ពលរដ្ឋ​ខេត្ត​សៀមរាប​ និង​ភ្ញៀវ​ទេសចរ​ថា វិបត្តិ​​នយោបាយ​​​ជះ​​ឥទ្ធិពល​​អាក្រក់​​ដល់​​វិស័យ​ទេសចរណ៍

ដោយ ហេង រស្មី
2019-06-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ភ្ញៀវទេសចរ​ទស្សនាប្រាសាទអង្គរវត្ត កាល​ពីថ្ងៃ​ទី៩ មិថុនា ឆ្នាំ​២០១៩។
ភ្ញៀវទេសចរ​ទស្សនាប្រាសាទអង្គរវត្ត កាល​ពីថ្ងៃ​ទី៩ មិថុនា ឆ្នាំ​២០១៩។
RFA

ពលរដ្ឋ​រស់នៅ​ខេត្ត​សៀមរាប និង​ភ្ញៀវ​ទេសចរ​ចាត់​ទុក​វិបត្តិ​នយោបាយ ជះឥទ្ធិពល​អាក្រក់​ដល់​វិស័យ​ទេសចរណ៍ និង​ប្រព័ន្ធ​សេដ្ឋកិច្ច​កម្ពុជា ជាពិសេស​ប៉ះពាល់​កាន់តែ​ធ្ងន់ ដល់​ប្រជាជន​ដែល​មាន​ការងារ ផ្អែក​ទាំងស្រុង​លើ​សេវាកម្ម​បម្រើ​ភ្ញៀវ​ទេសចរ។ ពួកគេ​សង្កេត​ឃើញ​ថា រយៈពេល​ជិត ២ ឆ្នាំ​មកនេះ ភ្ញៀវ​ទេសចរ​ចិន​ទៅ​ទស្សនា​តំបន់​អង្គរ កើន​ឡើង រីឯ​ភ្ញៀវ​ទេសចរ​ដែល​មកពី​ប្រទេស​លោក​ខាង​លិច​ធ្លាក់​ចុះ​ខ្លាំង។

ក្រុម​មគ្គទេសក៍ និង​ភ្ញៀវ​ទេសចរ ដែល​នៅ​ទស្សនា​ប្រាសាទអង្គរវត្ត និង​ប្រាសាទ​នានា​ក្នុង​តំបន់​អង្គរ នា​ខេត្ត​សៀមរាប ភ័យ​ព្រួយ​ពី​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​មកពី​ទ្វីប​អឺរ៉ុប បង្ក​​ការ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សេដ្ឋកិច្ច​ប្រជាជន​ក្នុង​តំបន់។ ពួកគេ​បាន​ទម្លាក់​កំហុស​បញ្ហា​​នេះ​ថា ​ដោយសារ​វិបត្តិ​នយោបាយ និង​ការ​ធ្លាក់​ចុះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

អ្នកទេសចរ​ម្នាក់​មកពី​ខេត្ត​កោះកុង ដែល​មក​ទស្សនា​ប្រាសាទអង្គរវត្ត លោក មាន ព្រហ្មមុនី មើល​ឃើញ​ថា ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​កើតឡើង​ច្រើន រីឯ​ភ្ញៀវ​ទេសចរ​នៅ​ប្រទេស​លោក​សេរី​ថយ​ចុះ​ច្រើន បើ​ធៀប​កាលពី​ឆ្នាំ២០១៥ និង​២០១៦។ លោក​​​បារម្ភ​ថា ប្រសិនបើ​វិបត្តិ​នយោបាយ​នៅតែ​អូស​បន្លាយ​ពេល នឹង​បង្ក​ឱ្យ​ប៉ះពាល់​សេដ្ឋកិច្ច​ពលរដ្ឋ ហើយ​ក្រុមហ៊ុន​បម្រើ​សេវា​កម្ម​ភ្ញៀវ​ទេសចរ​នឹង​ប្រឈម​ក្ស័យធន​៖ «ខ្ញុំ​មក​ផ្ទាល់​វា​ចម្លែក​ត្រង់​ថា ភ្ញៀវ​ទេសចរ​សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក​អី​អត់​ឃើញ​មាន​ទេ ពួក​ប្រទេស​លោក​សេរី អត់​សូវ​មាន​ទេ តែ​យើង​ឃើញ​ភ្ញៀវ​ប្រ​ទេ​សិន​មក​ច្រើន មក​ជា​ក្រុមៗ​ច្រើន​។ មិន​ដឹង​ថា មូលហេតុ​អី​បានជា​ភ្ញៀវ​អឺរ៉ុប​ថយ​ចុះ»

មគ្គទេសក៍​ទេសចរ​ម្នាក់​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ អះអាង​ដូចគ្នា​ដែរ​ថា ប្រភព​ការងារ និង​ប្រាក់ចំណូល​ចម្បង​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប មួយ​ផ្នែក​ធំ​ពឹង​ផ្អែកលើ​វិស័យ​ទេសចរ ក៏ប៉ុន្តែ​បើ​ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ​ហើយ​នោះ ក្រុមហ៊ុន​​ទេសចរណ៍ ផ្ទះសំណាក់ និង​សណ្ឋាគារ រួម​ទាំង​កន្លែង​ផ្ដល់​សេវាកម្ម​ទេសចរ​ជាច្រើន​ទៀត នឹង​ប្រឈម​បិទទ្វារ ហើយ​បុគ្គលិក​នឹង​បាត់បង់​ការងារ៖ «ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ តែង​ផ្ដល់​បញ្ហា​ប្រឈម​ដល់ អ្នក​ដែល​ប្រកប​មុខ​របរ​អាជីវកម្ម​មុខ​របប​ផ្នែក​អាជីវកម្ម​ផ្នែក​ទេសចរ​ហ្នឹងហើយ​បាទ។ ប៉ះពាល់​ហ្នឹង បាន​ន័យ​ថា ផលប្រយោជន៍​ទេសចរណ៍​ហ្នឹង​ក៏​មិនបាន​ចែករំលែក​ដល់​ហាង​បាយ អ្នកលក់​វត្ថុ​អនុស្សាវរីយ៍ ឬក៏​ជាង​មគ្គុទ្ទេសក៍​ដែល​អាច​មាន​ការងារ​ធ្វើ ក៏​អាច​មាន​ផល​ប៉ះពាល់​ដែរ»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា លោក ឡុង កុសល ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ តែ​នៅ​គ្រា​ដែល​ទូរស័ព្ទ​ហៅ​ចូល លោក​ចុច​ផ្ដាច់​ទូរស័ព្ទ នៅ​ថ្ងៃទី​១១ មិថុនា។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​ថ្លែង​សាធារណៈ កាលពី​ថ្ងៃទី៥ ខែ​មិថុនា ថា ប្រទេស​ចិន​គឺជា​ទីផ្សារ​ដ៏​ធំ សម្រាប់​ឧស្សាហកម្ម​ទេសចរ​នៅ​កម្ពុជា​។ លោក​រំពឹង​ថា នឹង​អាច​ទាក់ទាញ​បាន​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ប្រមាណ ២​លាន ៦​សែន​នាក់ ក្នុង​ឆ្នាំ​២០១៩ ហើយ ៣​លាន​នាក់​ក្នុង​ឆ្នាំ​២០២០ ៥​លាន​នាក់ នៅ​ឆ្នាំ​២០២៥ និង ៨​លាន​នាក់ ក្នុង​ឆ្នាំ​២០៣០។

ទោះជា​យ៉ាងណា អ្នក​រត់​ម៉ូតូ​កង់​បី​ដឹក​ភ្ញៀវ​ទេសចរ នៅ​ខេត្ត​សៀមរាប លោក គឹម ណៃ ត្អូញត្អែរ​ថា នៅ​គ្រា​ដែល​ភ្ញៀវ​ទេសចរ​ថយ​ចុះ ប្រាក់ចំណូល​របស់​គាត់​ក៏​ធ្លាក់​ចុះ​យ៉ាង​គំហុក ដោយ​ថ្ងៃ​ខ្លះ​មិន​អាច​រក​ប្រាក់​បាន​សូម្បីតែ ១​ម៉ឺន​រៀល ក្នុង​មួយថ្ងៃ។ លោក​សង្កេត​ឃើញ​ថា រយៈពេល​ប្រហែល ២ ឆ្នាំ​ចុង​ក្រោយនេះ ភ្ញៀវ​ទេសចរ​អឺរ៉ុប​ធ្លាក់​ចុះ​ខ្លាំង ហើយ​ការ​ដឹក​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន និង​ប្រាសាទ​នានា​របស់​លោក ក៏​ថយ​ចុះ​ដែរ៖ «ជនជាតិ​ចិន ដូចជា​កូរ៉េ​អី​ហ្នឹង​គេ​មក មក​ហាង​គេ​ស៊ីផឹក ហូប​បុក​ទំពា​ហ្នឹង​គេ​ហូប​តែ​ខាង​គ្នា​គេ​ហ្នឹងឯង ដល់ពេល​ភ្ញៀវ​ចិន គេ​ចូល​ខាង​ចិន​គ្នា​គេ​។ ព្រួយបារម្ភ​ដែរ ដល់ពេល​ភ្ញៀវ​ស្រុត​ចុះ​សេដ្ឋកិច្ច​ធ្លាក់​ដែរ​ហ្នឹង»

របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​បង្ហាញ​ថា អ្នកទេសចរ​បរទេស​ទៅ​ទស្សនា​តំបន់​អង្គរ បាន​ធ្លាក់​ចុះ​ប្រមាណ​ជាង ៧​ភាគរយ រយៈពេល ៥​ខែ​នៅ ដើម​ឆ្នាំ​២០១៩។ អ្នកទេសចរ​ប្រមាណ​ជាង ១​លាន បាន​មក​ទស្សន​តំបន់​អង្គរ​ចាប់ពី​ខែ​មករា ដល់​​ខែ​ឧសភា ឆ្នាំ ២០១៩ គឺ​ធ្លាក់​ចុះ​ប្រមាណ ៧ ក្បៀស ៣ ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៨។ អាជ្ញាធរ​អប្សរា​អះអាង​ថា អាជ្ញាធរ​បាន​រក​ប្រាក់​ចំណូល​បាន​ប្រមាណ​ជាង ៥០​លាន​ដុល្លារ ក្នុង​រយៈពេល​៥​ខែ​។ ក្រៅពី​ជនជាតិ​ចិន ជន​ជាតិ​កូរ៉េខាងត្បូង និង​អាមេរិក គឺជា​ទេសចរ​ផ្ដល់​ប្រាក់ចំណូល​ច្រើន​ជាងគេ។

កាលពី​ឆ្នាំ​២០១៨ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​ជាង ៦​លាន​នាក់ ដែល​ក្នុង​នោះ​មាន ២​លាន​នាក់​មកពី​ប្រទេស​ចិន ហើយ​ទទួល​បាន​ប្រាក់ចំណូល​សរុប​ប្រមាណ​ជាង ៤​ពាន់​លាន​ដុល្លារ​អាមេរិក ឬ​ប្រមាណ​ជិត ​១៣​ភាគរយ​នៃ​ផលទុន​សរុប​ GDP ​របស់​កម្ពុជា។ ក្រុម​មគ្គុទ្ទេសក៍​អះអាង​ថា ទេសចរ​ចិន មិនបាន​ផ្ដល់​ផល​​ចម្រើន​​ដល់​​ប្រព័ន្ធ​​សេដ្ឋកិច្ច​​ក្នុង​​ស្រុក​​ឡើយ ព្រោះ​ចិន​មាន​ភ្នាក់ងារ​ក្នុងស្រុក​របស់​គេ បម្រើ​សេវា​កម្ម​ទេសចរ​ជនជាតិ​ចិន​ក្នុង​ប្រទេស​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល