ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកកម្សាន្តខេត្តព្រះសីហនុ រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិន-វៀតណាម គឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកុម្ភៈ បានថយចុះជាង ៣៤ភាគរយ ( ៣៤.០៩%) បើប្រៀបធៀបពេលវេលាដូចគ្នាឆ្នាំ២០១៨។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា បានបង្ហាញរបាយការណ៍បឋមថា ចំនួនភ្ញៀវ ដែលបានមកសម្រាកកម្សាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម និងកូរ៉េ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងខេត្តព្រះសីហនុ ទាំងភ្ញៀវជាតិ និងអន្តរជាតិមានប្រមាណ ៥ម៉ឺន ៨ពាន់នាក់ (៥៨.០០០) កាលពីឆ្នាំ២០១៨ ខេត្តនេះ បានទទួលភ្ញៀវទេសចរ ប្រមាណ ជិត ៩ម៉ឺន នាក់ (៨៨.០០០) ចំនួននេះ បានថយចុះ ៣៤ភាគរយ (៣៤,០៩%)។
លោក តាំង សុចិត្រគ្រឹស្នា បញ្ជាក់ថា សម្រាប់ ភ្ញៀវទេសចរជាតិមានជាង ៤ម៉ឺន ៥ពាន់នាក់ (៤៥.៥០០) ថយចុះជាង ៤២ភាគរយ (៤២,៤៤%) នៅឆ្នាំ២០១៩នេះ។
ទោះបីជាចំនួនភ្ញៀវទេសចរខ្លះក្តី ក៏អភិបាលក្រុងព្រះសីហនុ លោក អ៊ី សុខឡេង នៅតែបង្ហាញមោទនភាពពីចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិថា បានចូលមកទស្សនាតាមឆ្នេរអូរឈើទាល នៅថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ថា មានចំនួនច្រើនគួរឱ្យកត់សម្គាល់។ លោកបន្តថា អនាម័យឆ្នេរសមុទ្រ និងបរិស្ថាន ត្រូវមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសរដ្ឋបាលក្រុង ខេត្តព្រះសីហនុ កំពុងផ្ដោតការយកចិត្តទុកដាក់ខ្លាំង៖ «ថ្ងៃពុធ ទី៦ ខែកុម្ភៈនេះ គឺមានបងប្អូនប្រជាពលរដ្ឋចូលមកកម្សាន្តតាមឆ្នេរអូរឈើទាល ខេត្តព្រះសីហនុច្រើនណាស់ បើប្រៀបធៀបថ្ងៃកន្លងមកមានភ្ញៀវច្រើនដែរ ប៉ុន្តែថ្ងៃនេះ គឺមានចំនួនច្រើនលើសពីថ្ងៃមុន។ អ៊ីចឹងស្ថានភាពភ្ញៀវទេសចរ ដែលចូលមកកម្សាន្តតាមឆ្នេរយើងនេះ គឺមានគ្រប់ជាតិសាសន៍ទាំងភ្ញៀវជនជាតិចិន ទាំងអឺរ៉ុប ទាំងភ្ញៀវនៅអាស៊ីយើងហ្នឹងទាំងភ្ញៀវជនជាតិខ្មែរយើងហ្នឹង ក៏បានមកកម្សាន្តច្រើនដែរ។ ទាំងនេះ គឺជាការខិតខំ របស់រដ្ឋបាលក្រុងខេត្ត របស់យើង ដែលធ្វើឱ្យមូលដ្ឋាននេះមានសន្តិសុខសុវត្ថិភាពល្អ មានបរិស្ថាន មានសណ្ដាប់ធ្នាប់ និងមានអនាម័យល្អ»។
តំណាងក្រុមហ៊ុនកប៉ាល់ ឬទូកដឹកភ្ញៀវទេសចរទៅកម្សាន្តតាមបណ្ដាកោះ បានទទួលស្គាល់ថា ចំនួនភ្ញៀវទេសចរបរទេស ដែលចេញទៅកម្សាន្តតាមកោះ នៅតែមានចំនួនច្រើន នាពិធីបុណ្យចូលឆ្នាំចិន វៀតណាម រយៈពេល ៣ថ្ងៃមកកន្លងមកនេះ បើប្រៀបធៀបទៅនឹងរយៈពេលវេលាដូចគ្នា កាលពីឆ្នាំ២០១៨។
លោកថា ក្នុងរយៈពេល ៣ថ្ងៃខាងមុខ ភ្ញៀវទេសចរនឹងចេញទៅកម្សាន្តតាមបណ្ដាកោះមានចំនួនច្រើនថែមទៀត ជាពិសេសភ្ញៀវអន្តរជាតិ ព្រោះពួកគេបានជួលសេវាដឹកជញ្ជូនទៅកម្សាន្តតាមកោះនានា៖ «ខ្ញុំសង្កេតឃើញថា ចំនួនភ្ញៀវក្នុងរយៈពេល ពីរបីថ្ងៃនេះ គឺភ្ញៀវបរទេសចរមានប្រមាណ ៦០ភាគរយ។ ហើយកំណើនភ្ញៀវសម្រាប់រយៈពេល ៣ថ្ងៃទៅមុខទៀត គឺវាអាចនឹងកើនឡើង ព្រោះអីក្រុមហ៊ុនខ្ញុំៗបានទទួលភ្ញៀវអន្តរជាតិច្រើន គឺមានភ្ញៀវវៀតណាម។ អ៊ីចឹងខ្ញុំគិតថា ចាប់ពីថ្ងៃស្អែកឡើងទៅ គឺកំណើនភ្ញៀវបរទេសនឹងកើនច្រើនជាង។ ហើយបើប្រៀបធៀបកាលពីឆ្នាំទៅមិញ គឺប្រហែលជាមានចំនួនភ្ញៀវច្រើនជាងហើយ ព្រោះថា ឆ្នាំនេះគឺ ឃើញបងប្អូនជនជាតិចិនមានចំនួនច្រើន ព្រោះអីពួកគាត់មកធ្វើការផង និងមកកម្សាន្តនៅខេត្តព្រះសីហនុផង គឺមកកម្សាន្តពេលបុណ្យចូលឆ្នាំចិនហ្នឹងគឺច្រើនមែនទែន ហើយឆ្នាំនេះ គឺជនជាតិចិនមានចំនួនច្រើនប្លែក ដែលចូលមកទស្សនាតាមបណ្ដាកោះនានា»។
យ៉ាងណាក៏ដោយចុះ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា ឱ្យដឹងដែរថា ចំពោះភ្ញៀវទេសចរ ដែលចេញទៅកម្សាន្តតាមរមណីយដ្ឋាននានា នៅក្នុងខេត្តព្រះសីហនុរួមមាន៖ រមណីយដ្ឋានក្បាលឆាយរមណីយដ្ឋានថ្មរ៉ូង រមណីយដ្ឋានពិចនិកជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
