ក្រុមហ៊ុនអាកាសយានកម្ពុជារំពឹងថា នឹងអាចមានលទ្ធភាពទទួលអ្នកដំណើរចំនួន ១០លាននាក់ នៅចុងឆ្នាំ២០១៨ នៅតាមអាកាសយានអន្តរជាតិ៣ រួមមាន ក្រុងភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ។
អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសយានកម្ពុជា លោក អេរិច ដេឡូប៊ែល (Eric Delobel) ត្រូវបានកាសែតខ្មែរថាមស៍ (Khmer Times) ដកស្រង់សម្ដីកាលពីថ្ងៃអង្គារទី១៨ ខែធ្នូ ថា ក្រុមហ៊ុនលោកកំពុងពង្រីក និងធ្វើឲ្យប្រសើរឡើងនៅតាមអាកាសយានដ្ឋានទាំងនោះ ដើម្បីទទួលកំណើនភ្ញៀវទេសចរ។ លោកបន្តថា ក្រុមហ៊ុនមានជំនឿថា នឹងអាចសម្រេចបាននូវគោលដៅ ទទួលភ្ញៀវដល់ទៅ ១០លាននាក់ ហើយបើប្រៀបធៀបទៅនឹងឆ្នាំ២០១៧ គឺលើស ១លាន ២សែននាក់។ លោក អេរិច ដេឡូប៊ែល ទទួលស្គាល់ថា នៅមានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើឲ្យប្រសើរឡើងរួមមាន ការហោះហើរ បង្កើនការភ្ជាប់ជើងយន្តហោះ និងផ្សព្វផ្សាយគោលដៅទេសចរណ៍ឲ្យបានច្រើនបន្ថែមទៀត។
បច្ចុប្បន្នកម្ពុជាមានជើងយន្តហោះ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ ជាង៦០ ក្នុងនោះ រួមមានចិន កូរ៉េខាងត្បូង ជប៉ុន កាតា និងឌូបៃ ជាដើម។ ក្រុមហ៊ុនអាកាសយានកម្ពុជា បានប្រកាសពីគម្រោងបង្កើតការហោះហើរដោយផ្ទាល់ពីកម្ពុជា ទៅអូស្ត្រាលី ឥណ្ឌា និងរុស្សី។
ក្នុងអំឡុង ១០ខែ ឆ្នាំ២០១៨នេះ ភ្ញៀវទេសចរបរទេស ចំនួន ៤លាន ៨សែន បានមកលេងកម្ពុជា ក្នុងនោះភ្ញៀវទេសចរចិន ច្រើនជាងគេបំផុត ដែលមានចំនួន ជាង ១លាន ៦សែននាក់ គឺកើន៧១% បើប្រៀបធៀបអំឡុងដូចគ្នា កាលពីឆ្នាំ២០១៧។ ក្រៅពីភ្ញៀវទេសចរចិន គឺមានវៀតណាម ឡាវ កូរ៉េខាងត្បូងនិងថៃ ប៉ុន្តែភ្ញៀវទេសចរពីទ្វីបអាមេរិកខាងជើង និងអឺរ៉ុប មានការថយចុះ៕
