ពលរដ្ឋ​មួយចំនួន​នៅ​ខេត្ត​កំពត​មុជទឹក​រក​ខ្យង​សមុទ្រ​លក់​ដោះស្រាយ​ជីវភាព

ដោយ ហ៊ុំ ចំរើន
2024.03.27
ពលរដ្ឋ​មួយចំនួន​នៅ​ខេត្ត​កំពត​មុជទឹក​រក​ខ្យង​សមុទ្រ​លក់​ដោះស្រាយ​ជីវភាព លោក ម៉ម សំអោក កំពុងឈរកាន់ខ្យង​ ដែលខ្លូនបានទៅរកនៅក្នុងសមុទ្រ​ ស្ដិតនៅឆ្នេរព្រែកអំពិល​ សង្កាត់កោះតូច​ ក្រុងបូកគោ​ ខេត្តកំពត កាលពីថ្ងៃទី២០ ខែមីនា​ ឆ្នាំ​២០២៤។
រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ

ពលរដ្ឋ​មួយចំនួន​នៅ សង្កាត់​កោះ​តូច ខេត្ត​កំពត មុជទឹក​សមុទ្រ រក​ខ្យង​ដើម្បី​លក់​ផ្គត់ផ្គង់​គ្រួសារ​។ ពួកគាត់​ថា ការ​ងាក​មក​រក​ខ្យង​សមុទ្រ​លក់​នេះ ក្រោយពី​ការ​នេសាទ​ត្រី ពុំ​សូវ​បាន​ដូច​មុន ដោយសារតែ បទល្មើស​នេសាទ នៅតែ​មាន បណ្ដាល​ឱ្យ​ត្រី​ភាគច្រើន​ហិនហោច។

នៅពេល​ព្រឹក​ព្រលឹម​ស្រាងៗ គេ​ឃើញ​មាន​អ្នកភូមិ ព្រែក​ចេក ព្រែក​អំពិល និង​ភូមិ​កណ្ដាល រស់នៅ​សង្កាត់​កោះ​តូច ក្រុង​បូកគោ រាប​សិប​នាក់ ដើរ​បណ្ដើរគ្នា ឆ្ពោះទៅ​សមុទ្រ ដោយ​អ្នកខ្លះ ក្នុង​ដៃ​មាន​កាន់​ឧបករណ៍ រាវ​ខ្យង​ដែល​ធ្វើ​អំពី​ម៉ាស៊ីន និង​ខ្លះទៀត កាន់​សម្ភារៈ ដូចជា​កញ្ច្រែង និង​ស្បោង ជាដើម។

ប្រជាពលរដ្ឋ​លើកឡើង​ថា អស់​រយៈ ពេល​២ ទៅ​៣​ឆ្នាំ​ចុង​ក្រោយនេះ ការ​រក​ខ្យង​សមុទ្រ ពុំ​សូវ​បាន​ច្រើន​ដូច​មុនៗ នោះ​ឡើយ ដោយសារតែ បទល្មើស​ខុសច្បាប់ ដែល​កើត​មាន​ពី​សំណាក់​ពលរដ្ឋ​វៀតណាម និង​ពលរដ្ឋ​ខ្មែរ បាន​ធ្វើ​ឱ្យ​ធនធាន​ជលផល​សមុទ្រ ដូចជា​ត្រី ក្ដាម មឹក និង​ខ្យង បន្ត​ហិនហោច។

កំពុង​អង្គុយ​លាង​ខ្យង នៅ​មាត់សមុទ្រ​ស្ថិតនៅ​ភូមិ​ព្រែកអំពិល សង្កាត់​កោះ​តូច លោក ម៉ម សំអោក ប្រកប​របរ មុជទឹក​រក​ខ្យង នៅ​ក្នុង​បាត​សមុទ្រ​លក់ ជាង​១០​ឆ្នាំ​មក​ហើយ ដើម្បី​បាន​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​។ លោក​អាច​រក​ចំណូល​បាន​ពី​ការ​រក​ខ្យង​សមុទ្រ ចន្លោះ​៣ ទៅ​៤ ម៉ឺន​រៀល ក្នុង​១​ថ្ងៃ ។ ទោះ​យ៉ាងណា អាជីព​នេះ មិន​ងាយស្រួល​នោះ​ទេ គឺ​តម្រូវ​ឱ្យ ពួក​លោក​ត្រាំ​ក្នុង​ទឹក ៥ ទៅ​៦​ម៉ោង ទម្រាំ​បាន​ខ្យង​មក​លក់​ម្ដងៗ។

លោក ម៉ម សំអោក៖ «របរ​នេះ​វា​អាច​រក​ចំណូល​បាន​គ្រាន់​ទប់ទល់​មួយ​រស់ៗ​បាន បើ​ឱ្យ​សល់​គ្មាន​សល់​ទេ​។ ឥឡូវ​យើង​ចំណាយ បើសិន​ជា​មាន​កូនតូច យើង​ត្រូវ​ទិញ​គ្រប់មុខ ដូចជា​ទឹកដោះគោ​កូន និង​ទិញ​អង្ក ចំណែក​ម្ហូប​មិនសូវ​អី​ទេ យើង​អាច​រក​គ្រឿង​សមុទ្រ​បាន និង​ត្រូវ​ទិញ សម្ភារៈ​ឱ្យ​កូន​រៀន»

ប្រជា​នេសាទ​ទាំងនោះ នាំគ្នា ចុះ​សមុទ្រ​រក​ខ្យង ចាប់ពី​ម៉ោង​៥​ព្រឹក រហូត​ដល់​ម៉ោង​៤​ល្ងាច ស្ទើរ​រាល់ថ្ងៃ ដោយ​ត្រូវ​ជិះទូក ចម្ងាយ ២ ទៅ​៣​គីឡូ ពី​ទី​គោក ទៅ​កណ្ដាល​សមុទ្រ ។ ពួកគាត់​អាច​រក​ខ្យង បាន​ក្នុង​មួយថ្ងៃ ៤ ទៅ​៥ គីឡូ ។ ចំណែក តម្លៃ​ខ្យង​សមុទ្រ​វិញ អាច​លក់​បាន ១​គីឡូ ២ ម៉ឺន (២០.០០០) រៀល ទៅ ២​ម៉ឺន ៥​ពាន់​(២៥.០០០) រៀល តាម​ទំហំ និង​ប្រភេទ​ខ្យង​ល្អ ឬក៏​មធ្យម។

ពលរដ្ឋ​លើកឡើង​ថា តម្លៃ​ខ្យង ពុំ​សូវ​បាន​ថ្លៃ​នោះ​ទេ គឺ​អាស្រ័យ​លើ​មាត់​ឈ្មួញ​។ ចំណែក​ការ​នេសាទ​ខ្យង​លក់​នេះ ពុំ​មែន មានតែ​ពលរដ្ឋ​ខ្មែរ​នោះ​ទេ ជាក់ស្ដែង​គេ​ឃើញ​មាន​ពលរដ្ឋ​វៀតណាម​ក៏​មក​នេសាទ ជា​ញឹកញាប់​ផង​ដែរ។

ការ​នេសាទ​របស់​ពល​រដ្ឋ​វៀតណាម ត្រូវ​បាន​ពលរដ្ឋ​ឱ្យ​ដឹង​ថា ភាគច្រើន​ប្រើ​ឧបករណ៍​ខុសច្បាប់​។ ជាក់ស្ដែង ពលរដ្ឋ​ថា នៅ​ម្ដុំ​កោះការាំង និង​កោះ​ក្រាស ស្ថិត​ក្នុង​ភូមិសាស្ត្រ ខេត្ត​កែប និង​កំពត សម្បូរ​ជនជាតិ​វៀតណាម ប្រើប្រាស់​ឧបករណ៍​ឆក់ នៅ​ពេល​យប់ ចំណែក​នៅ​ម្ដុំ​ឆ្នេរ​ព្រែក​អំពិល សង្កាត់​កោះ​តូច យូរៗ​ទើប​ឃើញ​ម្ដង។

អង្គុយ ក្រោម​ដើមឈើ​កោង​កាង​ជាប់​មាត់​សមុទ្រ លោក នឹង ប៊ុន ជា​អ្នកនេសាទ​ជិត​១០​ឆ្នាំ​មក​ហើយ​។ លោក​ថា កាលពី​ជាង​៥​ឆ្នាំមុន លោក​អា​ចរក​ខ្យង​លក់ បាន​ចន្លោះ ២០​គីឡូ ទៅ​៣០​គីឡូ​ក្នុង​១​ថ្ងៃ​។ ក៏ប៉ុន្តែ នៅ​ពេល​បច្ចុប្បន្ន បានតែ ៣ ទៅ​៤​គីឡូ​ប៉ុណ្ណោះ ក្នុង​១​ថ្ងៃ ។ លោក​បញ្ជាក់​ថា ករណី​នេះ ដោយសារតែ​បទល្មើស​ឆក់ ធ្វើ​ឱ្យ​ហិនហោច។

លោក នឹង ប៊ុន៖ «វា​បាត់បង់​ទាំងអស់​ហ្មង អាហ្នឹង​វា​ពាយ ហិន​ហ្មង របស់​ឆក់​នឹង​។ ពេលខ្លះ មាន​ការ​ទប់ស្កាត់​ដែរ តែ​អា​ខ្លះ​គេ​បុកលុយ តែបើ​អត់​លុយ​ដេញ​។ អ៊ីចឹង​អាហ្នឹង​វា​ពាយ វា​ហិន​ហ្មង​។ បើ​ប្រើ​ដោយ​កម្លាំង​វា​មានអី​ពាយ តែ​អានោះ​វា​ឆក់ ពាយ​ទល់​តែ​អស់»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​អភិបាល​ខេត្ត​កំពត លោក ម៉ៅ ធនិន និង​អ្នកនាំពាក្យ​ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កញ្ញា អឹម រចនា ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី ២៦​ខែមីនា ដោយ​ហៅ​ទូរស័ព្ទ​ចូល តែ​គ្មាន​អ្នកទទួល។

យ៉ាងណា ពាក់ព័ន្ធ​បទល្មើស​នេសាទ​ខាងលើ នាយ​ខណ្ឌ​ជលផល​ខេត្ត​កំពត លោក ស សូរិន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៦ ខែមីនា យ៉ាង​ខ្លី​ថា កន្លងទៅ​គណៈកម្មការ​សហគមន៍​នេសាទ​តាម​បណ្ដោយ​ឆ្នេរ​នានា តែងតែ​ចុះ​ល្បាត ពុំ​មាន​បទល្មើស​ខុសច្បាប់ ទៀត​នោះ​ទេ។

កាល​ពី​ចុង​ឆ្នាំ​២០២៣ លោក ស សូរិន បាន​ថ្លែង​នៅក្នុង​វេទិកា​សរុប​របាយការណ៍​ប្រចាំឆ្នាំ ដោយ​លោក​ទទួល​ស្គាល់​ថា នៅ​ឆ្នាំ​២០២៣ ការ​ប្រមូល​ផល​នេសាទ​នៅ​តាម​ទឹកសាប និង​សមុទ្រ ក្នុង​ខេត្ត​កំពត មាន​ការ​ធ្លាក់ចុះ ដោយសារតែ​បញ្ហា​បទល្មើស​ខុសច្បាប់ និង​ការ​អភិវឌ្ឍ​នៅ​តំបន់ឆ្នេរ ដែល​បាន​បង្ក​ផល ប៉ះពាល់​បរិស្ថាន​ធ្ងន់ធ្ងរ។

ប្រជាពលរដ្ឋ​នៅ​សង្កាត់​កោះ​តូច ដែល​អាស៊ីសេរី​សម្ភាសន៍ ពួកគាត់​អះអាង ដូចៗ​គ្នា​ថា បទល្មើស​នេសាទ ខុសច្បាប់ កើតមាន​នៅពេល​យប់​។ ពួកគាត់​ថា ករណីនេះ ទំនងជា​មានការ​ប្រព្រឹត្ត​អំពើពុករលួយ រវាង​ជនល្មើស និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន។

ពលរដ្ឋ​បារម្ភ​ថា ការ​មិន​អើពើ​ទប់ស្កាត់​បទល្មើស​នេសាទ​ខុសច្បាប់ ឱ្យ​បាន​ត្រឹមត្រូវ​ពី​សំណាក់​មន្ត្រី​ពាក់ព័ន្ធ បាន​បង្ក​ផល​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ ។ ជាក់ស្ដែង ពួកគាត់​ថា សព្វថ្ងៃ មាន​ពលរដ្ឋ​ជាច្រើន ចំណាកស្រុក ធ្វើ​ការងារ​រោងចក្រ​ខ្លះ និង​ខ្លះទៀត ធ្វើ​ការ​សំណង់ ឱ្យ​គេ​ដើម្បី​បាន​លុយ​ដោះស្រាយ​ជីវភាព ក្រោយ​ពី​របរ​នេសាទ​ធ្លាក់​ចុះ។

ទាក់ទិន​រឿង​នេះ អ្នកការពារ​សិទ្ធិមនុស្ស និង​បរិស្ថាន លោក ម៉ា ចិត្រា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ប្រឹងប្រែង​របស់​ពល​រដ្ឋ រក​ខ្យង​សមុទ្រ​លក់ ដើម្បី​ដោះស្រាយ​ជីវភាព​គឺជា​រឿង​ល្អ​។ ក៏ប៉ុន្តែ លោក​ថា ជា​រឿង​ដែល​គួរឱ្យ​សោក​ស្រាយ ដែល​ធនធាន​ជលផល​ជាច្រើន​នៅក្នុង​សមុទ្រ ត្រូវ​បាន​ហិនហោច ដោយ​បទល្មើស​។ លោក​បន្ត​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ពិចារណា និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ។

លោក ម៉ា ចិត្រា៖ «អ៊ីចឹង​ដើម្បី​រក្សា និរន្តរភាព នៃ​គ្រឿង​សមុទ្រ​ដែល​ពួកគាត់​ធ្លាប់​រក​ហ្នឹង ទល់​តែ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ក៏ដោយ និង​អាជ្ញាធរ​ក៏ដោយ ត្រូវតែ​សហការ​គ្នា ក្នុង​ការ​ទប់ស្កាត់​បទ​ល្មើស​នេសាទ​ខុសច្បាប់​ឱ្យ​បាន​។ បើសិនជា​មន្ត្រី​ណា ដែល​ឃុបឃិត​ជាមួយនឹង​ឈ្មួញ​ខិលខូច​ហ្នឹង​ត្រូវតែ​បញ្ឈប់​សកម្ម​ផង​ខ្លួន​ទៅ ហើយ​ត្រូវ​ហ៊ាន​ដាក់​ទោស​ទណ្ឌ​ដែល​មន្ត្រី​ណា​ដែល​ហ៊ាន​ពាក់ព័ន្ធ​អំពើពុករលួយ»

ប្រជាពលរដ្ឋ​នៅ​សង្កាត់​កោះ​តូច រាប់ពាន់​គ្រួសារ ភាគច្រើន​ជា អ្នក​ប្រកប​របរ​នេសាទ ដោយសារតែ ពួកគាត់​រស់នៅ​ជាប់​នឹង​ផ្ទៃ​សមុទ្រ​។ ក៏ប៉ុន្តែ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ ការ​ប្រមូល​ផល ឬ​ទទួលផល​ពី​មច្ឆា​ជាតិ ដូចជា ត្រី ខ្យង ក្ដាម និង​មឹក​ជាដើម បាន​ធ្លាក់ចុះ ដែល​ធ្វើ​ឱ្យ​ពួកគាត់​ជួប​ការ​លំបាក​។ ជាក់ស្ដែង ការ​នេសាទ​ត្រី ក្ដាម និង​មឹក​ជាដើម ពុំ​សូវ​បាន​ទៀត​ឡើយ ដូច្នេះ​ពួកគាត់​ងាក​មក​រាវ​ខ្យង​ក្នុង​បាតសមុទ្រ​ជួន​បាន​ជួន​អត់​។ ទោះជា​យ៉ាងណា ពួកគាត់​នៅតែ​ព្យាយាម​រក​ចំណូល​ចិញ្ចឹមជីវិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។