រខ្លះ នៅតែដំណើរការធម្មតា។
តែយ៉ាងណា លោក ខេន លូ បញ្ជាក់ថា ថៅកែរោងចក្រដែលជួបផលលំបាកធ្ងន់ធ្ងរមិនអាចដំណើរការរោងចក្របាន ដោយសារទឹកជំនន់ អាចដាក់ពាក្យស្នើសុំព្យួរការងារកម្មករ រយៈពេលខ្លីបានទៅតាមស្ថានភាពជាក់ស្ដែង។ តែយ៉ាងណា សមាគមថៅកែរោងចក្រមិនចង់បានការជួយគាំទ្របន្ថែមពីរដ្ឋទេ៖ «រឿងព្យួរការងារត្រូវតែមានហើយ ព្រោះរោងចក្រជួបផលប៉ះពាល់មានន័យថា គេអាចសុំព្យួរការងាររយៈពេលខ្លី ហើយចាំមើលទឹកស្រកដំណើរការឡើងវិញហើយ»។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីខាងអាជ្ញាធរវិស័យការងារបានទេ នៅថ្ងៃទី២៤ តុលា ដោយសារអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ មិនទទួលទូរស័ព្ទ។
អនុប្រធានសហព័ន្ធសហជីពឯករាជ្យការពារកម្មករ ដែលមានសមាជិកច្រើន ធ្វើការតាមរោងចក្រនៅម្ដុំខណ្ឌដង្កោលោក លឹម បូរី ឲ្យដឹងថា បច្ចុប្បន្នរោងចក្រដែលកំពុងរងគ្រោះធ្ងន់ធ្ងរជាងគេ ហើយទឹកនៅតែកំពុងលិច គឺរោងចក្រនៅម្ដុំផ្លូវ ព្រែកជ្រៃ ដល់រង្វង់មូលកួរស្រូវដោយសារទឹកនៅតែបន្តលិច មិនទាន់ស្រកខ្លាំង គួរឲ្យកត់សម្គាល់ទេ។
លោកឲ្យដឹងថា ទឹកលិចទាំងរោងចក្រ និងលិចទាំងបន្ទប់ជួលរបស់កម្មករ បណ្ដាលឲ្យកម្មករខ្លះត្រលប់ទៅស្រុកកំណើតមួយរយៈ ឯកម្មករខ្លះ បន្តរស់នៅទីទួល រង់ចាំទឹកស្រក ចូលធ្វើការវិញ។ លោក លឹម បូរី ឲ្យដឹងថា កម្មករភាគច្រើន នៅម្ដុំព្រែកជ្រៃ ដល់រង្វង់មូលកួរស្រូវទទួលបានប្រាក់ឈ្នួល៥០ភាគរយ ក្នុងកំឡុងពេលរោងចក្រ រងគ្រោះពីទឹកជំនន់នេះ៖ «( រោងចក្រ ) លិចចាប់ពីព្រែកជ្រៃ ទៅដល់កួរស្រូវ គឺភាគច្រើន លិចទាំងស្រុង។ អ៊ីចឹង ប្រឈមមុខនឹងបញ្ហា។ ភាគច្រើនគឺ ប្រឈមមុខនឹងការបិទសិន ទម្រាំដល់ទឹកស្រកវិញ។ និយាយឲ្យខ្លី ប៉ះពាល់សេដ្ឋកិច្ចរបស់ក្រុមគ្រួសារដែលគាត់មាន ( ជំពាក់ ) ធនាគារអ្វីហ្នឹង សុទ្ធតែប៉ះពាល់ខ្លាំង ប៉ះពាល់ធ្ងន់»។
លោក អាត់ ធន់ យល់ថា រដ្ឋគួរជួយពិនិត្យមើលលទ្ធភាពរោងចក្រដែលលិចលង់ និងជួយអនុគ្រោះ ពន្ធមួយចំនួន ដល់ម្ចាស់រោងចក្រ ខណៈរដ្ឋក៏ត្រូវគិតគូរជួយកម្មករឲ្យទទួលបានអំណោយ និងការអនុគ្រោះផ្សេងៗ ដូចជា ត្រូវពន្យារពេលសងបំណុលធនាគារ បញ្ចុះតម្លៃទឹកភ្លើង និងតម្លៃអាហារ ដល់កម្មករ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។