ពលរដ្ឋ​រស់នៅ​ជាប់​ព្រំដែន​ថៃ​មួយ​ចំនួន​ត្អូញត្អែរ​ពី​ការ​លំបាក ដោយសារ​អាជ្ញាធរ​រឹត​បន្តឹង​ការ​ចេញ​ចូល និង​ចំណាយ​ប្រាក់​ច្រើន

ដោយ សេក បណ្ឌិត
2022.12.24
ពលរដ្ឋ​រស់នៅ​ជាប់​ព្រំដែន​ថៃ​មួយ​ចំនួន​ត្អូញត្អែរ​ពី​ការ​លំបាក ដោយសារ​អាជ្ញាធរ​រឹត​បន្តឹង​ការ​ចេញ​ចូល និង​ចំណាយ​ប្រាក់​ច្រើន ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត នៃ​ប្រទេស​កម្ពុជា ថៃ។
RFA File

ពលរដ្ឋ​រស់នៅ​ជាប់​ព្រំដែន​ថៃ​មួយចំនួន ត្អូញត្អែរ​ពី​ការ​លំបាក​ចេញចូល​ទៅ​ធ្វើ​ការ និង​ដោះដូរ​ទិញ​ទំនិញ​ទៅមក​នៅ​ផ្សារ​ថៃ​ជាប់​ព្រំដែន ដោយសារ​អាជ្ញាធរ​កម្ពុ​ជា និង​ថៃ រឹត​បន្តឹង​ច្រក​ទ្វារ​ព្រំដែន​ប្រទេស​ទាំងពីរ និង​តម្រូវ​ឱ្យ​មាន​ប័ណ្ណ​ឆ្លង​ព្រំដែន។

មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា រដ្ឋាភិបាល​គួរ​អន្តរាគមន៍​កែសម្រួល​កំណត់​តម្លៃ​ឆ្លងដែន​ចេញចូល​ច្រក​ព្រំដែន សម្រាប់​ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ពលរដ្ឋ និង​ទប់ស្កាត់​ប្រព្រឹត្ត​អំពើពុករលួយ​របស់​មន្ត្រី​ច្រកទ្វារ​ព្រំដែន​មួយ​ចំនួន ដោយ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​អាច​ថត ពី​ភាព​អសកម្ម​របស់​មន្ត្រី ដើម្បី​កាត់បន្ថយ​អំពើពុករលួយ​នៅ​តាម​ច្រក។

ពលរដ្ឋ​រស់នៅ​ជាប់​ច្រក​ទ្វា​ព្រំដែន​ថៃ នៃ​ខេត្ត​ប៉ៃលិន ខេត្ត​បាត់ដំបង និង​បន្ទាយមានជ័យ ព្រួយបារម្ភ​ជីវភាព​គ្រួសារ និង​ការបាត់បង់​ប្រាក់ចំណូល​ដោយសារ នៅ​តាម​ច្រក​ទ្វា​ព្រំដែន ស្ងប់ស្ងាត់ មិនសូវ​មាន​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅមក ហើយ​ពលរដ្ឋ​មួយចំនួន​ជាប់​ព្រំដែន​មិន​អាច​ឆ្លង​ទៅ​ធ្វើការ និង​ដោះដូរ​ទំនិញ​ទៅវិញទៅមក​។ ពលរដ្ឋ​អះអាង​ថា បញ្ហា​នេះ ដោយសារតែ​មានការ​រឹត​បន្តឹង​ពី​អាជ្ញាធរ​ច្រក​ទ្វា​ព្រំដែន​ហើយ ការ​ធ្វើ​ឯកសារ​ឆ្លងដែន​រវាង​កម្ពុជា និង​ប្រទេស​ថៃ មាន​ភាព​សាំញ៉ាំ និង តម្រូវ ឱ្យ​មាន​ប័ណ្ណ​ឆ្លង​ព្រំដែន​(Border pass)​។ ពួកគាត់​ជំរុញ​ឲ្យ​រដ្ឋាភិបាល ជួយ​សម្រួលការ ឆ្លង​ព្រំដែន​សម្រាប់​ពលរដ្ឋ​រស់​នៅ​ជាប់​ព្រំដែន ដើម្បី​ឲ្យ​ពួកគាត់ សំបូរ​ការងារ និង​ចរាចរណ៍​ទំនិញ​ទៅវិញ​ទៅ​មក។

ពលរដ្ឋ​រស់នៅ​ច្រក​ទ្វា​ព្រំដែន​ផ្សារ​ព្រំ ខេត្ត​ប៉ៃលិន សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ ២៣ ធ្នូ ថា ច្រកទ្វា​ព្រំដែន​ផ្សារ​ព្រំ​ពិបាក​ឆ្លងដែន​ចេញចូល​ទោះបីជា វិបត្តិ​កូវីត​១៩ ធូរស្រាល​ក៏ដោយ​។ លោក​ថា កន្លងមក​ពលរដ្ឋ​អាច​ធ្វើ​ដំណើរ​ឆ្លងដែន​យក​ម៉ូតូ​ឡាន​ចេញចូល​ត្រឹម​ផ្សារ​ថៃ​បានផាកាត (BanPhaKat) ដោយ​ចំណាយ​ត្រឹមតែ ១០​បាត ស្មើ​ជាង ១​ពាន់​រៀល​(,២០០៛) ប៉ុន្តែ​សព្វថ្ងៃ​ត្រូវ​មាន​ប័ណ្ណ​ព្រំដែន​(Border Pass) ទើប​អាច​ឆ្លងដែន​បាន​។ លោក​បន្ត​ថា ច្រក​ទ្វា​ផ្សារ​ព្រំ មាន​សភាព​ស្ងប់ស្ងាត់ ក្រោយ​អាជ្ញាធរ​រឹត​បន្តឹង ហើយ​អាជីវករ​ជាច្រើន​ត្អូញត្អែរ មិន​អាច​ឆ្លងដែន​ទៅ​ទិញ​ទំនិញ​ផ្សេងៗ​យក​មក​លក់​ដូច​កាល​ពី​មុន​ហើយ​ថ្មី។

«ចង់បាន​ឱ្យ​តែ​បើកផ្លូវ​ទៅ វា​ស្រួល​ដូច​មុន​ទៅ សេដ្ឋកិច្ច​យើង​ក៏​វា​បាន​ដើរ​ដែរ​អ៊ីចឹង​ទៅណា​។ រាល់ថ្ងៃ​នេះ វា​កំពុង​ពេញ​ទៅ​ដោយ​ពិបាក​ណាស់​បង ព្រោះ​អី​យើង​រស់នៅ​ព្រំដែន យើង​ត្រូវការ​ចរន្ត​ចេញ​ចូល​មក ត្រូវការ​ពី​គេ ត្រូវការ​ពី​ខ្លួនឯង​។ ហើយ​ចុះបើ​ខាង​បិទ​ខ្ទប់​អ៊ីចឹង​ទៅ សេដ្ឋកិច្ច​វា​ទៅតាម​ហ្នឹងឯង ដូចជា​រត់​ម៉ូតូឌុប ឬក៏​យើង​រកស៊ី​លក់ដូរ​អី​ទំនិញ​ទិញ​ចេញចូល​អី​ក៏​ពិបាក ដល់ពេល​អ៊ីចឹង​ទៅ​ម្នាក់ៗ​រអ៊ូ​គ្រប់​តែ​គ្នា​ហ្នឹង ប៉ុន្តែ​មិន​ដឹង​ថា និយាយ​ថា ម៉េច វា​ទៅ​យូរ​ឡើង​ទៅ​ធ្វើ​ប័ណ្ណ​ព្រំដែន​(BorderPass) ចេញចូល​ពិបាក។ អត់​ស្រួល​ដូច វា​ចង់​ពិបាក​ជាង​ការ​បិទ​ខ្ទប់​កូវីត​ទៀត»

ស្រដៀង​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​រស់នៅ​ជាប់​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​ដូង (ឡែម) ខេត្ត​បាត់ដំបង សុំ​មិន​បញ្ចេញ​ឈ្មោះ ថ្លែង​ថា ក្រោយ​វិបត្តិ​កូវីត​១៩ ច្រក​ទ្វា​ព្រំដែន​តម្រូវ​ឱ្យ​មាន​ប័ណ្ណ​ព្រំដែន​(BorderPass) ទើប​អាច​ឆ្លង​ព្រំដែន​បាន ហើយ​ប័ណ្ណ​ព្រំដែន​នេះ ធ្វើ​អស់​១​ពាន់ ៥​រយ​បាត​(,៥០០B)​ក្នុង​ម្នាក់ ហើយ វាយ​ត្រា​ឆ្លង​ព្រំដែន​ម្ដង​អស់​១​រយ​បាត​(១០០B) ឬ​ជិត​១៨​ម៉ឺន​រៀល (១៧៦,០០០៛) ដែល​មាន​សុពលភាព​១​សប្តាហ៍ ។ លោក​បន្ត​ថា កន្លងមក​ក៏​មាន​ការ​តវ៉ា និង​សំណូមពរ​ពី​ប្រជា​ពលរដ្ឋ ឱ្យ​គិត​តម្លៃ​ដូច​មុន សម្រាប់​ពលរដ្ឋ​រស់នៅ​ក្នុងស្រុក​ដែល​មាន​ព្រំដែន​ជាប់​គ្នា​ទៅ​អាជ្ញាធរ និង​មន្ត្រី​ច្រក​ដែរ ប៉ុន្តែ​នៅតែ​គ្មាន​ដំណោះស្រាយ​អ្វី​ឡើយ។

«បើ​អត់​ធ្វើ​ប័ណ្ណ​ព្រំដែន​(Border Pass) ចូល​គេ​អត់​ឱ្យ​ចូល​ទេ​។ ចូលៗ​ភាគតិច​ចូល​សម្រាប់​តែ​គេ​អ្នក​រកស៊ី​អ៊ីចឹង​ហាស គេ​ធ្វើ​ប័ណ្ណ​ព្រំដែន អ្នក​ចេញចូល​ផ្សារ​អ្នកទិញ អ្នកលក់​អ្នក​ដូរ​នៅក្នុង​ផ្សារ​ថៃ​ហ្នឹង ក៏​គេ​ឱ្យ​ធ្វើ​ប័ណ្ណ​ព្រំដែន ដែរ​តែ​ចំណាយ​ច្រើនជាង​បង។ ពីមុន​យើង​ចេញចូល​អស់​តែ ២០​បាត​ស្មើ​ជិត ៣​ពាន់​រៀល (២៧,០០០៛) ពីមុន​បាន​ម៉ូតូ​អីយើ​ង​ជិះ​ចេញចូល​បាន កង​បី ឡាន​អី ដល់​ពេល​ឥឡូវ​ចេញ​ចូល​លែង​បាន បានតែ​អ្នក​គេ​រកស៊ី អត់​សូវ​អ៊ូអរ​ដូច​មុន​ទេ​។ ចង់​ឱ្យ​ដូច​មុន​ទេ ចង់​ឱ្យ​ដូច​មុន​ស្រួល​ម៉ូតូ​ឡាន​អី​យើង​ចេញចូល​បាន កង រទេះ​អី​នៅ​រុញ​នៅ​អី ចង់​ឱ្យ​បាន​ដូច​មុន​ស្រួល តែ​វា​គ្មាន​ដំណោះស្រាយ យើង​វា​មិនធំ​ដូច​គេ យើង​តូច​ជាងគេ»

ចំណែក​អាជីវករ​លក់ដូរ​នៅ​ផ្សារ​រ៉ុងក្លឿ​ច្រក​ប៉ោយប៉ែត លោកស្រី ឃីម ឈីវហួង ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា តាំងពី​បើក​ច្រក​ទ្វា​ឡើងវិញ​លោកស្រី និង​អាជីវករ​នៅ​ផ្សារ​រ៉ុងក្លឿ ជួប​ការ​លំបាក​ច្រើន​ក្នុង​ការ​ប្រកប​មុខរបរ និង​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ ព្រោះ​លក់ដូរ​មិនសូវ​ដាច់ និង​ចំណាយ​ឆ្លងដែន​ចេញចូល​ច្រើន។

លោកស្រី ឃីម ឈីវហួង៖ «ពលរដ្ឋ​ទាំងអស់​នៅ​នេះ សុទ្ធតែ​អ្នក​ចង់​ឱ្យ​គេ​ធ្វើ​កាត​ហ្នឹង​បង ចាំតែ​គេ​ធ្វើ​កាត​ហ្នឹង លឺ​តែ​ថា គេ​នឹង​ធ្វើ​ឱ្យ តែ​ហើយក៏​អត់​ធ្វើ អត់​ធ្វើ​រហូត​។ សម្រាប់​យើង​ចំណាយ​ច្រើន ហើយ​ចំណូល​យើង​វា​តិច​ជាង​មុន ចំណាយ​ច្រើនជាង​មុន អ៊ីចឹង​វា​ពិបាក តែ​យើង​មិន​ធ្វើ​រក​វិធី​អ្វី ចេះតែ​ទ្រាំ​ទៅ​វា​មិនដឹង​ទៅ​រក​អ្វី។ វា​ស្ងាត់​ជាង​អា​មុន​កូវីត​ឆ្ងាយ​បង ដោយសារ​ខ្មែរ​យើង​ចូល​មក​អត់​បាន​។ ខ្មែរ​យើង​ចូល​មក​បាន តែ​គ្រាន់តែ​ថា​អ្នកខ្លះ​ធ្វើ​ប័ណ្ណ​ព្រំដែន ​ពិបាក ទៅ​ធ្វើ​អ្វី​ពិបាក អ៊ីចឹង​គេ​ខ្ជិល​ធ្វើ​អ៊ីចឹង​ទៅណា សុខចិត្ត​អត់​ចូល​អ៊ីចឹង​ហាស»

ពលរដ្ឋ​នៅ​តាម​ព្រំដែន លើកឡើង​ថា កម្ពុជា​មាន​ច្រកព្រំដែន​ជាប់​ប្រទេស​ថៃ​ច្រើន ប៉ុន្តែ​ការ​ទាមទារ​ប្រាក់​ឆ្លងដែន ខុស​តម្លៃ​គ្នា​ដោយ​អាស្រ័យ​លើ តែ​ការកំណត់​ក្រៅផ្លូវការ​របស់​មន្ត្រី​ច្រក ដែល​ធ្វើ​ឱ្យ​មាន​អំពើពុករលួយ​ច្រើន និង​ប៉ះពាល់​ដល់​ការ​ប្រកប​របរ ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​ពលរដ្ឋ​ជាប់​ព្រំដែន នៃ​ប្រទេស​ទាំងពីរ ព្រោះ​ចំណាយ​ច្រើន​ពេល​ឆ្លងដែន​ម្ដងៗ និង​ធ្វើអោយ​តាម​ព្រំដែន​កាន់​តែ​មាន​សភាព​ស្ងាត់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

អ្នកនាំពាក្យ​សាលាខេត្ត​បន្ទាយមានជ័យ លោក សេក សុខុម ថ្លែង​ថា អាជ្ញាធរ បាន​ទទួល​ដំណឹង​ពាក់ព័ន្ធ​នឹង​ការ​ត្អូញត្អែរ​របស់​ពលរដ្ឋ​រួចហើយ ប៉ុន្តែ​ដោយសារ​ភាគី​ថៃ និង​កម្ពុជា បាន​ព្រមព្រៀងគ្នា​ជំរុញ​ឱ្យ​ប្រើ​ប័ណ្ណ​ព្រំដែន​ទាំងអស់គ្នា​។ លោក​បន្ត​ថា ប័ណ្ណ​ព្រំដែន មាន​អត្ថប្រយោជន៍​សម្រាប់​ពល​រដ្ឋ​ចូល​ទៅ​ធ្វើការ​នៅ​ខេត្ត​ជាប់​ព្រំដែន ប្រសិនបើ​ពលរដ្ឋ​ទៅ​ស្នាក់នៅ​ប្រទេស​ថៃ ប៉ុន្តែ​ប្រសិនបើ​ចេញចូល​រាល់ថ្ងៃ និង​មានការ​ចំណាយ​ច្រើន​ពិតប្រាកដ​មែន​។ លោក​បញ្ជាក់​ថា រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​តែង​ពិភាក្សា​ជាមួយ​ភាគី​ថៃ ប៉ុន្តែ​ភាគី​ថៃ​មាន​ការ​ដូរ​អភិបាលខេត្ត​ញឹកញាប់ ដែល​ធ្វើ​ឱ្យ​មាន​ការប្រែប្រួល​កិច្ច​សហប្រតិបត្តិការ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​នៅ​តាម​ព្រំដែន។

លោក សេក សុខុម៖ «កន្លង​មក​អ្នក​ជីវភាព​ក្រីក្រ​គាត់​ប្រើ​អា​ប័ណ្ណ​មួយ​សន្លឹកៗ​ហ្នឹង​សម្រាប់​ចេញ​ចូល ប៉ុន្តែ​ឥឡូវ​យើង​អត់​ចង់​ឱ្យ​ប្រើ​អាហ្នឹង​ទេ ប្រើ​អា​ប័ណ្ណ​១​សន្លឹក​ហ្នឹង វា​អត់​បាន​ចំណូល​ហ្នឹង​ចូល​មក​រដ្ឋ​ទេ អ៊ីចឹង​យើង​ចង់​ឱ្យ​គាត់​ប្រើ​នូវ​ប័ណ្ណ​ព្រំដែន។ យើង​មាន​បញ្ហា​ចោទ​ដោយសារតែ​ក្មេងៗ​របស់​យើង​ដែល​រស់នៅ​តំបន់​ប៉ោយប៉ែត​ហ្នឹង​គាត់​ត្រូវ​ទៅ​រៀន​នៅ​ស្រុក​ថៃ អ៊ីចឹង​ពួកគាត់​ហ្នឹង​ត្រូវ​ប្រើ​អា​ប័ណ្ណ​១​សន្លឹក​ហ្នឹង​។ ប៉ុន្តែ​ដោយសារតែ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ក៏ដូចជា​អាជ្ញាធរ​ខេត្ត​​ស្រះកែវ ក៏បាន​ព្រមព្រៀងគ្នា​គិតថា និង​បញ្ចប់​អត់​ឱ្យ​មាន​ប្រើ​ប័ណ្ណ ១​សន្លឹក​ហ្នឹង​ទេ ប៉ុន្តែ​១​សន្លឹក​ហ្នឹង​សម្រាប់​អ្នកមាន​វា​អត់​បញ្ហា​ទេ ៥០​បាត​ស្មើ​៦​ពាន់​រៀល​(,០០០៛) រយះ​ពេល​ទៅ​១​ថ្ងៃ ឬ​គេ​រយះ​ពេល ៥​យប់ ប៉ុន្តែ​អ្នក​ជីវភាព​អូស​រទេះ​ធម្មតា​គឺ​វា​ចោទ ដោយសារ​ការ​ចំណាយ​វា​ច្រើន»

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ឌិន ពុទ្ធី ឱ្យ​ដឹង​ថា អភិបាល​ខេត្ត​ជាប់​ព្រំដែន​ទាំង​ភាគី​ថៃ និង​កម្ពុជា គួរ​មានការ​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​នៅពេល​មានការ​លើកឡើង​របស់​ពលរដ្ឋ​។ លោក​ថា ស្ថានការណ៍​កូវីត​១៩​មាន​ស្ថានភាព​ធូរស្រាល​ហើយ ការ​រឹត​បន្តឹង​ការ​ចេញ​ចូល​ច្រក ភាគច្រើន​សុទ្ធតែ​ទាក់ទង និង​ផលប្រយោជន៍​របស់​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​មន្ត្រី​នៅ​តាម​ច្រក​។ លោក ឌិន ពុទ្ធី ស្នើ​ឱ្យ​មន្ត្រី​ច្រក គួរតែ​បក​ពាក្យ​ហាម​ថត​នៅ​តាម​ច្រក​ទ្វា ដោយ​បង្ហាញ​ជា​សាធារណៈ ដើម្បី​កុំ​ឱ្យ​មាន​ការ​ចោទប្រកាន់​ពាក់ព័ន្ធ​អំពើពុករលួយ និង​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ថត​ដោយ​សេរី​នៅ​តាម​ច្រក​នីមួយៗ។

«មន្ត្រី​ដែល​អនុវត្ត​ច្បាប់​ហ្នឹង ជាពិសេស​ខាង​ខ្មែរ ហើយ​និង​ខាង​ថៃ​ហ្នឹង​សហការ​គ្នា​បាន​ល្អ​ក្នុង​ការ​អនុវត្ត ដើម្បី​ជំរុញ​អោយ​ប្រជាពលរដ្ឋ​ហ្នឹង​បង់លុយ​ច្រើន​ហាស​។ ហៃ​ដល់ពេល​អ្នករងគ្រោះ​ប្រជាពលរដ្ឋ​ទេ ដល់ពេល​អ្នក​ទទួល​ផល​ចំណេញ​ហ្នឹង ហាក់ដូចជា​កំពុងតែ​កើប​លុយ​ហាស​។ ប្រជាពលរដ្ឋ​នៅ​គ្រប់​ច្រក​ទាំងអស់​មិនមែន​តែ​ច្រក​ប៉ោយប៉ែត​ទេ ច្រក​ណា​ក៏​ដូច​ច្រក​ណា​ដែរ យើង​ឃើញថា​អំពើពុករលួយ​ហ្នឹង មានការ​កើតឡើង​ខ្លាំង​មែនទែន មានការ​រឹត​បន្តឹងៗ យើង​ឃើញថា​មិនមែន​រឹត​បន្តឹង​អី​ទេ រឹត​បន្តឹង​ដើម្បី​ផលប្រយោជន៍​យក​លុយ​ដាក់​ហោប៉ៅ​រៀងៗ​ខ្លួន ហើយ​អ្នក​ដែល​ពិបាក​ហ្នឹង​ប្រជាពលរដ្ឋ​ហ្នឹង​។ បើសិនជា​អាច​ស្ថាប័ន​គយ​មាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រចាំការ​ហ្នឹង​ល្អ យើង​ឃើញ​ថា មាន​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ហាស»

ប្រជាពលរដ្ឋ តែងតែ​រិះគន់​អាជ្ញាធរ​ព្រំដែន​ពាក់ព័ន្ធ ការ​ជំរិត​ទារប្រាក់​ពី​ពលរដ្ឋ​នៅពេល​ឆ្លង​ច្រកព្រំដែន​ម្ដងៗ​។ លើស​ពី​នេះ ពលរដ្ឋ ចោទ​ថា ច្រកព្រំដែន គឺជា​កន្លែង​ខ្លាញ់ ឬ​ជា​កន្លែង​រក​ចំណូល​ក្រៅផ្លូវការ​ដ៏​សំខាន់​របស់​មន្ត្រី​តាម​ព្រំដែន​។ បើ​ទោះ​បី​ជា​ពលរដ្ឋ ចោទប្រកាន់​បែបនេះ​ជា​យូរ​មក​ហើយ​ក្ដី ក៏​ពលរដ្ឋ អះអាង​ថា អាជ្ញាធរ មិនបាន​កែប្រែ​ឲ្យ​ល្អ​ប្រសើរ​ជាង​មុន​ឡើយ។

ពលរដ្ឋ និង​សង្គម​ស៊ីវិល សង្ឃឹមថា​រដ្ឋាភិបាល​នឹង​ជួយ​អន្តរាគមន៍ កែប្រែ​ការកំណត់​តម្លៃ​ដាច់ដោយឡែក​សម្រាប់​ពល​រដ្ឋ​រស់នៅ​ជាប់​ព្រំដែន​ឆ្លងដែន​ដើម្បីអោយ​ពលរដ្ឋ​កាត់បន្ថយ​ការ​ចំណាយ និង​អាច​រក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ ស្របតាម​គោលនយោបាយ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​រដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។